ភាគ១៩

48 9 0
                                    

” ខកស្នេហ៍ ”

   ត្របកភ្នែកស្តើងបើកឡើងព្រមនឹងស្នាមញញឹមលើផ្ទៃមុខ ដេលលី ក្រោកអង្គុយលើគ្រែគេងដោយអារម្មណ៍ស្រស់ស្រាយហើយក៏រហ័សរហួនចុះទៅបើកបង្អួចឲ្យពន្លឺពណ៌ស្រទន់របស់ព្រះសូរិយានាពេលព្រឹកប្រលឹមចាំងចូលមកបន្ទប់ដ៏តូចតែស្រស់ស្អាតរបស់នាង។ ដេលលី រៀបចំគ្រែគេងឲ្យរាប់រយ មុននឹងរត់ចូលទៅងូតទឹកដោយអារម្មណ៍ល្អ។ អស់ពេលមួយសន្ទុះធំ ទើបស្រីក្រមុំងូតទឹករួចរាល់មកឈររៀបចំខ្លួននៅមុខកញ្ចក់វិញ ថ្ងៃនេះនាងក្រងសក់ទម្លាក់មកលើស្មាទាំងសងខាង ហើយពាក់អាវយឺតពណ៌សព្រមទាំងយកអាវដៃវែងក្រឡាការ៉ូក្រហមសមកពាក់ពីខាងក្រៅ ព្រមជាមួយខោខាវប៊យស្បែកជើងកវែងសម្រាប់អ្នកនៅចម្ការ និងមួកមួយធ្វើឲ្យនាងដូចក្រមុំស្រុកចម្ការមួយរយភាគរយ។ ថ្ងៃនេះនាងអារម្មណ៍ល្អ ទើបចង់ទៅរកអ្វីលេងសប្បាយៗខ្លះ។
  ដេលលី ញញឹមដាក់កញ្ចក់ដោយល្បិចកលហើយក៏រហ័សចេញទៅបន្ទប់មិត្តរបស់នាងស៊ូជីន។
  « ក្រោកឡើង...ឆាប់ក្រោកឡើងមក ស៊ូជីន » ដេលលី ប្រឹងចាប់ទាញដៃមិត្តកម្ជិលនៅសម្ងំគេងលើគ្រែមិនព្រមក្រោកម្តងហើយម្តងទៀត។
  « សុំប្រាំនាទីទៀតបានទេ? » ស៊ូជីន បិទភ្នែកលើកម្រាមប្រាំបង្ហាញ ដេលលី ហើយក៏ទាញភួយគ្របមុខសម្ងំគេងបន្ត។
  « មិនបានទេណា ឆាប់ក្រោកឡើងពួកយើងមានការងារសំខាន់ត្រូវធ្វើណា »
  « ការងារអ្វីសំខាន់ជាងការគេងទៀតនោះ »
  « ឆាប់ក្រោកឡើង បើមិនអញ្ចឹងទេ យើងនឹងរើខោអាវក្នុងវ៉ាលីរបស់ឯងបោះចោលហើយបំផ្លាញ់គ្រឿងសម្អាតរបស់ឯងទាំងអស់ » ដេលលី មិនបានគំរាមតែមាត់ប៉ុន្តែក៏ឈោងទៅយកក្រែមមួយដើមរបស់ ស៊ូជីន នៅលើតុមកមួលឲ្យវែងហើយដាក់ដៃប្រុងកាត់បំបាក់សាច់ក្រែមពណ៌ក្រហមចោលពាក់កណ្តាល។
   « ឈប់...គ្នាព្រមហើយណា » ស៊ូជីន បើកភ្នែកមកឃើញបែបនេះក៏ស្ទុះក្រោកអង្គុយស្វាងងងុយចែស ព្រោះកូនស្រីសំណព្វចិត្តរបស់នាងដែលទើបទិញនៅប៉ារីសស្ទើរតែត្រូវមិត្តដៃឆៅរបស់នាងកាត់បំបាក់ចោលបាត់ទៅហើយ ដឹងទេថានេះជាក្រែមដែលតារាស្រីល្បីៗប្រើពិបាករកទិញប៉ុណ្ណា បើត្រូវ ដេលលី បំផ្លាញ់មែន នាងយំបីថ្ងៃបីយប់ហើយណា។
   « ចឹងឆាប់រៀបចំខ្លួនទៅ » ដេលលី ហុចក្រែមឲ្យទៅ ស៊ូជីន វិញ ។
   « កូនស្រីនៅចាំម៉ាក់ត្រង់នេះហើយណា » ស៊ូជីន មិនខ្វល់ពី ដេលលី ទេ ប៉ុន្តែបែរជាយកក្រែមទៅអង្អែលថ្នមៗហើយដាក់នៅលើតុមុននឹងក្រោកទៅងូតទឹក។
