ភាគ០៤៖បងមករវល់និងខ្ញុំធ្វើអីទៀត

2.8K 183 3
                                    

    ក្រោយពីទទួលបានការហៅចូលពីលោកស្រី ដារីរ៉ា ភ្លាមៗ ជុងហ្គុក ប្រញាប់ស៊ុតល្បឿនឡានមកដល់ទីនេះទាំងព្រឹក ដោយសារតែទទួលដំណឹងមកថា ថេយ៉ុង មិនព្រមចាកចេញពីបន្ទប់គេង ទោះបីជាមាននរណាតាមកនិយាយស្តីលួងលោមក៏គេមិនព្រមស្តាប់ដែរ មានតែវិធីតែម្យ៉ាងគត់ដែលអាចអូសទាញ ថេយ៉ុង ឱ្យចាកចេញពីផ្នត់គំនិតដ៏ក្មេងខ្ចីទាំងនោះបាន គឺមានតែវត្តមាន ជុងហ្គុក ម្នាក់តែប៉ុណ្ណោះ ដែលអាចជួសជុលប៉ះប៉ូវដល់ផ្លូវចិត្តរបស់គេនៅពេលនេះបាន។
    ណារីន ចាប់លើកអាហារមកដល់បន្ទប់រួចដាក់ទៅលើតុក្បែរគ្រែគេង ថេយ៉ុង បន្ទាប់មកនាងក៏ចាកចេញទៅវិញជាមួយអ្នកផ្សេងទៀតដោយនៅសល់តែ ជុងហ្គុក ម្នាក់ ដែលស្ម័គ្រចិត្តនៅធ្វើជាអ្នកមើលថែ ថេយ៉ុង តែម្នាក់ឯងប៉ុណ្ណោះ។
    «ភ្ញាក់ឡើង!» ជុងហ្គុក ឧទានចប់លូកដៃថ្នមៗ ទៅប៉ះស្ទាបអង្អែលក្បាលក្តៅងុំ ទើបគេស្ទង់ដឹងអាការៈ ថេយ៉ុង កំពុងតែឈឺគ្រុនក្តៅខ្លួន។
    «អ្ហឹកៗ..» សូរអណ្តឺតអណ្តក់បន្លឺរងូវៗក្បែររាងក្រាស់ ប្រអប់ដៃពេញប្រៀបទៅដោយកម្លាំង ចាប់ក្រសោបលើកត្រកងរាងកាយទន់ល្អូកឡើងសន្សឹមៗមុននឹងចាប់ទាញភួយបោះទៅម្ខាងដាច់ដោយឡែក។
    «ទៅងូតទឹកសម្អាតខ្លួននិងអាលបានមកញ៉ាំអាហារពេលព្រឹក!»
    «បងមករវល់និងខ្ញុំធ្វើអីទៀត?»
    «បងមិនចង់ឱ្យ ថេយ៍ ឈឺដោយសារតែបង!» សម្តីផ្អែមខាបព្រលឹងរាងតូចឱ្យមានអារម្មណ៍ធូរស្រាលជាងមុនមួយកម្រិត។
    ជុងហ្គុក ហុចផ្ទាំងកន្សែងទៅឱ្យ ថេយ៉ុង រួចដេញឱ្យគេទៅងូតទឹកសម្អាតខ្លួនចេញ មើលទៅសភាពគេក៏មិនបានងូតទឹកតាំងតែពីយប់មកម្ល៉េះ ព្រោះឃើញនៅស្លៀកឯកសណ្ឋានសិស្សដដែល ណាមួយថ្ងៃនេះ ជាថ្ងៃអាទិត្យ ទើបសម្រាកនៅផ្ទះពេញមួយថ្ងៃ សូម្បីតែខាងមន្ទីពេទ្យ ជុងហ្គុក ក៏បានសម្រាកនៅផ្ទះមិនទៅធ្វើការដែរ។
    «ឆាប់ទៅ!» ថេយ៉ុង សម្លឹងមុខគេធ្វើភ្នែកភ្លឹះៗ រួចចាប់កញ្ឆក់យកកន្សែងមកកាន់ធ្វើដូចខឹងណាស់ ទាំងដែលចិត្តកំពុងត្រេកអរ ព្រោះបានបងពេទ្យមកមើលថែទាំខ្លួនដល់ផ្ទះ។
    ១៥ នាទីបន្ទាប់..
