ភាគ០២

62 5 1
                                    

“ រត់ចេញពីផ្ទះ ”

  ពន្លឺព្រះច័ន្ទនារាត្រីដ៏ស្ងប់ស្ងាត់និងឯកា កំពុងជួយបំភ្លឺឲ្យស្រីក្រមុំនៅក្នុងបន្ទប់ងងឹតរៀបចំប្រមូលសម្លៀកបំពាក់ដាក់វ៉ាលីទាំងកណ្តាលយប់ស្ងាត់ជ្រងំ។ ដេលលី រៀបចំសម្លៀកបំពាក់រួចរាល់ក៏រហ័សអូសវ៉ាលីដើរចេញពីបន្ទប់ ប៉ុន្តែនាងក៏ត្រូវមកឈប់នៅត្រង់មាត់ទ្វាបន្ទប់ព្រោះតែចិត្តមិនដាច់ នាងមិនដឹងថាការសម្រេចចិត្តចាកចេញនៅពេលនេះល្អសម្រាប់នាងនិងគ្រប់គ្នាឬអត់ទេ ប៉ុន្តែនាងដឹងត្រឹមថាបើនាងនៅទីនេះបន្ត នាងនឹងកាន់តែធ្វើឲ្យអ្នកម៉ាក់និងលោកប៉ាខកបំណងលើនាងបន្តទៀតប៉ុណ្ណោះ ដូច្នេះការចាកចេញអាចជាជម្រើសដ៏ល្អបំផុតសម្រាប់នាងនៅពេលនេះ។
  « លាហើយ » ដេលលី និយាយលាបន្ទប់ជាទីស្រលាញ់របស់ខ្លួនហើយក៏អូសវ៉ាលីដើរចេញទៅទាំងមិនខ្ចីងាកមើលក្រោយម្តងទៀតឡើយ។

   ដេលលី អូសវ៉ាលីចេញមកដល់ខាងមុខផ្ទះហើយខលហៅតាក់ស៊ីមកទទួលនាងទៅផ្ទះមិត្តរបស់នាង ស៊ូជីន សិន ព្រោះពេលនេះយប់ណាស់ទៅហើយ នាងមិនដឹងថាគួរទៅឯណាក្រៅពីផ្ទះមិត្តរបស់នាងទេ។
   ង៉ក់!
   ឡានតាក់ស៊ីឈប់ភ្លាម អ្នកបើកតាក់ស៊ីចេញមកជួយលើវ៉ាលីរបស់នាងដាក់ឃ្លុបឡានខាងក្រោយ ហើយទើបដើរមកបើកទ្វាឡានឲ្យនាង។ ដេលលី ងាកក្រោយសម្លឹងដំបូលផ្ទះដែលធ្លាប់រស់នៅយ៉ាងកក់ក្តៅទាំងអាឡោះអាល័យ ភ្នែកសោកសៅរលីងរលោងចង់យំតែនាងប្រឹងទប់ទឹកភ្នែកមិនឲ្យស្រក់ចុះមក ហើយរហ័សចូលទៅក្នុងឡានតាក់ស៊ីយ៉ាងលឿន ព្រោះនាងខ្លាចថាខ្លួនឯងនឹងមិនដាច់ចិត្តចាកចេញពីទីនេះ បើនាងនៅតែឈរអាឡោះអាល័យក្តីសុខដែលធ្លាប់មាននៅទីនេះបន្តទៀតនោះ។

   ឡានតាក់ស៊ីបើកចេញទៅដល់ផ្លូវធំ ឡានរបស់ ឡូវែលនិងដេរ៍ស៊ី ដែលនាំ ដេវីត ទៅមន្ទីរពេទ្យក៏បើកចូលមកដល់ផ្ទះវិញដូចគ្នា។
   « សំណាងហើយដែលកដៃមិនបានបាក់ » ឡូវែល រអ៊ូទាំងធូរទ្រូងបន្តិច ដែលដៃកូនប្រុសមិនបានបាក់។
   « យប់ជ្រៅណាស់ហើយ កូនឆាប់ចូលទៅសម្រាកទៅ ចំណែករឿងប្រឡងនោះចាំស្អែកម៉ាក់និងប៉ាទៅសាកសុំលោកគ្រូឲ្យកូនប្រឡងក្រោយគេ » ដេរ៍ស៊ី ប្រាប់ទៅកូនប្រុសដែលឈរចោលភ្នែកទៅសម្លឹងបន្ទប់បងស្រីរបស់គេមិនឈប់ ទំនងជាកំពុងតែបន្ទោសខ្លួនឯងដែលជាអ្នកធ្វើឲ្យអ្នកម៉ាក់ទះកំផ្លៀងបងស្រី។
    « ឆាប់ទៅសម្រាកទៅ » ឡូវែល ឃើញកូនប្រុសនៅឈរភ្លឹកទើបតឿនម្តងទៀតទាំងលើកដៃគោះស្មាកូនប្រុសលួងលោមគេមិនឲ្យគិតច្រើន។
    « បាទ » ដេវីត តបជាមួយលោកប៉ាហើយក៏ដើរឡើងទៅបន្ទប់របស់គេដែលនៅជិតបន្ទប់របស់ ដេរ៍ស៊ី ដែរ តែគេមិនបានចាប់អារម្មណ៍ច្រើនទេព្រោះគិតថាបងស្រីរបស់គេប្រហែលជាសម្ងំគេងបាត់ហើយ ទើបគេចូលទៅក្នុងបន្ទប់របស់គេសម្រាកដែរ។
    ឡូវែល ឈរសម្លឹងមើលកូនប្រុសពីចម្ងាយរហូតគេចូលបន្ទប់បាត់ ទើបគេងាកមករកភរិយាដែលនៅឈរសម្លឹងទៅបន្ទប់កូនៗទាំងទឹកមុខសោកសៅវិញ។
    « អូនក៏គួរតែទៅសម្រាកដែរ » ឡូវែល ដឹងថាភរិយារបស់គេកំពុងតែគិតរឿងរបស់ ដេលលី ហើយចង់ទៅជួបកូនស្រីសុំទោសចំពោះរឿងមុននេះ ប៉ុន្តែពេលនេះយប់ជ្រៅណាស់ហើយ ម្យ៉ាងទៀតអារម្មណ៍កូនកំពុងមិនល្អ បើនិយាយពេលនេះអាចមានរឿងវែងឆ្ងាយទៀតក៏ថាបាន យល់ល្អពេលព្រឹកចាំនិយាយគ្នាម្តងទៀត ទុកពេលឲ្យកូនគេងគិតពីកំហុសរបស់ខ្លួនឯងមួយយប់សិនក៏ល្អ។
    «...» ដេរ៍ស៊ី យល់ពីបំណងរបស់ ឡូវែល ទើបងក់ក្បាលយល់ព្រមជំនួសឲ្យពាក្យសម្តី ព្រោះក្នុងចិត្តថប់ណែនមិនចង់និយាយស្តីនោះទេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now