ភាគ៣៤

62 4 0
                                    

“ ខ្មាស់អៀន ”

  មន្ទីរពេទ្យ

  ដេលលី ស៊ូជីននិងថេរ៉ុន បានលើកប្រអប់បបរដែលចម្អិនមកពីផ្ទះសម្រាប់កម្មករដែលឈឺសម្រាកនៅមន្ទីរពេទ្យដាក់នៅលើតុមួយពីមុខកម្មករដែលឈឺគ្រប់គ្នា។
  « ព្រឹកនេះខ្ញុំធ្វើបបរមកឲ្យគ្រប់គ្នាណា » ដេលលី ឈរនៅចន្លោះកណ្តាលគ្រែអ្នកជំងឺពីរជួរដែលមានកម្មករដប់នាក់ជាងកំពុងសម្រាកព្យាបាល ដោយសារតែចំនួនកម្មករច្រើននាក់បែបនេះ ទើបនាងត្រូវក្រោកតាំងពីជិតភ្លឺដើម្បីធ្វើចម្អិនបបរដប់ចានជាងនេះមកឲ្យកម្មករ ហើយថែមទាំងនាងមិនជំនាញធ្វើម្ហូបទៀត ទើបត្រូវរៀនធ្វើយ៉ាងពិបាកទម្រាំបានបបរទាំងអស់នេះមក ប៉ុន្តែមុននឹងយកមកនាងក៏បានភ្លក្សរួចហើយ រសជាតិឆ្ងាញ់មិនអន់ទេ ទើបនាងហ៊ានយកមកឲ្យកម្មករញុំ។
  ស៊ូជីន ថេរ៉ុន យកចានបបរទៅដាក់លើតុអាហារអ្នកជំងឺនៅលើគ្រែម្តងមួយចានៗ ប៉ុន្តែកម្មករបែរជាអង្គុយសម្លឹងចានបបរដោយក្រសែភ្នែកភ័យខ្លាច ដេលលី ដាក់ថ្នាំបំពុលទៅវិញ។
  ឃើញបែបនេះ ដេលលី ក៏លើកចានបបរមួយចានមកដួលញុំឲ្យគ្រប់គ្នាមើលដើម្បីបញ្ជាក់ឲ្យកម្មករបានឃើញថានាងមិនបានដាក់អ្វីចូលចានបបរទេ។
  « ក្នុងបបរគ្មានថ្នាំពុលទេ អ្នកទាំងអស់គ្នាអាចទុកចិត្តបាន » ដេលលី ញញឹមញុំបបរបណ្តើរនិងនិយាយទៅកាន់គ្រប់គ្នាបណ្តើរ។
  « ឲ្យពួកយើងទុកចិត្តយ៉ាងម៉េចបាន នៅក្នុងចានរបស់នាងគ្មានថ្នាំពុល តែនៅក្នុងចានរបស់ពួកយើងមានក៏ថាបាន » កម្មករម្នាក់ចេញមុខមកតវ៉ា។
  « អ្នកទាំងអស់គ្នាគិតអាក្រក់លើមិត្តរបស់ខ្ញុំពេកហើយទេដឹង? ដេលលី តាំងពីដើមមកមិនដែលធ្វើបាបមនុស្សល្អទេ នាងប្រដៅតែពួកមនុស្សអាក្រក់ប៉ុណ្ណោះ » ស៊ូជីន ចេញមុខមកនិយាយការពារមិត្ត។
  « អ្នកនាងរបស់ខ្ញុំមិនដែលចូលផ្ទះបាយទេ ប៉ុន្តែដោយសារតែចង់បញ្ជាក់ចិត្តស្មោះចំពោះអ្នកទាំងអស់គ្នា ទើបអ្នកនាងរៀនធ្វើបបរកាលពីម្សិលមិញដល់យប់ជ្រៅ ហើយអ្នកនាងគេងបានតែប៉ុន្មានម៉ោងក៏ក្រោកឡើងមកដាំបបរឲ្យអ្នកទាំងអស់គ្នាតាមអ្វីដែលបានរៀន បើអ្នកនាងរបស់ខ្ញុំចង់ដាក់ថ្នាំបំពុលអ្នកទាំងអស់គ្នាមែន គួរតែទៅទិញបបរពីផ្សាស្រាប់មកល្អជាង មិនបាច់ខាតកម្លាំងប្រឹងធ្វើបបរឲ្យហត់បែបនេះទេ » ថេរ៉ុន និយាយពីភាពលំបាករបស់អ្នកនាងរបស់គេចេញមកពីមុខគ្រប់គ្នាធ្វើឲ្យកម្មករទាំងអស់ស្ងាត់មាត់ ហើយកម្មករម្នាក់ដែលជឿជាក់សម្តីរបស់ ថេរ៉ុន ក៏លើកចានបបរមកញុំ។
  « ឆ្ងាញ់ណាស់នាង » លោកពូជាកម្មករម្នាក់លាន់មាត់សរសើរ ដេលលី ទាំងញុំបបរពេញមាត់ជាមួយស្នាញញឹម ធ្វើឲ្យនាងរំជ្រួលចិត្តមួយរំព្រិច។
  « អរគុណលោកពូណាស់ បើលោកពូចូលចិត្តខ្ញុំនៅមានទៀតណា » ដេលលី ញញឹមទាំងកែវភ្នែករលីងរលោងដោយក្តីរំភើប ព្រមទាំងចូលទៅរកលោកពូកម្មករដោយក្តីដឹងគុណដែលលោកព្រមជឿជាក់នាង។
   កម្មករផ្សេងទៀតឃើញលោកពូកម្មករម្នាក់នោះញុំបបរអស់ពីចានហើយសុំថែមមួយចានទៀតដោយមិនបានកើតអ្វី គ្រប់គ្នាក៏នាំគ្នាលើកបបរបស់ ដេលលី មកញុំគ្រប់គ្នា។ ឃើញបែបនេះ ដេលលី ក៏ញញឹមឡើងយ៉ាងរំភើបចិត្តចង់យំ ព្រោះទីបំផុតនាងអាចធ្វើឲ្យកម្មករជឿជាក់ថានាងមិនមែនជាមនុស្សអាក្រក់ហើយ តទៅមុខទៀតនាងនឹងព្យាយាមធ្វើល្អដាក់គ្រប់គ្នាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now