ភាគ១១៖ព្រោះខ្ញុំ ស្រលាញ់បង

2.2K 164 2
                                    

     មន្ទីពេទ្យខេត្ត
     ការផ្លាស់ប្តូរទីលំនៅការងារនាំឱ្យរឿងរ៉ាវទាំងអស់មិនទាន់បានស្ងាត់ ច្រៀបមួយរយៈណានោះសោះ។ ព័ត៌មានចេះតែបន្តផ្សព្វផ្សាយ បន្តកន្ទុយគ្នាជាហូរហែរមិនទាន់បញ្ឈប់ទៀតរហូតដល់ធ្វើឱ្យសមីខ្លួនកាន់តែតឹងតែងតឹងណែននៅក្នុងដើមទ្រូង ខំតាំងចិត្តព្យាយាមអង្គុយសំងំធ្វើការក្នុងបន្ទប់ស្ងប់ស្ងាត់ទៅហើយនៅតែឮសូររឿងស្មុគស្មាញពីមាត់ទៅមាត់មួយទៀត។
     តុៗ..
     «លោកដុកទ័រ!» រីន ក៏បានតាមមកធ្វើការជាមួយ ជុងហ្គុក នៅឯតាមខេត្តដែរ ឃើញនាយស្ងៀមស្ងាត់មិនសូវមាត់ក ធ្វើឱ្យខ្លួនមានអារម្មណ៍រៀងបារម្ភខ្លាំងណាស់ តាមពិតពួកគេម្នាក់ៗសុទ្ធសឹងតែបានដឹងអំពីព័ត៌មានទាំងអស់នោះដូចគ្នា ហើយក៏គ្មាននរណាម្នាក់ហ៊ានសួរនាំព្រោះខ្លាចប៉ះពាល់ដល់ផ្លូវចិត្តលោកដុកទ័រធំ។
     «មានការអីរីន?»
     «ខ្ញុំទិញកាហ្វេមកផ្ញើ!»
     «អរគុណច្រើនណាស់រីន!» ជុងហ្គុក ក្រោកឈរដើរចូលទៅចាប់យកកាហ្វេពីដៃរបស់រីនក្នុងទឹកមុខស្ងួតជ្រើងមើលទៅគេមួយរយៈនេះខុសប្លែកពីមុនច្រើនណាស់ ទាំងស្នាមញញិមក៏មិនសូវបានឃើញ គេបង្ហាញឡើងនោះដែរ។ ឫកពាក្រៀមក្រំស្ងៀមស្ងាត់គ្រប់ពេល ធ្លាប់តែជាលោកដុកទ័រមានអត្តចរិតរួសរាយរាក់ទាក់មានស្នាមញញិមរីករាយ ខិតខំប្រឹងប្រែងធ្វើការ ចូលចិត្តយកអាសារបុគ្គលិកនៅក្នុងមន្ទីពេទ្យគ្រប់ៗគ្នា មិនដែលបង្ហាញភាពទន់ជ្រាយដល់ថ្នាក់នេះឡើយ ប៉ុន្តែថ្ងៃនេះគេបែរជាផ្លាស់ប្តូរ សឹងតែមិនអាចជឿជាក់ចំពោះកែវភ្នែកទាំងគូបាន។
     រីន មិនហ៊ានតាមរំខានបានត្រឹមតែដកដង្ហើមធំៗរួចបែរខ្នងត្រលប់ខ្លូនដើរចេញទៅវិញយ៉ាងស្ងៀមស្ងាត់។
     សំណេរក្នុងសំបុត្រ...
     "ថេយ៍ នឹកបងណាស់ មកចួប ថេយ៍ ឱ្យឃើញមុខបន្តិចបានទេ?"
     "បងពេទ្យ ខឹងអី ថ្ងៃនេះ ថេយ៍ ក្តៅខ្លួន!"
