បន្ទាប់ពីទទួលបានការពិនិត្យពីគ្រូពេទ្យរួចមក ហ្វាត្រូវដេកទ្រឹងមួយកន្លែងតាំងពីយប់ថ្ងៃចាស់ផ្លាស់ចូលមកដល់ព្រឹកថ្ងៃថ្មីទៅហើយ , ត្របកភ្នែកស្ដើងបើកឡើងទទួលយកពន្លឺថ្ងៃថ្មី តែវាសនានាងអាចមិនផ្លាស់ប្ដូរទេ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ នាងត្រូវប្រឈមមុខជាមួយបញ្ហាមិនចេះចប់ទាល់តែសោះហើយ ។
« លោកពូ ? »
« មិនអីទេគេងវិញទៅកូនស្រី !! » ហ្វាមីបើកភ្នែកឡើងក៏ឃើញលោកចននៅអង្គុយក្បែរនោះ នាងតូចប្រញាប់ក្រោកឡើងយ៉ាងលឿន រអែងចិត្តដែលអោយគាត់មកអង្គុយសម្លឹងមើលនាងបែបនេះ តែលោកចនក៏មិនបានប្រកាន់អីដែរ គាត់អោយនាងគេងវិញ ព្រោះថានាងកំពុងតែឈឺផង ម៉្យាងមិនមែនជារឿងអីធំដុំដែលគួរប្រកាន់ទោសពៃនាងនោះដែរ« កូនស្រីមិនអីទេមែនទេ ? ក្នុងខ្លួនមាននៅឈឺរឺក៏មិនស្រួលត្រង់ណាដែរទេ ?? » លោកចនលើកដៃស្ទាបអង្អែលក្បាលនាងតូចថ្នមៗ បាតដៃកក់ក្ដៅរបស់មនុស្សចាស់អង្អែលក្បាលនាង ក្រើនរំលឹកអោយនាងតូចនឹកដល់លោកប៉ារបស់នាងដែលនៅអាមេរិចឯណោះ , នាងខានជួបគាត់ច្រើនឆ្នាំគួរសមហើយ ក៏ព្រោះថាគាត់ជាមនុស្សរវល់នឹងការងារ ប៉ាហ្វាតែងតែហោះហើរទៅប្រទេសផ្សេងៗរហូត ។
« ឆាប់ជាណា៎កូនស្រី !! » ហ្វាមីងើបសម្លឹងមើលទៅលោកចន ភ្នែកឡើងក្រហមរលីងរលោងមានដក់ស្នាមទឹកភ្នែក លោកចនឃើញយ៉ាងច្បាស់ថានាងកំពុងតែចង់យំ គាត់អង្អែលក្បាលនាងសារជាថ្មីម្ដងទៀត គាត់មិនដែលមានកូនស្រីទេ ព្រោះថាតាំងពីម៉ាក់របស់ជុងហ្គុកស្លាប់ទៅ គាត់ក៏មិនបានយកប្រពន្ធទៀត រយៈពេលជិត20ឆ្នាំមកនេះគាត់ប្រើវាសម្រាប់តែស្វែងរកកូនប្រុសរបស់គាត់ នឹងមើលថែគេអោយសាកសមទៅនឹងអ្វីដែលគាត់គួរតែធ្វើ ។
« កូនស្រី កើតអីទើបយំ ?? »
« លោកពូធ្វើអោយខ្ញុំនឹកឃើញដល់លោកប៉ាខ្ញុំ »
« ពុទ្ធោ ! កូនស្រី » ហ្វាមីពេបមាត់ ទឹកភ្នែកក៏ហូរស្រក់មកតែម្ដងទប់លែងជាប់ អោយនាងធ្វើយ៉ាងមិចទៅ ? នាងគិតអ្វីមិនចេញទេ !!!« ចុះកូនស្រីបាត់បង់បែបនេះប៉ាម៉ាក់នឹងអ្នកផ្ទះដឹងដែរទេ ?? ពួកគេអាចនឹងបារម្ភជាមិនខាននោះឡើយ » លោកចននៅតែគិតថាខាងគ្រួសារនាងអាចនឹងបារម្ភពីការបាត់ខ្លួនរបស់នាង , តែគាត់មិនបានដឹងទេថាកូនប្រុសជើងល្អរបស់គាត់បានរៀបចំគ្រប់យ៉ាងបានយ៉ាងល្អ គ្មានអ្នកណាដឹងឡើយថាហ្វាបាត់ខ្លួននោះ !!!
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី