សេរ៉ាហ្វីណា និង ម៉ាថេអូ
រាងខ្ពស់បែកញើសកក្លាក់ជោកអាវ គេឈរធ្មឹងនៅមុខបន្ទប់សង្គ្រោះបន្ទាន់ប្រឹងធ្វើចិត្តអោយស្ងប់ តែក្នុងចិត្តជ្រួលច្របល់ស្ទើរស្លាប់ ព្រោះអន្ទះសារចង់ចូលទៅមើលមនុស្សស្រីដែលនៅក្នុងបន្ទប់។ គេសង្កត់ថ្ងាសខ្លាំងៗលើជញ្ជាំង ដៃមាំក្តាប់ចេញសសៃចង់ផ្ទុះចេញមក គេខ្លាចខ្លាំងបំផុតថាមានរឿងអីអាក្រក់កើតឡើងចំពោះនាង។
«ហា៎...» មេក៍ ដកដង្ហើមធំច្រើនលើកច្រើនសារ រួចសម្រូតខ្លួនចុះទៅដី ទាញបារីមួយដើមមកបៀបនឹងមាត់។
ក្រិក!
គ្រូពេទ្យបើកទ្វារចេញមក ហើយរុញរទះដែលសុទ្ធតែក្រណាត់សប្រលាក់ដោយឈាមក្រហមៗ ចេញពីបន្ទប់។ មេក៍ គ្រាន់តែឃើញភ្លាមខួរក្បាលគេលែងដំណើរការ តែប្រឹងប្រមូលសតិ ហើយចាប់ចង្រឹងដែករទះជាប់ ហើយសួរទៅកាន់គ្រូពេទ្យទាំងសម្លេងគ្មានកម្លាំងកំហែង។
«គ្រូពេទ្យ! ចុះប្រពន្ធខ្ញុំ?»
«លោកដុកទ័រកំពុងតែធ្វើការវះកាត់ ព្រោះអ្នកម្តាយមិនអាចបង្កើតដោយធម្មជាតិបានទេ! បើលោកគ្មានអីទៀត ជួយលែងដៃបានទេ ខ្ញុំប្រញាប់!!» អ្នកគ្រូពេទ្យសម្លឹងគេទាំងអង្វករ ហើយមើលដៃក្រាស់ដែលកាន់រទេះមិនព្រមលែង។
«...» មេក៍ ដកដៃចេញតាមសំណូមពរ ហើយប្តូរក្រសែភ្នែកទៅមើលបន្ទប់ដែលភរិយាកំពុងធ្វើការវះកាត់។
កន្លងផុតជាង ៦០នាទី ក្រុមគ្រូពេទ្យជំនាញដើរចេញពីសបន្ទប់សម្រាល ដោយរុញរទេះដាក់ទារកចេញមកជាមួយពីក្រោយ។
«ហ្វី....» មេក៍ មិនចាប់អារម្មណ៍នឹងកូន តែប្រឹងប្រជ្រៀតគ្រូពេទ្យដើម្បីចូលទៅខាងក្នុងបន្ទប់ដែលភរិយាគេនៅក្នុងនោះ តែគេត្រូវគ្រូពេទ្យពីបីនាក់ចាប់ជាប់មុនពេលដែលគេឈានជើងចូលដល់ខាងក្នុង។
«លោកមិនអាចចូលពេលនេះបានទេ! អ្នកជំងឺបាត់បង់ឈាមច្រើនណាស់ពេលសម្រាល! អំឡុងពេលនេះ មធ្យោបាយដែលមានប្រសិទ្ធិភាពបំផុត គឺអោយអ្នកជំងឺសម្រាក»
«នាងមិនអីទេមែនទេ?» គេព្រមស្ងប់អារម្មណ៍ តែនៅតែសួរបញ្ជាក់គ្រូពេទ្យអោយប្រាកដចិត្តកាន់តែច្បាស់។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...