ភាគ៣៨

66 1 0
                                    

“ ខកបំណង ”

  អេវីល ភ្ញាក់ពីប្រលឹមតាមទម្លាប់ គេស្លៀកពាក់ស្អាតបាតហើយរៀបចេញទៅធ្វើការ ប៉ុន្តែពេលចេញមកដល់មុខផ្ទះក៏បានឃើញអ្នកស្រី រ៉ាវ៉ាន់ នៅឈរមុខផ្ទះរងចាំគេជាស្រេច។
  « អ្នកមីង! » អេវីល លាន់មាត់ឡើងទាំងភ្ញាក់ផ្អើលបន្តិច ព្រោះអ្នកមីងរបស់គេមិនដែលក្រោកមកឈររងចាំគេបែបនេះទេ ច្បាស់ជានាងមានរឿងសំខាន់ចង់និយាយជាមួយគេមិនខាន។
  « អេវីល រឿងរវាងឯងនិងដេលលីតើសម្រេចចិត្តច្បាស់ហើយមែនទេ? » អ្នកស្រី រ៉ាវ៉ាន់ ងាកមកសួរ អេវីល ដោយលើផ្ទៃមុខពេញដោយក្តីកង្វល់។
  « សុំទោសផងអ្នកមីងដែលខ្ញុំមិនអាចហាមឃាត់ចិត្តរបស់ខ្លួនឯងមិនឲ្យស្រលាញ់ ដេលលី បាន » គេដឹងថាខ្លួនឯងធ្វើឲ្យអ្នកមីង រ៉ាវ៉ាន់ ខកបំណងចំពោះគេ ទើបគេសុំទោសអ្នកមីង រ៉ាវ៉ាន់  ប៉ុន្តែគេក៏ចង់ឲ្យនាងយល់ថា ដេលលី មិនមានចេតនាចង់ឲ្យលោកប៉ារបស់គេស្លាប់ទេ វាជាកំហុសអចេតនាមួយហើយនាងក៏ព្យាយាមតបស្នងកំហុសរបស់នាងមកច្រើនណាស់មកហើយ ដូច្នេះដល់ពេលហើយដែលគ្រប់គ្នាគួរតែអភិទោសឲ្យនាង ហើយគេក៏ជឿថាបើលោកប៉ារបស់គេដឹងរឿងនេះ លោកក៏ព្រមអភិទោសឲ្យនាងយូណាស់មកហើយ។
   « មានអ្វីត្រូវសុំទោសទៅ នេះគឺជាជីវិតរបស់ឯង ឯងមានសិទ្ធិជ្រើសដៃគូជីវិតដោយខ្លួនឯង តែមីងគ្រាន់តែសង្ឃឹមថានាងនឹងមិនបង្កគ្រោះថ្នាក់ដល់ឯងឬក៏កុហកបោកប្រាស់ឯងម្តងទៀតទេ អេវីល កូនត្រូវចាំថាបើកូនមានក្តីសុខ អ្នកមីងក៏មានក្តីសុខដូចគ្នា » អ្នកមីង រ៉ាវ៉ាន់ ចូលទៅឱបកូនប្រុសរបស់ស្វាមី ដើម្បីឲ្យគេឈប់មានអារម្មណ៍ខុសតទៅទៀត។
   « បាទ អ្នកមីង » អេវីល ឱបតបរាងចំណាស់ដែលបានចិញ្ចឹមមើលថែគេយ៉ាងល្អប្រៀបដូចម្តាយបង្កើតវិញ។

