ខ្ញុំអង្គុយមើលប្រអប់ដែលមានឈ្មោះគួរអោយខ្លាចមួយសន្ទុះ មុននឹងសម្រេចចិត្តកាន់វាឡើងទៅខាងលើបន្ទប់។
«ម៉ាមី...»
នីល រត់មកអោបខ្ញុំភ្លាម ព្រមទាំងញញឹមគួរអោយស្រលាញ់ ខ្ញុំអង្អែលសក់ខ្មៅក្រឹបរបស់នាង ហើយបន្ទន់ជង្គង់ដើម្បីថើបថ្ពាល់ទន់ៗរបស់កូនស្រី...
«សឺត! ប្រាប់ម៉ាក់មកមើល៎ ថ្ងៃនេះកូននិងប្អូនធ្វើអីខ្លះ?»
«បងស្រីក្លារ៉ានាំអូនបែលទៅលេងសួននៅខាងក្រោយផ្ទះ ចំនែកកូននៅលេងជាមួយលោកតានៅបន្ទប់សិក្សា...»
«នីល...កូនចង់ត្រលប់ទៅអង់គ្លេសវិញទេ?»
ខ្ញុំសង្ឃឹមថាវាមិនយឺតពេលដែលសួរយោបល់ពីកូនស្រីពេលនេះ ខ្ញុំដឹងថាខ្លួនឯងអាត្មានិយម តែបើសិនជាកូនស្រីចង់នៅទីនេះ ខ្ញុំមានតែបោះបង់គំនិតនោះចោល។
«ម៉ាមី...កូនដឹងថាព្រោះតែកូនទើបម៉ាមីត្រូវរស់នៅជាមួយប៉ាៗ ម៉ាមី យំរាល់ថ្ងៃព្រោះប៉ាៗ ចិត្តអាក្រក់ដាក់ម៉ាមី ត្រូវទេ? បើគ្មានកូន ម៉ាមី នឹងមិនចាំបាច់នៅជាមួយប៉ាៗ»
រាងកាយខ្ញុំរឹងស្តូក ពេលលឺប្រយោគមិនសមនឹងក្មេងស្រីដូចជា នីល ហារមាត់និយាយ សំខាន់បំផុត តើនាងដឹងរឿងអស់នេះមកពីណា?
«នីល កូននិយាយអីហ្នឹង? អ្នកណាប្រាប់កូន?»
«កូនលឺគ្រប់គ្នាក្នុងផ្ទះនេះនិយាយ...គ្រប់គ្នានិយាយថាព្រោះតែកូនទើបប៉ាៗ រៀបការជាមួយម៉ាមី»
គ្រប់គ្នា? រួមបញ្ចូលទាំងខ្ញុំដែរទេ? មុខខ្ញុំឡើងក្រហមងាំងព្រោះខឹងនឹងភាពធ្វេសប្រហែសរបស់ខ្លួនឯង ដែលបណ្តោយអោយកូនស្រីស្តាប់អ្វីមិនគួរអោយលឺបែបនេះ។
«កូនស្រី....ម៉ាក់សុំទោស»
ខ្ញុំអោបរាងតូចណែន ក្នុងទ្រូងអួលណែនដូចមានអ្នកណាច្របាច់ មាត់ទន្ទេញតែពាក្យសុំទោសដដែលៗដាក់នាងទាំងទឹកភ្នែក! ខ្ញុំជាម្តាយអាក្រក់បំផុតលើលោកនេះ
«ម៉ាមី កុំយំបានទេ? កូនមិនចង់ក្លាយជាមនុស្សធ្វើអោយម៉ាមីយំដូចប៉ាៗទេ»
YOU ARE READING
ជម្រើសទី១ក្នុងបេះដូង
عاطفية15 years of unrequited love, i have finally married him. However, he is still holding on to his first love whilst I, holding a string of hopes for him to turn his eyes on me. He wore a mask of a sweet husband in front of me, unknowingly i had found...
