ភាគ០៥

41 5 0
                                    


  “ មេរំខាន ”

   ខាងមុខផ្ទះចម្ការ លីអូណា

   ថៅកែ ម៉ាឡុន កាន់ឈើច្រត់ក្បាលតោពណ៌មាសឈរយ៉ាងមានអំណាចនៅពីមុខផ្ទះរបស់ អេវីល ដោយមានកូនប្រុសរបស់លោកនិងកូនចៅរបស់គេពីរនាក់ទៀតគឺនាយ ខេនិងនាយម៉ាក ដែលមានកាំភ្លើងគ្រប់ដៃមកឈរចាំរករឿងអ្នកដែលប្រើកូនចៅឲ្យទៅកម្ទេចចម្ការរបស់គេ។
  « ថៅកែ ម៉ាឡុន! » អេវីល លាន់មាត់ឡើងក្រោយចេញមកបានឃើញថៅកែ ម៉ាឡុន នាំគ្នីគ្នាមកពេញខាងមុខផ្ទះរបស់គេហើយថែមយកកាំភ្លើងមកជាមួយទៀតផង។
  « អាអេវីល ឯងឲ្យកូនចៅទៅកម្ទេចចម្ការរបស់យើង » ម៉ាវីន ខាំមាត់ចង់ស្ទុះចូលទៅចង់ដាល់ អេវីល ទាំងកំហឹងទ្រាំមិនបាន ប៉ុន្តែត្រូវលោកប៉ារបស់គេសម្លឹងមុខរបស់គេជាការហាមឃាត់មិនឲ្យគេឆេវឆាវធ្វើតាមតែអារម្មណ៍នោះទេ។
  « តើមានរឿងអ្វី? ហេតុអ្វីបានជាលោកនាំកូនចៅសម្រុកចូលមកចម្ការរបស់ពួកយើងបែបនេះ? » អ្នកស្រី រ៉ាវ៉ាន់ ដើរមកខាងមុខសួរទៅកាន់ថៅកែ ម៉ាឡុន ក្នុងនាមជាចាស់ទុំម្នាក់នៅទីនេះ ហើយក៏សង្ឃឹមថាថៅកែ ម៉ាឡុន ក៏នឹងព្រមនិយាយដោះស្រាយជាមួយនាងតាមរបៀបមនុស្សចាស់ទុំដូចគ្នា។
  « គឺកូនចៅអ្នកស្រីបានសម្រុកចូលចម្ការរបស់ខ្ញុំ ហើយបានប្រលែងសត្វក្នុងចម្ការឲ្យកម្ទេចចម្ការទំពាំបាយជូររបស់ខ្ញុំថែមទៀត តើអ្នកស្រីគិតដោះស្រាយយ៉ាងម៉េចចំពោះរឿងនេះ? » ថៅកែ ម៉ាឡុន និយាយឡើងយ៉ាងមុឺងម៉ាត់ទឹកមុខនិងកាយវិការនឹងធ្មឹងសមជាមនុស្សដែលមានអំណាចគួរឲ្យកោតខ្លាចពិតមែន។
   « លោកថៅកែនិយាយបែបនេះតើមានភស្តុតាងទេ? » អេវីល ចេញមកឈរទន្ទឹមអ្នកស្រី រ៉ាវ៉ាន់ សួរទៅកាន់ថៅកែ ម៉ាឡុន វិញ ព្រោះគេមិនជឿទេថាកូនចៅរបស់គេទៅធ្វើរឿងផ្តេសផ្តាសបែបនោះ។ តាំងពីដើមមកគេបានបញ្ជាកូនចៅគ្រប់គ្នាថាមិនឲ្យទៅរករឿងថៅកែ ម៉ាឡុន ទេ ព្រោះគេមិនចង់មានជម្លោះជាមួយអ្នកណាឡើយ គេគ្រាន់តែចង់រស់នៅជីវិតមួយដែលស្ងប់សុខ គេដឹងថាថៅកែព្យាយាមរករឿងគេគ្រប់បែបយ៉ាង ប៉ុន្តែគេគ្រាន់តែរកវិធីការពារហើយមិនជ្រើសរើសការតបតទៅថៅកែវិញទេ ព្រោះគេដឹងថាបើគេតបតរឿងនឹងកាន់តែធំ ហើយចម្ការរបស់គេក៏គ្មានក្តីសុខទៀតដែរ ។
   « ឯងឆាប់យកភស្តុតាងឲ្យគេមើលទៅ » ម៉ាវីន បញ្ជាខេឲ្យបើកវីដេអូកាំមេរ៉ាសុវត្ថិភាពនៅក្នុងអាយផេតបង្ហាញឲ្យ អេវីល និងគ្រប់គ្នាបានមើលថាគេពិតជាថតបានមនុស្សរបស់ អេវីល ចូលទៅក្នុងចម្ការរបស់គេពិតមែន ទោះជាគេគ្មានវីដេអូបង្ហាញពីសកម្មភាពដែលកូនចៅរបស់ អេវីល បើកប្រលែងសត្វក្នុងចម្ការរបស់គេក៏ដោយ។
