ជាតិជាកូនស្រីនឹងគេដែរតែមិនដែលដើរផ្សារទិញឥវ៉ាន់រហូតចង់កន្លះថ្ងៃបែបនេះឡើយ។ឡាលីយួរឥវ៉ាន់ជ្រែកខ្លួនដើរលើកជើងមិនចង់រួចចូលផ្ទះ។គេទម្លាក់ខ្លួនលើសាឡុងព្រូសទាំងអស់កម្លាំងល្ហិតល្ហៃ
<<ឯងកើតអីឡាលី?>>
ចេះមានមុខមកសួរគេកើតអីទៀត? ឡាលីដកដង្ហើមចូលសួតយ៉ាងជ្រៅទម្រាំតែឆ្លើយតប
<<គឺហត់ណា៎បង! ហត់ចង់ធ្លាក់អណ្ដាតដូចឆ្កែហើយ>>
ជេនធ្វើមុខស្លឺ គ្រាន់តែយួរឥវ៉ាន់ប៉ុណ្ណឹងសោះ តើហត់ណាស់ណាទៅ?
<<គ្រាន់តែយួរឥវ៉ាន់ដើរតាមខ្ញុំហ្នឹង? គួរតែខ្ញុំអ្នករអ៊ូថាហត់ទើបត្រូវ ដើរសំឡឹងរកមើលរបស់ចង់ជ្រុះគ្រាប់ភ្នែក សួរថ្លៃតម្លៃចង់រីកបបូរមាត់ ធ្វើតេស្តផង លរផង ខ្ញុំមិនទាំងរអ៊ូរទាំមួយម៉ាត់ផង>>
ឱ្យតែនិយាយគឺនាងតែងតែបែបនេះ ឡាលីជ្រើសរើសការនៅស្ងៀមទុកមាត់ស៉ីមាន់។ហ៊ានតមាត់ជាមួយនាងបន្តគេច្បាស់ជាត្រូវស្ដាប់នាងឡូឡាឆ្លងថ្ងៃមិនខាន
<<បើហត់ចាំបន្តិចខ្ញុំទៅយកទឹកឱ្យ!>>
ថាចប់នាងក៏ក្រោកវឹងទៅយកទឹកនៅផ្ទះបាយដោយមិនចាំបាច់ឡាលីដែលជាម្ចាស់ផ្ទះប្រាប់។គេសើចតិចៗមើលទៅនាងក្រមុំម្នាក់នេះស្គាល់ផ្ទះគេច្បាស់ដល់ហើយមកទើបតែបានពីរដងសោះស្គាល់គ្រប់កៀនកោះតែម្ដង។ទឹកត្រជាក់ៗលើកដោយដៃស្រីស្អាតមកដល់តុទទួលភ្ញៀវ មិនចាំយញរឡាលីក៏លើកអករហូតអស់ទាំងមុខមើលទៅដូចជាឆ្ងាញ់ណាស់។
អង្គុយបាត់ហត់មួយសន្ទុះទើបឡាលីនិយាយទៅកាន់ជេននីទាំងសំឡេងប្រាកដប្រជា
<<អាទិត្យក្រោយអីបងអាចទៅអ៉ីតាលីជាមួយនឹងខ្ញុំបានទេ?>>
<<ហេតុអី?>>
<<គឺនាំបងទៅជួបជាមួយប៉ាម៉ាក់ខ្ញុំនោះអី!>>
<<ចាំបាច់ទៅជួបប៉ាម៉ាក់ឯងដែរឬ? ឯងគ្រាន់តែរៀបការនឹងខ្ញុំឱ្យម៉ាក់ខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះក្រៅពីនោះជីវិតពួកយើងបែបណាគឺនៅបែបនោះដដែល ខ្ញុំមិនលូកឡំជីវិតរបស់ឯង ហើយឯងក៏មិនលូកឡំជីវិតរបស់ខ្ញុំ>>
ឡាលីប្រើក្រសែភ្នែកដ៏មុតស្រួចរបស់គេសំឡឹងទៅកាន់ភ្នែករបស់ជេននីយ៉ាងជ្រៅ។គេមើលឃើញភាពទទេស្អាតក្នុងកែវភ្នែកមួយគូនោះ កាន់តែចង់ដឹងគេកាន់តែទទួលបានអារម្មណ៍ល្ហល្ហេវពីនាង គេស្មានមិនដឹងឡើយថាចិត្តនាងកំពុងតែគិតពីអ្វី។ឡាលីខិតចូលកៀកទៅៗរហូតដល់ខ្លួនគេគ្របលើរាងកាយរបស់ជេននីទាំងស្រុង។អ្នកដែលប្រឹងគេចរហូតទ្រេតខ្លួនទល់ខ្នងនឹងសាឡុងក៏ចាប់ផ្ដើមធ្វើខ្លួនលែងត្រូវ ដៃប្រែជាញ័រ បេះដូងលោតញាប់ដូចម៉ាស៉ីនដែរ
