ភាគ០៩

41 5 0
                                    

បំណងល្អប្រែជាកំហុស

  ហាងផ្កាក្នុងក្រុង

  ដេលលី ឈររាប់លុយដែលបានមកមើល ឃើញថាគ្រប់ចំនួនហើយទើបនាងហុចទៅឲ្យ អេវីល ដែលឈររងចាំនាងនៅខាងមុខហាង។
  « ខ្ញុំមិនដែលគិតទេថាមនុស្សស្រីដែលមិនចេះធ្វើអ្វីក្រៅពីបង្ករឿងដូចជានាងអាចរៀបចំបាច់ផ្កាបានស្អាតដ៏ថ្នាក់នេះ » អេវីល ឈររាប់លុយនិងលាន់មាត់សរសើរ ដេលលី ជាលើកដំបូង ព្រោះតាំងពីស្គាល់នាងមកលើកទីមួយហើយដែលគេឃើញនាងជាមនុស្សម្នាក់ដែលអាចពឹងពាក់បាន។
   « គឺអ្នកម៉ាក់របស់ខ្ញុំគាត់ធ្លាប់ជាអ្នកលក់ផ្កា ខ្ញុំកើតមកព្រមជាមួយបាច់ផ្កានៅជុំវិញខ្លួន ថ្ងៃណាក៏ឃើញអ្នកម៉ាក់អង្គុយរៀបបាច់ផ្កាឲ្យភ្ញៀវដែរ ទើបខ្ញុំពូកែរៀបចំផ្កាបែបនេះ » ដេលលី ញញឹមស្រស់ពេលរំលឹកដល់ការចងចាំរីករាយការពីកុមារជាមួយអ្នកម៉ាក់ ទើប អេវីល នឹកឃើញចង់សួររឿងដែលនាងគេចចេញពីផ្ទះមក។
   « រឿងដែលអ្នកម៉ាក់និងលោកប៉ារបស់នាង ដេញនាងចេញពីផ្ទះតើពិតដែរទេ? » គេសួរបញ្ចាក់ព្រោះពេលដែល ថេរ៉ុន និយាយនៅថ្ងៃមិញដូចជាលាយឡំនឹងការលេងសើចខ្លះ ទើបគេមិនសូវជឿនោះទេ ម្យ៉ាងទៀតអ្នកម៉ាក់លោកប៉ារបស់នាងស្រលាញ់ថ្នមនាងយ៉ាងនេះ តើដេញនាងចេញពីផ្ទះយ៉ាងម៉េចបានទៅ?។
   « មិនមែនគាត់ដេញទេ ប៉ុន្តែខ្ញុំរត់ចេញមកដោយខ្លួនឯងទៅវិញទេ »
   « ហេតុអ្វីនាងរត់ចេញមក? » អេវីល កាន់តែចង់ដឹងព្រោះគេអាចទទួលដឹងពីទុក្ខលំបាកទាំងអស់ដែលនាងកំពុងលាក់នៅក្នុងចិត្តរបស់នាងតាមរយះកែវភ្នែកទាំងគូ ទោះពេលធម្មតាគេមិនចូលចិត្តនាងដែលតែងតែតាមគេមិនឈប់ ប៉ុន្តែបើគិតតាមពេលដែលគេនិងនាងស្គាល់គ្នា អាចរាប់បានថាគេជាមិត្តភក្តិចំណាស់បំផុតរបស់នាង ស្គាល់គ្នាមកតាំងពីក្មេង គេនិងនាងធំឡើងមកជាមួយគ្នា ជៀសមិនផុតថាមានចិត្តបារម្ភពីនាងនោះទេ។
   « រឿងវែងឆ្ងាយណាស់មិនចង់រំលឹកទេ ប៉ុន្តែបងសួរនាំច្រើនយ៉ាងនេះ បារម្ភពីខ្ញុំមែនទេ? » ដេលលី ខិតចូលមកជិតរាងក្រាស់សួរចែចង់គេវិញ។