    ពេលបានងូតទឹកសម្អាតខ្លួនរួចរាល់ ថេយ៉ុង ស្លៀកពាក់ស្អាតបាត ដើរមករកគ្រែគេងវិញ ជុងហ្គុក នៅតែរង់ចាំរហូត ដល់ឃើញរាងតូច ហើយក៏មិនភ្លេចតួនាទីរបស់ខ្លួនដែរ។
    «ហាមាត់!»
    «ខ្ញុំញ៉ាំខ្លួនឯងបាន!» មាត់រឹងប្រឹងប្រកែក ទាំងដែលចិត្តកំពុងជ្រួយច្របល់ខ្លាំង។
    «តែបងចង់បញ្ចុកហាមាត់ទៅ!» ថេយ៉ុង សើចញឹមៗបង្ហាញអាការៈអឹមអៀនក្នុងចិត្ត ទើបហាមាត់ទទួលយកអាហារដែលរាងក្រាស់បញ្ចុកយ៉ាងពេញចិត្ត គេញ៉ាំអស់ជាច្រើនម៉ាត់ ជុងហ្គុក ក៏បានប្រាប់ឱ្យរាងតូចលេបថ្នាំតាមក្រោយបន្ថែមដែរ។
    «ឆ្លាតណាស់ឃើញទេ ញ៉ាំបាយអស់ហើយ មកមើលមេរៀនវិញទៅ!»
    «ពេលនេះបងក្លាយខ្លួនទៅជាដុកទ័រផ្នែកចិត្តសាស្ត្រជំនាញតាំងតែពីពេលណាមក?» ជុងហ្គុក ឮហើយញញិមលើកដៃអង្អែលលើក្បាល ថេយ៉ុង ថ្នមៗ។
    «បងធ្វើបានគ្រប់យ៉ាងឱ្យតែមកព្យាបាលអ្នកជំងឺ!»
    «អ៊ីចឹងបងធ្លាប់ធ្វើបែបនេះដាក់អ្នកជំងឺណាខ្លះ?»
    «សម្រាប់តែ ថេយ៍ ម្នាក់គត់!» ក្នុងពេលនេះនាយអាចក្លាយទៅជាដុកទ័រគ្រប់ផ្នែកបានទាំងអស់ ទាំងកិច្ចការលួងលោម ព្យាបាលជំងឺ មើលថែទាំស្អំបេះដូង ព្រមទាំងពូកែលួងលោម និយាយផ្អែម ឫកពាទន់ភ្លន់ សម្តីសម្តៅស្រទន់ ញ៉ាំងឱ្យរាងតូចមានចិត្តសប្បាយរីករាយច្រើនជាងមុនទ្វេដង។
    ជជែកគ្នាបានបន្តិច ជុងហ្គុក ចាប់ផ្តើមនាំអាត ថេយ៉ុង ឱ្យងាកមកខិតខំឧស្សាហ៍ព្យាយាមរឿងរៀនសូត្រវិញម្តង ព្រមទាំងជួយបង្រៀនគេដោះស្រាយមេរៀនណាដែលគេមិនចេះធ្វើទៀត។
    ពេញមួយថ្ងៃនេះ ពួកគេសំងំនៅខាងក្នុងបន្ទប់តែពីរនាក់ រឿងដែលអាចបណ្តាលឱ្យ ថេយ៉ុង មានផ្លូវចិត្តរឹងមាំជាងមុនគឺបានស្តាប់ដំបូន្មានល្អៗដែល ជុងហ្គុក បានរៀបរាប់ប្រាប់គេដោយបំណងល្អទាំងអស់។
    «មានពេលខ្លះលួចគិតថាម្តាយអាចនិងមានចិត្តមិនល្អ ព្រោះតែមានពេលខ្លះគាត់ប្រើពាក្យសម្តីធ្ងន់ៗ សាបព្រួសកំហឹងមកលើយើង ប៉ុន្តែ ថេយ៍ ត្រូវដឹងថា មានតែគាត់តែម្នាក់គត់ដែលអាច ដឹងពីសុខទុក្ខនិងការឈឺចាប់ពេលវេលាសប្បាយៗរបស់ ថេយ៍ បានគ្រប់ពេលគ្រប់វេលាទាំងអស់ ជាស្ត្រីតែរឹងមាំម្នាក់គត់ ដែលអាចស្ម័គ្រចិត្តធ្វើជារនាំងការពារព្រមបាំងព្យុះភ្លៀង ដើម្បីកូនយល់ពីគាត់កុំខឹងនិងគាត់ ទោះជាគាត់ខឹងយ៉ាងណាក៏មិនដល់ថ្នាក់បោះបង់កូនចោលដែរ!»
