លោកផាក និង ភរិយា ចុះមកទទួលទានអាហារពេលព្រឹកនៅខាងក្រោម ដែលរៀបចំទុកជាស្រេចនៅលើតុ។
«បងហា៎ អូនដូចជាមានប្រផ្នូលមិនល្អសោះ ហើយយប់មិញសុបិនចម្លែកទៀត» ទឹកមុខខ្វល់ខ្វាយរបស់គាត់ ធ្វើឲ្យលោកផាក ដាក់ស្លាបព្រាចុះ ងាកមកសួរនាំភរិយាដោយការបារម្ភ។
«យល់សប្តិអាក្រក់មែនទេ?»
«មែនហើយបង! អូនឃើញសុទ្ធតែឈាមហូរដាបពាសពេញផ្លូវ គួរឲ្យខ្លាចណាស់!»
«បើបែបនេះ គឺជាសុបិនល្អទៅវិញទេ ធម្មតាយល់សប្តិឃើញឈាមគឺនាំលាភសំណាងចូលក្នុងគ្រួសារទេ ម៉ាក់វា! កុំគិតច្រើនអីឆាប់ញាំបាយទៅណា៎» លោកផាក ជាបុរសចេះស្រលាញ់នឹងគោរពភរិយា ទើបគាត់តែងតែប្រើសម្លេងទន់ភ្លន់លួងលោមភរិយាកុំឲ្យគិតច្រើន។ គាត់ចាប់សាច់ដាក់ចានភរិយា ហើយញញឹមស្រស់ដាក់គ្នាទៅវិញទៅមក ខណៈពេលដែរ មេការហុងក៏រត់ម្នីម្នាពីចម្ងាយឈប់ពីមុខតុអាហារម្ចាស់ទាំងពីរហើយប្រឹងនិយាយទាំងដង្ហក់ៗ
«ល..លោកម្ចាស់! ក..កើតរឿងមិនស្រួលហើយទាន!»
«មានរឿងអីមេការ បានជាស្លន់ស្លោរយ៉ាងនេះ!»
លោកផាកបែរមុខសម្លឹង មេការហុង ដែលមានទឹកមុខភ័យដៃជើងរញីររញ័រទាំងមិនយល់។«អញ្ជើញលោកម្ចាស់ទៅមើលពត៌មានដែលកំពុងតែចុះផ្សាយនៅលើទូរទស្សន៍» មេការហុង និយាយមិនចេញទើបបានតែដើរត្រុកៗនាំមុខម្ចាស់ទៅបន្ទប់ទទួលភ្ញៀវដែលមានទូរទស្សន៍ខ្នាតធំសំកាំងនៅជាប់ជញ្ជាំង។ លោកផាក និង អ្នកស្រីលី ឈរមើលពត៌មាននោះទាំងអារម្មណ៍ហោះហើរ ដល់ថ្នាក់ស្ត្រីចំណាស់ ទន់ជង្គង់ឈរមិនចង់ជាប់ តែក៏បានស្វាមីទប់ជាប់ហើយអង្អែលស្មាគាត់ថ្នមៗជាការលួងលោម។
{បន្ទាប់ពីបាត់មុខលើវិស័យជំនួយអស់រយៈពេលជាច្រើនឆ្នាំ គេស្រាប់តែប្រទះឃើញកូនស្រីតែម្នាក់គត់របស់ត្រកូលផាកជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរកាលពីយប់មិញជាមួយនឹងក្មេងស្រីតូចម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយហើយពេលនេះគឺអ្នកនាងកំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុ} សេចក្តីរាយការណ៍របស់អ្នកសារពត៌មានត្រូវបានបញ្ចប់ស្របជាមួយនឹងសម្លេងទ្រហូរយំស្ទើរស្លាប់ស្ទើររស់របស់អ្នកស្រីលី។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា