ភាគ២៨៖បងទៅណាយប់មិញ?

2.3K 123 0
                                    

    ខន់ដូ/Condo
    នៅពេលដែលមកដល់ទីនេះភ្លាម អ្នកកំលោះម្នីម្នាខំដើរសម្រុកចូលទៅសម្លឹងមើលសភាពនាងក្រមុំដែលស្តូកស្តឹងខាងលើគ្រែ ក្រឡេកទៅសម្លឹងក្បែរជើងគ្រែក៏ឃើញថាមានកំប៉ុងថ្នាំ ខណៈវត្តមានរបស់ យ៉ូរី កំពុងតែបោសជូតសម្អាតកម្អួតកំណកឈាមដែល ម៉ារីអេ បានសាងឡើងយ៉ាងពិបាក។
    «សួស្តី..លោកដុកទ័រ!» ជុងហ្គុក មិនខ្វល់ពីការស្វាគមន៍ពី យ៉ូរី ឡើយ ប៉ុន្តែនាយបែរជារត់ស្ទុះវឹងចូលទៅឈរក្បែរស្រីតូចគេងខំប្រឹងដកដង្ហើមដោយអាការៈធ្ងន់ធ្ងរខ្លាំងបំផុត។
    «ជុង..» ម៉ារីអេ ញោចចុងបបូរមាត់ញញិមទាំងក្នុងអារម្មណ៍សប្បាយចិត្ត ចំណែកឯអ្នកដែលបានមកទីនេះក្នុងនាមជាលោកដុកទ័ររហ័សរហួនចាប់ទាញយកឧបករណ៍មកពិនិត្យធ្វើតេស្តឈាមក៏បានរកឃើញថានាងពិតជាបានប្រើប្រាស់ថ្នាំគ្រាប់ទាំងអស់នោះពិតមែន។
    គេមិនសូញសាញយូរជួយពិនិត្យមើលសុខភាពនិងព្យាបាលឱ្យនាងតាមចំណេះជំនាញរបស់ខ្លួន សម្ពាធឈាមរបស់នាងចុះខ្សោយខ្លាំងណាស់ ពេលច្របាច់.កដៃនាងព្យាយាមស្វែងរកសរសៃដើម្បីចាក់បញ្ចូលថ្នាំក៏សឹងតែមិនអាចមើលឃើញទៀតផង។
    ពេលដែលច្របាច់ដៃនាងរកឃើញសរសៃរួចមកហើយ នាយក៏ប្រញាប់ចាក់ថ្នាំបញ្ចូលទៅតាមសរសៃដៃមួយនោះ ដើម្បីផ្តល់ថ្នាំសម្រាប់បំពេញអង់ទីគ័រព្យាបាលសម្ពាធឈាមដែលកំពុងធ្វើទុក្ខបុកម្នេញជាខ្លាំង។ ក្រោយបញ្ចប់ភារកិច្ច នាយក៏ជួយផ្សំថ្នាំសម្រាប់ផ្តល់ឱ្យនាងលេបជាប្រចាំណែនាំតាមវិធីសាស្រ្តរបស់វេជ្ជបណ្ឌិតបន្ថែមដែរ។
    «ឃុងៗ!!» សំឡេងក្អកឮសូរឃុងៗបន្លឺឡើងស្ទើរតែមិនដាច់សូរ កែវភ្នែកផ្សាររលីងរលោង ស្រាប់តែហូរធ្លាយដំណក់ទឹកភ្នែកសថ្លាហូរចុះមកស្រោចថ្ពាល់សស្រាក់ជាថ្មីម្តងទៀត។
    «បង..» ជុងហ្គុក ចាប់អារម្មណ៍ពីសម្តីនាង ងើបសម្លឹងផ្ទៃមុខស្លេកស្លាំងគ្មានគ្រាប់ឈាមដោយខ្សែភ្នែកនឹងធឹង។
    «អរគុណបងច្រើនណាស់ដែលបានមកទីនេះ!»
    «ខ្ញុំមកតាមតួនាទីជាពេទ្យ!» គេឆ្លើយយ៉ាងធម្មតាបំផុត សម្តីគ្មានភាពផ្អែមល្ហែមរបស់នាយ កាន់តែធ្វើឱ្យនាងទទួលបានអារម្មណ៍ឈឺចាប់មិនអន់ដែរ។
    «អូនគ្រាន់តែចង់អរគុណដល់បងបន្ថែម!»
