///ផាច់///
«មានសតិបន្តិចផង ឆយ មីនហូ!!!»
«សួរដូចឆោតចុះ រយៈពេលច្រើនឆ្នាំមកនេះ មានមួយថ្ងៃណាដែលអូនគិតចំពោះបងលើសពីបងប្រុសទេ យូអា?» ម្ចាស់ភ្នែកពណ៌ត្នោតចាស់សម្លឹងជ្រៅចូលកែវភ្នែកស្រទន់របស់នារីជាទីស្រលាញ់ ចង់ដឹងចម្លើយពីបបូរស៊ីជម្ពូរ ទាំងដែលទាយដឹងមុនហើយថានាងនឹងតបយ៉ាងម៉េច តែកូនចិត្តតូចមួយលួចមានសង្ឃឹមតិចតួច ហោចណាស់ត្រឹមមួយថ្ងៃប៉ុណ្ណោះដែលនាងមានចិត្តអោយគេ ក៏អស់ចិត្ត។
«អូន...សូមទោសពិតមែន មីនហូ... អូនមិនសមនឹងទទួលបានក្តីស្រលាញ់ពីបង» មុខតូចទម្លាក់ចុះ ទឹកភ្នែកច្រើនដំណក់ស្រក់បណ្តាក់គ្នា និងសម្លេងអណ្តឺតអណ្តកមិនអាចផ្តល់ចម្លើយដែលប្រុសកម្លោះចង់បាន គេល្អពេកហើយសម្រាប់មនុស្សស្រីដូចនាង ។
«កុំសុំទោសនូវអ្វីដែលអូនមិនខុស..វាជាកំហុសបងទេ បើបងស្គាល់អូនមុនគេ គ្រប់យ៉ាងប្រហែលជាប្រសើរជាងនេះ...» ស្នាមញញឹមសោកសៅផុសឡើងលើមុខសង្ហារ នេះប្រហែលជាដល់ពេលមែនទែនហើយដែលនាងនិងគេត្រូវបញ្ចប់ទំនាក់ទំនងមិនច្បាស់លាស់នេះ។
«អរគុណសម្រាប់រឿងជាច្រើនដែលបងបានធ្វើសម្រាប់អូន...» យូអា ញញឹមដាក់អ្នកកម្លោះវិញទាំងអារម្មណ៍មិនខុសគ្នាប៉ុន្មាន។
«បងអាចអោបអូ...?» និយាយមិនទាន់ចប់ស្រួលបួលផង រាងស្តើងស្ទុះវឹងទៅក្រសោបបុរសចំពោះមុខ ទាំងរលីងរលោងទឹកភ្នែក។
«បងអាចថាអូនជាស្រីអាត្មានិយមបាន តែអូនសុំរឿងមួយបានទេ?»
«បងមិនដែលបដិសេធអូនស្រាប់ហើយ...និយាយមក» គេអង្អែលសក់វែងថើរៗ ហើយរង់ចាំស្តាប់នាងយ៉ាងស្ងៀមស្ងាត់។
«ឧស្សាហ៌មកលេងអូន និងកូនស្រីផង...» ទោះជានាងគ្មានអារម្មណ៍មនោសញ្ជេតនានឹងគេ តែយ៉ាងណា អារម្មណ៍ដែលគិតថាគេអាចនឹងបាត់ខ្លួនពីនាង វាធ្វើអោយចិត្តនាងមិនស្ងប់ ណាមួយកូនស្រីសំណព្វតាម មីនហូ ជាងនាងស្រាប់ហើយ។
«ប្រាកដហើយ..យ៉ាងណា យ៉េប៊ីន នៅតែជាកូនស្រីបង...» មីនហូ យល់ពីអារម្មណ៍របស់នារីក្នុងរង្វង់ដៃ បើទោះជានាងមិនប្រាប់ក៏គេមិនគិតថានឹងចាកចេញរហូត ព្រោះគេក៏មានចំនែកក្នុងរឿងរបស់ យ៉េប៊ីន ពោលគឺគេមើលថែនាងតូចតាំងពីក្រហមរងាល មិនចម្លែកទេដែលគេស្រលាញ់ យ៉េប៊ីន ដូចកូនស្រីបង្កើត។
YOU ARE READING
ខ្នោះស្នេហ៍ចំណងអាពាហ៍ពិពាហ៍
Romanceព្រោះតែស្ថានភាពក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបជម្រុញឲ្យអ្នកទាំងពីរត្រូវរៀបការ នឹងរួមរស់ជាមួយគ្នាក្នុងដំបូលផ្ទះតែមួយ។ ហាន់សេ & យូអា