   « អត់ទេ គ្រាន់តែចង់ដឹងរឿងហើយរកវិធីឲ្យនាងត្រឡប់ទៅផ្ទះវិញឲ្យបានលឿនប៉ុណ្ណោះ » អេវីល គេចមុខពីនាងនិងឆ្លើយតបទាំងមុខក្រញូវ រួចក៏រហ័សដើរសំដៅទៅឡានដែលចតចោលនៅច្រកចេញឆ្ងាយពីទីនេះគួរសម ដោយសារតែកន្លែងនេះជាតំបន់មមាញឹកសម្បូរទៅដោយហាងទំនិញគ្រប់ប្រភេទ អាហារដ្ផ្ឋានគ្រប់មុខនៅអមសងខាងផ្លូវដែលមានទំហំសមរល្មមមិនធំដូចផ្លូវជាតិនោះទេ ទើប អេវីល មិនបើកឡានចូលមកព្រោះពិបាករកកន្លែងបត់ចេញទៅវិញ ទើបគេចតទុកនៅច្រកចូល។
   « ឈប់សិន! ថ្ងៃនេះខ្ញុំធ្វើការពេញមួយថ្ងៃហត់ណាស់ បងមិនគិតទិញអ្វីឲ្យខ្ញុំញុំខ្លះទេឬ? » ដេលលី រត់ត្រុកៗតាមពីខាងក្រោយគេហើយព្យាយាមសុំឲ្យគេទិញអ្វីឲ្យនាងញុំមិនឈប់ ព្រោះនាងចង់ញុំអាហារតែពីរនាក់ជាមួយគេនៅទីនេះ ហាងអាហារនៅទីនេះសាកសមបំផុតសម្រាប់គូស្នេហ៍ បើនាងបានញុំអាហារជាមួយគេច្បាស់ជាល្អមិនខាន។
   « ខ្ញុំមិនចូលចិត្តញុំអាហារនៅខាងក្រៅទេ បើនាងឃ្លានក៏រកទិញអ្វីញុំទ្រាប់ពោះសិនទៅ » អេវីល ឈប់ដំណើរហើយងាកមករកនាងវិញ ជាមួយចម្លើយដែលខកបំណងបំផុតសម្រាប់ ដេលលី។
   « ចឹង...បងអាចទិញការ៉េមឲ្យខ្ញុំបានទេ? » ដេលលី សួរទៅកាន់គេទាំងទឹកមុខសោកសៅ សង្ឃឹមថាគេនឹងមិនបដិសេធរឿងការ៉េមទៀតទេ តាមពិតនាងអាចឆ្លងផ្លូវទៅទិញការ៉េមដែលចង់ញុំដោយខ្លួនឯងបាន ប៉ុន្តែនាងមិនទៅ ព្រោះនាងចង់ឲ្យគេជាអ្នកទិញឲ្យនាង។
   « អញ្ចឹងនាងនៅចាំត្រង់នេះហើយ កុំដើរទៅណាឲ្យសោះដឹងទេ? » អេវីល ផ្ដាំនាងហើយទើបឈរនៅចាំឆ្លងផ្លូវទៅម្ខាងទៀត។
  « បងបារម្ភខ្ញុំទៀតហើយឃើញទេ » ដេលលី ញញឹមស្រស់ដាក់គេនិងនិយាយធ្វើឲ្យគេខឹងនឹងនាងមិនឈប់។
  « ខ្ញុំបារម្ភពីខ្លួនឯងទៅវិញទេ ព្រោះបើនាងកើតអ្វីទៅលោកពូ រ៉ូណាន់ ច្បាស់ជាមកសម្លាប់ខ្ញុំមិនខានទេ ដូច្នេះនាងជួយនៅឲ្យស្ងៀមបន្តិចទៅ កុំរពឹសពេក » អេវីល ប្រកែកជាមួយនាង ហើយផ្ដាំនាងឲ្យនៅចាំគេទីនេះម្តងទៀត មុននឹងរត់ឆ្លងផ្លូវទៅហាងការ៉េមនៅត្រើយម្ខាងទៀត។
  « ...» ដេលលី ឈរញញឹមមើលគេពីចម្ងាយត្រង់កន្លែងដែលគេប្រាប់ឲ្យនាងនៅចាំ។ នាងឈររំភើបចិត្តចង់ដឹងណាស់ថាគេនឹងរើសរសជាតិការ៉េមមួយណាឲ្យនាង តើគេនៅចាំរសជាតិការ៉េមដែលនាងចូលចិត្តកាលពីនៅក្មេងបានឬភ្លេចហើយ? តែនាងសង្ឃឹមថាគេនឹងចាំបានទៅចុះ ព្រោះនាងចង់ឲ្យគេចងចាំគ្រប់យ៉ាងតែទាក់ទងនឹងនាង ទោះជារឿងតូចមួយក៏ដោយ មានតែបែបនោះទេទើបនាងដឹងថាគេយកចិត្តទុកដាក់ចំពោះនាងពិតឬអត់?។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now