ភាគ១៤

146 8 0
                                    

“ ព្រួយបារម្ភ ”

  ដេលលី អង្គុយឱបដៃរងាញ័រទទ្រើក តែភ្នែកព្យាយាមសម្លឹងទៅផ្លូវដែល អេវីល ត្រូវត្រឡប់មកមិនដាក់ភ្នែក រហូតបានឃើញស្រមោលមនុស្សជិះសេះកាត់ភ្លៀងពីចម្ងាយ ទើបស្រីក្រមុំរហ័សក្រោកឈរឡើងរត់ទៅមុខឈររងចាំមើលថាអ្នកដែលជិះសេះមកជា អេវីល ដែរទេ។
  « អៀវ! »
  « លោកពូវីហ្គូ! » ដេលលី ឃើញលោកពូវីហ្គូ ឈប់សេះនៅពីមុខនាង តែមិនបានឃើញ អេវីល មកជាមួយលោកទេ ទើបនាងរត់ចេញពីក្រោមរោងទៅសួរលោកពូ វីហ្គូ នៅកណ្តាលភ្លៀង។
  « អ្នកនាង ដេលលី! »
  « លោកពូមកតែម្នាក់ឯងទេឬ? ហើយចុះបង អេវីល? » នាងចាប់ផ្តើមបារម្ភកាន់តែខ្លាំង ជាពិសេសពេលឃើញទឹកមុខមិនស្រួលរបស់លោកពូ វីហ្គូ ហើយ ។
  « គឺថាចៅហ្វាយលួចចូលទៅពិនិត្យនៅចម្ការថៅកែ ម៉ាឡុន តែម្នាក់ឯង ហើយឲ្យខ្ញុំត្រឡប់មកមុន » លោកពូ វីហ្គូ និយាយប្រាប់ ដេលលី តែប៉ុណ្ណេះ ព្រោះមិនចង់ឲ្យនាងបារម្ភកាន់តែខ្លាំង បើដឹងថាលោកនៅរងចាំ អេវីល មួយម៉ោងហើយតែមិនបានឃើញគេចេញពីចម្ការថៅកែ ម៉ាឡុន មកវិញទេ ហើយរឿងដែលសំខាន់បំផុតដែលលោកព្យាយាមលាក់នឹង ដេលលី នោះគឺលោកបានលឺសំឡេងកាំភ្លើងចេញពីចម្ការរបស់ថៅកែ ម៉ាឡុន ជាច្រើនគ្រាប់ ទើបលោករហ័សត្រឡប់មកចម្ការដើម្បីនាំកម្មករសម្រុកចូលទៅផ្ទះថៅកែ ម៉ាឡុន តាមដែល អេវីល ប្រាប់។
   « មិនបានទេ ខ្ញុំត្រូវតែទៅតាមបង អេវីល » ដេលលី នៅតែបារម្ភពីគេខ្លាំងហើយចង់ដើរទាំងភ្លៀងទៅរក អេវីល ដែលនៅក្នុងព្រៃម្នាក់ឯង។
   « មិនបានទេ អ្នកនាងទៅមិនបានទេ » លោកពូ វីហ្គូ ចាប់ដៃនាងអូសចូលមកជ្រកក្នុងរោងវិញ។
   « ហ៊ឹក...បង អេវីល នៅក្នុងព្រៃចម្ការថៅកែ ម៉ាឡុន តែម្នាក់ឯង តើឲ្យខ្ញុំនៅទីនេះស្ងៀមៗមិនធ្វើអ្វីបានយ៉ាងម៉េចទៅ? »
   « ខ្ញុំកំពុងតែប្រញាប់នាំកម្មករទៅជួយចៅហ្វាយហើយ ប៉ុន្តែខ្ញុំត្រូវការពេលបន្តិចដើម្បីប្រមូលផ្ដុំកម្មករ អ្នកនាងនៅអង្គុយចាំទីនេះសិនហើយ » លោកពូ វីហ្គូ ប្រាប់នាងឲ្យអត់ធ្មត់រងចាំហើយលោកក៏រត់ចេញទៅហៅកម្មករម្តងម្នាក់ៗ ប៉ុន្តែដោយសារជាពេលសម្រាក ទើបកម្មករភាគច្រើនចេញទៅខាងក្រៅឬក៏ត្រឡប់ទៅផ្ទះដើម្បីជុំជួបគ្រួសារ ទើបលោកពូ វីហ្គូ ត្រូវចំណាយពេលយូដើម្បីប្រមូលផ្ដុំមនុស្ស។
    ដេលលី មិនអាចទ្រាំអង្គុយស្ងៀមដោយមិនធ្វើអ្វីទៀតបានទេ អេវីល មិនត្រឡប់មកវិញជាមួយលោកពូ វីហ្គូ មិនមែនជារឿងធម្មតាទេ ម្យ៉ាងទៀតនាងសង្កេតឃើញថាលោកពូ វីហ្គូ ដូចជាមានអ្វីលាក់បាំងនឹងនាង ទើបនាងមានអារម្មណ៍ថា អេវីល ច្បាស់ជាកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់មិនខាន។ ដេលលី ស្ទុះក្រោកឈរឡើងសម្លឹងសេះដែលចងនៅក្នុងរោងជិតនេះ នាងក៏ធ្លាប់រៀនជិះសេះជាមួយលោកពូ រ៉ូណាន់ ពីមុនមកដែរ ប៉ុន្តែយូឆ្នាំណាស់មកហើយ នាងមិនដឹងថានាងអាចនៅជិះសេះបានឬអត់ទេ? តែយ៉ាងណានាងក៏គ្មានជម្រើសហើយ មានតែសាកល្បងតែប៉ុណ្ណោះ។
   ដេលលី ស្រាយខ្សែសេះមកកាន់នឹងដៃណែន ហើយក៏ឡើងជិះលើខ្នងសេះយ៉ាងក្លាហាន ទោះជានាងកំពុងតែភ័យខ្លាចខ្លាំង តែនាងប្រឹងសម្រួលអារម្មណ៍ ដកដង្ហើមមួយៗ មុននឹងបញ្ជាសេះឲ្យរត់ចេញទៅ។
   « ឆាប់ទៅ! » ដេលលី ទាញខ្សែនៅនឹងដៃ សេះក៏រត់ទៅមុខយ៉ាងលឿនចេញទៅ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now