ភាគ០២÷ បងប្រុស?

3.2K 214 4
                                    

    ព្រឹកថ្ងៃថ្មី
    -ប្រៃសណីយ៍ -
    «សួស្តី!» ថេយ៉ុង ស្រែកឧទាននៅខាងមុខបន្ទប់ការិយាល័យ បម្រើការងារក្នុងប្រៃសណីយ៍មួយកន្លែងដែលនៅជិតសាលារៀនរបស់គេដោយផ្ទាល់ ក្រោយមកទើបឃើញវត្តមានបុរសម្នាក់ស្ថិតក្នុងវ័យកណ្តាល មានមុខងារជាអ្នកទទួលបញ្ញើសំបុត្រប្រចាំនៅទីនេះតែម្តង បន្ទាប់មកគេក៏បានហុចសំបុត្រស្រោមពណ៌ពងមាន់មួយច្បាប់ទៅឱ្យបុរសម្នាក់នោះជាមួយនិងទឹកប្រាក់បន្ថែមទៀតដែរ។
    «ផ្ញើទៅកាន់មន្ទីពេទ្យ Sejeong ប្រាប់ថាជារបស់លោក ដុកទ័រ ចន ជុងហ្គុក!»
    «ពួកយើងទទួលបញ្ញើទៅតាមខេត្តឆ្ងាយៗដូចជាជនបទតែប៉ុណ្ណោះ សម័យនេះគេប្រើទូរស័ព្ទឆ្លើយឆ្លងគ្នាអស់ហើយអាក្អូន!»
    «មកពីម៉ាក់ខ្ញុំមិនឱ្យប្រើទូរស័ព្ទ ទើបខ្ញុំមកផ្ញើសំបុត្រ មានទូរស័ព្ទ មានសង្សា មានប្រុសឈ្មោល ទើបគាត់ហាម!»
    «ហើយសំបុត្រនេះផ្ញើទៅកាន់នរណា?»
    «ផ្ញើឱ្យប្រុស!»
    «ចង់យកយាយឯងមកហាមមិនឱ្យទាក់ទងមនុស្សប្រុសទៀតក៏ហាមមិនបានដែរមិនឱ្យកូនប្រើទូរស័ព្ទតែកូនលួចសរសេរសំបុត្រ..»
    «ចង់ឃាំងដល់យាយទួតទៀត ក៏ហាមមិនបានដែរ ផ្ញើឱ្យដល់ ដៃ ចន ជុងហ្គុក បើផ្ញើមិនដល់ទេ ខ្ញុំដកយកលុយវិញ!» បុរសរូបនោះឮសូរអ៊ីចឹងភ្លាមកាន់តែហួសចិត្តមិនស្ទើរ ក្រៅពីឈរបើកភ្នែកធំៗគិតចប់ទើបដឹងថាអាល្អិតម្នាក់នេះជាកូនប្រុសរបស់សេដ្ឋីនីដែលល្បីល្បាញខាងរកស៊ីធ្វើមុខជំនួញក្នុងស្រុកម្នាក់សោះ សាច់ឈាម មុខមាត់ល្អឯកសម្បើមណាស់តែចំពោះការនិយាយស្តីសម្តីសម្តៅកាចឆ្នាស់ស្រដៀងនិងធម្មជាតិក្មេងស្រី សូម្បីតែឫកពាក៏បូកផ្សំមកជាមួយគ្នាទាំងព្រមដែរ។
    «និយាយអ៊ីចឹងពូមកធ្វើការនៅទីនេះរាល់ថ្ងៃទេ?»
    «គិតថាយើងរត់ទៅណា បើមិនមកធ្វើការនៅទីនេះ?» ហេគូ ឆ្លើយតបភ្លាមៗតាមរយៈទឹកមុខតប់ប្រមល់ មិនដឹងជាការងារស្អី តាមសួរនោះសួរសួរគេដូចជាជនចាប់ជម្រិតទៅហើយ។
    «ខ្ញុំចេះតែសួរៗទៅព្រោះបន្តិចទៀតនេះ ខ្ញុំនិងក្លាយទៅជាម៉ូយប្រចាំនៅទីនេះហើយ ហើយលោកពូក៏បានការងារធ្វើរាល់ថ្ងៃដែរ ព្រោះអីកន្លែងផ្ញើសំបុត្រពូនៅទីនេះស្ងាត់ណាស់ ខ្ញុំទៅមកជិះកាត់រាល់ថ្ងៃ មានពេលខ្លះសឹងតែបិទទ្វារទៀត!»