     «បើបងមិននៅ បានអ្នកណាមើលថែពេលអូនឈឺទៅ?» ជុងហ្គុក អង្អែលលើស្នាមអក្សរខ្មៅដៃ ថេយ៉ុង បានសរសេរជាមួយកែវភ្នែកស្ងួតក្រៀមនិងចិត្តសោកសៅក្រៀមស្រពាប់ស្រពោន អារម្មណ៍របស់គេវិលវល់អស់ហើយខំ ដាក់ចិត្ត ដាក់កាយ ព្យាយាមបំភ្លេចរឿងទាំងអស់នោះ ប៉ុន្តែគេបែរជានឹក ថេយ៉ុង ខ្លាំងលើសដើម នឹកដល់ សំឡេងយំ សំឡេងសើច សំឡេងរំអួយ នឹកដល់ក្មេងក្បាលខូចខ្លាំងបំផុត ទោះបីជា ថេយ៉ុង ពូកែកុហក លេងសើច ចូលចិត្តទាមទារច្រើន តែគេក៏មិនដែលគិតឃើញគំនិតមិនល្អ មិនដែលគិតថា ថេយ៉ុង ជាក្មេងគួរឱ្យរំខាននោះទេចង់តាមរំខានគេអស់ពេញមួយជីវិតទៀតក៏គេពេញចិត្តទទួលយកដែរ។
    (កុំភ្លេចឧស្សាហ៍មើលមេរៀនផងបងចង់ឃើញ ថេយ៍ រៀនពូកែ!)
    (បាទ!)
    (ឆ្លាតឮទេ?)
    (បាទ!)
    «អូននិងខិតខំរៀនដូចជាពាក្យសន្យាដែលបាននិយាយជាមួយនិងបងទេ?» ជុងហ្គុក សម្លឹងមើលរូបថតថ្ងៃជិះកន្ត្រកជាមួយគ្នា ចិត្តគេរំជើបរំជួលខ្លាំងណាស់ គេមិនមែនខ្វាក់ភ្នែក មើលមិនដឹងថា ថេយ៉ុង លួចស្រលាញ់ខ្លួននោះឡើយ គេមិនមែនល្ងង់ទាយមិនដឹងពីជម្រៅចិត្តរាងតូចទេ គេគ្រាន់តែត្រូវការពេលវេលាតែបន្តិចទៀតតែប៉ុណ្ណោះ រង់ចាំរហូតដល់ពេលក្មេងកំហូចធំឡើង ពេញរូប ពេញរាង ពេញវ័យ រង់ចាំឱ្យពេលវេលាសមស្របក្នុងការផ្សារភ្ជាប់ទំនាក់ទំនង រង់ចាំគ្រប់យ៉ាងហុចផលល្អចូលមកដល់ ត្រូវតែប្រាកដខ្លួនថានិងមិនធ្វើឱ្យអនាគតក្មេងម្នាក់នេះមានភាពស្មុគស្មាញដោយសារតែខ្លួនឯងនោះទេ ប៉ុន្តែឥឡូវនេះគេគ្មានសមត្ថភាពសូម្បីតែគ្រប់គ្រងស្ថានការណ៍អស់ទាំងនេះផង។
   
    @ភូមិគ្រឹះ គីម
    វិលត្រលប់ងាកមកសម្លឹងមើលពីស្ថានភាពអ្នកខាងណេះវិញម្តងក្រៅពីភាពសៅហ្មងកំដរអារម្មណ៍ឯកោ បបួលឱ្យដំណក់ទឹកភ្នែកក្តៅឧណ្ហៗហូរស្រក់ចុះមកទាំងដំណក់ៗរមៀលកាត់ផែនថ្ពាល់ទន់ល្មើយយ៉ាងកម្សត់។ បេះដូងលោតស្ទើរតែលែងត្រូវចង្វាក់ ការបាត់ស្ងាត់សូន្យឈឹង វត្តមានបុរសជាទីស្រលាញ់ ធ្វើឱ្យខួរក្បាលមួយនេះហាក់មិនអាចមិនគិតស្ងប់មួយនាទីណាឡើយ ទឹកភ្នែកចេះតែដង្ហោយហៅ សំណើមបង្ហូរស្រក់រមៀលចុះមកម៉ាត់ៗ ខណៈសំឡេងអណ្តឺតអណ្តក់បន្លឹញ័រក្រអួនលាន់រណ្តំពេញត្រចៀករងុំ។
