ភាគ០១

258 7 3
                                    

“ ក្រដាសបណ្ដេញចេញ”

  ប៉ុស្តិ៍ប៉ូលីស
  ក្រាក!

  រាងស្តើងក្នុងវ័យ៤០ឆ្នាំរត់ចូលមកក្នុងប៉ុស្តិ៍ប៉ូលីសទាំងទឹកមុខស្លន់ស្លោ ទោះពេលនេះនាងមានវ័យរៀងជ្រាលបន្តិចមែន ប៉ុន្តែសម្រស់របស់អ្នកស្រី ដេរ៍ស៊ី នៅតែស្រស់ស្អាតដូចកាលពី២០ឆ្នាំមុនដដែល។ អ្នកជាម្តាយរត់ចូលទៅចាប់ស្មាកូនស្រីដែលអង្គុយនៅកៅអីមុខតុប៉ូលីសពិនិត្យមើលដោយក្តីបារម្ភ។
  « តើកូនមានត្រូវរបួសកន្លែងណាដែរទេ? » អ្នកស្រី ដេរ៍ស៊ី ព្យាយាមទាញកូនស្រីពិនិត្យមើលសព្វគ្រប់រហូតប្រាកដចិត្តថាកូនស្រីសំណព្វចិត្តរបស់នាងមិនបានរងរបួសកន្លែងណាផ្សេងក្រៅពីរបួសលើមុខបន្តិចដែលបិទដោយបង់បិទដំបៅ។
  « ខ្ញុំមិនអីទេ ម៉ាក់ » ដេលលី ឆ្លើយតបជាមួយអ្នកម៉ាក់ហើយក៏ងាកទៅសម្លក់ ថេរ៉ុន ដែលអង្គុយខាងឆ្វេងដៃនាង ព្រោះនាងប្រាប់ឲ្យគេជួយដោះស្រាយរឿងនេះស្ងាត់ៗតែគេបែរជាខលហៅអ្នកម៉ាក់របស់នាងមកទៅវិញ ទើប ថេរ៉ុន ងាកមុខចេញមិនមាត់តបតជាមួយនាង តែនាងក៏អាចយល់ពីគេខ្លះដែរ គេប្រហែលជាមិនចង់ឲ្យនាងលាក់រឿងដែលធ្វើខុសតទៅទៀត ទើបគេធ្វើបែបនេះ។

   ប៉ុន្មានម៉ោងក្រោយមក

  ង៉ក់!

  កង់ឡានទំនើបឈប់នៅមុខភូមិគ្រឹះ រ៉ូប៊ីនសុន ដែលនៅតែមើលទៅមានអំណាចនិងស្រស់ស្អាតមិនខុសពី២២ឆ្នាំមុន។ ថេរ៉ុន កំលោះអង្គរក្សដែលលោកពូ លៀម ផ្ញើរមកឲ្យធ្វើការនិងនៅជាមួយ ឡូវែល រហ័សចេញពីក្នុងឡានត្រង់កន្លែងអ្នកបើកមក ដើម្បីជួយបើកទ្វាឡានឲ្យចៅហ្វាយស្រីទាំងពីរ ប៉ុន្តែគេទើបតែឈោងដៃរៀបនឹងបើក ទ្វាឡានក៏ស្រាប់តែរបើកឡើងមុនដោយសារតែអ្នកអង្គុយខាងក្នុង។
  ដេលលី ចុះពីលើឡានទាំងទឹកមុខមិនល្អ សូម្បីតែមុខរបស់ ថេរ៉ុន ក៏នាងមិនខ្ចីមើលហើយក៏ដើរញាប់ជើងចូលទៅក្នុងផ្ទះបាត់ មិនដឹងថាមុននេះនាងនិយាយអ្វីជាមួយអ្នកស្រី ដេរ៍ស៊ី ទេ ទើបខឹងដល់ថ្នាក់នេះ។
  « ដេលលី ឈប់សិន កូនមិនទាន់ឆ្លើយនឹងសំណួររបស់ម៉ាក់ទេណា » អ្នកស្រី ដេរ៍ស៊ី ចុះពីលើឡានដើរញាប់ជើងទៅតាមកូនស្រីយ៉ាងលឿន។
ចំណែក ថេរ៉ុន ក៏មិនអាចធ្វើអ្វីបានក្រៅពីឈរមើលពីចម្ងាយ ព្រោះគេជាអ្នកបម្រើគ្មានសិទ្ធិលូកដៃរឿងចៅហ្វាយនាយនោះទេ ទោះបីជាគេនិងដេលលី ស្និទ្ធស្នាលនឹងគ្នាក៏ដោយ តែគេមិនដែលភ្លេចពីឋានៈរបស់ខ្លួនឯងឡើយ។
   « សង្ឃឹមថាអ្នកនាងនឹងបកស្រាយគ្រប់យ៉ាងប្រាប់អ្នកស្រីនិងលោកម្ចាស់តាមសម្រួល មិនទុកឲ្យរឿងកាន់តែធំទៀតទៅចុះ » ថេរ៉ុន ពោលឡើងម្នាក់ឯងរួចដកដង្ហើមធំព្រួយបារម្ភចំពោះអ្នកនាងរបស់គេ តែគេក៏មិនអាចធ្វើអ្វីបានក្រៅពីបង្ខំចិត្តឡើងឡានបើកទៅកន្លែងទុកហើយទៅសម្រាកផ្ទះមួយខ្នងទៀតដែលធ្វើឡើងសម្រាប់ឲ្យអ្នកបម្រើក្នុងផ្ទះស្នាក់នៅ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now