    «ដូចពូថាអ៊ីចឹង សម័យឥឡូវគេប្រើទូរស័ព្ទដៃទំនើបអស់ហើយ មាននរណាគេមកសរសេរសំបុត្រផ្ញើដូចអាក្អូនឯងទៀត!» ថេយ៉ុង ស្តាប់ចប់សម្លក់មុខ ហេគូ ថ្មែរ បន្ទាប់ពីនិយាយគ្នាចប់ គេរូតរះទៅសាលារៀនឱ្យទាន់ម៉ោងចូលរៀនដែរ។   
   
    មន្ទីពេទ្យ Sejeong
    តុៗ...
    «ចូលមក!» អ្នកដែលស្រែកពីខាងក្នុងយល់ព្រមអនុញ្ញាតខណៈបុរសជាបុគ្គលិកផ្នែកសម្អាតក៏បានរុញទ្វារនិងដើរចូលទៅ។
    «មានគេមកផ្ញើសំបុត្រមកឱ្យលោកដុកទ័រ!» ជុងហ្គុក បើកភ្នែកភ្លឹះៗសម្លឹងមើលសំបុត្រប្លែកមួយច្បាប់ចំពោះមុខ រួចក៏មិនភ្លេចទទួលយកមកទុកសិនដែរ។
    «អរគុណ!»
    «បាទ!» បុគ្គលិករូបស្រស់សង្ហាបានដើរចេញទៅវិញ រួចបានបិទទ្វារជិតយ៉ាងមានសុជីវធម៌ ខណៈ ជុងហ្គុក ចាប់លាសំបុត្រស្រោមពណ៌ពងមាន់បើកឡើង ទើបឃើញក្រដាសមួយផ្ទាំងដែលសរសេររៀបរាប់ផ្ញើមកកាន់ខ្លួនជាច្រើនបន្ទាត់។
    "បងពេទ្យ ម្សិលមិញអរគុណបងច្រើនណាស់ដែលបានជួយព្យាបាលនិងជូន ថេយ៍ ត្រលប់មកផ្ទះវិញ អរគុណបងពេទ្យម្តងទៀត បើល្ងាចនេះបងពេទ្យចេញវេន ទៅញាំបាយល្ងាចជាមួយ ថេយ៍ បានទេ?"
    «ហើយក្មេងសោះហ្នឹង?» នាយកំលោះលាន់មាត់គ្រាន់តែអានចប់បានបីបន្ទាត់ជាង មានអារម្មណ៍ហួសចិត្តចំពោះសម្តីសម្តៅរបស់ ថេយ៉ុង ពុំស្ទើរនោះទេ។
    "ម៉ាក់របស់ ថេយ៍ អនុញ្ញាតឱ្យចេញដើរលេងជាមួយបងពេទ្យរួចហើយគាត់មិនថាអីទេ ព្រោះគាត់ដឹងថាបងពេទ្យជាមិត្តជិតស្និទ្ធរបស់លោកពូ ដូជុន!"
    «ចុះអា ដូជុន ម្តេចមិនព្រមដើរលេងជាមួយវា?»
    "បងពេទ្យចេញមកចួបខ្ញុំកុំខានណា ចេញពីរៀនខ្ញុំមកចាំបងចេញទៅញ៉ាំបាយជាមួយគ្នាហិហិ!"
    «យ៉ាប់មែនក្មេងនេះ!» នាយចាប់ទម្លាក់សំបុត្រចុះ រូតរះចាប់ប្រមែប្រមូលការងារមកធ្វើបង្ហើយដៃ មិនភ្លេចងាកទៅសម្លឹងមើលសំណេរដែលបានរៀបរាប់ទទូចទាមទារធ្វើឱ្យបបូរមាត់នាយញោចញញិមស្រស់ព្រមទាំងគ្រវីក្បាលមិនអស់ចិត្តឡើយ។
   
    ល្ងាចដដែល
    ម៉ោង ៥:៥៥ នាទី..
