<<អ្នកនាងហ្អា! ដឹងខ្លួនឡើងកុំអាលស្លាប់ ហឹកៗ...ពុទ្ធោអើយ ហ៉ឺ...>>
នារីម្ចាស់ឡានមានរបួសត្រង់សៀតផ្កាបន្តិចបន្តួចព្រោះមុតនឹងកញ្ចក់។នាងមានអាការ:ស្រវឹងស្រឿងៗផង តែលុះមានគ្រោះថ្នាក់ស្រស់ស្រីក៏ហាក់ស្វាងចែស រត់ចុះមកមើលជនរងគ្រោះកណ្ដាលភ្លៀងទាំងញ័រខ្លួនទទ្រើក។នាងស្រែកហៅផង អង្រួនខ្លួនគេផងតែគ្មានប្រយោជន៍ឡើយ ទើបនាងស្ទុះទៅទាញទូរស័ព្ទខលហៅអ្នកណាម្នាក់ដើម្បីសុំជំនួយ
<<ប៊ុនផាក! ហ៉ឺ...លោកនៅឯណាមកជួយខ្ញុំផង>>
ប៊ុនផាក ឆ្លើយតបទាំងសំឡេងធ្ងន់ៗព្រោះគេស្ដាប់ឮនាងនិយាយរដាក់រដុបពោរពេញដោយភាពភ័យខ្លាច
<<អ្នកនាងមានរឿងអីមែនទេ?>>
<<ហឹកៗ...ខ្ញុំ...ខ្ញុំមិនដឹងថាពេលនេះខ្ញុំនៅឯណាទេ តែខ្ញុំបានបើកឡានបុកគេម្នាក់មិនដឹងស្លាប់ឬរស់ទេ ហ៉ឺ...>>
<<ចាំខ្ញុំត្រង់ហ្នឹងហើយខ្ញុំទៅដល់ឥឡូវហើយ!>>
ប៊ុនផាក គឺជាអង្គរក្សរបស់ស្រស់ស្រីតែដោយសារថ្ងៃនេះនាងមិនបានឱ្យគេមកតាមខ្លួនទើបបណ្ដាលឱ្យមានរឿងកើតឡើងបែបនេះ។អ្នកកម្លោះស្រូតដំណើរមករកចៅហ្វាយស្រីមិនបង្អង់រួមទាំងប្រាប់ដំណឹងនេះទៅកាន់ម៉ាក់ប៉ារបស់នាងក្រមុំឱ្យបានដឹងថែមទៀត
<<ថាម៉េច? ឆូរ៉ុងបង្កររឿងទៀតហើយ?>>
លោកលីមលាន់មាត់ទាំងខឹងឡើងក្រហមមុខអស់ តែក៏មានការបារម្ភច្រើនជាងទើបប្រញាប់ប្រាប់ទៅប៊ុនផាកវិញយ៉ាងរហ័ស
<<បញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យយើងទៅដល់ឥឡូវដែរហើយ>>
<<បាទទាន!>>
ទូរស័ព្ទកាត់ផ្ដាច់អ្នកស្រីលីមសួរមកប្ដីទាំងងឿងឆ្ងល់ត្បិតឃើញទឹកមុខរបស់គាត់ប្រែជាខ្មៅអែរ
<<បងមានរឿងអីហ្នឹង?>>
<<ឆូរ៉ុងបង្ករគ្រោះថ្នាក់ចរាចរណ៍បងត្រូវប្រញាប់ទៅមើលកូនសិន>>
<<ហ្អា? អូន...អូនទៅផង>>
លោកលីមងក់ក្បាលហើយពួកគាត់ទាំងពីរក៏ប្រញាប់រូតរះចេញដំណើរភ្លាមៗយ៉ាងទាន់ហន់។នៅក្នុងមន្ទីរពេទ្យឯណេះវិញស្រស់ស្រីឆូរ៉ុងអង្គុយញ័រខ្លួនតតាត់ឱបផ្ទាំងរូបថតដែលមានរូបឡាលី និងជេននីថតជាមួយគ្នា។នាងភ័យរហូតស្លេកមុខទៅហើយ នាងខ្លាចថាគេស្លាប់នោះនាងនឹងត្រូវជាប់ទោសប្រាកដណាស់
<<អ្នកនាងដណ្ដប់សិនទៅ!>>
ប៊ុនផាកដោះអាវក្រៅខ្លួនគ្របពីលើខោអាវដែលសើមរបស់នាងរួចអង្គុយក្បែរនាងក្រមុំរង់ចាំដំណឹងពីគ្រូពេទ្យកំពុងតែសង្រ្គោះ។មួយសន្ទុះធំក៏លេចមុខលោកលីម និងប្រពន្ធបានមកដល់ ឃើញកូនស្រីភ្លាមអ្នកជាម្ដាយក៏ប្រគាប់រត់មកឱបព្រោះខ្លាចថានាងតក់ស្លុតខ្លាំងធ្វើចិត្តមិនបាន
<<ម៉ាក់! ហឹកៗ...>>
<<ឆូរ៉ុង កូនម៉ាក់! នេះមានត្រូវត្រង់ណាទេហ្អាស?>>
នាងគ្រវីក្បាលបញ្ជាក់ថាមិនអីតែភ្លាមនោះលោកលីមក៏និយាយកាត់
<<មិនអីគឺល្អហើយ ប៉ាប្រាប់ហើយថាឱ្យប៊ុនផាកដើរតាមគ្រប់ជំហានហេតុអីក៏មិនស្ដាប់ប៉ា? ហើយឯងក៏ដូចគ្នាបណ្ដោយឱ្យនាងដើរម្នាក់ឯងទៅបង្កររឿងទាល់តែបាន>>
ប៊ុនផាកក្រោកឈររួចឱនក្បាលសុំទោសដោយភាពដឹងខុស
<<ខ្ញុំសុំទោសទានប្រុស!>>