    «អូនធ្វើខុសអី?» ថេយ៉ុង លួចគិតថានាយ នៅខឹង នៅមិនពេញចិត្ត ទើបចេះតែគិតរវើរវាយ ព្យាយាមរំឭកអំពីកំហុសខុសឆ្គងរបស់ខ្លួនឯង ទាំងដែលអ្នកខាងណោះពុំបានគិតយល់ឃើញយ៉ាងនេះឡើយ។
    នៅពេលទៅរក នៅឯមន្ទីពេទ្យដូចរាល់ដងក៏ មិនចួប មិនឃើញ សរសេរសំបុត្រផ្ញើទៅជាច្រើនច្បាប់ ក៏មិនមាននរណាចេញមកទទួលជំនួសដែរ តើឱ្យគេជ្រើសរើសយកវិធីបែបណា ដើម្បីបានចួបមុខមនុស្សប្រុសដែលធ្វើឱ្យគេនឹកស្ទើរដាច់ខ្យល់ស្លាប់បានទៅ។ លេខទំនាក់ទំនងក៏កាត់ផ្តាច់ខ្សែបណ្តាញតភ្ជាប់ ចិត្តខ្មៅ ចិត្តអាក្រក់ ចិត្តដាច់ ធ្វើបាបឱ្យគេយំហូរទឹកភ្នែកថ្ងួចថ្ងូរសំឡេងក្រៀមក្រំទាំងអស់នេះដល់ពេលណាទៀត?
    «កូនម៉ាក់!» លោកស្រី ដារីរ៉ា ឧទានទាំងបារម្ភពីសុខទុក្ខកូន ឃើញគេយំអស់ពេញមួយថ្ងៃហើយ ចាប់តាំងចេញពីរៀនមក បាយក៏មិនញ៉ាំ ទឹកក៏មិនផឹក មិននិយាយស្តីរកអ្នកណាមួយម៉ាត់មួយ.កណាសោះ។
    «ហ៊ឹកៗ..ហ៊ឺៗ..ថេយ៍..នឹកបងពេទ្យណាស់ម៉ាក់ ហេតុអីបងពេទ្យផ្លាស់ប្តូរកន្លែងការងារ ហេតុអីបងពេទ្យ ស្រាប់តែទៅបាត់មិនព្រមនិយាយអីប្រាប់កូនមួយម៉ាត់ណាសោះអ៊ីចឹង? កូនធ្វើចិត្តមិនបានទេម៉ាក់ កូននឹកគាត់!»
    ថេយ៉ុង ទ្រហ៊ោស្រែកយំអស់ៗពីខ្លួនប្រាណសួរទៅកាន់អ្នកម្តាយដោយអារម្មណ៍អួលណែន គេនៅតែមិនយល់ ហេតុអី្វនាយចាកចេញទៅដោយគ្មានបន្សល់ទុកត្រឹមពាក្យលាតែមួយម៉ាត់ណាក៏គ្មាន ហេតុអីសុខៗចាកឆ្ងាយទៅបាត់ស្រមោលសូន្យឈឹង ដោយគ្មានមូលហេតុអ្វីបែបនេះ មួយលានហេតុអ្វី ស្រែកកងរំពងពេញខួរក្បាលរាងតូចញ៉ាំងឱ្យទឹកភ្នែកជាច្រើនដំណក់ហូរបន្តកន្ទុយជាន់ដានគ្នាផ្សើមថ្ពាល់ដ៏ស្រឡូនរហេមរហាមជ្រាបរលាក់។
    «ឈប់ទៅ ថេយ៍ គេប្រហែលជាអាចមានធុរៈសំខាន់ត្រូវផ្លាស់ប្តូរទៅភ្លាមៗហើយ!»
    «បើអ៊ីចឹងពិតមែនហេតុអីក៏គាត់មិនព្រមប្រាប់កូន? អ្ហឹកៗ..ហេតុអីទៅម៉ាក់?»