    ថេយ៉ុង ពិតជាបានមកកាន់មន្ទីពេទ្យ តាមការសន្យារបស់ខ្លួនពិតមែន នៅពេលដែលគេមកដល់ក៏មិនភ្លេចដើរសំដៅទៅរកបន្ទប់ការិយាល័យបងពេទ្យសង្ហាដែលខ្លួនតែងតែ ងប់ងល់ វង្វេងវង្វាន់ជាមួយរូបរាងដ៏ទាក់ទាញល្អឥតខ្ចោះ បើទោះបីជាចួបគ្នាលើកណាក៏ឃើញតែបងពេទ្យស្ថិតក្នុងឯកសណ្ឋានជាដុកទ័រគ្រប់ពេល ប៉ុន្តែក្នុងក្រសែភ្នែកគេបងពេទ្យតែងតែសង្ហាជានិច្ច។ ប្រអប់ដៃស្រឡូនលើកឡើងច្រានទ្វារបន្ទប់ កែវភ្នែកខ្មៅនិលក៏សម្លឹងតម្រង់ទៅចំទម្រង់ផ្ទៃមុខកំលោះសង្ហា ដែលបានឈ្ងោកបំពេញកិច្ចធុរៈពុំទាន់បញ្ចប់នៅឡើយ។
    «បងពេទ្យ!» ជុងហ្គុក ដកអារម្មណ៍ចេញពីការងារ ហើយងាកទៅតាមសូរដង្ហោយហៅទើបងក់ក្បាលបន្តិច ខណៈ ថេយ៉ុង ខាងណេះស្រាប់តែសើចស្ញេញរីករាយរកពាក្យអ្វីមកនិយាយថ្លឹងថ្លែងពីអារម្មណ៍រំភើបញាប់ញ័រ រាល់ពេលបានចួបបងពេទ្យសង្ហាម្តងៗនោះទេ គេស្ទុះវឹងចូលទៅអង្គុយខាងក្នុងភ្លាម លួចសម្លឹងមើលខ្នងមាំបូករួមទាំងស្មារីកធំក្រអាញយ៉ាងពេញចិត្ត ដ្បិតបងពេទ្យអាយុច្រើនជាងគេ ១៥ ឆ្នាំពិតមែន ប៉ុន្តែគម្លាតអាយុវ័យរវាងពួកគេមិនមែនជាបញ្ហានោះទេ គេបែរជាពេញចិត្តហើយស្រលាញ់បងពេទ្យដល់ថ្នាក់លែងមានភាពអៀនខ្មាស ដ្បិតចិត្តនឹកមិនអាចហាមឃាត់ខួរក្បាលគេមិនឱ្យគិតពីបងពេទ្យគ្រប់ពេលឡើយ។
    «ឃ្លាននៅ?»
    «មិនអីទេ ខ្ញុំចាំបងបាន!»
    «តែបងធ្វើការយូរណាស់!»
    «អ៊ីចឹងម៉ោងប៉ុន្មានទើបបងដល់ម៉ោងចេញពីធ្វើការ?» ថេយ៉ុង សួរដោយទឹកមុខអស់សង្ឃឹម ខណៈអ្នកម្ខាងទៀតក៏ចាប់សង្កេតដឹងពីការអាក់អន់ស្រពន់ចិត្តរបស់ក្មេងម្នាក់នេះភ្លាមៗ។
    «ម៉ោងដដែល ម៉ោង ៨ ទើបបងចេញវេន!»
    «អូយយូរណាស់!» ថេយ៉ុង បង្ហាញពីផ្លូវអារម្មណ៍ដ៏ធុញទ្រាន់ភ្លាមៗ បើគេនៅចំណាយពេលរង់ចាំ ជុងហ្គុក ចាកចេញពីម៉ោងធ្វើការមិនដឹងថ្មើរមាណបានញាំបាយទេ គេឃ្លានចង់ស្រែកយំទៅហើយ ចេញមកពីរៀនមិនគិតម្នីម្នាទៅផ្ទះតែបែរជាមកអង្គុយសំកុករង់ចាំមនុស្សប្រុសដែលខ្លួនចាប់ចិត្តស្រលាញ់រាប់ម៉ោង។
    «បងពេទ្យ!»
