ភាគ២៣

57 8 0
                                    

” ចាកចេញ ”

  ថេរ៉ុន ជួយកាន់វ៉ាលីសម្លៀកបំពាក់របស់ស្រីៗមកដាក់ឡានមុន ហើយក៏ឈររងចាំនៅក្បែរឡានយ៉ាងស្ងៀមស្ងាត់ ព្រោះគេមិនដែលគិតថានឹងត្រូវចាកចេញទៅដោយសារម្ចាស់គេប្រើពាក្យសម្តីធ្ងន់ៗដេញបែបនេះទេ។
  « ថេរ៉ុន! » រ៉េណា ស្រែកហៅ ថេរ៉ុន តាំងពីចម្ងាយ ហើយរត់ចូលមករកគេយ៉ាងប្រញាប់ប្រញាល់លើមុខពេញដោយភាពសោកសៅ។
  « អ្នកនាង...»
  ផឹប!
  ថេរ៉ុន ហាមាត់ហៅនាងមិនទាន់ចប់ផង នាងក៏រត់មកដល់ឱបគេណែនដៃដូចជាមិនចង់ឲ្យគេចាកចេញទៅសោះ។ មនុស្សគ្រប់គ្នានៅទីនេះសុទ្ធតែចង់ឲ្យពួកគេចាកចេញទៅ មានតែនាងម្នាក់គត់តែរត់មកឱបគេដោយភាពអាលោះអាល័យ ទើបធ្វើបេះដូងរឹងដូចថ្មរបស់គេត្រូវញាប់ញ័ររំជ្រួលចិត្តបន្តិចព្រោះតែនាង។
  « ក្រែងលោកប្រាប់ថាស្អែកទើបទៅមែនទេ? ហេតុអ្វីសុខៗក៏ចាកចេញទៅនៅថ្ងៃនេះទៅវិញ? ហ៊ឹក! » នាងបន្តឹងដៃឱបគេកាន់តែណែន ហើយយំរហាមដូចកូនក្មេងក្រោមដើមទ្រូងរបស់គេ។
  ថេរ៉ុន នៅឈរធ្មឹងភ្ញាក់ផ្អើលរហូតធ្វើអ្វីមិនត្រូវ ព្រោះគេមិនដែលគិតទេថាមនុស្សស្រីរឹងមាំដូចជានាងអាចមានថ្ងៃមកយំឱបគេដូចកូនក្មេងបែបនេះនោះ នាងពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលនិងរំជ្រួលចិត្តក្នុងពេលតែមួយ។
  « អ្នកនាង...អ្នកនាង រ៉េណា » ថេរ៉ុន ចាប់ស្មាតូចទាញនាងឲ្យចេញពីខ្លួនគេបន្តិច ដើម្បីអាចនិយាយគ្នាបាន។
  « លោកកុំទៅបានទេ ថេរ៉ុន! » រ៉េណា ចាប់ក្រសោបដៃគេទាំងសងខាង សូមអង្វរគេមិនឲ្យចាកចេញពីចម្ការលីអូណាទាំងទឹកភ្នែកជោកថ្ពាល់ នាងលែងចង់លាក់អារម្មណ៍របស់ខ្លួនឯងដែលមានចំពោះគេទៀតហើយ ព្រោះខ្លាចថានាងនឹងគ្មានឱកាសបានជួបគេម្តងទៀត បើនាងមិនហាមាត់ឃាត់គេនៅពេលនេះ។
  « គឺ...អេវីល គេដេញពួកយើងឲ្យចេញពីចម្ការហើយ ខ្ញុំមិនអាចនៅទីនេះបន្តទៀតបានទេ » ថេរ៉ុន ព្យាយាមនិយាយឲ្យនាងយល់ពីមូលហេតុដែលគេត្រូវតែចាកចេញទៅ។
  « បើលោកចង់នៅបន្ត ខ្ញុំអាចទៅសុំអង្វរ អេវីល ឲ្យលោកបានណា » រ៉េណា ចាប់អង្រួនដៃគេទាំងមិនដាច់ចិត្តឲ្យគេចាកចេញទៅ។
  « បើអ្នកនាង ដេលលី មិននៅទីនេះ ខ្ញុំក៏គ្មានហេតុផលអ្វីត្រូវនៅទីនេះដែរ »
  ដុក!