ឃើញបែបនោះឆូរ៉ុងក៏ទម្លាក់រូបថតរបស់ឡាលីចុះទៅម្ខាងរួចមកឈរពាំងមុខប៊ុនផាកការពារនាយពីការស្ដីបន្ទោសរបស់ឪពុក
<<កំហុសគឺមកពីខ្ញុំ កុំបន្ទោសបងប៊ុនផាកអីប៉ា>>
<<ឯងក៏ដូចគ្នាគិតថារួចខ្លួនឬ? អាយុទើប19 រៀនបើកឡានមិនទាន់ស្ទាត់ផងក៏ហ៊ានបើកដោយខ្លួនឯងលើផ្លូវធំទៅហើយ>>
<<បងបានហើយ! កូនកំពុងតែមានរឿងបងគិតតែពីស្ដីបន្ទោស រឿងកើតឡើងរួចទៅហើយបើបងថាឱ្យកូន និងប៊ុនផាកអ៉ីចឹងរឿងនឹងដូចដើមវិញឬ? ហ៉ើយខ្ញុំចង់ខ្យល់ចាប់ហើយ>>
ជាស្ដេចតោក៏ដោយកាចយ៉ាងណាក៏នៅតែខ្ចប់ក្រោមស្នាដៃប្រពន្ធដដែល។លោកលីមស្ងាត់មាត់មិននិយាយអ្វីទៀត តែគាត់ក៏ងាកទៅមើលរូបថតដែលកូនស្រីកាន់មុននេះទាំងងឿងឆ្ងល់
<<ហើយនេះជារូបថតអ្នកណា?>>
<<គឺរូបរបស់គេ អ្នកដែលត្រូវកូនបុកហ្នឹង>>
ឆូរ៉ុងឆ្លើយតបទាំងបើកភ្នែកម៉ក់ៗដាក់ឪពុក។លោកលីមលើករូបថតមកមើលឃើញហើយក៏សួរម្ដងទៀត
<<ម្នាល់ណាដែលត្រូវកូនបុក?>>
ស្រស់ស្រីចង្អុលទៅរូបឡាលីទាំងមិននិយាយអ្វី។លោកលីមជ្រឹមភ្នែកពិនិត្យមើលយ៉ាងផ្ចិតផ្ចង់មុននឹងងក់ក្បាលតិចៗ។ក្មេងស្រីម្នាក់នេះរូបសម្បត្តិមិនធម្មតាឡើយ សាច់ឈាមបង្ហាញថានាងជាកូនអ្នកខ្ពង់ខ្ពស់មិនអន់ទេ។គាត់ដកដង្ហើមធំមុននឹងនិយាយឡើង
<<បើគេដឹងខ្លួនពួកយើងត្រូវដោះស្រាយយ៉ាងណា? ហ៉ើយ>>
ជាងពីរម៉ោងក្រោយគ្រូពេទ្យក៏ចេញមកដោយសភាពបែកញើសជោកថ្ងាស។លោកលីមប្រញាប់ក្រោកទៅសួរដោយការបារម្ភ
<<លោកគ្រូពេទ្យគេយ៉ាងម៉េចទៅហើយ?>>
<<ជាសាច់ញាតិឬ?>>
គ្រូពេទ្យសួរបកមកវិញគ្មានជម្រើសលោកលីមក៏ងក់ក្បាលឆ្លើយថា
<<បាទ! ខ្ញុំជាប៉ារបស់គេ>>
<<សូមអញ្ជើញមកតាមខ្ញុំមកបាទ!>>
គ្រូពេទ្យនាំគាត់ចូលទៅបន្ទប់មួយរួចទាញក្រដាសមួយសន្លឹកមកសរសេរបណ្ដើរនិយាយប្រាប់ទៅគាត់បណ្ដើរ
<<អ្នកជម្ងឺបាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងបាក់ដៃពីរកំណាត់ខាងស្ដាំ ក្បាលទទួលរងការប៉ះទង្គិចខ្លាំងបណ្ដាលឱ្យគាបសរសៃទាក់នឹងប្រស្រីភ្នែកដូច្នេះគេអាចប្រឈមនឹងការពិការភ្នែកមួយរយ:ពេលខ្លី តែបើការព្យាបាលនៅតែមិនអាចធ្វើឱ្យគេមើលឃើញដូចដើមនោះគេនឹងពិការជារៀងរហូត>>
ស្ដាប់ហើយក៏ព្រឺឆ្អឹងខ្នងដែរ លោកលីមអស់សង្ឃឹមរលីង កូនស្រីគាត់ធ្វើឱ្យជីវិតមនុស្សម្នាក់ពិការមួយជីវិតឬ?
<<លោកគ្រូពេទ្យ! មិនថាអស់ប៉ុន្មានទេសូមលោកជួយគេផង ខ្ញុំនឹងធ្វើគ្រប់យ៉ាងឱ្យតែគេអាចជាដូចដើមនិងមើលឃើញវិញ>>
<<ខ្ញុំមិនហ៊ានសន្យាទេ តែខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព>>
<<បាទ! អរគុណ>>
ភ្លាមនោះទូរស័ព្ទលើតុក៏រោទ៍ឡើងគ្រូពេទ្យលើកមកនិយាយរួចក៏ងាកមកប្រាប់លោកលីមវិញ
<<អ្នកទាំងអស់គ្នាអាចទៅមើលគេបានហើយ នៅបន្ទប់76!>>
<<បាទអរគុណណាស់លោក!>>#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romansaស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...