    «មានអ្វីសំខាន់ចាំបាច់ឱ្យវាត្រូវប្រាប់?» សំឡេងយំស្រែកប្រែជាស្ងាត់មួយរំពេចដងខ្លួនញាប់ញ័រចំប្រប់ស្រាប់តែក្រឡេកទៅសម្លឹងមើលរាងខ្ពស់ស្រឡះដោយទឹកមុខសោកសៅជាពន់ពេក។
    «លោកពូ!» ថេយ៉ុង សម្លឹងមុខ ដូជុន រួមជាមួយភាពអាក់អន់ស្រពន់ចិត្តជាខ្លាំង។
    «ទៅនឹកនាមនុស្សដូចវាធ្វើស្អី អាមនុស្សយល់តែចិត្តខ្លួនឯង និស្ស័យក៏មិនល្អ ចរិតក៏បាតផ្សារ អាក្រក់ចិត្តថ្លើមខ្មៅងងិត!»
    «ដូជុន!!» លោកស្រី ដារីរ៉ា បានត្រឹមតែស្រែកហាមប្អូនប្រុសជាមួយនិងកែវភ្នែកសស្គូសបង្ហាញភាពពុំពេញចិត្ត។
    «ខ្ញុំនិយាយការពិតណាបង តទៅនេះកុំតាមទៅរញ៉េរញៃជាមួយវាទៀត ព្រោះវាមានមនុស្សក្នុងចិត្តរួចហើយ!»
    ប៊ឹប!!!
    ថេយ៉ុង ស្តាប់ចប់ត្រឹមណេះបេះដូងលោតបោកកន្ទ្រាក់ ឈឺស្ទើរតែប្រេះក្រហែងដើមទ្រូង តើសម្តីដែលពូរបស់ខ្លួនបានអះអាងនិយាយអម្បាញ់មិញនេះជាការពិតមែនទេ? តើ ជុងហ្គុក ពិតជាមានមនុស្សក្នុងចិត្តរួចហើយតើមែនដែរទេ? គេស្តាប់ដោយក្តីឈឺចាប់ ស្តាប់ទាំងអារម្មណ៍អួលណែនចង់ធ្លុះធ្លាយបេះដូងចេញមកខាងក្រៅទៅហើយ។
    «អឹក..អ្ហឹកៗៗ..លោកពូ...»
    «បានហើយ ឱ្យវាល្មមៗបានហើយ ថារាល់ថ្ងៃនេះសុខៗក្លាយទៅជាមារជ្រៀតជ្រែកគេដោយមិនដឹងខ្លួន ដៃគូរបស់គេនោះឃើញហើយមិនពេញចិត្តយ៉ាងណា?» ថេយ៉ុង ចាប់ផ្តើមលេបលាក់អារម្មណ៍ឈឺចាប់ លេបទាំងភាពពិបាកទ្រាំ ទឹកភ្នែកហូរស្រក់កកកុញរុញបណ្តេញគ្នារមៀលកាត់ថ្ពាល់តក់ៗ សូម្បីតែបេះដូងមួយកណ្តាប់នេះវាឈឺដូចមានអ្វីមកពុះ មកហែក មកវះកាត់បែងចែកជាចម្រៀកដុំៗ ដោយសេចក្តីចុកចាប់ផ្សារវេទនាពិបាកថ្លែងរៀបរាប់ប៉ុណ្ណា។
    «គេមានគូស្នេហ៍រួចហើយ គេមិនឆ្កួតមកស្រលាញ់ ថេយ៍ ទេ គេមានទាំងគម្រោងជិតរៀបការជាមួយនិងគ្នាទៀត ឈប់តាមទៅយីយារំខានឱ្យគូស្នេហ៍គេទាស់ទែងគ្នា វាជារឿងមិនល្អ ប៉ះពាល់ដល់កិត្តិយសរបស់ ថេយ៍ ខ្លាំងប៉ុណ្ណា? គួរគិតដល់កេរ្តិ៍ឈ្មោះ មុខមាត់និងអនាគតខ្លួនឯងខ្លះផង!»
    «ដូជុន បានហើយឈប់និយាយទៅ!» ស្ត្រីចំណាស់កាន់តែទ្រាំលែងបាន មិនអាចឱបដៃឈរមើលកូនគ្រាំគ្រាចិត្តបានទេ។
    «ហ៊ឺៗ..ហ៊ឹកៗ..បងពេទ្យគាត់មិនដែលនិយាយរឿងនេះប្រាប់ដល់ខ្ញុំទេ..»