    «ហ្អឹម!!»
    «បងពេទ្យ ឃ្លានបាយ!» ថេយ៉ុង ស្រែកឮសូរចាច ចាប់ផ្តើមយំកិកកុករករឿង រំអុកអូសទាញប្រអប់ដៃ ជុងហ្គុក គ្រវីតាមតែចិត្តនឹកឃើញ ថែមទាំងយំរំអួយទៀត ព្រោះឃ្លានបាយទាល់តែមានអារម្មណ៍មួម៉ៅរញ៉ាំរញូវ ដល់ថ្នាក់ប្រុសកំលោះសង្ហាខាងណោះសំដែងអាការៈងេមងាមមិននឹកស្មានថាពេលក្មេងម្នាក់នេះខឹងមានចរិតមានៈយ៉ាងនេះសោះ។
    «ទៅផ្ទះទៅ នៅចាំបងធ្វើអី?» ជុងហ្គុក ពោលនិយាយទាំងញ័របបូរមាត់តតាត់ រៀបចំឫកពាស្ទើរតែមិនត្រូវទៅហើយ។
    «បងអត់ចិត្តអាណិតខ្ញុំទេអី?»
    «អាណិតដែរ តែបងជាប់ការងារ!»
    «បងធ្វើបាបកូនម៉ាក់ខ្ញុំ!»
    «អ៊ីចឹងបងកុម្មង់អាហារមកញ៉ាំទាំងអស់គ្នា!»
    «ហ៊ឹកៗអត់ទេ ទៅញ៉ាំតាមហាងអាហារវិញ ខ្ញុំខំសុំលុយម៉ាក់មកដើម្បីបានប៉ាវបាយបង បងធ្វើអ៊ីចឹងមិនបានទេ!»
    «ម៉ាក់មិនស្តីបន្ទោសទេឬ?»
    «ស្តីអីបើខ្ញុំលួចមកហ្នឹង..»
    «ហះ!»
    «ឃ្លានបាយ ថេយ៍ អង្គុយរៀនមួយថ្ងៃពេញបន់ឱ្យតែដល់ម៉ោងចេញទេ បងពេទ្យរវល់ធ្វើការថ្មើរណាចេញរកបាយទឹកខ្លះ ជាពេទ្យមិនចេះឃ្លាន មិនចេះហេវទេឬ?»
    «រាល់ថ្ងៃនេះបងកុម្មង់អាហារមកញ៉ាំជាប្រចាំ ក៏មិនបានដឹងថា ថេយ៍ មកបបួលបងចេញទៅខាងក្រៅដែរ!» ជុងហ្គុក ថាចប់លើកក.ដៃឡើងសម្លឹងម៉ោងនាឡិការទើបដឹងថាគេនៅសល់ពេល ពីរម៉ោងទៀតទើបចេញពីធ្វើការ។
    «ហេឡូ!» បុរសសង្ហាលើកទូរស័ព្ទលើតុមកចុចនិយាយ មិនភ្លេចងាកសម្លឹងមើលផ្ទៃមុខដ៏គួរឱ្យអាណិតបន្ថែមដែរ។
    «ជូអីន ជួយមកជំនួសការងារខ្ញុំពីម៉ោងចុងក្រោយបានទេ? ខ្ញុំមានការរវល់ត្រូវចេញទៅខាងក្រៅដែរ!» ជុងហ្គុក សន្ទនាជាមួយអ្នកគ្រូពេទ្យជំនិតនិយាយត្រូវរូវគ្នារួចគេក៏សម្រេចចិត្តថាចាកចេញទៅខាងក្រៅដើម្បីបានញ៉ាំបាយតាមសំណូមពរ ថេយ៉ុង ស្នើសុំ។
   
    Restaurants
    ហាងអាហារបារាំង
    ចំណាយពេលរង់ចាំជាងមួយសន្ទុះធំ ក្រោយមកក៏ប្រទះឃើញ បុគ្គលិកបម្រើសេវាកម្មលើកអាហារមកដល់ ពួកគេបានកុម្មង់អាហារត្រឹមតែពីបីមុខតែប៉ុណ្ណោះ ព្រោះមកញ៉ាំគ្នាតែពីរនាក់ យ៉ាងណាក៏ញ៉ាំមិនអស់ដែរ។
    «ចូលចិត្តអាហារបារាំងណាស់មែនទេ ទើបពេលបងបបួលចូលហាងកូរ៉េមិនចង់នៅញ៉ាំ?» ជុងហ្គុក សួរដោយផ្តោតខ្សែភ្នែកសម្លឹងមើលអាល្អិតកំពុងឱនឈ្ងោកញ៉ាំអាហារបាត់សំឡេងយំស្ងាត់ច្រៀប។
    «អាហារកូរ៉េ ញ៉ាំរាល់ថ្ងៃហើយ ចង់ភ្លក្សអាហារបារាំងម្តង!»
