ថ្ងៃស្អែកបានមកដល់វាជាពេលដែលឡាលីមានតួនាទីត្រូវជូនជេនទៅលឈុតរៀបការតាមដែលសន្យាកាលពីម្សិលមិញ។រ៉ូបពណ៌សវែងសម្រុងអូសដី មានប៉ាក់ឌិនជារូបផ្កាពាក់ឈៀងសែនស្រស់ស្អាតបានគ្របដណ្ដប់លើរាងកាយរបស់ជេននីសែនសមឥតខ្ចោះគ្មានទាស់ត្រង់ណា
<<ឡាលី! រ៉ូបនេះយ៉ាងម៉េចដែរ?>>
ជេនដើរចេញមកពីបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយបុគ្គលិកជួយលើករ៉ូបនាងផង។ឡាលីងើបមុខសំឡឹងមើលនាងរហូតភ្លឹកសឹងភ្លេចដកដង្ហើម។នាងស្អាតខ្លាំងណាស់ រ៉ូបមួយនេះសាកសមនឹងនាងជាងអ្វីទាំងអស់ ក្រសែភ្នែកភ្លឺផ្លេកមើលមុខស្រស់ស្រីឥតព្រិចរហូតដល់នាងត្រូវហៅគេម្ដងជាពីរដង
<<ឡាលី! ឯងឮខ្ញុំហៅទេ?>>
<<អ៎! បាទ...ស្អាតណាស់បង>>
និយាយបណ្ដើរគេក៏ដើរមករកនាងបណ្ដើរជាមួយនឹងស្នាមញញឹមលើផ្ទៃមុខសែនស្រស់បំព្រង។ម្រាមស្រឡូនលូកទៅវែកសក់នាងថ្នមៗចេញពីមុខ កែវភ្នែកស្រទន់មើលទៅកាន់ជេននីរហូតនាងក្រហមមុខដូចម្ទេសទុំត្បិតមិនទាន់ទម្លាប់នឹងការសំឡឹងរបស់គេនៅឡើយ
<<អឺ...បើអញ្ចឹងសម្រេចថាយកឈុតនេះហើយមែនទេ?>>
<<បងសមនឹងឈុតមួយនេះណាស់ ចង់ឃើញបងគ្រងវានៅថ្ងៃរៀបការឆាប់ៗនេះដល់ហើយ!>>
<<អឹ...ហើយចុះឈុតរបស់ឯង?>>
<<គឺមិនទាន់រើសនៅឡើយទេ បងជួយរើសឱ្យផង!>>
ជេននីបានដើរទៅយកឈុតក្វាហ្សេពណ៌សមួយឈុត ហើយហុចទៅកាន់ឡាលី
<<នេះយកទៅលទៅត្រូវនឹងខ្លួនឬអត់? ខ្ញុំគិតថាឈុតនេះសមនឹងឯង>>
ឡាលីទទួលយកហើយក៏ដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទាំងរក្សាស្នាមញញឹមជាប់លើផ្ទៃមុខ។ជេននីឈរចាំគេទាំងបេះដូងលោតដុកដាក់ៗសឹងតែធ្លាយទ្រូងទៅហើយ ភ្លាមនោះបុគ្គលិកស្រីដែលជួយលើករ៉ូបជេននីមុននេះបាននិយាយឡើងទាំងផ្ដល់ស្នាមញញឹមមកកាន់នាងក្រមុំ
<<អ្នកទាំងពីរមើលទៅសមគ្នាខ្លាំងណាស់! ហើយមើលទៅគេដូចជាយកចិត្តទុកដាក់នឹងអ្នកនាងដល់ហើយ>>
ឮហើយនាងក៏ញញឹមទាំងអៀនប្រៀន នាងនិងគេសមគ្នាពិតមែនឬ? រំភើបដល់ហើយ! តែហេតុអីនាងត្រូវរំភើបជាមួយនឹងពាក្យសរសើរមួយនេះទាំងដែលនាងនិងគេមិនបានទាក់ទងគ្នាពិតប្រាកដផងហ្នឹង
<<អរគុណណាស់!>>
<<អ្នកនាងអៀនហើយមែនទេ? ហិហិ មិនបាច់ខ្មាសទេមានគូស្នេហ៍ដូចអ្នកនាងច្រើនណាស់ដែលខ្ញុំបានជួប តែមិនដែលឃើញគូរណាសមគ្នាឥតខ្ចោះដូចអ្នកទាំងពីរទេ>>
<<បងស្រី! ខ្ញុំរួចរាល់ហើយ>>
ឡាលីដើរចេញមកហៅជេននីកាត់សម្ដីបុគ្គលិកម្នាក់នោះ។ជេនមើលគេពីក្បាលដល់ចុងជើងទាំងភាំងនឹងភាពស្រស់សង្ហារបស់គេ បើគេជាមនុស្សប្រុសវិញតើស្រីនឹងតាមស្អិតយ៉ាងណាទៅហ្ន៎?