    «បងពេទ្យ!» ថេយ៉ុង សម្លឹងមុខគេ រួចបង្ហូរទឹកភ្នែកចុះមកច្រោកៗ ពេលដឹងកំហុសខ្លួនកាលពីយប់មិញ បានប្រើពាក្យពេចន៍មិនល្អចំពោះម្តាយ ថែមទាំងបានធ្វើឱ្យគាត់យំដោយសារតែខ្លួនទៀត។
    «មិនអីទេកុំយំអី!» ជុងហ្គុក លូកប្រអប់ដៃជូតទឹកភ្នែកថ្លាយង់ថ្នមៗ ព្រមទាំងចាប់ក្រសោបទាញរាងតូចមកឱបយ៉ាងណែនមិនភ្លេចអង្អែលខ្នងគេតាមជាក្រោយ។
    «យប់មិញម៉ាក់យំដោយសារតែខ្ញុំមែនទេ?»
    «វាជារឿងធម្មតាទេ នៅពេលមានបញ្ហាក្នុងគ្រួសារ ប៉ះទង្គិចផ្លូវចិត្តគាត់នោះ ប៉ុន្តែគាត់មិនបានខឹងនិង ថេយ៍ ទៀតឡើយ គាត់តែងតែអត់ឱនចំពោះ ថេយ៍ ហើយស្រលាញ់ ថេយ៍ ខ្លាំងបំផុត!» ថេយ៉ុង ងើបខ្លួនញញិមទាំងបបូរមាត់ទទ្រើកសន្សឹមចាប់ប្រអប់ដៃ ជុងហ្គុក មកកាន់ក្តោបថ្នមៗ។
    «អរគុណបងពេទ្យសម្រាប់ថ្ងៃនេះណា!»
    «បងរីករាយជានិច្ច!»
    «អ៊ីចឹងល្ងាចនេះបងពេទ្យនៅញ៉ាំបាយជាមួយគ្រប់គ្នាសិនណា!»
    «ហ្អឹម បាទ!» ជុងហ្គុក ញញិមយ៉ាងផ្អែម បបួលឱ្យផែនថ្ពាល់ដ៏ភ្លឺទន់ម៉ដ្ឋរលោងទាំងគូនោះ ញោចមានពណ៌ក្រហមព្រឿងៗពេញមុខទាំងអស់ ថេយ៉ុង ឱនឈ្ងោកមុខចុះ មិនហ៊ាននឹងប្រឈមមុខជាមួយកែវភ្នែកខ្មៅនិលនាយឡើយ ដោយសារតែ ជុងហ្គុក មានមន្តស្នេហ៍ខ្លាំងពេក កាន់តែសម្លឹង គេកាន់តែស្រលាញ់ កាន់តែពេញចិត្ត កាន់តែគ្រឺតក្នាញ់។   
   
    ល្ងាចនេះ
    ម៉ោង ៥:៥១ នាទី
    ជំនួបអាហារពេលល្ងាចបានប្រព្រឹត្ដឡើងគ្រប់គ្នាមកជុំគ្នាអស់ហើយមិនបានបាត់ឬខ្វះនរណាម្នាក់នោះទេ។ ក្លិនអាហារឈ្ងុយឡើងប្រហើរពេញច្រមុះ សូម្បីតែមុខម្ហូបនីមួយៗក៏ទាក់ទាញគួរឱ្យចង់ញាំដែរ។
    «ស្អែកចូលវេនម៉ោងប៉ុន្មាន ឮថាផ្លាស់វេនហើយអ្ហេះ?» ដូជុន ចាប់សំណេះសំណាលជាមួយ ជុងហ្គុក តាមរបៀបមិត្តភក្តិជិតស្និទ្ធធម្មតា។
    «យើងដូរមកម៉ោង ៧ ព្រឹកចូល ចេញម៉ោង ៣ រសៀលនេះឯង!»