    «មិនអីទេ ព្រោះខ្ញុំមិនគេចកែពីភារកិច្ច!»
    «បងនៅតែស្រលាញ់ការងារជាគ្រូពេទ្យដដែល..មើលទៅបងប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃរហូត!»
    «ព្រោះវាចាំបាច់..នាងឆាប់សម្រាកទៅពេលបានធូរហើយកុំភ្លេចលេបថ្នាំផងញ៉ាំអាហារឱ្យបានទៀងទាត់ពេលវេលា កុំធ្វើរឿងល្ងង់ៗបែបនេះទៀត ជីវិតរបស់នាងត្រូវការបើកទំព័រថ្មី មិនមែនរស់នៅឱបក្រសោបភាពឈឺចាប់ទៅមុខបន្តរហូតនោះទេ!» គេនិយាយមិនភ្លេចដាស់តឿនសតិបញ្ញារបស់នាង គេថែមទាំងមិនបន្ទោសថានាងលះបង់ជីវិតព្រោះដើម្បីតែស្រលាញ់គេម្នាក់នោះទេ ប៉ុន្តែគេមិនចង់ឱ្យមាននរណាម្នាក់មកស្លាប់ចោលជីវិតដោយសារតែខ្លួនឯង រឿងខ្លះគួរកាត់ចិត្តបាន ត្រូវតែបំភ្លេចវាឱ្យបានជ្រះស្រឡះពីខួរក្បាលនិងចិត្តគំនិត ដ្បិតបេះដូងធ្លាប់មុតរង់របួសមានបញ្ហាកាលពីមុនក៏គួរតែរៀនព្យាបាលវាឱ្យជាសះស្បើយព្រោះគ្មាននរណាម្នាក់អាចទ្រាំរស់នៅក្នុងអតីតកាលទៅមុខរហូតនោះទេ។
    «ជុង..» ម៉ារីអេ តាមក្រោកឈោងទៅចាប់ក្រសោបក.ដៃមាំយ៉ាងណែន។
    «អូនពិបាកធ្វើចិត្តណាស់..ទោះយូរប៉ុណ្ណាក៏អូនអាចរង់ចាំបងបានដែរ ឱ្យតែបងសម្រេចវិលវិញនៅថ្ងៃណាមួយ យូរប៉ុណ្ណា ច្រើនឆ្នាំប៉ុណ្ណា អូនអាចរង់ចាំបងបានគ្រប់ពេលវេលាទាំងអស់!» ជុងហ្គុក ប្រើកែវភ្នែកសម្លឹងមើលមុខនាងជាមួយអារម្មណ៍ទទេស្អាតមិនរំភើបមិនរំជើបរំជួល ព្រោះចិត្តដែលគេធ្លាប់មានឱ្យនាងវាបានលិចលុងចាកចោលឆ្ងាយពីចិត្តថ្លើមរបស់គេសាបសូន្យអស់ទៅហើយ។
    «ខ្ញុំមិនធ្លាប់មានអារម្មណ៍ចង់បកក្រោយម្តងទេ ម៉ារីអេ..ខ្ញុំគ្រាន់តែចង់អរគុណដល់នាង សម្រាប់រឿងគ្រប់យ៉ាង ជីវិតរបស់ខ្ញុំកើតមកក្នុងលោកនេះ យ៉ាងហោចណាស់ក៏បានស្គាល់រស់ជាតិជីវិតគ្រប់សព្វបែបយ៉ាង មិនថាគ្រួសារ ស្នេហា ឬការងារ ទាំងសង្គមខាងក្រៅ ខ្ញុំបានភ្លក្សគ្រប់រសជាតិទាំងអស់ តទៅនេះរវាងពួកយើងបានត្រឹមតែជាអ្នកស្គាល់គ្នាធម្មតាៗតែប៉ុណ្ណោះ ពេលវេលាសេសសល់សម្រាប់នាងនៅមិនច្រើនទៀតទេ នាងកុំសោកស្តាយចំពោះខ្ញុំអី