  រ៉េណា លែងដៃគេទាំងទឹកមុខអស់សង្ឃឹម ចុងក្រោយគេនៅតែជ្រើសរើសដើរតាមអ្នកនាងរបស់គេដដែល។
  « លោកមិនអាចនៅទីនេះដើម្បីខ្ញុំបានទេឬ? » រ៉េណា ធ្វើចិត្តក្លាហានសួរគេត្រង់ៗលែងលាក់អារម្មណ៍ដែលនាងមានចំពោះគេតទៅទៀត។
  « ដើម្បីអ្នកនាងមែនទេ? » គេសួរនាងវិញទាំងទឹកមុខងឿងឆ្ងល់មិនយល់ន័យរបស់នាង។
  « ខ្ញុំស្រលាញ់លោក ថេរ៉ុន »
  ថេរ៉ុន ឈរភ្លាំងសម្លឹងមុខនាងមិនដាក់ភ្នែក ក្រោយលឺពាក្យសារភាពភ្លាមៗរបស់នាងហើយ ហេតុអ្វីនាងមកស្រលាញ់គេទៅវិញ? ហើយចុះ អេវីល នាងមិនស្រលាញ់គេទេឬ?។
  « អ្នកនាង រ៉េ...» គេរដាក់រដុកមិនដឹងគួរនិយាយអ្វីតបទៅនាងវិញ ព្រោះកន្លងមកគេពិតជាមិនដែលគិតលើនាងលើសពីមិត្តម្តងណាឡើយ។
  « បើលោកបានដឹងថាខ្ញុំស្រលាញ់លោកហើយ លោកនៅតែចង់ទៅទៀត ខ្ញុំក៏មិនហាមឃាត់លោកទៀតដែរ ជូនពរលោកធ្វើដំណើរដោយសុវត្ថិភាព ហ៊ឹក! » នាងនិយាយជូនពរគេចប់ក៏ងាកមុខដើរចេញទៅយឺតៗទាំងទឹកភ្នែកស្រក់ចុះមកជោកថ្ពាល់។ នាងមិនចង់ឃ្លាតឆ្ងាយពីគេ ប៉ុន្តែនាងក៏គ្មានសិទ្ធិហាមឃាត់គេឲ្យនៅក្បែរនាងបន្ត ទើបបានត្រឹមតែជូនពរគេទាំងចិត្តអាលោះអាល័យ។
   ថេរ៉ុន រឹងមាត់ហាស្តីមិនរួច មិនដឹងថាគួរនិយាយលួងលោមនាងបែបណា ទើបបានត្រឹមឈរមើលនាងយំចាកចេញទៅទាំងមានអារម្មណ៍ខុសចំពោះនាង។
   « សុំទោសផង រ៉េណា ដែលខ្ញុំមិនអាចនៅកំដរនាងបន្តទៀតបាន » ថេរ៉ុន ពោលឡើងពេលដែល រ៉េណា ដើរចាកចេញទៅឆ្ងាយហៅលែងលឺទៅហើយ ទើបនាងមិនអាចស្តាប់គេលឺឡើយ។
   « ឆាប់ឡើង ដេលលី! »
   សំឡេងរបស់ ស៊ូជីន ធ្វើឲ្យ ថេរ៉ុន ដកភ្នែកនិងអារម្មណ៍ពី រ៉េណា មកឈរសម្លឹងអ្នកនាងរបស់គេដែលដើរយឺតៗចេញពីផ្ទះចម្ការទាំងមិនអស់អាល័យវិញ។