    «មកធ្វើវេនជាមួយគ្នាទៅល្អជាង!»
    «ខ្ជិលណាស់ ចូលម៉ោងខុសគ្នាអ៊ីចឹងហើយបានមិនសូវឃើញមុខគ្នា មិនសូវឈ្លោះប្រកែកគ្នា!» លោកស្រី ដារីរ៉ា ស្រាប់តែសើចញឹមៗឃើញពួកគេនិយាយញញ៉េះញញ៉ោះចំពោះគ្នាគួរឱ្យស្រឡាញ់ណាស់។
    «ញ៉ាំបាយឱ្យបានច្រើនកុំឱ្យឈឺក្រពះ!» ជុងហ្គុក មិនភ្លេចងាកទៅចាប់ដួសអាហារយកមកដាក់ចានឱ្យ ថេយ៉ុង ឫកពារបស់គេ ឆ្លងកាត់ខ្សែភ្នែកគ្រប់គ្នាឱ្យមានអារម្មណ៍ប្លែកមួយរំពេច ជាពិសេសអ្នកដែលបានដឹងរឿងច្បាស់នោះគឺលោកស្រីធំឯណោះ។
    «ប្តូរជំនាញហើយឬ?» កំលោះសង្ហាងាកខ្សែភ្នែកមកសម្លឹងម្ចាស់សំណួរដោយទឹកមុខឌឺ។
    «មនុស្សមានពហុជំនាញច្រើនតែប៉ុណ្ណឹង!»
    «អ៊ីចឹងល្មមយកប្រពន្ធកូនហើយ អាយុជិតសាមហើយ នៅបន្តពហុជំនាញគ្មានបានការដល់ណាទៀត!» ដូជុន ឧទានញ៉ោះ ជុងហ្គុក ឱ្យគេលើកចងចិញ្ចើមឡើង មិនភ្លេចញញិមចុងមាត់បន្ថែម។
    «រកមិនទាន់ឃើញនិងអី!» ថេយ៉ុង ឮសូរអ៊ីចឹងមានអារម្មណ៍ខ្នះខ្នែងប្លែកណាស់ មានអារម្មណ៍ខ្លាចថា ជុងហ្គុក ជ្រើសរើសរឿងរៀបការជាមួយអ្នកផ្សេងទៀតនៅថ្ងៃណាមួយ។
    «លោកពូ!»
    «ហះ?» ដូជុន ប្តូរគោលដៅទៅសម្លឹងមុខ ថេយ៉ុង ខណៈលោកស្រី ដារីរ៉ា បានតាមសង្កេតមើលទឹកមុខរបស់កូន ជាមួយអារម្មណ៍មិនសូវស្រួលអ្វីប៉ុន្មាន។
    «ថេយ៍ ចង់ញ៉ាំនំដូណាត់!»
    «មួយនេះអ្ហេះ?»
    «បាទ!» អ្នកជាពូចាប់ហុចនំទៅឱ្យក្មួយប្រុស រឿងយកប្រពន្ធកូនក៏ផ្អាកស្លេះត្រឹមសម្តី ថេយ៉ុង បានបន្លឺមុននេះបន្តិចដែរ។
    ក្រោយម៉ោងបាយរួច ជុងហ្គុក ចាប់ផ្តើមរៀបចំចេញដំណើរត្រលប់ទៅផ្ទះ មិនភ្លេចនៅនិយាយជាមួយ ថេយ៉ុង បានបន្តិចទៀត ទើបចេញឡានទៅ។
    «កុំភ្លេចឧស្សាហ៍មើលមេរៀនផងបងចង់ឃើញ ថេយ៍ រៀនពូកែ!»
    «បាទ!»
    «ឆ្លាតឮទេ?»
    «បាទ!» ថេយ៉ុង ញញិមងក់ក្បាលផ្ងក់ៗបន្ថែមទៀត។
    «អ៊ីចឹងបងទៅហើយ!» ជុងហ្គុក បែរខ្នងចាប់បើកទ្វារឡានរួចក៏បន្តបញ្ឆេះម៉ាស៊ីនបររថយន្តទំនើបចេញទៅ តម្រូវឱ្យខ្សែភ្នែករាងតូចតាមសម្លឹងមើលគេចេញទៅផុតរហូតដល់បាត់ស្រមោលឈឹង។
   
    ព្រឹកស្អែក
    សាលារៀន..