នាងគួរតែរៀនបើកចិត្តហើយទទួលយកបុរសណាដែលល្អជាងខ្ញុំ ស្មោះត្រង់ចំពោះនាង ស្រលាញ់នាងពិតប្រាកដ មិនមែនជាបុរសដែលធ្វើឱ្យនាងឈឺចាប់អស់ពេលច្រើនឆ្នាំដូចជាខ្ញុំទេ!» ជុងហ្គុក បដិសេចនាងភ្លាមៗព្រោះខ្លួនបានគិតយ៉ាងស៊ីជម្រៅចំពោះផ្លូវដែលខ្លួនធ្លាប់បានដើរ វាធ្លាប់មានបន្លាជាច្រើន ដ៏សែនពិបាកឆ្លងកាត់ ទាំងឈឺចាប់ ទាំងគ្រោតគ្រាត បញ្ហាតែងកើតឡើងមកមិនចេះចប់មិនចប់ហើយ ឱកាសដែលគេតែងតែផ្តល់ឱ្យនាងសម្រាប់កែប្រែខ្លួនក៏នាងពុំបានខ្វាយខ្វល់ ថែមទាំងបានជាន់ឈ្លីរុញច្រានរឿងខូចចិត្តឱ្យគេរ៉ាប់រង់តែម្នាក់ឯង រហូតដល់អស់លទ្ធភាពទ្រាំទ្រលែងបានបន្តទៅទៀត ទើបនាយសម្រេចចិត្ត កាត់ចិត្ត ពេលធ្វើចិត្តបំភ្លេចនាងបាន គេក៏អាចរកបានទាំងសិទ្ធិសេរីភាព រកបានទាំងសុភមង្គល និងសេចក្តីសុខផ្ទាល់ឱ្យខ្លួនឯង មិនចាំបាច់ឈឺចាប់ ឬខ្វល់ខ្វាយចំពោះនរណាម្នាក់ដែលតែងតែចូលចិត្តបង្កស្នាមរបួសឱ្យខ្លួនចួបទុក្ខសោកតែរហូតនោះឡើយ។
    «អ្ហឹកៗ..ជុងហ្គុក..អូនសូមទោស..អូនពិតជាសោកស្តាយពេលវេលារវាងពួកយើងខ្លាំងណាស់!» ម៉ារីអេ ស្រែកយំយ៉ាងរហាមទាមទារក្តីអាណិតពីប្រុសកំលោះតាមរយៈទឹកភ្នែកដ៏សែនឈឺចាប់ដែលបានហូរចេញពីចិត្តចុកចាប់អួលណែនក្នុងដើមទ្រូងយ៉ាងលំបាក។
    «បញ្ចប់វាទៅ ម៉ារីអេ រឿងរវាងពួកយើងចប់គ្នាយូរហើយគ្មានអ្វីសេសសល់ទៀតទេ ចាប់ពីពេលនេះទៅ ខ្ញុំនៅដោយខ្ញុំ នាងនៅដោយនាង ពួកយើងមិនអាចត្រលប់មកដូចដើមវិញបានទេ នាងធ្វើឱ្យខ្ញុំឆ្អែតចិត្តខ្លាំងណាស់!» សម្តីតែប៉ុន្មានឃ្លាចាក់ចំបេះដូងស្រីស្រស់ឱ្យឈឺកន្ទ្រាក់អួលផ្សារមួយទំហឹង មិននឹកស្មានថាបេះដូងរបស់គេ ដែលមានចំពោះនាងនៅពេលនេះវាទទេស្អាតយ៉ាងនេះនោះសោះ។
    «ហ៊ឹកៗ..ជុងហ្គុក..»
    «ខ្ញុំអស់ចិត្តស្រលាញ់នាងយូរហើយ ខ្ញុំមិនស្អប់ មិនគុំគួន មិនខឹង មិនរករឿងចំពោះនាងទេ តែខ្ញុំពិតជាស្រលាញ់ដៃគូថ្មីថ្មោងរបស់ខ្ញុំខ្លាំងណាស់ ខ្ញុំចោលគេមិនបាន ខ្ញុំរឹតតែមិនអាចដោះដៃចាកចោលគេបានឡើយ រឿងរវាងយើងហួសអស់ទៅហើយ បំភ្លេចវាឱ្យចប់ៗទៅ!»