    «ថ្ងៃក្រោយណា កុំទៅបបួលបងទៀត ព្រោះបងជាប់ការងារមានអ្នកជំងឺច្រើនទៀតណាស់ បងគ្មានពេលទំនេរ សម្រាប់ដើរចេញមកខាងក្រៅលំហាយអារម្មណ៍តាមតែចិត្តនឹកឃើញទេ ថេយ៍ នៅជាក្មេង មិនទាន់យល់ពីមជ្ឈដ្ឋានខាងក្រៅដូចម្តេចទេ!»
    «បងពេទ្យខឹងនិងខ្ញុំមែនទេ?» ថេយ៉ុង ឈប់ទំពារអាហារ ផ្ងើយមុខសម្លឹងកែវភ្នែកបុរសមានទឹកមុខរាបស្មើធេង។
    «បងមិនខឹងទេ តែបងមិនចង់ឱ្យ ថេយ៍ ទៅរកបងខុសពេល ខុសវេលាអ៊ីចឹងទៀត ឃើញអត់បាយក្រហាយទឹកអ៊ីចឹងពិបាកមើលនិងភ្នែកណាស់ ចុះបើ ថេយ៍ ត្រូវមកឈឺដោយសារតែបងនោះ?»
    «បងក៏ទៅព្យាបាលឱ្យ ថេយ៍ ដល់ផ្ទះដែរទៅ ក្រែងបងជាពេទ្យ?»
    «ឈឺញឹកញាប់គិតថាជារឿងល្អ?»
    «ល្អដែរព្រោះមានបងទៅព្យាបាលឱ្យខ្ញុំរាល់ថ្ងៃ!»
    «នៅផ្ទះតមាត់ម៉ាក់ប៉ាអ៊ីចឹង?»
    «គ្រប់តែគ្នាហ្នឹង!» ជុងហ្គុក ឮហើយគ្រវីក្បាលញ័រតតាត់ភ្លាម រួចងាកមកចាប់អាហារយកមកញ៉ាំ ព្រោះឃ្លានសឹងតែដាច់ក្រពះដែរហើយ ឃើញគេមុននេះជាមនុស្សវក់វីនិងរឿងការងារណាស់ សឹងតែមិនគិតគូរពីរឿងបាយទឹកផង ជួនញាំទៀងពេល ជួនកាលទៀតក៏អត់ ហើយចេះមកឧស្សាហ៍ដាស់តឿនអ្នកជំងឺឱ្យញ៉ាំបាយទៀងទាត់ពេលវេលាទៀត។
    «ខ្ញុំសូមទោស!» នឹកចាប់អារម្មណ៍ពីសម្តីរាងតូចនាំឱ្យកំលោះយើងចាប់ផ្តើមសើចឡើងរហ៊ឹះ។
    «ថ្ងៃនេះ មកពីរៀនឃ្លានបាយពេក ទើបខ្ញុំមិនចេះទ្រាំរំខានអូសទាញបងចេញមកខាងក្រៅ តែខ្ញុំពិតជាចង់ញ៉ាំបាយជាមួយបងពិតមែន!»