    «វាម្តេចនិងប្រាប់?» ដូជុន ស្រែកយ៉ាងខ្លាំងទាល់តែ ថេយ៉ុង ភ្ញាក់កន្ទ្រាក់ខ្លួនញ័រទទ្រើក។
    «បើវាប្រាប់ហើយ ថេយ៍ មានអារម្មណ៍យ៉ាងណា? រាល់ដងឃើញវាបណ្តើរ ថេយ៍ វាគ្រាន់តែយក ថេយ៍ ធ្វើជាខែល កំដរពេលវាឈ្លោះគ្នាជាមួយស្រីវាតែប៉ុណ្ណឹង ! ល្ងង់ណាស់ ល្ងង់ត្រង់ថានៅក្មេងឆោទ គេនិយាយអ្វី សំដែងធ្វើជាមនុស្សប្រុសយ៉ាងម៉េចក៏ព្រមជឿជាក់ ព្រមឱ្យគេបោក បញ្ឆោតបង្វិលក្បាលបានគ្រប់ពេល ធំហើយរៀនប្រើខួរក្បាលគិតខ្លះផងទៅ!» អ្នកជាពូនិយាយគ្មានចិត្តអាណិតដល់ក្មួយបន្តិចណានោះសោះ ដឹងថាក្មួយប្រុសទទួលរង់ភាពឈឺចាប់ខ្លាំង តែទោះបីជាយ៉ាងណាក្តីក៏គេព្យាយាមបំបែក ថេយ៉ុង ឱ្យចាកចេញពីទំនាក់ទំនង ដ៏ឥតសមស្របនៅក្នុងកាលៈទេសៈមួយនេះដែរ។ ព្យាយាមកែប្រែកេរ្តិ៍ឈ្មោះរបស់ក្មួយឱ្យរុងរឿងនិងមិនមានជាប់ពាក់ព័ន្ធរឿងអាស្រូវជាមួយបុរសណាទាំងអស់ ព្រោះសព្វថ្ងៃស្ថិតក្នុងវ័យសិក្សា មិនមានស្នេហា មិនមានចំណងស្នេហ៍និងនរណាម្នាក់ឡើយ។
    «ម៉ាក់និងលោកពូចេញទៅ ថេយ៍ ចង់នៅម្នាក់ឯង ហ៊ឹកៗ..ថេយ៍ ចង់គេង ថេយ៍ អស់កម្លាំងខ្លាំងណាស់!»
    គ្រាំងងងងង!!!!
    ថេយ៉ុង ចាប់ទាញទ្វារបន្ទប់បិទ រួចសម្រូតខ្លួនចុះអង្គុយផ្ទាល់នឹងឥដ្ឋស្រែកយំស្ទើរតែបែកបំពង់.ក បង្កឱ្យបេះដូងអ្នកជាម្តាយឈរនៅខាងក្រៅមាត់ទ្វារបន្ទប់ បង្ហូរទឹកភ្នែកសស្រាក់ ព្រោះអាណិតដល់កូនខ្លាំងពេក។
    «ហ៊ឹកៗ..ហ៊ឺៗៗ...!!!»