   « នោះគឺលោកពូ វីហ្គូនិងដេលលី មែនទេ? » រ៉េណា ចង្អុលមនុស្សពីរនាក់នៅក្នុងវីដេអូទាំងភ្ញាក់ផ្អើល។
   « ក្មេងម្នាក់នេះមកដល់បានមួយថ្ងៃក៏បង្ករឿងធំបែបនេះបាត់ទៅហើយ » អ្នកស្រី រ៉ាវ៉ាន់ រអ៊ូទាំងវិលមុខចង់ខ្យល់ពេលបានឃើញវីដេអូភស្តុតាងច្បាស់ៗបែបនេះហើយ តែប៉ុណ្ណេះចម្ការរបស់នាងច្បាស់ជាមានរឿងធំមិនខាន។
   « ដេលលីនិងលោកពូ វីហ្គូ នៅឯណា? ឆាប់ហៅពួកគេមក? » អេវីល ស្រែករកអ្នកបង្ករឿងទាំងពីរនាក់ទាំងខឹងក្តៅស្លឹកត្រចៀក ជាពិសេសគឺស្រីជើងល្អ ដេលលី ព្រោះគេជឿថាលោកពូ វីហ្គូ គ្មានថ្ងៃធ្វើខុសបញ្ជារបស់គេទេ ច្បាស់ជា ដេលលី ជាអ្នកធ្វើរឿងនេះមិនខានទេ។
   « មិនបាច់រកទេ ខ្ញុំមកហើយ » ដេលលី ដើរចូលមកព្រមជាមួយលោកពូ វីហ្គូ ដូចជានាងនៅសម្ងំចាំស្តាប់រឿងគ្រប់យ៉ាងនៅក្បែរនោះរួចហើយ។
   « ចៅហ្វាយ! » លោកពូ វីហ្គូ ហៅចៅហ្វាយរបស់ខ្លួនទាំងឱនមុខចុះដឹងកំហុស ខុសអីតែ ដេលលី ដែលនៅសម្លឹងមុខរបស់គេដោយទឹកមុខជឿជាក់មិនប្រែ ដូចជានាងមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនឯងទេ។
   « ខ្ញុំនៅចាំស្រីម្នាក់នេះបាន នាងជាអ្នកបើកឡានស្ទើរតែបុកពួកយើងនៅថ្ងៃមុន » ម៉ាវីន ចង្អុលមុខ ដេលលី ដោយអារម្មណ៍ខឹងខ្លាំង។
   « អរ...ខ្ញុំចាំបានហើយគឺលោកជាមនុស្សដែលភ័យឡើងនោមដាក់ខោកាលពីថ្ងៃមុនតើ ហាសហា » ដេលលី ឈរឱបដៃសើចចំអកខ្លាំងៗឲ្យ ម៉ាវីននិងកូនចៅ។
   « នាង...» ម៉ាវីន ស្ទុះទាំងកំហឹងចង់ចូលទៅទះមាត់ស្រីចង្រៃដែលហ៊ានចំអកឲ្យគេចេញម្តង ប៉ុន្តែក៏ត្រូវ អេវីល ស្ទុះចូលមកកាត់មុខគេ មិនឲ្យគេចូលទៅជិត ដេលលី ឡើង។
    « ហាមប៉ះពាល់មនុស្សរបស់ខ្ញុំ » គេនិយាយឡើងយ៉ាងកំណាច ធ្វើឲ្យបេះដូងស្រីក្រមុំដែលនៅឈរលាក់ខ្លួនខាងក្រោយខ្នងរបស់គេលោតញាប់ញ័ររំភើបមួយរំព្រិច។
   « គួរឲ្យស្រឡាញ់ណាស់ » ដេលលី លាន់មាត់ឡើងអើតមកមុខងើយសម្លឹងមុខរបស់គេដោយកែវភ្នែកស្រទន់មិនព្រិច តែ អេវីល បែរជាឈរធ្មឹងមិនខ្ចីរង្គោះរង្គើជាមួយសកម្មភាពឡប់ៗរបស់នាងសូម្បីបន្តិច។
   « មិនប៉ះក៏បាន តែឯងត្រូវសងការខូចខាតដល់ចម្ការរបស់យើងគុណជាពីរ ព្រោះមិនអញ្ចឹងទេយើងនឹងយកភស្តុតាងនេះទៅឲ្យប៉ូលីស » ម៉ាវីន លើកអាយផេតនៅក្នុងដៃបង្ហាញ អេវីល ។