    សូរកណ្តឹងចូលរៀនបានបន្លឺប្រកូកពាសពេញទីធ្លាសាលារៀន ខណៈសិស្សទាំងអស់រូតរះម្នីម្នារត់ចូលតាមថ្នាក់នីមួយៗទៅអស់គ្មានសល់។
    ថ្ងៃនេះ ជាថ្ងៃប្រឡងឆមាស ដែលសិស្សទាំងអស់ត្រូវចូលខ្លួនដើម្បីបានប្រឡងគ្រប់មុខវិជ្ជារៀងៗខ្លួនបន្តដែរ។
    «ថេយ៉ុង!» ជីនស៊ុក បន្លឺសំឡេងស្រែកហៅរាងតូចខ្សឹបៗ ថេយ៉ុង ងាកទៅសម្លឹងមុខមិត្ត ដែលធ្វើមាត់ជីបអ៊ូចៗហាក់ចង់សួរចម្លើយដល់គេ។
    «ទីប៉ុន្មាន?»
    «ទីពី!»
    «ថេយ៉ុង ជីនស៊ុក នៅឱ្យស្ងៀម!» សំឡេងស្រែកបន្លឺឡើង ញ៉ាំងឱ្យអ្នកទាំងពីរត្រូវសម្របខ្លួនតាមកាលៈទេសៈតម្រូវភ្លាមៗ។ ពួកគេបន្តអង្គុយប្រឡងរហូតដល់ម៉ោងសម្រាកចេញលេង។
    គ្រីងៗ...
    កណ្តឹងលាន់រន្ទឺជាថ្មីម្តងទៀត ឧបករណ៍រៀនសូត្រទាំងអស់ត្រូវបានដាក់ចុះ វត្តមានគ្រូប្រចាំមុខវិជ្ជានីមួយៗចាប់ដើរប្រមូលក្រដាសប្រឡងសិស្សម្តងម្នាក់ៗរហូតដល់អស់រលីងគ្មានសល់។
    ម៉ោងសម្រាក..
    កង់ទីន
    «ធ្វើម្តេចឯងអាចដោះស្រាយលំហាត់បាន?» ជីនស៊ុក តាមសួរនាំ ថេយ៉ុង មកដល់តុអង្គុយញ៉ាំអាហារជាមួយគ្នា តាមពិតគេក៏ឆ្ងល់ណាស់ដែររាល់ខែសូម្បីតែប្រឡងប្រចាំខែក៏ ថេយ៉ុង ចម្លងតាមគេដែរ ចុះហេតុអី្វលើកនេះគេអាចធ្វើវាដោយខ្លួនឯងបាន។
    «បានបងពេទ្យជួយបង្រៀនមុនថ្ងៃប្រឡង!»
    «បងពេទ្យណា?» ជីនស៊ុក ឆ្ងល់ណាស់ធ្វើមុខភ្លើឡើងសភ្នែក។
    «បងពេទ្យប្រចាំនៅ មន្ទីពេទ្យ Sejeong!»
    «ស្លាប់..ឥឡូវឯងទាក់គាត់បានហើយអ្ហេះ? ចំជាពូកែមែន មិនមែនងាយស្រួលទេណា ដែលគាត់អាចឆ្លៀតពេលពីការងារមកជួយបង្រៀនឯងបាននោះ ឮមកថាមន្ទីពេទ្យមួយនុះ មមាញឹកខ្លាំងណាស់ ថ្ងៃខ្លះទៀតក៏រវល់សឹងតែគ្មានពេលបានសម្រាកផង!»
