Between the one I love and the one who loves me
«រវាងមនុស្សដែលស្រលាញ់ឯង និងមនុស្សដែលឯងស្រលាញ់, តើឯងរើសយកមួយណា អេមម៉ា?»
ស្កាឡេត មិត្តជិតស្និតបំផុតរបស់ខ្ញុំសួរសំនួរនេះមកកាន់ខ្ញុំជារឿយៗ កាលពីពួកយើងនៅរៀនវិទ្យាល័យជាមួយគ្នា ហើយចម្លើយរបស់ខ្ញុំទៅកាន់នាងនៅពេលនោះគឺដដែលរាល់លើក។
«មនុស្សដែលយើងស្រលាញ់! យើងជឿថាយើងអាចធ្វើអោយគេស្រលាញ់យើងបាន»
នោះជាពាក្យសម្តីក្មេងស្រីអាយុ១៦ឆ្នាំ មិនទាន់ដឹងខ្យល់អីនៅឡើយ តែនាងមានភាពជឿជាក់គ្រប់គ្រាន់លើរឿងនេះ ព្រោះមិនថារូបសម្បត្តិ ឬកិត្តិយសគ្រួសារ នាងគ្មានអ្វីខ្វះចន្លោះ ហេតុដូច្នេះ មិនចម្លែកទេ ដែលនាងមានអំណួតខ្ពស់ហួសមេឃដល់ថ្នាក់នេះ ហើយក្មេងស្រីម្នាក់នោះគឺជាខ្ញុំនោះឯង!
ខ្ញុំញញឹមចុងមាត់ ពេលរំលឹកដល់អនុស្សាវរីយ៍កាលពីវ័យជំទង់ តែមិនយូរស្នាមញញឹមរបស់ខ្ញុំក៏រលាយបាត់ បន្លប់មកវិញនូវស្នាមញញឹមក្លែងក្លាយពេលឃើញវត្តមានរបស់បុរសរាងខ្ពស់ក្នុងឈុតដេកយប់ដើរមករកខ្ញុំក្នុងបន្ទប់។
«អេមម៉ា, អូនមិនទាន់ចូលគេងទៀតឬ?»
គេដើរមកឈប់ចុងគ្រែ កន្លែងដែលខ្ញុំកំពុងអង្គុយ រួចសង្កត់បបូរមាត់លើថ្ងាសរបស់ខ្ញុំថើៗ ដូចដែលគេធ្វើកន្លងមក។ សម្លេងផ្អែមល្ហែម និងទង្វើទន់ភ្លន់របស់គេ គឺគ្រប់គ្រាន់ធ្វើអោយអ្នកផ្សេងជឿថាគេជាបុរសរ៉ូមេនទិកកម្រិតណា តែមិនមែនសម្រាប់ខ្ញុំ! ខ្ញុំស្គាល់គេច្បាស់ជាងអ្នកណាៗទាំងអស់ថា 'អ៊ីហ្សែក មិឃិអ៊ែល' គ្មានផ្លូវស្រលាញ់ខ្ញុំឡើយ។
«នៅទេ, អូនកំពុងចាំបង»
ខ្ញុំប្រឹងញញឹមចេញពីចិត្ត ហើយឈោងដៃក្រសោបចង្កេះមាំរបស់គេជាប់ គេមិនដឹងឡើយថាស្នាមញញឹមរបស់ខ្ញុំរលាយបាត់ភ្លាមពេលមុខរបស់ខ្ញុំជ្រប់នឹងរាងកាយរបស់គេ។
«តោះគេង អេមម៉ា, យប់ជ្រៅហើយ»
ដៃក្រាស់របស់គេអង្អែលសក់វែងខ្មៅក្រឹបរបស់ខ្ញុំថ្នមៗ កាយវិការទន់ភ្លន់របស់គេធ្វើអោយខ្ញុំខាំមាត់ណែន បន់ស្រន់ក្នុងចិត្តចង់អោយពេលវេលាឈប់ដើរត្រឹមនេះ។
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...