<<បងគិតយ៉ាងម៉េចដែរស្អាតទេ?>>
<<អ៎! អឹមស្អាតតើ>>
បុគ្គលិកស្រីញញឹមជាប់ហើយនិយាយកាត់ដោយសម្ដីផ្អែមល្ហែម
<<អ្នកទាំងពីពិតជាសមគ្នាពិតមែន តើត្រូវការថតរូបជាអនុស្សាវរីយ៍ដែរទេ?>>
ស្ដាប់ទៅក៏ល្អ ឡាលីងក់ក្បាលយ៉ាងរហ័ស។បានបន្តិចក៏មានជាងថតមកដល់រៀបចំថតពួកគេទាំងពីរយ៉ាងយកចិត្តទុកដាក់
<<អ្នកនាងខាងនោះខិតចូលបន្តិចទៅបាទ!>
ជងថតស្រែកប្រាប់ឱ្យជេននីខិតចូលក្បែរទ្រូងឡាលីឱ្យស្និទហើយក៏ចាប់ផ្ដើមថត។សំឡេងចង្វាក់បេះដូងដែលលោតញាប់រន្ថើនរបស់ឡាលីធ្វើឱ្យជេននីស្ដាប់ឮដោយចៃដន្យ។មិនត្រឹមតែគេទេសូម្បីនាងពេលនេះក៏លោតចង់ផ្ទុះដែរ តើនាងកំពុងតែចាប់អារម្មណ៍លើគេឬ? ជេនងើបមុខមើលទៅឡាលីដោយខ្សែភ្នែកស្រទន់ខុសប្លែកធម្មតា។ឡាលីឱនមុខចុះក៏ប្រផិតនឹងប៉ះមុខនាង ឃើញប្លង់ល្អជាងថតក៏ថតយកទាំងពេញចិត្ត
<<បងមិនអីទេឬ?>>
<<អឹម!>>
<<អញ្ចឹងយើងសម្រេចលើឈុតនេះហើយ!>>
ជេនងក់ក្បាលទាំងមិនបាននិយាយអ្វីហើយក៏ទៅផ្លាស់ប្ដូរសម្លៀកបំពាក់ទៅ។ក្រោយរើសឈុតដែលចង់បានហើយពួកគេទាំងពីរក៏ចេញមកក្រៅ ស្របពេលនោះជេននីក៏ក្រលៀសភ្នែកទៅឃើញបុរសម្នាក់ដែលបើកឡានយឺតៗកាត់មុខនាង ធ្វើឱ្យនាងឈរភ្លឹក ក្និងចិត្តហាក់ឈឺឆៀបឡើងមករហូតដល់ច្រាលទឹកភ្នែកឡើងពេញរង្វង់ភ្នែក។ឡាលីឃើញបែបនោះក៏រហ័សសួរនាំ តែគេមិនបានឃើញមនុស្សប្រុសម្នាក់ដែលបើកកាត់មុខគេមុននេះទេព្រោះមិនចាប់អារម្មណ៍
<<បងស្រី? បងកើតអីហ្នឹង?>>
ជេននីរហ័សទប់អារម្មណ៍ហើយក៏សម្រួលសំឡេងតឹងណែនឱ្យត្រឡប់មករកសភាពប្រក្រតីឡើងវិញ
<<អត់...អត់មានអីទេ! តោះយើងទៅ>>
ឡាលីក៏មិនបានសួរនាំបន្តទៀត ព្រោះមើលទៅនាងក៏មិនចង់ប្រាប់គេដែរទើបបណ្ដោយតាមនាងតែម្ដង។