    «ថេយ៍!» លោកស្រី ដារីរ៉ា លើកប្រអប់ដៃអង្អែលកាន់ទ្វារម្ខាង ដៃម្ខាងទៀតលើកខ្ទប់ផ្អឹបជាប់ដើមទ្រូងខ្លួនឯង យំរហាមតាមកូនដោយសេចក្តីចុកចាប់វេទនា។ កើតមកជាស្ត្រី ចួបប្រទះរឿងស្នេហាបាក់បែក ព្រាត់ប្រាស់ លែងលះស្វាមី ត្រូវមកចិញ្ចឹមកូនតែម្នាក់ឯង ចួបរឿងឈឺចាប់ខ្លាំងរាប់មិនអស់ទៅហើយ ទម្រាំតែឈាមមួយដុំដ៏គួរឱ្យសង្វេគចិត្តអាណិតខ្លាំងបំផុតនោះទៀត។
    កើតមកជ្រើសរើសកែប្រែអត្តចរិតធម្មជាតិមិនបាន ជាខ្ទើយ ជាក្មេងកំព្រាឪពុក ខ្វះភាពកក់ក្តៅ ទោះបីគេប្រែក្លាយទៅបែបណាក៏គាត់នៅតែស្រលាញ់ តាមឱបក្រសោបមើលថែឃុំគ្រងកូនកន្លងមករហូត។ ឥឡូវកូនមកចួបរឿងឈឺចាប់ បេះដូង ចិត្ត គំនិត របស់គាត់ក៏ទារុណមិនចាញ់កូនសំណព្វចិត្តថ្លើមម្នាក់នោះដែរ។
    «បងពេទ្យ...» បបូរមាត់ក្រៀមរបកស្បែកស្ងួតក្តៅហែងបង្ហើបនិយាយម្ហបៗដោយដំណក់ទឹកភ្នែកហូរច្រោកៗ ចិត្តស្រងេះស្រងោចញ៉ាំងឱ្យខួរក្បាលរំឭកដល់អតីតកាលទាំងសេចក្តីមិនអស់ចិត្ត៖
    (ស្រីណាបានបងធ្វើប្តីសំណាងណាស់ ព្រោះបងមិនមែនពូកែតែរឿងការងារមួយមុខគត់នោះទេ បងនៅមានអ្វីៗគ្រប់យ៉ាងទៀត..)
    (ចង់ឱ្យបងយកប្រពន្ធឬ?)
    (ចុះចិត្តបងពេទ្យវិញនោះ?)
    (បងមិនដឹងទេ គូរព្រេងបងមិនដឹងនៅឯណាផង!)
    (អ៊ីចឹងបងពេទ្យចាប់អារម្មណ៍ពីរឿងរៀបការទេ?)
    (គិតដែរ តែរង់ចាំអនាគតប្រពន្ធបងធំពេញវ័យសិន!)
    (នរណាគេ? បងមានមនុស្សក្នុងចិត្តហើយមែនទេ?)
    (មាន..គ្រាន់តែមិនទាន់ដល់ពេល!)
    ថេយ៉ុង ដកគំនិតចាកចេញពីទិដ្ឋភាពស្រមើស្រម៉ៃនាថ្ងៃកន្លងមកនោះ។ បុរសសម្តីផ្អែម កែវភ្នែកដ៏ស្រទន់ ជាមនុស្សប្រុសមានភាពកក់ក្តៅ ទាំងការបារម្ភ ទាំងការយកចិត្តទុកដាក់ មិនសមណាគេអាចក្លាយទៅជាមនុស្សប្រុសក្នុងជំពូកដែលលោកពូរបស់ខ្លួនបានរៀបរាប់នោះទេ មនោសញ្ចេតនា ការនិយាយស្តី និងទង្វើថ្នាក់ថ្នម វាហាក់បានធ្វើឡើងចេញពីចិត្តដ៏បរិសុទ្ធ មិនមែនជាការសំដែងក្លែងបន្លំកែវភ្នែក គេមិនអាក្រក់ដល់ថ្នាក់នេះខ្លាំងពេក គេមិនអាចធ្វើខ្លួនមិនគួប្បីយ៉ាងនេះទៅរួចឡើយ។
    «បងធ្វើវាបានដោយរបៀបណាអូនមិនជឿជាក់នោះទេ!» ទោះបីការពិតឬក្លែងក្លាយក៏ក្តីស្នេហ៍មួយនេះមិនអាចលុបជ្រះទទេស្អាត ឬអាចរលុបបាត់វត្តមានបុរសម្នាក់នោះអស់ពីបេះដូងដ៏ស្ម័គ្រស្មោះមួយនេះបានដែរ។