<<បងមិនចង់ចូលក្នុងជីវិតខ្ញុំពិតមែនឬ?>>
ជេនព្រិចភ្នែកញាប់ៗព្រោះមិនអាចទទួលយកពន្លឺដ៏ស្រស់ស្រទន់នៃកែវភ្នែកគេ
<<គឺ...ក្រែងពួកយើងគ្រាន់តែសម្ដែងទេតើមិនអញ្ចឹង?>>
<<ចុះបើថ្ងៃណាមួយខ្ញុំឈ្លានពានជីវិតបង?>>
ជេនច្រានឡាលីរហូតថល់គេដាច់ផ្ងារធ្លាក់ពីលើសាឡុង។ក្នុងចិត្តភ័យផងអីផង នៅសុខៗគេបែរជាមកនិយាយដូច្នេះទៅកើត
<<ឯងនិយាយអីបែបហ្នឹងហ្អាស៎?>>
ឡាលីក្រោកឈរទាំងធ្វើមុខជូរ គេលើកដៃអង្អែលចង្កេះថ្នមៗបណ្ដើរ
<<សួរលេងទេតើ! យ៉ាងណាក៏ដោយក៏បងត្រូវតែទៅជួបប៉ាម៉ាក់ខ្ញុំដែរព្រោះបើប៉ាម៉ាក់ខ្ញុំដឹងគាត់សម្លាប់ខ្ញុំមិនខាន ថាមិនត្រូវសម្លាប់ទាំងបងទៀត!>>
ក្រោយពីនិយាយគ្នាសម្របសម្រួលត្រូវរូវហើយអ្នកទាំងពីរ ក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។ថ្ងៃស្អែកបានមកដល់វាជាថ្ងៃដែលឡាលីត្រូវមកជួបជាមួយនឹងអ្នកស្រីគីមម៉ាក់របស់ជេនហើយ។អ្នលស្រីគីមអង្គុយលើសាឡុងរង់ចាំឡាលីទាំងមុខមាំយ៉ាងតឹងរឹង។មួយសន្ទុះឡាលីក៏ដើរចូលមកជាមួយនឹងជេននីទាំងលើមុខគេពោរពេញដោយស្នាមញញឹម
<<សួស្ដីអ៊ំស្រី!>>
អ្នកស្រីគីមចងចិញ្ចើមបន្តិច ឯជេនក៏កេះគេតិចៗខ្សឹបប្រាប់
<<អ្នកម៉ាក់! ហៅថាអ្នកម៉ាក់!>>
<<អ៎! ចាស៎ អ្នកម៉ាក់!>>
អ្នកស្រីគីមញញឹមស្ងួតមុននឹងឱ្យពួកគេទាំងពីរអង្គុយចុះ។គាត់សំឡឹងមើលឡាលីពីលើដល់ក្រោមដោយការសញ្ជឹងគិត
<<ឯងពិតជាស្រលាញ់កូនស្រីយើងមែនហ្អេស៎?>>
<<ចាស៎!>>
<<ឆ្នាំនេះឯងអាយុប៉ុន្មានហើយ?>>
<<គឺ23ឆ្នាំ!>>
អ្នកស្រីគីមឮហើយក៏ចង់ខ្យល់ គាត់លើកដៃរឹតទ្រូងខ្លួនឯងតិចៗមុននឹងបន្ត
<<កូនយើងអាយុ28ហើយ ឯងទទួលបានដែរឬ?>>
ជេនហួសចិត្ត តើនាងមើលទៅចាស់ណាស់ទៅឬអាយុទើប28សោះ
<<ស្នេហាមិនគិតអាយុ ភេទ ពណ៌សម្បុរអ្វីឡើយ ខ្ញុំស្រលាញ់គាត់ដោយគ្មានហេតុផលអ្វីទាំងអស់ សង្ឃឹមថាអ្នកម៉ាក់យល់ពីរឿងនេះ!>>
គេនិយាយទាំងរក្សាស្នាមញញឹមជាប់លើផ្ទៃមុខ។អ្នកស្រី គីមស្ងៀមស្ងាត់ចាំស្ដាប់ពាក្យពេចន៍គេនិយាយ