   ប៉ុន្មានម៉ោងក្រោយមក

   ថ្ងៃនេះ ដេលលី ក្រោកពីគេងយឺតព្រោះតែរឿងយប់មិញធ្វើឲ្យនាងអស់កម្លាំងមិនស្រួលខ្លួនសោះ ក្រពះរបស់នាងឈឺបន្តិច ព្រោះប្រឹងក្អួតកាលពីយប់មិញ។ រាងស្តើងដើរទាំងអស់កម្លាំងមករកអ្វីញុំខ្លះដើម្បីមិនឲ្យក្រពះរបស់នាងឈឺតទៅទៀត នាងកំពុងបើកទូកទឹកកករករបស់ញុំស្រាប់តែមានអារម្មណ៍ថាដូចជាមានមនុស្សលួចចូលមកពីខាងក្រោយខ្នងរបស់នាងស្ងាត់ៗ ទើបចិត្តរបស់នាងនឹកគិតដល់មនុស្សម្នាក់ដែលគ្មានបំណងល្អចំពោះនាងភ្លាម ម្នាក់គឺអ្នកមីង យូមី ទើបនាងប្រញាប់ឱនខាំនំបុ័ងពីក្នុងដៃដើម្បីទុកដៃទំនេរមកទប់ទល់នឹងសត្រូវ។
  ផឹប!
  ដេលលី ទប់កណ្ដាប់ដៃជាប់ពេលងាកមកឃើញអ្នកមីង យូមី នៅឈរធ្មឹងមិនមានអាវុធនៅក្នុងដៃឬរបស់អ្វីដែលធ្វើឲ្យនាងមានគ្រោះថ្នាក់ទេ មើលទៅរាងចំណាស់គ្រាន់តែចូលមករកនាងតាមធម្មតាប៉ុណ្ណោះ។
  « អាហារទុកនៅលើតុ នាងអាចញុំបាន ព្រោះខ្ញុំមិនបានដាក់ថ្នាំពុលក្នុងអាហារទេ » អ្នកមីង យូមី និយាយឡើងយ៉ាងសោះកក្រោះនិងគួរឲ្យខ្លាចតាមទម្លាប់របស់នាង។
  ដេលលី មើលទៅអ្នកមីង យូមី ដូចជាមិនអាចដាក់ថ្នាំបំពុលនាងទេ ព្រោះអ្នកណាក៏មិនល្ងង់មកដាក់ថ្នាំបំពុលក្នុងអាហារដែលខ្លួនឯងចម្អិនដោយផ្ទាល់ដៃបែបនេះដែរ ព្រោះបើកើតរឿងអ្វីឡើងមកអ្នកដែលត្រូវប៉ូលីសសង្ស័យមុនគេគឺចុងភៅនេះហើយ។
   «...» ដេលលី សម្លឹងមើលរាងចំណាស់ដែលឈរលាងចាននៅក្បែរនោះដោយមានអារម្មណ៍ចម្លែកៗ ពេលខ្លះនាងក៏មានអារម្មណ៍ថាអ្វីដែលអ្នកមីង យូមី កំពុងធ្វើដូចជាមានបំណងល្អចំពោះនាងទៅវិញ ប៉ុន្តែពេលខ្លះនាងក៏យល់ថាអ្នកមីង យូមី គ្រោះថ្នាក់ខ្លាំងណាស់។ នាងចង់ដឹងថាអ្នកមីងម្នាក់នេះចង់បានអ្វីឲ្យពិតប្រាកដទៅ ហើយតើអ្នកមីងជាមនុស្សតែម្នាក់ជាមួយមនុស្សស្រីដែលឈ្មោះ យូរ៉ាន់ នោះដែរទេ? ។ ដេលលី ឆ្លៀតពេលរាងចំណាស់កំពុងឈរភ្លឹកក៏គិតលើកទូរស័ព្ទមកថតរូបនាងប៉ុន្មានប៉ុស្តិ៍ទុក ទោះជារូបភាពពីក្រោយក៏គ្រាន់បើជាងមិនមានរូបឲ្យ ដាយ៉ែល វិភាគសោះដែរ ។
   « មុននឹងសម្រេចចិត្តចង់ធ្វើអ្វីមួយគួរតែគិតឲ្យច្បាស់សិន »
   នៅសុខៗអ្នកមីង យូមី ស្រាប់តែងាកមករកនាង ទើបនាងរហ័សដាក់ទូរស័ព្ទទុកយ៉ាងលឿន ព្រោះខ្លាចរាងចំណាស់ចាប់បានថានាងលួចថតរូបរបស់គាត់។
   « ចាស? » ដេលលី លើកចិញ្ចើមសួរទៅរាងចំណាស់ដែលនៅចំពោះមុខវិញព្រោះមិនយល់នឹងសម្តីរបស់មនុស្សចាស់ម្នាក់នេះ។