    «ហេតុអី?» ជុងហ្គុក ស្រាប់តែសួរ ស្របពេល ថេយ៉ុង ក៏ញញិមអឹមអៀនចំពោះនាយ។
    «ព្រោះ..ចង់ខ្ញុំស្និទ្ធស្នាលជាមួយបងពេទ្យ!»
    «នៅក្មេងណាស់ កុំភ្លេចខំរៀនផង កុំគិតពីបងច្រើនពេក បងមិនចាប់អារម្មណ៍កូនក្មេងទេ!»
    «បងអាយុបងខ្ញុំ ១៥ ឆ្នាំហ្នឹង បងមានទៅចាស់ខ្លាំងឯណា តែបន្តិចទៀតខ្ញុំធំហើយ គ្រប់អាយុពួកយើងក៏អាចសេពគប់គ្នាបានដែរតើស!»
    «ចេះគិតឃើញតែប៉ុណ្ណឹងទេអ្ហេះ? ឧស្សាហ៍តាមដានរឿងរៀនសូត្រខ្លួនឯងផង ឮអាជុនថា ថេយ៍ មិនសូវនៅផ្ទះមើលមេរៀនទេ បបួលមិត្តភក្តិដើរតែលេង ធ្វើខ្លួនឥតប្រយោជន៍..»
    «លោកពូ ប្រាប់បងអ៊ីចឹងមែនទេ? គាត់មកធ្វើការ ឬមកបបួលមិត្តនិយាយដើមក្មួយខ្លួនឯង? គាត់ហ្នឹងក៏ធ្វើខ្លួនឥតប្រយោជន៍ដែរ មកពីធ្វើការមិនទាន់ ចូលបារ ចូលក្លឹប ចូលផ្ទះយប់ៗជ្រៅណាស់ ម៉ាក់ខ្ញុំជេរស្តីគាត់ រាល់តែថ្ងៃហ្នឹង ចាស់តែអាយុ មុខឡើងកញ្ចាស់ ឃើញគាត់នៅលីវអ៊ីចឹង ព្រោះគ្មានស្រីឯណាគេមកយកគាត់ទេ ក្លិនគាត់ស្អុយមើលតែឆ្មា!»
    «តែវាស្រលាញ់ ថេយ៍ ណាស់!»
    «ស្រលាញ់ក្មួយ និយាយដើមក្មួយអ៊ីចឹងហ៎?»
    «វាក៏ចង់និយាយអប់រំឱ្យក្មួយល្អ កុំខឹងនិងវាអី!»
    «បងជឿគាត់ដែរ ថាខ្ញុំដើរតែលេងមិនគិតខំរៀន? ខ្ញុំក៏ខំរៀនដែរ តែរៀនវាមិនពូកែ រៀនបានត្រឹមតែកម្រិតមធ្យមឱ្យខ្ញុំធ្វើយ៉ាងម៉េចទៀត? បើម៉ាក់ក៏រវល់តែការងារនិយាយរឿងរៀនសូត្រជាមួយគាត់ គាត់មិនសូវស្តាប់ផង ពេលមានប៉ា ប៉ាក៏មានស្រីទៅចាកចោលពីផ្ទះជាយូរថ្ងៃមកហើយ លោកយាយក៏ចាស់ ម្នាក់ៗរស់រានប្រើជីវិតរៀងៗខ្លួនទាំងអស់..»
    «មកពីបែបហ្នឹងហើយ ទើប ដូជុន ស្រលាញ់ ថេយ៍ ខ្លាំងជាងគេ គេមិនចង់ឱ្យ ថេយ៍ ពិបាកចិត្តរឿងប៉ាម៉ាក់បែកបាក់គ្នា ខ្លាចថា ថេយ៍ បាក់ទឹកចិត្ត មិនខំរៀន ទើបព្យាយាមរិះរកវិធីនិយាយជម្រុញចិត្តឱ្យ ថេយ៍ ប្រឹងតស៊ូក្នុងការរៀនសូត្រឱ្យបានច្រើន!»
