ភាគ១៦

45 8 0
                                    

  " ក្តីសង្ឃឹម ”

  ពន្លឺព្រះសូរិយានាព្រឹកប្រលឹមចាំងកាត់ស្លឹកឈើប៉ះនឹងរង្វង់មុខស្រស់ស្អាតដែលកំពុងគេងផ្អែកស្មាធំទូលាយរបស់អ្នកនៅក្បែរខ្លួន។ ដេលលី នៅបិទភ្នែកសម្ងំស្ងៀមផ្ទៀងស្តាប់សំឡេងបេះដូងរបស់គេដែលកំពុងលោតនៅក្រោមបាតដៃរបស់នាងដែលដាក់នៅលើដើមទ្រូងរបស់គេ អារម្មណ៍របស់នាងនៅក្នុងខណៈនេះដូចជាកំពុងតែនៅក្នុងសុបិន្តអញ្ចឹង បើនេះជាសុបិន្តពិតមែននាងមិនចង់ភ្ញាក់ដឹងខ្លួននោះទេ នាងនឹងរស់នៅក្នុងសុបិន្តនេះអស់មួយជីវិតឲ្យតែបានគេងផ្អែកនៅលើគេបែបនេះ។
  ដេលលី ញញឹមស្រាលៗហើយក៏បើកភ្នែកមកសម្លឹងទម្រង់មុខស្រស់សង្ហាគ្មានកន្លែងទាល់ដែលនៅជិតនឹងភ្នែករបស់នាង។ ម្រាមស្រឡូនលើយឺតៗទៅប៉ះឆ្អឹងចង្កាដ៏ល្អឥតខ្ចោះរបស់គេថ្នមៗហើយក៏លាន់មាត់ឡើងជាមួយស្នាមញញឹម។
  « ស្អាតណាស់! »
  « នាងកំពុងធ្វើស្អី? »
  ដេលលី គាំងមួយកន្លែងទាំងម្រាមដៃនៅប៉ះឆ្អឹងចង្ការបស់គេនៅឡើយ នាងមិននឹកស្មានថាគេភ្ញាក់លឿនយ៉ាងនេះទេ តើគេនឹងខឹងជាមួយនាងទេ?។
  « គឺថា...មានស្រមោចវាលលើមុខបង » ដេលលី រកលេសទាំងរដាក់រដុកហើយក៏រហ័សដកដៃចេញពីមុខគេ ទាំងនៅគេងផ្អែកលើគេនៅឡើយ។
  « ដកខ្លួននាងចេញពីខ្ញុំផង » អេវីល ដឹងថាបើគេមិនដេញទេ នាងច្បាស់ជាមិនចេញពីគេទេ ទើបរហ័សដេញនាង។
  « អូ...ចាសៗ » ដេលលី ថយក្រោយមកអង្គុយកន្លែងនាងវិញទាំងរដាក់រដុក ធ្វើខ្លួនមិនត្រូវ។
  « ពួកយើងត្រូវចេញពីព្រៃឲ្យបានឆាប់ នាងអាចដើរបានទេ? » អេវីល សួរនាងទាំងភ្នែកចោលសម្លឹងទៅជើងស្រឡូនដែលមានរបួស គ្រាន់តែឃើញរបួសជាច្រើនកន្លែងនៅលើជើងរបស់នាងឡើងហើម គេដឹងបាត់ទៅហើយថានាងដើរមិនរួចទេ ប៉ុន្តែទោះយ៉ាងណាក៏គេនិងនាងមិនអាចអង្គុយនៅទីនេះមួយថ្ងៃទៀតដែរ ព្រោះមិនដឹងពេលណាមានមនុស្សមកជួយគេទេ។
   « ខ្ញុំអាចដើរបាន » ដេលលី ប្រឹងជម្នះខ្លួនឯងហើយស្ទុះក្រោកឈរឡើងព្រោះនាងមិនចង់ធ្វើខ្លួនទន់ខ្សោយនាំទុក្ខឲ្យ អេវីល ទេ ប៉ុន្តែនាងទើបតែក្រោកបានបន្តិចនាងក៏ដួលត្រឡប់មកវិញ។
   « ប្រយ័ត្ន! »
   ឌឹប!
   រាងស្តើងដួលផ្កាប់មុខទៅលើរាងក្រាស់ដែលស្ទុះមកទ្រនាងមិនឲ្យផ្កាប់មុខស៊ីដី យ៉ាងហោចណាស់ដួលផ្កាប់មុខលើដើមទ្រូងរបស់គេក៏គ្រាន់បើជាដួលទៅដីដែរ។
   ដុក! ដាក់!
   សំឡេងបេះដូងមាំលោតឡើងញាប់លឺពេញត្រចៀករបស់ស្រីក្រមុំដែលនៅគេងពីលើគេ ទើបនាងងើបមុខមកបើកភ្នែកធំៗសម្លឹងមុខគេទាំងភ្ញាក់ផ្អើល ហើយក៏ឱនដាក់ត្រចៀកស្តាប់បេះដូងរបស់គេម្តងទៀត ធ្វើដូចជាមិនដែលបានលឺបេះដូងមនុស្សលោត ទើបធ្វើឲ្យ អេវីល ងឿងឆ្ងល់លាយឡំនឹងភាពភិតភ័យក្រោយឃើញនាងបញ្ចេញអាការៈចម្លែកបែបនេះដាក់គេ។