    ជុងហ្គុក បញ្ចប់សម្តីងាកទៅចាប់កាបូប ដំណាលនិងរង្វង់ដៃស្រីតូចក៏បានលូកចូលទៅចាប់ក្រសោបចង្កេះរបស់នាយយ៉ាងណែន។
    «យប់នេះអូនសុំឱបបងជាលើកចុងក្រោយបានទេ មុនពេលបងចាកចេញទៅ នៅជាមួយអូនពេញមួយរាត្រីបានទេ ជុងហ្គុក?»
    «ម៉ារីអេ បានហើយ!»
    «អ្ហឹកៗ..តែមួយយប់នេះក៏អូនបានអស់ចិត្តដែរ!» នាងពោលពាក្យយំសោកអង្វរករមិនព្រមឈប់ ជុងហ្គុក និង យ៉ូរី សម្លឹងមើលមុខគ្នាជាមួយអារម្មណ៍ពិបាកបរិយាយ បើគេជ្រើសរើសទៅនាងប្រាកដជាគិតខ្លីហើយបើសិនជាគេសុខចិត្តសំងំនៅទីនេះ ថេយ៉ុង ប្រាកដជាអាចដឹងនិងខូចចិត្តដោយសារតែគេខ្លាំងជាក់ជាមិនខាន។
    «អូននឹកបងខ្លាំងណាស់ អូនពិបាកណាស់ ទម្រាំតែបានចួបមុខបង បងកុំទៅអីបានទេ នៅជាមួយអូនសិនបានទេ អ្ហឹកៗ..អូនសូមអង្វរណា!» ម៉ារីអេ ទួញយំយែកឮសូរយ៉ាងគ្រលួច ហើយលើកដៃឱបស្ទាបអង្អែលលើចង្កេះធំក្រាស់ដោយការនឹករំឭកមិនព្រមព្រលែងចេញ។
    «លោកដុកទ័រ ជុង យល់ដល់ផ្លូវចិត្តរបស់នាង ចាត់ទុកថាទ្រាំនៅ ដើម្បីលួងលោមនាងសិនទៅចុះ គិតថានាងជាប្អូនស្រីម្នាក់ដែលខ្វះភាពកក់ក្តៅនិងត្រូវជាសាច់ញាតិដែលសេសសល់បន្តិចបន្តួចផងទៅចុះណា!» ជុងហ្គុក ស្តាប់ឮសូរសម្តី យ៉ូរី និយាយចប់ទឹកមុខគេភាំងហាក់ប្រែស្រឡាំងកាំងអស់មួយទំហឹងក្នុងចិត្ត។
    «មានរឿងអ្វីទៅ យ៉ូរី? ការពិតវាយ៉ាងណា?»
    «គឺ..កាលពីពេល ៥ឆ្នាំមុនគ្រួសាររបស់ ម៉ារីអេ បានចួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍រហូតដល់បានធ្វើឱ្យប៉ាម៉ាក់របស់នាងបាត់បង់ជីវិត សូម្បីតែប្អូនប្រុសពៅរបស់នាងម្នាក់ទៀតក៏ទទួលមរណៈភាពដែរ!»
    យ៉ូរី បកស្រាយក្នុងទឹកមុខសែនអាណិតចំពោះ ម៉ារីអេ មកពីដឹងថានាងកំពុងតែចួបការលំបាក ទើបខ្លួនចេះតែរិះរកការងារនេះនោះមកឱ្យនាងបានធ្វើ ហើយណែនាំការងារជិតឆ្ងាយធំតូចឱ្យនាងធ្វើបន្ថែម ដើម្បីបានរកប្រាក់ចំណូលសម្រាប់ដោះស្រាយបញ្ហាជំពាក់បំណុលនិងរកច្រកចេញពីផ្លូវជីវិតដ៏លំបាកទាំងអស់នេះ។
    «អឹម!» ជុងហ្គុក គ្រហឹមយល់ព្រមនៅជាមួយនាងហើយ ម៉ារីអេ សប្បាយចិត្តណាស់នាងឱបគេយ៉ាងជាប់មិនលែងនិងងាកទៅញញិមដាក់ យ៉ូរី ដែលបានសំដែងធ្វើជានិយាយជួយកុហកបោកប្រាស់ចិត្ត ជុងហ្គុក បើទោះបីជា យ៉ូរី មានអារម្មណ៍ទើសទាល់ មិនពេញចិត្តក៏នាងសុខចិត្តលះបង់ភាពអៀនខ្មាសធ្វើខ្លួនអបលក្ខណ៍ដើម្បីជួយ ម៉ារីអេ ក្នុងនាមជាមិត្តជិតដិតម្នាក់ដែរ។
   
    ព្រឹកស្អែក
    អាផាតមីន៍/Apartment
    ការទន្ទឹងរង់ចាំមិនព្រមដេកពួនអស់ពេលពេញមួយរាត្រី បានធ្វើឱ្យកាយតូចចាប់ផ្តើមយំញ័រខ្លួនទទ្រើកខ្លាំងៗលើសដើម។
    ទូរស័ព្ទចុចផ្ញើសារចូលទៅកាន់ទូរស័ព្ទដៃគូសង្សាជាច្រើនខ្សែ បែរជាគ្មានការឆ្លើយតបអ្វីសោះគិតហើយក្នុងចិត្តរឹតតែឈឺ ឈឺផ្ទួនៗនៅពេលដែលបានគិតថាពួកគេប្រហែលជាកំពុងតែនៅជាមួយគ្នា គេងជាមួយគ្នា ឱបគ្នាយ៉ាងមានក្តីសុខ ខុសប្លែកពីខ្លួន ដែលនៅគេងទន្ទឹងរង់ចាំផ្លូវគេអស់ពេលពេញមួយរាត្រីគ្មានបានការស្អីម្យ៉ាងសោះ។
    ទីង!!
    ► យប់មិញបង ជុង..នៅគេងជាមួយយើង លួងលោមយើង ប្រាប់ថាកុំយំ រឿងដែលគាត់នៅជាមួយឯងគ្រាន់តែជាការសំដែង ពេលបានស៊ីឆ្អែត លេបទៅមុខលែងរួច គាត់គង់តែខ្ជាក់កម្អួត ឬក៏ជុះចោលតែប៉ុណ្ណឹង កុំឈឺចាប់អីណា ធ្វើខ្លួនឱ្យតែសប្បាយៗទៅ!!
    Maria-e sent a photos..
    រូបភាពឱបគ្នាដ៏ស្និទ្ធស្នាលត្រូវបានបង្ហាញឡើងក្នុងសារឆ្លើយឆ្លងរវាងពួកគេទាមទារឱ្យទឹកភ្នែកថ្លាយ៉ង់ហូរស្រក់ចុះមកម៉ាត់ៗឈឺចាប់មិនអាចកាត់ថ្លៃបានមានអារម្មណ៍ដូចត្រូវគេចាក់មួយរយកាំបិតកណ្តាលដើមទ្រូងយ៉ាងអ៊ីចឹង។ គ្រាន់តែបានឃើញភ្លាមគេសឹងតែដកដង្ហើមមិនរួចបេះដូងលោតញាប់ចង្វាក់ស្ទើរតែផ្ទុះធ្លុះធ្លាយចេញមកខាងក្រៅ។ បុរសដែលអួតអាងប្រកាសប្រាប់គេក្តែងៗ ថាស្រលាញ់អស់ពីចិត្ត ផ្តល់តម្លៃនិងភាពស្មោះត្រង់ប្រគល់ជូនខ្លួន ថែមទាំងបានសន្យាមិនក្បត់ទំនុកចិត្តគេ ហើយចុះពេលនេះ? តើទង្វើទាំងអស់នេះគឺជាអ្វីទៅ? គិតបានត្រឹមគិត ម្តងហើយ ម្តងទៀត គិតហើយក៏យំសោកចង់ឆ្កួតចិត្តទាំងមូលទៅហើយ។
    «អ្ហឹកៗ..ស្រីចង្រៃ!!!!!!»