    ការខិតខំទន្ទឹងរង់ចាំពេលវេលាចង់ចួបមុខគេផ្ទាល់ៗម្តងទៀតនៅតែក្លាយទៅជាបំណងដ៏សំខាន់តែម្យ៉ាងគត់ក្នុងចិត្តក្មេងម្នាក់នេះ។ បើបានចួបនៅពេលណា គេនិងបានសួរនាយឱ្យដឹងរឿង សួរឱ្យបានអស់ចិត្ត អស់ចង់ហើយក៏លែងធ្វើខ្លួនថោកទាបតាមរំខាននាយទៀតហើយ។
   
    ថ្ងៃថ្មី
    អាផាតមីន៍ / Apartment
    ជុងហ្គុក វិលត្រលប់មកប្រមែប្រមូលរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជញ្ជូនទៅតាម រស់នៅឯតាមខេត្តមួយរយៈពេលធំ ដើម្បីបម្រើការងារសង្គមនិងការងារឯកជនរបស់ខ្លួន នៅឯទីនោះ មានរបស់ខ្លះចាំបាច់ត្រូវយកទៅតាម ដូចជាឯកសារការងារសំខាន់ៗ សម្លៀកបំពាក់ខ្លះៗនិងគ្រឿងអេឡិចត្រូនិច ជាពិសេសគឺសៀវភៅជាច្រើនក្បាលទៀត ដែលគេតែងតែចូលចិត្តអានរាល់ពេលពិបាកចិត្តបន្ថែមដែរ។
    «រួចហើយ!» នាយរៀបចំវាដាក់ក្នុងសំបកកេះធំៗរួចរាល់ ហៀបនិងចាកចេញទៅវិញ ស្រាប់តែទច់ដំណើរប្រទះភ្នែកឃើញជាមួយប្រអប់ដាក់រូបថត  ដែលគេបានព្រីនទុកកាលពីថ្ងៃមុនវានៅរក្សាទុកក្នុងប្រអប់យ៉ាងស្អាតដដែល។
     (រូបថតបងពេទ្យ គួរឱ្យស្រឡាញ់ណាស់!)
     (រូបថត ថេយ៍ ក៏គួរឱ្យស្រឡាញ់ដែរ!)
     (ស្តាយណាស់ដែលម៉ាក់មិនឱ្យប្រើទូរស័ព្ទ កុំអី ថេយ៍ សុំឱ្យបងបាញ់រូបនេះឱ្យហើយ!)
     (ចង់បានឬ?) ភ្នែកទល់ភ្នែក ច្រមុះទល់ច្រមុះ មាត់ទល់មាត់ ធ្វើឱ្យអ្នកទាំងពីរដកដង្ហើមឮសូរសំឡេងខ្សាវៗក្បែរត្រចៀកគ្នាមិនស្ងប់។
     (បាទចង់បាន!)
     (ចាំបងព្រីនឱ្យណា នៅឯមន្ទីពេទ្យក៏មានម៉ាស៊ីនព្រីនដែរ!)
     (ពិតមែនអ្ហេះ? អ៊ីចឹងអរគុណបងពេទ្យធំៗណា!)
     (ហ្អឹម!)
     ប្រអប់ដៃមាំចាប់ទម្លាក់រូបថតទៅក្នុងសំបកកេះយកទៅតាមជាមួយដែរ មុននឹងបែរខ្នង៖
     «បងពេទ្យ!» ម្ចាស់សំឡេងដ៏ក្រអួនបន្លឺឡើងជាមួយសកម្មភាពដ៏ឈឺចាប់កណ្តាលមុខប្រុសកំលោះ។
     «ថេយ៍!!»
     «បងពេទ្យបាត់ទៅណាប៉ុន្មានថ្ងៃមកនេះ?» ថេយ៉ុង សំដែងធ្វើជាសួរគេធម្មតា ខណៈចិត្តពុះកញ្ជ្រោលបុកម្នេញពេញដើមទ្រូងជាខ្លាំង។
     «បងទៅណាចាំបាច់ត្រូវប្រាប់ ថេយ៍ ដែរ?» ខ្សែភ្នែកដ៏មុតស្រួចចាក់ទម្លុះបេះដូងក្នុងទ្រូងរាងតូចឱ្យចុកអួលអនេកពេញមួយទំហឹង កញ្ឆក់យកសំណើមសថ្លាឱ្យស្រក់ហូរតក់ៗឥតបានត្រៀមទុក។
     «មែន..បងមិនចាំបាច់ប្រាប់ ថេយ៍ គ្រប់រឿងទេ ហ៊ឹកៗ..»