   « ភាពមានៈ ការចចេសរឹងរូសនិង ការមិនចេះស្តាប់ពាក្យដាស់តឿនរបស់អ្នកដទៃនឹងធ្វើឲ្យជីវិតរបស់យើងធ្លាក់ទៅក្នុងគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ » អ្នកមីង យូមី លើកកាំបិតមុតស្រួចដែលលាងសម្អាតមកសម្លឹងមើលដោយទឹកមុខគួរឲ្យខ្លាចបំផុតហើយទើបយកទៅស៊កទុកកន្លែងដើមវិញមួយទំហឹង ធ្វើឲ្យ ដេលលី ព្រឺឆ្អឹងខ្នងខ្ញាក។
  « ខ្ញុំគិតថាខ្ញុំឆ្អែតហើយ » ដេលលី មើលទៅស្ថានការណ៍មិនស្រួលក្រោយស្តាប់លឺពាក្យសម្តីប្លែកៗរបស់អ្នកមីង យូមី ហើយ ទើបរហ័សក្រោកឈរឡើងទាំងភិតភ័យហើយដើរញាប់ជើងចេញពីផ្ទះបាយទៅយ៉ាងលឿន។
  ដេលលី ដើរបណ្តើរងាកក្រោយបណ្តើរព្រោះខ្លាចអ្នកមីង យូមី តាមមកទៀត។
  « មនុស្សអីគួរឲ្យខ្លាចបែបនេះ » ដេលលី បំបោលដៃឲ្យរោមដែលបះឡើងរាបទៅវិញ ទាំងបេះដូងលោតស្ទើរតែចេញមកក្រៅធ្លាក់ទៅដីព្រោះតែទង្វើគួរឲ្យខ្លាចរបស់រាងចំណាស់ក្នុងផ្ទះបាយមុននេះ។
  « ដេលលី! » ស៊ូជីន ដើរមកបានឃើញ ដេលលី ធ្វើខ្លួនភិតភ័យប្លែកៗទើបរហ័សហៅមិត្តឲ្យឈប់។
  « ស៊ូជីន! » ដេលលី លាន់មាត់ឡើងទាំងធូរទ្រូងពេលបានឃើញ ស៊ូជីន ហើយ ព្រោះយ៉ាងណាពេលនេះនាងក៏មានគ្នាពីរនាក់មិនខ្លាចអ្នកមីង យូមី សម្លាប់បំបិទមាត់ទៀតទេ។
  « មានរឿងអ្វីមែនទេ? ហេតុអ្វីក៏មើលទៅដូចជាភិតភ័យយ៉ាងនេះ? »
  « គឺគ្មានរឿងអ្វីទេ គ្រាន់តែបានជួបសត្វល្អិតនៅផ្ទះបាយប៉ុណ្ណោះ »
  « ពិតមែនហើយ អបអរសាទរឯងផង » ស៊ូជីន និយាយឡើងទាំងសប្បាយចិត្តជំនួសមិត្ត ព្រោះនាងបានដំណឹងមកថា អេវីលនិងសុំមិត្តរបស់នាងទាក់ទងគ្នាជាផ្លូវការហើយ។
  « អបអរសាទរអីឯងទៅ! » ដេលលី ធ្វើជាមិនយល់រឿងទាំងលើមុខលួចញញឹមមិនឈប់។
  « គឺអបអរសាទរដែលថ្ងៃនេះ អេវីល សុំឯងធ្វើសង្សានោះអី បើបានធ្វើសង្សានឹងគ្នាហើយមិនយូទេច្បាស់ជាបានរៀបការជាមួយគ្នាមិនខានទេ »
  « គេគ្រាន់តែនិយាយថានឹងផ្តល់ចម្លើយឲ្យ មិនមែនសុំគ្នាធ្វើសង្សារទេ មិនដឹងថាយល់ព្រមឬអត់ផង? » ដេលលី ធ្វើមុខក្រញូវដាក់មិត្ត។
  « គ្នាប្រាកដចិត្តណាថាគេស្រលាញ់ឯង ចម្លើយរបស់គេនៅថ្ងៃនេះច្បាស់ជាសុំឯងធ្វើសង្សាមិនខានទេ អើយ...ទីបំផុតស្នេហារបស់មិត្តខ្ញុំបានជោគជ័យហើយ បន្តិចទៀតខ្ញុំត្រូវឯកាម្នាក់ឯងព្រោះមិត្តការចោល » ស៊ូជីន ធ្វើជាតូចចិត្តដាក់មិត្ត ទើប ដេលលី ចូលមកឱបនាងអង្រួនតិចៗលួងលោមមិត្ត។
  « ទោះជាគ្នាការហើយក៏មិនអាចឲ្យឯងឯកាដែរ ព្រោះយើងជាមិត្តមួយរយឆ្នាំនោះអី »
  « ឯងជាអ្នកនិយាយទេណា ចាំមើលតែអ្នកណារត់ចោលគ្នាក្រោយរៀបការរួច គ្នាតាមទៅវាយដល់ផ្ទះហើយ »
  « ហាសហា » ដេលលី សើចឡើងដាក់មិត្ត ហើយ ស៊ូជីន ក៏សើចឡើងដូចគ្នា ព្រមទាំងលើកដៃមកឱបតបជាមួយនាងវិញផងដែរ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now