    ប្រាវវវវ
     ថេយ៉ុង ស្រែកចាចគប់ទូរស័ព្ទដោយការខឹងសម្បារអស់ពីចិត្ត គេមិនដែលខឹងអីដល់ថ្នាក់នេះទេ សារនេះគេខឹងដល់ថ្នាក់សង្កៀតជើងធ្មេញស្ទើរតែអាចចាប់ហែកសាច់មនុស្សស៊ីទាំងរស់។
     «យើងគ្មានថ្ងៃព្រមចុះចាញ់នាងទេ..យើងតស៊ូមកច្រើនឆ្នាំណាស់ ទម្រាំបានគាត់មកធ្វើជារបស់យើង ត្រឹមនាងជាស្រីកញ្ចាស់ជ្រីវជ្រួញម្នាក់ គ្មានលទ្ធភាពអាចចូលមកដណ្តើមគាត់ទៅវិញបានទេ..នាងកញ្ចាស់..ម៉ារីអេ...អាយ!!!!» កាយតូចកញ្ជ្រោលរោលរែកស្រែកបន្លឺសំឡេងទាល់តែមុខក្រហមអស់ ប្រអប់ដៃក្តាប់ណែនសឹងតែបាក់ម្រាម កែវភ្នែកឯណេះក៏ផ្សារឈឺក្រហាយបើកធំៗក្រឡោតស្ទើរតែស្រក់ដំណក់ឈាម។
     ក្រាក!!!!
     សំឡេងទ្វារបន្លឺបានរបើកឡើង។ រាងកាយខ្ពស់ស្រឡះស្ថិតក្នុងទឹកមុខស្ងួត ស្រាប់តែបានដើរចូលមកដោយស្មានៅបន្តស្ពាយកាបូបដាក់ឧបករណ៍បរិក្ខារពេទ្យដដែល។
     «អូន...»
     «បងត្រលប់មកវិញហើយអ្ហេះ?» ថេយ៉ុង ប្រមូលស្មារតីព្យាយាមខាំបបូរមាត់សង្កត់ចិត្តរហ័សលើកដៃជូតដំណក់ទឹកភ្នែកចេញឱ្យស្អាត ប្រញាប់ទម្លាក់ជើងចុះដើរទៅរករាងក្រាស់។
     «បាទ!» ជុងហ្គុក ឆ្លើយចប់ដាក់កាបូបស្ពាយចុះ។
     «បងទៅណាយប់មិញ? អូនខំចាំផ្លូវបងមិនឃើញមកវិញសោះ?»
     «និយាយទៅនាំតែឱ្យអូនពិបាកចិត្ត!»
     «ប្រាប់អូនតាមត្រង់មកណា!» ថេយ៉ុង ចាប់ក.ដៃនាយអង្រួនចលនាតិចៗ។
     «បងទៅមើល ម៉ារីអេ..នាងឈឺ..» ជុងហ្គុក ឆ្លើយចប់ហើយសម្លឹងមើលកែវភ្នែកក្រហមតែតដោយការបារម្ភ ចំពេលដែល ថេយ៉ុង ស្តាប់ចប់បៀមទុក្ខសោកក្នុងទ្រូងឈឺដូចជាបានបឺតជញ្ជក់ឱសថល្វីងខះណែនពេញក្នុងបំពង់.កយ៉ាងដូច្នេះ។
     «អូនស្មានថាបងទៅណា..ស្មានថា..»
     «បងមិនបានទៅធ្វើអ្វីផ្តេសផ្តាស់ទេ!» ថេយ៉ុង រកតែនិយាយហើយមិនទាន់ ស្របពេល ជុងហ្គុក ក៏ឆ្លើយកាត់ជម្រះមន្ទិលសង្ស័យដើម្បីឱ្យគេបានឈប់ងឿងឆ្ងល់។
     «បងនឹកដល់នាងឬយ៉ាងណា? បងគ្រាន់តែប្រាប់អូន អូនមិនខឹង មិនរករឿងបងទេ?» រាងតូចព្យាយាមបង្ហើបបបូរមាត់សួរតាមដោយអារម្មណ៍កំពុងឆ្លេឆ្លាស្ទើរតែស្រែកបញ្ចេញកំហឹងដាក់គេខ្លាំងៗ តែមិនអាចសំដែងអាការៈបែបនោះបានព្រោះដឹងថាដល់ពេលធ្វើឱ្យ ជុងហ្គុក មានអារម្មណ៍ឆ្អែតចិត្តខ្លាំងនាយប្រាកដជាបោះបង់ខ្លួនដូចជាពេលបានបោះបង់ស្រីម្នាក់នោះចោលយ៉ាងដូច្នេះ។
     «បងគ្រាន់តែទៅក្នុងនាមជាដុកទ័រព្យាបាលអ្នកជំងឺ!»
     «ចុះមន្ទីពេទ្យផ្សេងទៅមិនបានហ៎?»
     «ក្រែងអូនប្រាប់ថាមិនខឹង?»
     «.........» គេចាប់ផ្តើមគាំងគំនិតទ្រឹង ពេលដឹងថាគ្មានសិទ្ធសូម្បីតែសួរនាំរឿងរ៉ាវក្នុងចិត្តទៅកាន់នាយក្នុងនាមជាសង្សា គ្មានសិទ្ធសូម្បីតែរករឿង ប្រចណ្ឌហួងហែង ទាំងដែលបេះដូងមួយនេះបានស្រលាញ់គេខ្លាំងៗ ខ្លាំងបំផុតរហូតដល់អស់ពីជម្រៅចិត្តនៃបេះដូងដ៏បរិសុទ្ធមួយនេះ មានដឹងទេថាគេកំពុងតែអន្ទះសារឈឺចាប់គ្រាំចិត្តខ្លាំងយ៉ាងណា? ទាំងខួរក្បាល ទាំងចិត្ត វាដុកដានឆ្លេឆ្លាក្នុងពេលតែមួយ អារម្មណ៍របស់គេហេងហាងនៅមិនស្ងប់ បាយទឹកមិននឹក មិនស្រេក ព្រោះដើម្បីរង់ចាំផ្លូវគេមកដើម្បីនិយាយគ្នាសួរនាំឱ្យបានដឹងរឿងច្បាស់លាស់ម្តង ប៉ុន្តែចុងក្រោយបែរជាមិនអាចសូម្បីតែបង្ហើបបបូរមាត់សួរទាមទារចម្លើយពីគេសោះ។
     «ថ្ងៃនេះអូនទៅផ្ទះម៉ាក់ ព្រោះស្អែកអូនត្រូវរៀបចំខ្លួនចេញដំណើរវិលត្រលប់ទៅទីក្រុងញ៉ូវយ៉កវិញហើយ!»ថេយ៉ុង ធ្វើជានិយាយចង់ដឹងថាក្នុងចិត្តនាយចាត់ទុកគេសំខាន់ជាងស្រីម្នាក់នោះខ្លាំងប៉ុណ្ណា?។
     «អ៊ឹម!» ពាក្យបាទក៏លែងចេះឆ្លើយ គ្រាន់តែគ្រហឹមតាមបែបធម្មតាៗហាក់បីដូចជាមិនបានខ្វាយខ្វល់ពីការចាកចេញរបស់រាងតូចសោះ។
     ថេយ៉ុង យំហូរទឹកភ្នែកច្រោកៗជោកថ្ពាល់ដាបរហាម សំឡេងអណ្តឺតអណ្តក់បន្លឺឮសូរផ្ទួនៗក្រោយខ្នងអ្នកដែលអង្គុយស្ងៀមធ្វើ មិនដឹង មិនឮ បើទោះបីជាសម្រែកនៃការឈឺចាប់របស់គេត្រូវបានសំដែងឡើង ខ្លាំងយ៉ាងណាក៏មិនអាចទទួលបានការចាប់អារម្មណ៍ពីដៃគូម្ខាងទៀតដែរ ខណៈខួរក្បាលក៏ស្រាប់តែក្រើនរំឭកដល់សារប៉ុន្មានប្រយោគនោះ÷
       ► យប់មិញបង ជុង..នៅគេងជាមួយយើង លួងលោមយើង ប្រាប់ថាកុំយំ រឿងដែលគាត់នៅជាមួយឯងគ្រាន់តែជាការសំដែង ពេលបានស៊ីឆ្អែត លេបទៅមុខលែងរួច គាត់គង់តែខ្ជាក់កម្អួត ឬក៏ជុះចោលតែប៉ុណ្ណឹង កុំឈឺចាប់អីណា ធ្វើខ្លួនឱ្យតែសប្បាយៗទៅ!!
    
     
    

    
   
    
   
   
  
   
 

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now