ធ្មេចបើកៗ មួយខែក៏កន្លងទៅយ៉ាងរហ័ស។ថ្ងៃរៀបការរបស់ឡាលី និងជេននីក៏បានមកដល់។ភ្ញៀវដែលចូលរួមសុទ្ធសឹងជាអ្នកមានមុខមានមាត់ និងអំណាចធំៗដែលរាប់អាននឹងអ្នកស្រីគីម។គ្រប់គ្នាសែនស្ដាយដែលពួកគេមានកូនកម្លោះគ្រប់គ្នាថែមទាំងចង់បានជេននីជាអនាគតកូនប្រសារពន់ពេក តែបែរជានាងជ្រើសរើសយកមនុស្សស្រីដូវគ្នាទៅវិញ តែបន្ទោសក៏មិនកើតព្រោះនេះជាសិទ្ធិរនស់នាងក្នុងការជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់ និងរស់នៅជាមួយអស់មួយជីវិត។ឡាលីឈរចាំជេននីនៅមុខលោកអាចារ្យទាំងអន្ទះសារ គេចង់ឃើញនាងណាស់ តើកូនក្រមុំរបស់គេស្រស់ស្អាតយ៉ាងណាទៅ? តើនាងនឹងល្អលើសស្រីទាំងពួងយ៉ាងណាទៅ? គេឈរស្ទើមិនជាប់នឹងដីរហូតដល់ថ្នាក់លោកអាចារ្យប្រាប់គេខ្សឹបៗទាំងញើសហូរសស្រាក់
<<តាំងចិត្តឱ្យស្ងប់! ប្រពន្ធឯងក៏គង់តែនឹងមកទេ>>
គេក៏ចង់ដែរតែគេមិនអាចទប់បេះដូងដែលកំពុងជ្រួលជ្រើមនេះបាន
<<លោកអាចារ្យមិនដែលមានស្នេហា មិនដែលរៀបការប្រពន្ធផងធ្វើម៉េចនឹងយល់អារម្មណ៍ខ្ញុំពេលនេះបានទៅ បើលោកជាខ្ញុំអាចនឹងហោះហើបពីដីផងក៏ថាបានណា>>
សម្ដីត្បកមករបស់គេធ្វើឱ្យលោកអាចាត្យបាត់មាត់ឈឹងដូចគេញ៉ុក អាងតែគេមិនដែលស្គាល់ជាតិមានស្នេហាបាញ់ចុកៗដល់ហើយ!
បានបន្តិចសម្លេងបើកទ្វារក្នុងព្រះវិហារក៏បន្លឺឡើង ឡាលីងាកទៅយ៉ាងរហ័ស។អ្នកស្រីគីមដឹកដៃកូនស្រីក្រោមស្នាមញញឹមបណ្ដើរនាងមកកាន់ទីដែលឡាលីឈរ។ភ្ញៀវគ្រប់គ្នាទះដៃអបអរដែលកូនក្រមុំបានមកដល់។ឡាលីញញឹមជាប់លើកដៃទទួលជេននីពីដៃរបស់អ្នកស្រីគីម
<<កូនស្រីខ្ញុំមានតែម្នាក់ នាងប្រៀបដូចជាកែវភ្នែក ជាបេះដូងរបស់ខ្ញុំ តាំងពីតូចរហូតដល់ដឹងក្ដី ខ្ញុំមិនដែលសម្ដីតូចសម្ដីធំដាក់នាងទេ ក៏មិនដែលធ្វើឱ្យនាងឈឺចាប់ដែរ ពេលនេះនាងជ្រើសរើសយកឯងដើម្បីបន្តដំណើរជីវិតរួមជាមួយនឹងនាង ខ្ញុំសង្ឃឹមថាឯងនឹងមើលថែ ស្រលាញ់ ថ្នាក់ថ្នមនាង ហើយបើថ្ងៃណាមួយឯងអស់ចិត្តឬឈប់ស្រលាញ់នាងសូមយកនាងមកផ្ទះរបស់ខ្ញុំវិញ យកនាងមកប្រគល់ឱ្យខ្ញុំជាម្ដាយវិញសូមកុំធ្វើបាបនាងអី>>#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romanceស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...