     «ទៅវិញទៅ!» គេមិនខ្ចីសួរនាំរឿងទុក្ខសោកដែល ថេយ៉ុង កំពុងតែចួបប្រទះ តែគេបែរជាពោលពាក្យសម្តីដេញ បញ្ចោះឌឺដងឱ្យរាងតូចឈឺចាប់អួលណែនស្ទើរតែដាច់ដង្ហើមស្លាប់។
     «ខ្ញុំគង់តែនិងទៅ តែនៅសល់រឿងខ្លះទៀត ដែលខ្ញុំចង់និយាយជាមួយបង!» ថេយ៉ុង ចាប់ផ្តើមស្នើបំណង រួចចូលទៅឈរកៀកនិងរាងកាយដ៏ក្រាស់ឃ្មឹក ងើយសម្លឹងមុខ ជុងហ្គុក ខណៈសំណើមដ៏សោកសង្រេងបានហូរស្រក់កាត់តាមកន្ទុយភ្នែកខ្លួនម៉ាត់ៗ។
     «ថាមកចុះ!» ជុងហ្គុក អនុញ្ញាតសម្លឹងមុខ ថេយ៉ុង ជាមួយទឹកមុខរាបស្មើគ្មានទុក្ខសោកមួយជំនិតកូនដៃណាឡើយ។
     «កន្លងមកខ្ញុំតែងតែតាមរំខានបងគ្រប់គ្រាន់ខ្លាំងពេកហើយ គ្រប់គ្រាន់រហូតដល់ក្លាយទៅជាការរំខានដ៏គួរឱ្យធុញទ្រាន់ ព្រោះតែខ្ញុំចង់នៅក្បែរបងដោយសារតែគោលបំណងម្យ៉ាងគត់..»
     «.........» សំឡេងនិងទង្វើដ៏ស្ងប់ស្ងាត់ រឹតតែធ្វើឱ្យរាងតូចឱបក្រសោបភាពទុក្ខសោកក្នុងដើមទ្រូងយ៉ាងលំបាក។
     «ហ៊ឹកៗៗ..ហ៊ឺៗ...» ថេយ៉ុង អត់ធ្មត់លែងបាន យំថ្ងួចថ្ងូរឮៗឱ្យរហ៊ឹះនៅនឹងមុខបុរសចិត្តដាច់គគ្រូក។
     «អ្ហឹកៗ..ហ៊ឺៗ..ព្រោះខ្ញុំ ស្រលាញ់បង!» ម្រាមដៃស្រឡូនលូកទៅចាប់ឱបក្រសោបចង្កេះមាំយ៉ាងណែនជាប់ ផ្អឹបផ្ទៃមុខកកិតដើមទ្រូងមាំធំទូលាយ ស្រែកយំខ្លាំងៗ យំអស់ពីចិត្ត អស់ពីបេះដូង យំទាំងអារម្មណ៍ពុះពោរកញ្ជ្រោល ព្រោះតែសេចក្តីឈឺចាប់ពើតផ្សារវាអួលណែនស្ទះពេញដើមទ្រូងខ្លាំងពេក។
     «ខ្ញុំមិនដែលខ្មាសគេទេ ប្រសិនបើខ្ញុំស្រលាញ់បង ខ្ញុំមិនដែលធ្លាប់ខកចិត្តទេ ប្រសិនបើដឹងថាបងជ្រើសរើសយកអ្នកផ្សេងក្រៅពីខ្ញុំ..ហ៊ឹកៗ..ខ្ញុំគ្រាន់តែស្រលាញ់បង ស្រលាញ់ខ្លាំងណាស់ ជុងហ្គុក!» គេកាន់តែព្យាយាមស្រែកដង្ហក់យំ រឹតតែព្យាយាម ទាមទារការអាណិត ការស្រែកបញ្ជាសម្រែក ទួញសោកក្រៀមក្រំទាំងនេះ ហាក់ជួយអ្វីមិនបានដល់គេសោះឡើយ ទើបធ្វើឱ្យបុរសចិត្តដាច់នោះពោលពាក្យមួយឃ្លាយ៉ាងវែង ច្រានទម្លាក់ស្មាមានសង្ឃឹមឱ្យធ្លាក់ចុះអស់មួយទំហឹង៖
     «ព្យាយាមនៅឱ្យឆ្ងាយពីបងទៅ..រឿងយើងគួរចប់ត្រឹមនេះ!»
    
    
   
    
    
    

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Where stories live. Discover now