<<ខ្ញុំយល់ថាម៉ាក់មិនចង់ឱ្យកូនក្លាយជាបែបនេះទេ ប៉ុន្តែខ្ញុំក៏សូមឱ្យអ្នកម៉ាក់ព្រមទទួលយកពួកយើង ព្រោះវាជាក្ដីសុខ វាជាអនាគតរបស់ពួកយើង ខ្ញុំសន្យាដោយជីវិតនឹងអ្នកម៉ាក់ថា នឹងផ្ដល់គ្រប់យ៉ាងទាំងកិត្តិយស ទាំងក្ដីសុខ ទាំងសុភមង្គលដល់កូនស្រីម៉ាក់ បើទោះខ្ញុំមិនមែនជាមនុស្សប្រុស តែខ្ញុំនឹងធ្វើឱ្យគាត់ក្លាយជាព្រះនាងរបស់ខ្ញុំ>>
ការនិយាយស្ដីពោរពេញដោយទំនួលខុសត្រូវយ៉ាងជឿជាក់ ធ្វើឱ្យជេននីភ្លឹកនឹងសម្ដីគេរហូតស្ទើរតែហូរទឹកភ្នែក។វាធ្វើឱ្យនាងរង្គោះរង្គើហាក់បីដូចជាការពិត
<<ចុះគ្រួសាររបស់ឯងមានដឹងរឿងនេះឬនៅ?>>
<<នៅទេ! ពួកខ្ញុំក៏មានគម្រោងប្រាប់ពួកគាត់ឆាប់ៗនេះដែរ អាទិត្យក្រោយខ្ញុំសុំអនុញ្ញាតិអ្នកម៉ាក់នាំជេនទៅជួបប៉ាម៉ាក់ខ្ញុំនៅឯអ៉ីតាលីបានទេ?>>
ជេនឮហើយក៏បុកពោះភឹប គេហ៊ានខ្លាំងណាស់ដែលនិយាយត្រង់ៗទាំងមុខញញឹមផ្អែមដាក់ម្ដាយនាងទៀតមើលទៅគេមិនទាន់ស្គាល់ម្ដាយនាងច្បាស់ទេ។ឡាលីអើយឡាលី! ចាំខ្ញុំធ្វើបុណ្យឧទ្ទិសកុសលដល់ឯងណា៎ ហឹកៗ...
<<បើឯងច្បាស់លាស់នឹងកូនស្រីខ្ញុំ ហើយស្រលាញ់នាងពិត មិនបោកប្រាស់ មិនធ្វើបាបនាងខ្ញុំយល់ព្រម! តែបើឯងហ៊ានកុហកឯងត្រៀមស្បែកឱ្យយើងព្រលាត់ឱ្យហើយទៅ ស្ហេន ឡាលី!>>
ឡាលីញញឹមមុននឹងទាញជេនមកថើបចំពោះមុខអ្នកស្រីគីម។រាងស្ដើងមិនបានត្រៀមខ្លួនទើបមកទាំងជំហរក្នុងរង្វង់ដៃគេ បបូរមាត់តូចត្រូវបានឡាលីប្រថាប់លើដោយភាពទន់ភ្លន់រហូតដល់នាងប្រាប់ពីអារម្មណ៍ដែលនាងទទួលបានពីគេមិនត្រូវ។អ្នកស្រីគីមឃើញហើយក៏បិទភ្នែកធ្វើមើលមិនឃើញក្រោកដើរចេញវឹង
<<យើងមានការប្រជុំនៅក្រុមហ៊ុនបន្តិចផ្ញើរមើលកូនឱ្យម៉ាក់ផង!>>
គាត់ដើរចេញទៅផុតជេនក៏រុញឡាលីចេញទាំងថ្ពាល់ក្រហមងាំង។ឡាលីស្ដាយបបូរមាត់មួយនេះណាស់ គេមិនចង់ដកមាត់ចេញឡើយតែមើលមុខនាងពេលនេះចុះមិនដឹងខ្មាសប៉ុណ្ណាទេ
<<ហេតុអីចាំបាច់ថើបដែរហ្អាស៎?>>
ឡាលីទាញជេនមកក្រសោបក្នុងដៃទាំងសើចចេញធ្មេញបណ្ដើរ។គេនិយាយតិចៗទាំងខិតមុខរបស់ដង្ហើមក្ដៅឧណ្ឌៗរបស់គេភាយប៉ះស្បែកមុខរបស់ស្រស់ស្រី
<<ត្រូវសម្ដែងឱ្យដូចពិតៗអញ្ចឹងហើយ! យ៉ាងម៉េចបងមិនចូលចិត្តឬ? សាកម្ដងទៀតទេ?>>#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Lãng mạnស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...