ដំណើរកំសាន្ត
ហ្វីលៀរ៍ ត្រលប់មករកស្វាមីនៅក្នុងឡានវិញបន្ទាប់ពីជជែករឿងច្រើនរាប់មិនអស់ពីម្តាយរបស់នាងពីដូនជី។ នាងប្រាប់អោយស្វាមីជូននាងទៅផ្ទះរបស់លោកប៉ានាង ព្រោះនាងមានរឿងមួយចំនួនត្រូវជម្រះបញ្ជីជាមួយនឹងគាត់។ មេក៍ ចង់សួរនាំភរិយាថាមានរឿងអីកើតឡើងចំពោះនាង តែពេលឃើញទឺកមុខរបស់នាងគេក៏ប្តូរចិត្តមិនសួរវិញ ហើយព្រមបើកឡានជូននាងទៅភូមិគ្រឹះឆេមប័រលីន។ មិនយូរឡានខ្មៅរលោងស្រិលរបស់គេ ឈប់ង៉ក់ចំពីមុខផ្ទះដ៏ធំស្កឹមស្កៃដូចវាំងរបស់ប៉ានាង។
«អ្នកនាងតូច?» ឆាលស៍ មានទឹកមុខភ្ញាក់ផ្អើលនឹងវត្តមានមិនផ្តល់ដំណឹងមុនរបស់រាងស្តើងនិងស្វាមីនៅចំពោះមុខ តែស្រីស្អាតមិនយកចង់ខាតពេលនឹងបកស្រាយដល់បុរសចំណាស់ ទើបជើងស្រឡូនបោះជំហានវែងៗ ទៅរកលោកប៉ារបស់នាងនៅឯឧទ្យានក្រោយផ្ទះដែលជាកន្លែងសម្រាកប្រចាំរបស់គាត់។
«...» នាងទំលាក់ខ្លួនអង្គុយលើកៅអីដោយមិនរង់ចាំការអនុញ្ញាតពីប៉ានាងដូចរាល់ដង ភ្នែកដែលមានពន្លឺដូចគ្នាបេះដាក់និងបុរសចំណាស់ចំពោះមុខសម្លឹងគេមិនព្រិច។
«គ្មានមាយាទ! យើងមិនបានបង្រៀនឯងអោយមានអាកប្បកិរិយាបែបនេះចំពោះចាស់ទុំ!» រ៉ាហ្វាអែល ទំលាក់ពែងតែលើតុ ហើយចាប់ផ្តើមការប្រៀនប្រដៅរបស់ខ្លួនទៅលើកូនស្រី។
«ប៉ា កុហកខ្ញុំ! គ្រប់គ្នាក្នុងត្រកូលឆ្កួតនេះបោកប្រាស់ខ្ញុំ!!!»
«ហ្វីលៀរ៍!!!» គាត់ស្រែកគំហកហៅឈ្មោះកូនស្រីចង់រង្គើរភូមិគ្រឹះ តែរាងស្តើងនៅតែរក្សាមុខមាំហើយសម្លក់មុខឪពុកមិនខ្លបខ្លាច។
«ម៉ាក់មិនបានដាក់ថ្នាំប៉ា...»
«អ្នកណាប្រាប់ឯងអ្ហាស៎!»
«ប៉ាធ្លាប់ស្រលាញ់ម៉ាក់ទេ?»
«ស្រលាញ់ហ៎? ក្តីស្រលាញ់អាចធ្វើអោយឆេមប័រលីនរុងរឿងដល់សព្វថ្ងៃទេ? ឈប់រវីរវល់នឹងរឿងអត់បានការ ហើយដកក្បាលចេញពីមុខយើង»
«ចូលរួមសោកស្តាយផងចឹងលោកប៉ា! ឆេមប័រលីន ប្រហែលជាលែងសល់អ្នកស្នងត្រកូលហើយ...ព្រោះបងប្រុសមិនមែនជាកូនរបស់ប៉ា» នាងញោចមាត់ញញឹមកំណាចដាក់ឪពុក តែក៏មានអារម្មណ៍រអៀសចិត្តដល់បងប្រុសដែលនៅដេកស្តូកស្តឹងនៅមន្ទីពេទ្យនៅឡើយ។ នាងមិនចង់យករឿងនេះមកទំលាយ តែប៉ារបស់នាងមិនផ្តល់ជម្រើសអោយនាង គឺគាត់បង្ខំអោយនាងក្លាយជាបែបនេះ។
YOU ARE READING
កម្តៅស្នេហ៍ (𝐥𝐨𝐯𝐞 𝐨𝐫 𝐥𝐮𝐬𝐭) - ចប់
Romance"អូននឹងព្យាយាមឈប់ស្រលាញ់បង មេក៍..." នាងខ្សឹបខ្សួលប្រាប់បុរសជាទីស្រលាញ់ដោយក្រសែភ្នែកខកដំណង។ ពីមុននាងព្យាយាមស្រលាញ់គេ តែពេលនេះនាងនឹងព្យាយាមកាត់ចិត្តពីគេវិញម្តង... (រដូវកាលទី១) Philia Eden Chamberlin, an illegitimate child who was raised with hatred. G...