    «បងពេទ្យស្រលាញ់ខ្ញុំម្នាក់ទៀតផងបានអត់? បើយល់ថាខ្ញុំខ្វះក្តីស្រលាញ់!» ថេយ៉ុង ចាប់ផ្តើមច្រាលសំណើមរលីងរលោងជ្រាបពេញកែវភ្នែកសម្លឹងមើលមុខ ជុងហ្គុក តាមរយៈអារម្មណ៍ជ្រួលជ្រាបពេញខ្លួន។
    «បងស្រលាញ់ ថេយ៍ ប្រៀបដូចជាប្អូនប្រុសម្នាក់ ឃើញខុសបងក៏ជួយនិយាយណែនាំ យ៉ាងណាក៏ ថេយ៍ ជាក្មួយប្រុសរបស់មិត្តភក្តិបង កុំមានអារម្មណ៍ឆាប់រំភើប ឆាប់ត្រេកអរ ចំពោះសង្គមសម័យទំនើបខ្លាំងពេក ចួបមនុស្សនៅខាងក្រៅខ្លះ គឺពិតជាគួរឱ្យភ័យខ្លាចខ្លាំងណាស់ កុំប្រើរសនិយមតាមចិត្តទំនើងដើម្បីសាកល្បងក្នុងរឿងមិនគួរប្រព្រឹត្ត ជាពិសេសគឺរឿងដែល ថេយ៍ កំពុងតែព្យាយាមធ្វើ..»
    «គ្រាន់តែរឿងខ្ញុំចូលចិត្តបងហ្នឹងមែនទេ?» ថេយ៉ុង ក្លាហានហ៊ាននិយាយត្រង់ៗខ្លាំងណាស់ មិនខ្លាច ជុងហ្គុក មានអារម្មណ៍យ៉ាងណានោះទេ ព្រោះតែការពេញចិត្តរបស់គេអាចក្លាយទៅជារឿងថ្នាក់ថ្នល់ក្នុងចិត្ត ជុងហ្គុក ដែរ ប្រសិនបើវាជាការពិតមែន គេរអៀសចិត្តខ្លាំងណាស់។
    «បងមិនសំដៅលើរឿងបែបហ្នឹង តែបងពិតជាចង់ឱ្យ ថេយ៍ ខិតខំរៀនជាងនេះ..»
    «អរគុណបងដែលយល់ព្រមចេញមកញ៉ាំអាហារមួយពេលនេះជាមួយខ្ញុំ ថ្ងៃក្រោយទៅ ខ្ញុំលែងហ៊ានរំខានបងទៀតហើយ!»
    «កាលដែលបងដាស់តឿន ព្រោះបងមានអារម្មណ៍ល្អៗជាមួយ ថេយ៍ មានបំណងល្អ ក្នុងនាមជាបងប្រុសម្នាក់..»
    «តែខ្ញុំមិនដែលចាត់ទុកបងដូចជាបងប្រុសខ្ញុំទេ..»
    ថេយ៉ុង ឱ្យតែឮសូរពាក្យថាបងប្រុស គេសែនជ្រេញក្នុងចិត្ត មួយម៉ាត់ណាបងប្រុសពីរម៉ាត់ណាក៏បងប្រុសយកស្អីមកគិតមកនិយាយ? មានភ្នែកទាំងគូដែរ មើលមិនដឹងថាក្មេងលួចស្រលាញ់ខ្លួនទេអី? គេមិននៅច្រំដែលនិយាយរឿងមិនគួរឱ្យចង់ស្តាប់ទៀតទេមានអារម្មណ៍ថានឿយណាយ ធុញក៏ធុញ បាយដែលទំពារក្នុងមាត់ឆ្ងាញ់សុខៗក៏ប្តូរមកជាមានរសជាតិសាបឈឹងមួយរំពេច។
    «ថេយ៍..!» ជុងហ្គុក ឧទានស្របពេលរាងតូចក្រោកដើរចេញទៅរកបុគ្គលិក ដើម្បីគិតលុយថ្លៃបាយមួយពេលនេះ រួចបន្តដើរចេញទៅទាំងទឹកមុខអាក់អន់ស្រពន់ចិត្តចំពោះចិត្តគំនិតដ៏ចាស់គំរិលដែល ជុងហ្គុក បានគិតនោះដែរ។
               

  

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now