    «មកពីគាត់ស្គាល់ម៉ាក់ ស្គាល់ពូរបស់យើងដែរ ទើបគាត់មកជួយបង្រៀន ហើយថែមទាំងចាត់ទុកយើងប្រៀបដូចជាប្អូនប្រុសម្នាក់ទៀត ស្តាប់ទៅមានអារម្មណ៍ដូចគាត់មិនចង់បង្កើតទំនាក់ទំនងល្អជាមួយយើងទេ គ្រាន់តែមកជួយបង្រៀនក្នុងនាមជាអ្នកអាស្រ័យពឹងពាក់ដែលម៉ាក់បានសំណូមពរតែប៉ុណ្ណឹង!» មូលហេតុមានត្រឹមប៉ុណ្ណឹងដែលអាច អូសទាញ ជុងហ្គុក មកជួយមើលថែគេបាន បើតាមតែការសំណូមពររបស់គេ ជុងហ្គុក ប្រហែលមិនអាចដកឃ្លាចេញពីការងារមករវីរវល់ជាមួយគេបានឡើយ មកពីបានចាស់ទុំជួយចូកជួយចេវដែរ តែមកបានត្រឹមផ្សារភ្ជាប់ទំនាក់ទំនងដូចបងហើយនិងប្អូនតែប៉ុណ្ណោះ។
    «តែយ៉ាងណាក៏បានគាត់ជួយធ្វើឱ្យឯងសប្បាយចិត្តដែរ បានទាំងចំណេះដឹង បានទាំងដំបូន្មានល្អៗដែរ គាត់មិនអាក្រក់អីឯណា!»
    «ហ្អឹម..តែពិបាកយល់ចិត្តណាស់ ងាយអាចចូលក្បែរគាត់បាន តែមិនអាចស្ទាបស្ទង់ចិត្តគាត់ដឹងបាននោះទេ!»
    «បើគាត់នៅលីវឯងទៅភ័យអី?»
    «ថាមិនត្រូវដែរ ព្រោះដល់អាយុគាត់ត្រូវរៀបការហើយ!» ជីនស៊ុក ឮសូរអ៊ីចឹងស្រាប់តែពិបាកចិត្តជំនួស ថេយ៉ុង ភ្លាម។
    «ហើយចុះបើថ្ងៃណាមួយគាត់សម្រេចចិត្តមានសង្សាឬមានប្រពន្ធកូននោះ ឯងត្រូវធ្វើដូចម្តេច?» ថេយ៉ុង ពិបាកសើច ពិបាកញញិមណាស់ ប្រសិនបើរឿងទាំងអស់នោះកើតឡើង។
    «យើងមិនដឹងទេ ឯងក៏ដឹងថាយើងអាយុប្អូនគាត់ច្រើនឆ្នាំដែរ!»
    «បើឯងមិនមែនជា Type របស់គាត់ ប្រហែលគ្មានសង្ឃឹមទេ!»
    «អ៊ឹម!»
    «កុំពិបាកចិត្តអី ខំរៀនឱ្យតែចប់ទៅ រួចចាំគិតបន្តទៀត!» ម្តងនេះ ថេយ៉ុង គ្រាន់តែងក់ក្បាល រួចព្យាយាមបន្តញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់ដដែល។
   
    ប្រៃសណីយ៍
    «លោកពូ ផ្ញើសំបុត្រ!»
    «មកទៀតហើយហ្អេ?» ហេគូ ញញិមញញែមសម្លឹងមុខ ថេយ៉ុង ឥឡូវនេះគេក្លាយមកជាម៉ូយប្រចាំនៅទីនេះហើយ ឱ្យតែដល់ម៉ោងចេញពីរៀនគឺតម្រង់មករក ប្រៃសណីយ៍មុនគេដើម្បីបានផ្ញើសំបុត្រទៅកាន់មន្ទីពេទ្យ Sejeong ជារបស់ដុកទ័រ ចន ជុងហ្គុក រាល់ថ្ងៃ។
    «ខ្ញុំបានប្រាប់ពូហើយតើស ថាខ្ញុំនិងក្លាយទៅជាម៉ូយប្រចាំរបស់ពូនៅទីនេះ!»
    «អរគុណច្រើនហើយ ប៉ុន្តែហេតុអីទើបបានជាឯងឧស្សាហ៍សរសេរសំបុត្រផ្ញើទៅឱ្យខាងមន្ទីពេទ្យនោះញឹកញាប់ខ្លាំងម្ល៉េះ?»