    « ត្រូវស្លៀកសម្លៀកបំពាក់បែបអ្នកចម្ការណា ព្រោះយើងត្រូវទៅចម្ការ » ដេលលី ស្រែកប្រាប់ពីក្រោយមិត្ត។
    « ដឹងហើយ ឯងទៅចាំនៅខាងក្រៅមុនទៅ បន្តិចទៀតខ្ញុំតាមទៅ » ស៊ូជីន ស្រែកតបមកពីក្នុងបន្ទប់ទឹកវិញ។
    ដេលលី ញញឹមស្រស់ដើរចេញពីបន្ទប់របស់ ស៊ូជីន មកហើយក៏ក្រឡេកឃើញ ថេរ៉ុន នៅអង្គុយលើទោងក្រោមដើមឈើមុខផ្ទះ ទើបនាងរហ័សរត់ទៅរកគេដោយអារម្មណ៍ល្អខុសធម្មតា។
    « ថេរ៉ុន! » ដេលលី ទម្លាក់ខ្លួនអង្គុយក្បែរគេហើយហៅឈ្មោះគេជាមួយស្នាមញញឹមយ៉ាងចម្លែក ប៉ុន្តែ ថេរ៉ុន ក្រឡេកបន្តិចក៏ដឹងថានាងកំពុងចង់សុំអ្វីមួយពីគេមិនខាន ទើបនាងហៅគេពិរោះយ៉ាងនេះ។
    « អ្នកនាងចង់សុំឲ្យខ្ញុំជួយអ្វីមែនទេ? » ថេរ៉ុន ងាកមករកនាងសួរដោយទឹកមុខស្មើតាមធម្មជាតិរបស់គេ។
    « លោកអាចជួយខ្ញុំរឿងមួយបានទេ » ដេលលី ញញឹមដាក់គេដោយល្បិចកលហើយក៏ឱនខ្សឹបដាក់ត្រចៀករបស់គេ។
    « អេវីល ដឹងដែលទេថាអ្នកនាងនឹងធ្វើរឿងមួយនេះ » ថេរ៉ុន សួរនាងដោយក្តីបារម្ភព្រោះគេមិនចង់ឲ្យនាងត្រូវ អេវីល ស្តីបន្ទោសទៀតទេ ដឹងទេថាគេឈឺចាប់ខ្លាំងប៉ុណ្ណាពេលនាងត្រូវស្តីបន្ទោសនិងមិនឲ្យតម្លៃដល់នាងនោះ។
    « តើលោកជាកូនចៅរបស់ខ្ញុំឬក៏ជាកូនចៅរបស់គេទៅ? » ដេលលី សម្លុតដាក់គេវិញ ទាំងធ្វើមុខក្រញូវពេលដឹងថាសូម្បីតែ ថេរ៉ុន ពេលនេះក៏ខ្លាច អេវីល ដែរ។
    « ច្បាស់ជាកូនចៅរបស់អ្នកនាងហើយ មិនថាអ្នកនាងចង់ធ្វើអ្វីខ្ញុំនឹងធ្វើឲ្យអ្នកនាងទាំងអស់ »
    « បែបនេះទើបសមជាលោក ថេរ៉ុន » ដេលលី ញញឹមស្រស់ដាក់គេវិញ មុននេះនាងគ្រាន់តែធ្វើខឹងជាមួយគេបន្តិចដើម្បីឲ្យគេយល់ព្រមជាមួយនាងប៉ុណ្ណោះ ពេលគេព្រមហើយនាងក៏លូកដៃទៅចាប់ទាញថ្ពាល់គេលេងដូចកូនក្មេង រួចក៏ក្រោកដើរចេញទៅដោយអារម្មណ៍ល្អ។
    ថេរ៉ុន លើកដៃប៉ះថ្ពាល់ខ្លួនឯងថ្នមៗទាំងបេះដូងកំពុងលោតស្ទើរចេញមកខាងក្រៅ មុខមូលក្រឡង់ស្រស់ស្អាតរបស់នាងដែលឱនមកទាញថ្ពាល់របស់គេមុននេះធ្វើឲ្យគេនឹកឃើញហើយក៏លេចស្នាមញញឹមចេញមកលើផ្ទៃមុខទាំងមិនដឹងខ្លួន។ ប៉ុន្មានថ្ងៃនេះគេដូចជាអាចកាត់ចិត្តពីនាងបានហាសិបភាគរយហើយ ប៉ុន្តែពេលនេះក្តីស្រលាញ់ចំពោះនាងក៏លោតឡើងដល់មួយរយភាគរយវិញភ្លាមៗពេលនាងមកធ្វើចរិកគួរឲ្យស្រលាញ់បែបនេះដាក់គេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now