   ដេលលី ឃើញ អេវីល នៅឈរធ្មឹងអស់ពាក្យតវ៉ាជាមួយនាយ ម៉ាវីន ទើបនាងរុញគេចេញហើយដើរមកឈរនៅខាងមុខគេវិញម្តង។
   « សាកមើលទៅ ព្រោះខ្ញុំក៏មានភស្តុតាងដូចគ្នាណា » ដេលលី លើកទូរស័ព្ទឡើងហើយបើកវីដេអូដែលពពែនៅចម្ការថៅកែ ម៉ាឡុន ចូលមកអុកឡុកចម្ការទំពាំបាយជូររបស់ អេវីល ថែមទាំងរូបភាពកម្ទេចដែកដែលធ្លាក់នៅលើដីត្រង់កន្លែងរបងលួសត្រូវគេលួចកាត់ថែមទៀត។
   « គ្រាន់តែវីដេអូប៉ុណ្ណឹង នាងគិតថាអាចយកឈ្នះពួកយើងបានអញ្ចឹងមែនទេ? » ម៉ាវីន សួរបកមកកាន់ ដេលលី វិញទាំងអស់សំណើច។
   « ហើយចុះវីដេអូរបស់ឯងវិញ តើអាចបញ្ជាក់បានយ៉ាងម៉េចថាខ្ញុំជាអ្នកបើកប្រលែងសត្វនៅក្នុងចម្ការរបស់ឯង? បើយោងតាមវីដេអូរបស់ខ្ញុំនៅពេលនេះ ខ្ញុំអាចឆ្លើយប្រាប់ប៉ូលីសថាខ្ញុំគ្រាន់តែចូលទៅដេញពពែដែលចូលមកស៊ីទំពាំបាយជូរឲ្យទៅចម្ការរបស់ឯងវិញប៉ុណ្ណោះ ហើយរឿងសត្វនៅក្នុងចម្ការរបស់ឯងរួច ក៏គួរតែជាការធ្វេសប្រហែសរបស់កម្មករក្នុងចម្ការរបស់ឯងច្រើនជាង ព្រោះសូម្បីតែពពែក៏កម្មកររបស់ឯងមើលមិនជាប់ហើយបណ្ដោយឲ្យមកស៊ីទំពាំបាយជូរនៅចម្ការ លីអូណា ដែរ អញ្ចឹងសត្វផ្សេងក៏អាចរួចព្រោះតែការមើលថែមិនល្អរបស់មនុស្សនៅចម្ការរបស់ឯងដូចគ្នា វាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំនិងលោកពូ វីហ្គូ នោះទេ »
  « នាង...»
  « ពិតមែនហើយខ្ញុំបានរកឃើញថាមានអ្នកលួចកាត់របងលួសរបស់ចម្ការយើងដោយចេតនាទៀតផង ខ្ញុំអាចយកទៅប្តឹងដើម្បីឲ្យប៉ូលីសស៊ើបអង្កេតរកអ្នកដែលធ្វើបានណា » ដេលលី លើរូបថតដែលជាស្នាមស្បែកជើងនៅក្បែររបងលួសដែលត្រូវកាត់ឲ្យ ម៉ាវីន មើល។ ដេលលី មើលរូបស្នាមស្បែកជើងនៅក្នុងទូរស័ព្ទហើយក៏ចោលភ្នែកទៅសម្លឹងស្បែកជើងរបស់ ម៉ាវីននិងកូនចៅរបស់គេ រហូតធ្វើឲ្យពួកគេរហ័សឈានថយក្រោយគេចទៅឈរនៅខាងក្រោយថៅកែ ម៉ាឡុន ដើម្បីមិនឲ្យនាងចាប់បានថាស្នាមស្បែកជើងនោះជាស្នាមស្បែកជើងរបស់ពួកគេ។
« បានហើយ ខ្ញុំប្រហែលជាមានការយល់ច្រឡំចំពោះមនុស្សរបស់លោក អេវីល បន្តិច ពេលនេះគ្រប់យ៉ាងបានបកស្រាយច្បាស់លាស់ហើយ ខ្ញុំសង្ឃឹមថាលោកមិនប្រកាន់នឹងរឿងនេះមួយទេ...ខ្ញុំភ្លេចថាមានការងារត្រូវធ្វើ អញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយ »
  « មិនអីទេ សូមអញ្ជើញ » អេវីល សម្តែងធ្វើជាញញឹមដាក់ថៅកែ ម៉ាឡុន ដូចគ្នា។
