ភាគទី៣៧

1.2K 21 1
                                    

៦ខែក្រោយមក~

ហាន់សេ មើលថែរាងស្តើងនៅលើគ្រែយ៉ាងយកចិត្តទុកដាក់។ គេពូតកន្សែងជូតខ្លួនឲ្យនាង ទាំងមិនត្អូញត្អែរ រយៈពេលច្រើនខែមកនេះ គេតែងតែធ្វើបែបនេះដដែលៗ គ្មានពាក្យហត់នឿយចេញពីបបូរមាត់ក្រាស់ឡើយ ផ្ទុយទៅវិញមានតែស្នាមញញឹមកក់ក្តៅ និង ក្តីស្រលាញ់ដ៏ច្រើនលើសលប់ដែលគេមានសម្រាប់នាង។ ក្នុងចិត្តគេមានក្តីសង្ឃឹមយ៉ាងមុតមាំថា នាងនឹងភ្ញាក់ពីសុបិន្តអាក្រក់នេះឆាប់ៗ ហើយគេក៏មានឱកាសបំពេញក្តីស្រលាញ់ដែលធ្លាប់តែចន្លោះប្រហោងតបស្នងទៅនាងវិញ។

«កុំគេងយូរពេក យូអា...កូនស្រី និង បងកំពុងតែចាំមើលផ្លូវអូន នៅមានប៉ាម៉ាក់ក្មេកទៀត ពួកគាត់បារម្ភពីអូនខ្លាំងណាស់» គេថើបថ្ងាសតូចតិចៗ មុននឹងអង្គុយលើកៅអីក្បែរនោះ ហើយក្រសោបដៃស្រឡូនជាប់។

«អូនមិនចង់ដាក់ទោសបងទេឬ? ក្រែងអូនស្អប់បងណាស់មិនអីចឹង? ឆាប់ក្រោកឡើង ហើយធ្វើបាបបងដូចដែលអូនចង់ធ្វើទៅ អូខេ?» ហាន់សេ ស្រក់ទឹកភ្នែកមិនឈប់ គេខ្សឹកខ្សួលបណ្តើរស្រែកបន្ទោសខ្លួនឯងក្នុងចិត្តបណ្តើរ ស្របពេលនោះដែរ គេមិនបានដឹងឡើយថាដៃម្ខាងទៀតរបស់ រាងស្តើងកំពុងតែកម្រើកតិចៗ មុននឹងព្យាយាមបើកភ្នែកយឺតៗ សម្លឹងមើលគ្រប់យ៉ាងនៅក្បែរខ្លួនយ៉ាងតក់ស្លុត។ ហាន់សេ ដកមុខចេញពីដៃរបស់នាងហើយសម្លឹងមើលនារីដែលបើកភ្នែកមើលគេ ទាំងត្រេកអរ សឹងតែរកពាក្យអ្វីនិយាយមិនចេញ មុននឹងសម្រេចចិត្តនិយាយទៅនាងទាំងរដេបរដុប។

«អូនភ្ញាក់ហើយ យូអា!!! ទីបំផុតព្រះក៏បានទទួលនូវពាក្យបួងសួងរបស់បង» គេជូតទឹកភ្នែកចេញ ហើយញញឹមដាក់នាង មុននឹងអោបរាងស្តើងណែនហើយបម្រុងនឹងថើបនាងម្តងទៀតតែក៏ត្រូវរាងស្តើងងាកមុខចេញយ៉ាងឆាប់រហ័ស។

«លោកជាអ្នកណា?» នាងជ្រួញចិញ្ចើមសួរគេទាំងមិនយល់ ហើយសំនួររបស់នាងបង្ករការភ្ញាក់ផ្អើលដ៏ខ្លាំងសម្រាប់ហាន់សេ។ គេមិនទាន់តបនឹងនាងភ្លាមៗ តែក៏ព្យាយាមធ្វើចិត្តឲ្យនឹងនរ មុននឹងនិយាយទាំងញ័រទទ្រើតទៅកាន់នាង។

«អូនកុំលេងសើចនឹងបងអីណា យូអា...» គេគ្រវីក្បាលញាប់ស្អេក ថែមទាំងសើចទាំងភ័យខ្លាច។ នាងភ្លេចគេ អីចឹងឬ?

ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍Where stories live. Discover now