My heart is numb
ដៃដែលកាន់កន្សែងជូតលើមុខរបស់គេឈប់ឆ្កឹងមួយរំពេច ខ្ញុំខាំមាត់ប្រឹងបំភ្លេចពាក្យដែលគេភ្លាត់ចេញមកអម្បាញ់មិញ តែគេនៅនិយាយល្វើយៗសារភាពក្តីស្រលាញ់ដែលគេមានចំពោះស្រីម្នាក់នោះមកកាន់ខ្ញុំ។
«សប្បាយចិត្តណាស់មែនទេ ពេលឃើញបងរៀបការ? សមចិត្តអូនណាស់មែនទេដែលឃើញបងមានគ្រួសារដែលបងមិនចង់បាន? លីលី...អូនថាបងនឹងមានក្តីសុខបើបងមានគ្រួសារពេញលេញមួយ តែហេតុអីបងបែរជាគ្មានអារម្មណ៍បែបនោះ»
ដៃរបស់គេនៅតែកាន់ខ្ញុំជាប់ ស្របពេលដែលទឹកភ្នែកហូរតាមកន្ទុយភ្នែកមិនឈប់ គេនៅខូចចិត្តនៅឡើយរឿងស្រីម្នាក់នោះ តែខ្ញុំមិនធ្លាប់គិតឡើយថាវានៅធ្ងន់ធ្ងរដល់ថ្នាក់នេះ។ ខ្ញុំមានអារម្មណ៍ពិបាកដកដង្ហើម ហើយមិនយូរទឹកភ្នែករមៀលកាត់ថ្ពាល់របស់ខ្ញុំដូចទឹកជំនន់ ខ្ញុំអណ្តឺតអណ្តកមិនឈប់តែក៏ប្រឹងបន្តតួនាទីជាភរិយាហើយជូតមុខរបស់គេបន្ត តែគេមិនព្រមបញ្ឈប់ត្រឹមប៉ុណ្ណឹង ហើយបន្តនិយាយពាក្យផ្អែមល្ហែមមកកាន់ខ្ញុំជំនួសមនុស្សស្រីដែលគេចង់និយាយដាក់
«បងស្រលាញ់អូន...លីលី»
ម្តងនេះគេបើកភ្នែកសម្លឹងចំមកកាន់ខ្ញុំជាមួយនឹងពាក្យដែលខ្ញុំចង់លឺបំផុត តែគួរអោយស្តាយដែលវាមិនមែនសម្រាប់ខ្ញុំ។ ពីរឆ្នាំមកនេះខ្ញុំទន្ទឹងរង់ចាំពាក្យបួនម៉ាត់ពីគេ តែគេមិនធ្លាប់និយាយឡើយ បើទោះជាទង្វើរដែលគេធ្វើកន្លងមកអាចប៉ះប៉ូវពាក្យនេះជំនួសបានក៏ដោយ ទើបខ្ញុំបិទភ្នែកបិទត្រចៀកហើយទទួលយកទង្វើរទន់ភ្លន់និងយកចិត្តទុកដាក់របស់គេមកកាន់ខ្ញុំដោយមិនធ្លាប់ទាមទារអោយគេនិយាយពាក្យងាយៗនោះមកខ្ញុំឡើយ ខ្ញុំដឹងថាគេមិនទាន់បើកចិត្តដល់ខ្ញុំ តែខ្ញុំក៏មិនធ្លាប់គិតថាគេនៅមិនទាន់បំភ្លេចស្រីម្នាក់នោះ។
«បងឃោឃៅណាស់ ហ្សែក...»
ខ្ញុំទម្លាក់កន្សែងទៅក្រោមហើយបង្វិលខ្លួនចាកចេញពីបន្ទប់ ព្រោះទ្រាំស្តាប់លែងបាននឹងពាក្យសម្តីចាក់ដោតរបស់គេ។ ពាក្យសម្តីគ្រប់ម៉ាត់របស់គេមុននេះ បង្កើតការសង្ស័យពីទង្វើរល្អៗដែលគេធ្វើកន្លងមក ខ្ញុំសម្លឹងទូរស័ព្ទរបស់គេដែលខ្ញុំកាន់មក ខ្ញុំមិនដឹងថាហេតុអីខ្ញុំយកវាមកជាមួយទេ តែប្រហែលជាញាណច្រើនជាងដែលរំញោចអោយខ្ញុំធ្វើរឿងមិនធ្លាប់ធ្វើបែបនេះ។ ខ្ញុំចុចបើកទូរស័ព្ទរបស់គេបានធម្មតា ព្រោះមិនមានជាប់លេខកូដ ហើយរាវរកមើលលេខទូរស័ព្ទស្រីមនុស្សដែលគេសេវទុក មិនយូរខ្ញុំក៏ឃើញលេខរបស់នាង តែខ្ញុំបែរជាស្ទាក់ស្ទើរមិនហ៊ានខលទៅនាង...ខ្ញុំគួរនិយាយថាម៉េច? ប្រាប់នាងថាប្តីរបស់ខ្ញុំនៅស្រលាញ់នាង ឬក៏ប្រាប់នាងអោយប្រគល់គេមកខ្ញុំវិញ? ខ្ញុំក្តាប់ទូរស័ព្ទណែន ពេលដឹងថារឿងនេះមិនមែនជាកំហុសនាង តែជាកំហុសខ្ញុំដែលជ្រើសរើសដើរផ្លូវមួយនេះ។ ខ្ញុំលើកដៃជូតទឹកភ្នែកដែលស្រក់ ហើយប្តូរចិត្តចូលមើលអាល់ប៊ុមរូបថតនៅក្នុងទូរស័ព្ទរបស់គេ ភ្លាមៗខ្ញុំក៏ស្តាយក្រោយដែលឆែកឆេរទូរស័ព្ទរបស់គេ។
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
Romance15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...