   ដេលលី ដើរបានពីរបីជំហានក៏ឈប់ហើយងាកទៅសម្លឹងផ្ទះដែលមានអនុស្សាវរីយ៍ជាច្រើនរវាងនាងនិងអេវីល វិញ។ ពេលដែលនាងមកដល់ទីនេះដំបូងក្នុងចិត្តរបស់នាងពេញដោយក្តីសង្ឃឹម ក្តីរំភើបត្រេកអរដែលអាចមានឱកាសមករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយបុរសដែលនាងស្រលាញ់បាន នាងអាចជួបគេបានព្រឹកល្ងាច ប៉ុន្តែដល់ពេលវេលាដែលនាងត្រូវចាកចេញទៅវិញ ក្នុងចិត្តរបស់នាងមានតែក្តីឈឺចាប់ខ្លោចផ្សា អស់សង្ឃឹម សោកសៅតែប៉ុណ្ណោះ។ ចុងក្រោយនាងក៏ព្រមចុះចាញ់ក្តីស្នេហាមួយនេះ នាងបរាជ័យទាំងស្រុងក្នុងការតាមយកបេះដូងរបស់គេ គ្រប់យ៉ាងដែលនាងខំប្រឹងដើម្បីគេកន្លងមកក៏ប្រែជាគ្មានន័យអ្វីសោះ គ្រប់យ៉ាងសល់ត្រឹមតែការចងចាំដែលឈឺចាប់មួយប៉ុណ្ណោះ ចាប់ពីពេលនេះតទៅនាងនិងគេរស់នៅជីវិតរៀងខ្លួន នាងប្រហែលមិនមករំខានជីវិតរបស់គេម្តងទៀតទេ។
   « សង្ឃឹមថាបងនឹងរស់នៅយ៉ាងមានក្តីសុខ អេវីល » ដេលលី ពោលពាក្យចុងក្រោយទៅកាន់គេពីចម្ងាយហើយដំណក់ថ្លាក៏ស្រក់ចេញពីភ្នែករបស់នាងមក ស្របពេលជើងស្រឡូនទាំងគូឈានដើរចេញពីមាត់ទ្វាផ្ទះយឺតៗទាំងមិនដាច់ចិត្ត។ នាងសង្ឃឹមថាគេនឹងមកជូនដំណើរនាងជាលើកចុងក្រោយ ទាំងដឹងហើយថាគេមិនអាចមកនោះទេ ព្រោះគេជាអ្នកហាមាត់ដេញនាងឲ្យចេញពីទីនេះដោយផ្ទាល់ ប៉ុន្តែនាងនៅតែលួចមានក្តីសង្ឃឹមថាគេនឹងមកទៀត នាងពិតជាស្អប់ខ្លួនឯងដែលតែងតែបង្កើតក្តីសង្ឃឹមផ្តេសផ្តាសតែម្នាក់ឯងបែបនេះខ្លាំងណាស់។ ដេលលី លើកដៃជូតទឹកភ្នែកប្រឹងកាត់ចិត្តឲ្យដាច់ពីទីនេះនិងឈប់លួចសង្ឃឹមផ្តេសផ្តាសទៀត ហើយក៏រហ័សដើរមកកាន់ឡានដែល ថេរ៉ុន បានបើកទ្វាឡានចាំនាងជាស្រេច។ មុននឹងចូលក្នុងឡាននាងក៏ចោលភ្នែកសម្លឹងរូបរាងផ្ទះចំណាស់ដ៏ស្រស់ស្អាតម្តងទៀត មុននឹងងាករកមើលមនុស្សសំខាន់ម្នាក់ដែលនាងរំពឹងថាគេនឹងមក ប៉ុន្តែក៏មិនបានឃើញគេដដែល ទើបនាងឡើងឡានចាកចេញទៅទាំងទឹកមុខក្រៀមក្រំខ្លាំង។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now