   « លោកប៉ា...ពួកយើងគិតទៅវិញដោយដៃទទេបែបមែនទេ? ចម្ការទំពាំបាយជូររបស់យើងដួលរាបដល់ដីខូចខាតអស់ទាំងស្រុងណា »
   « ឆាប់ទៅវិញ » ថៅកែ ម៉ាឡុន ស្រែកដាក់កូនប្រុសទាំងខឹងសម្បារ លោកខឹងចិត្តដែលចាញ់ អេវីល មិនស្ទើរទេ តែពេលនេះក៏មកខឹងនឹងភាពល្ងង់ខ្លៅមិនចេះគិតវែងឆ្ងាយរបស់កូនប្រុសថែមទៀត។ តើគេគិតមែនទេថាភស្តុតាងមិនច្បាស់លាស់របស់គេប៉ុណ្ណឹងអាចចាប់មនុស្សនៅចម្ការនេះបាននោះ? តើគេមិនស្តាប់នាងនិយាយមុននឹងទេឬ? បើនាងគ្រាន់តែប្រាប់ប៉ូលីសថានាងចូលទៅដេញពពែដែលចូលមកចម្ការ លីអូណា ឲ្យទៅចម្ការរបស់លោកវិញឲ្យអស់ លោកក៏អស់ពាក្យចោទប្រកាន់នាងទៅហើយ មានតែត្រូវនាងប្តឹងវិញក៏មិនដឹងផង។
  « សុវត្ថិភាពតាមផ្លូវលោកថៅកែ ហាសហា » ដេលលី សើចចំអកតាមក្រោយយ៉ាងសប្បាយចិត្ត ព្រោះលើកនេះនាងបានជួយបញ្ចេញកំហឹងឲ្យ អេវីល បានយ៉ាងសមចិត្ត បែបនេះគេប្រហែលពេញចិត្តណាស់ហើយមែនទេ? ដែលបានឃើញសត្រូវត្រូវចាញ់យ៉ាងអាម៉ាស់បែបនេះនោះ។
   « ឆាប់មកនេះ ខ្ញុំមានរឿងចង់និយាយជាមួយនាង » អេវីល មិននិយាយច្រើនហើយក៏ចាប់ដៃតូចអូសនាងចេញទៅរកកន្លែងស្ងាត់ដើម្បីនិយាយគ្នាយ៉ាងលឿន។
   « ត្រូវធ្ងន់មិនខានទេ អ្នកនាង ដេលលី អើយ » លោកពូ វីហ្គូ លាន់មាត់ឡើងទាំងព្រឺសម្បុរភ័យខ្លាចជំនួសគ្រាន់តែបានឃើញទឹកមុខនិងកាយវិការរបស់ចៅហ្វាយនាយពេលខឹងហើយ។
   « ខ្ញុំមិនដែលឃើញ អេវីល ខឹងដល់ថ្នាក់នេះទេ ប៉ុន្តែអ្នកនាង ដេលលី ក៏ល្អណា ព្រោះទីបំផុតមានអ្នកមកប្រដៅថៅកែ ម៉ាឡុននិងកូនប្រុសរបស់គេឲ្យយើងហើយ ខ្ញុំពិតជាពេញចិត្តណាស់ដែលឃើញពួកគេត្រូវចេញទៅវិញទាំងចាញ់យ៉ាងអាម៉ាស់មុខបែបនេះ  » រ៉េណា បារម្ភពី ដេលលី ផងហើយក៏សប្បាយចិត្តនឹងរឿងដែល ដេលលី បានជួយបញ្ចេញកំហឹងឲ្យមនុស្សក្នុងចម្ការមួយនេះផង។ ដឹងទេថាកម្មករនៅទីនេះខឹងស្អប់និងអត់ទ្រាំប្រឹងលាក់កំហឹងចំពោះថៅកែម៉ាឡុននិងកូនប្រុសរបស់គេទុកជាយូមកហើយ ប៉ុន្តែពេលនេះក៏មានអ្នកមកជួយបញ្ចេញកំហឹងនេះដាក់ថៅកែម៉ាឡុននិងកូនប្រុសឲ្យ ពិតជាឃើញហើយសប្បាយចិត្តខ្លាំងណាស់។
  « អួយ...ខ្ញុំវិលចង់ខ្យល់ចាប់ទៅហើយព្រោះរឿងមុន នេះ សូមទៅរកប្រេងខ្យល់សិនហើយទ្រាំមិនបានទេ » អ្នកស្រី រ៉ាវ៉ាន់ ធូរទ្រូងបន្តិចពេលរឿងចប់ទៅយ៉ាងល្អ ប៉ុន្តែនាងនៅតែចង់ខ្យល់ចាប់ព្រោះតែមុននេះភ័យខ្លាំងពេក។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now