    «រឿងផ្ទាល់ខ្លួន ពូមិនចាំបាច់ចង់ដឹងច្រើនទេ ផ្ញើតែសំបុត្រឱ្យខ្ញុំទៅ ខ្ញុំឱ្យលុយពូ!» ថេយ៉ុង ដកប្រាក់ថ្លៃបញ្ញើទៅឱ្យ ហេគូ រួចបន្តដើរចេញត្រលប់ទៅរកចំណតឡានក្រុងវិញដោយអារម្មណ៍មិនសូវនៅនឹងខ្លួន។
    ទ៉ឺត~
    «អេ!» រាងតូចភ្ញាក់ច្រងេងច្រងាងដៃជើងឮសូរសំឡេងស៊ីបភ្លេឡានបន្លឺគេភ្ញាក់អស់ព្រលឹងព្រលះ។
    «បងជីដូនមួយ!» ថេយ៉ុង ប្តូរមកញញិមស្រស់និយាយទៅកាន់រាងតូចម្នាក់ទៀតក្នុងឈុតពណ៌ក្រហមស្រស់នោះ។
    «បងទៅទទួលនៅឯសាលារៀនមិនឃើញ តាមពិតមកនៅត្រង់នេះសោះ!»
    «ខ្ញុំមកចាំឡានក្រុង ព្រោះចូលចិត្តជិះឡានក្រុង តែបើបានបងមកទទួលហើយ ជិះឡានជាមួយបងទៅផ្ទះក៏បានដែរ!»
    «អ៊ឹម!»
    ផាក ជីមីន ត្រូវជាបងប្អូនជីដូនមួយ ថេយ៉ុង សាច់ខាងឪពុករបស់គេ។ ពួកគេស្និទ្ធស្នាលនិងគ្នាខ្លាំងណាស់ ដ្បិតម្តាយឪពុក ថេយ៉ុង មានរឿងទំនាស់កើតឡើង ហើយត្រូវផ្តាច់ទំនាក់ទំនងគ្នាក៏ដោយ ប៉ុន្តែសម្រាប់សាច់ឈាមខាងឪពុកគេ នៅតែបន្តស្រលាញ់រាប់អាន ថេយ៉ុង ជានិច្ច។
    «ប៉ាខ្ញុំយ៉ាងម៉េចទៅហើយបង?» ជីមីន កំពុងតែបើកឡានស្រាប់តែទទួលបានសំណួរចូរមក។
    «ដូចតែរាល់ដងនិងឯង!» ថេយ៉ុង បានចម្លើយចប់ទម្លាក់ទឹកមុខស្រងូតស្រងាត់ភ្លាម ពេលដឹងថាឪពុកគេនៅបន្តធ្វើខ្លួនបែបនេះទៀត ទើបគេចាប់នឹកគិតពីសម្តីម្តាយខ្លួនកាលពីរាត្រីនោះ។
    (មនុស្សប្រុសមិនអាចដូចគ្នា តែមនុស្សប្រុសអាចធ្វើរឿងបានស្រដៀងគ្នាទាំងអស់ ខំរៀនទៅ រៀនឱ្យចប់ រៀនឱ្យដល់គោលដៅ កុំភ្លើតភ្លើន ចំពោះរឿងដែលមិនអាចទៅរួចទៀត!)
    «ប៉ាមិនដែលនឹកនាដល់ខ្ញុំហើយនិងម៉ាក់ខ្លះសោះឬ?» ជីមីន ដឹងភ្លាមថាប្អូនខូចចិត្តយ៉ាងណាដែរ ទើបប្រញាប់ប្រញាល់ឈោងចាប់ប្រអប់ដៃ ថេយ៉ុង មកកាន់យ៉ាងណែន។
    «ថ្ងៃនេះកុំនិយាយរឿងមិនសប្បាយចិត្តអី តោះបងជូន ថេយ៍ ទៅមើលកុន!»
    «ថ្ងៃនេះមិនទៅបានទេបង? ថេយ៍ ចង់ទៅផ្ទះ ត្រូវមើលមេរៀនព្រោះស្អែកត្រូវប្រឡងបន្តទៀត!»
    «ក៏បាន!» ពេលនិយាយគ្នាចប់ ជីមីន ក៏បានយល់ព្រមជូន ថេយ៉ុង ត្រលប់ទៅផ្ទះវិញ។
   
   
   
   
   
   
  

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now