   ដេលលី ញញឹមសប្បាយចិត្តដូចត្រូវរង្វាន់ធំ ព្រោះនេះជាលើកទីមួយហើយដែលនាងបានលឺសំឡេងបេះដូងរបស់ អេវីល លោតញាប់យ៉ាងនេះពេលនៅក្បែរនាង បែបនេះនាងមានសង្ឃឹមហើយ បេះដូងរបស់គេច្បាស់ជាត្រូវនាងធ្វើឲ្យរង្គោះរង្គើមិនខានទេ មិនយូទៀតទេគេច្បាស់ជាស្រលាញ់នាងវិញ។
   « បងញាប់ញ័រព្រោះតែខ្ញុំហើយមែនទេ? » នាងងើបមុខឡើងញញឹមបង្កប់ន័យដាក់គេ ធ្វើឲ្យ អេវីល រហ័សលើកដៃរុញនាងចេញពីលើគេ ហើយស្ទុះក្រោកឈររត់ចេញពីនាងមួយរំព្រិច។
   « ញាប់ញ័រស្អីទៅ? » គេព្យាយាមបដិសេធទាំងមុខក្រហម។
   « គឺមុននេះបេះដូងរបស់បងលោតញាប់ខ្លាំងណាស់ បងច្បាស់ជាស្រលាញ់ខ្ញុំមិនខានទេ »
   « បេះដូងរបស់ខ្ញុំលោតញាប់ព្រោះតែភ័យ មិនមែនខ្ញុំស្រលាញ់នាងទេ »
   « ចុះហេតុអ្វីបងភ័យពេលខ្ញុំដួលឬបងបារម្ភពីខ្ញុំ? » ដេលលី ញញឹមដាក់គេមិនឈប់។
   « ខ្ញុំភ័យព្រោះបើនាងដួលផ្កាប់មុខខូចសម្រស់ទៅ លោកពូរបស់នាងច្បាស់ជាមកសម្លាប់ខ្ញុំមិនខាន » អេវីល ប្រកែកញាប់មាត់ ព្រោះខ្លាចនាងយល់ច្រឡំផ្តេសផ្តាស។
    « បងប្រាកដចិត្តដែរទេ? »
    « ប្រាកដណាស់ ព្រោះខ្ញុំគ្មានថ្ងៃស្រលាញ់មេរំខានដូចជានាងទេ » គេបញ្ជាក់ច្បាស់ៗហើយក៏ងាកមុខចេញទាំងមួរម៉ៅ។
    តែ ដេលលី មិនខ្វល់ជាមួយសម្តីរបស់គេទេ ព្រោះពាក្យនេះនាងស្តាប់ឡើងសុាំទៅហើយ នាងមិនឈឺចាប់ដោយសារពាក្យទាំងនេះទៀតទេ សំខាន់នៅពេលនេះនាងក៏មានសង្ឃឹមបន្តិចវិញហើយ។
    « អញ្ចឹងបងជួយអៀវខ្ញុំបានទេ? » ដេលលី លើកដៃដាក់គេទាំងលេងទឹកមុខគួរឲ្យស្រលាញ់ដូចកូនក្មេង ដើម្បីឲ្យគេចិត្តទន់ព្រមមកអៀវនាង។
    «...» អេវីល មិនមាត់ហើយរហ័សដើរមករកនាងវិញ ព្រោះគេក៏គ្មានជម្រើសអ្វីផ្សេងក្រៅពីអៀវនាងដែរ បើគេចង់ចេញពីព្រៃនេះនោះ។
   រាងក្រាស់អង្គុយចុះបែរខ្នងដាក់នាង ដើម្បីឲ្យនាងឡើងមកលើខ្នងរបស់គេ។ ដេលលី លើកដៃឱបកគេទៅហើយ ប៉ុន្តែភ្លាមៗនាងក៏ដកដៃចេញវិញ ពេលក្រឡេកឃើញរបួសនៅដើមដៃខាងឆ្វេងរបស់គេ ដៃគេមានរបួសមិនអាចឲ្យគេអៀវនាងបានទេ។ អេវីល ឃើញនាងដកដៃចេញ ទើបរហ័សងាកមកសម្លឹងមុខនាង។
   « ហេតុអ្វីមិនឆាប់ឡើងមក? »
   « ដៃបងមានរបួស ខ្ញុំមិនអាចឲ្យបងអៀវខ្ញុំបានទេ បងគ្រាន់តែរកឈើរឹងមាំមួយមក ខ្ញុំនឹងដើរដោយខ្លួនឯង »
   « បើឲ្យនាងដើរដោយខ្លួនឯងតើពេលណាយើងអាចចេញពីព្រៃផុតទៅ? ហើយបើពួកដែលតាមបាញ់យើងយប់មិញមកទៀត ខ្ញុំនិងនាងច្បាស់ជាបានស្លាប់នៅក្នុងព្រៃនេះទាំងពីរនាក់មិនខាន »
   « ប៉ុន្តែដៃរបស់បង... » នាងសម្លឹងមើលរបួសនៅដៃរបស់គេទាំងកែវភ្នែកអាណិតអាសូរ ។
   « ខ្ញុំមិនអីទេ ឆាប់ឡើងមក » គេបែរខ្នងដាក់នាងហើយបង្ខំនាងឲ្យព្រមឡើងមកលើខ្នងរបស់គេ។
    « ប៉ុន្តែ...» ដេលលី នៅតែស្ទាក់ស្ទើរមិនដាច់ចិត្តធ្វើបាបមនុស្សដែលនាងស្រលាញ់ដដែល ទោះគេប្រាប់ថាមិនអីក៏ដោយ ប៉ុន្តែនាងដឹងថាគេនឹងឈឺចាប់នៅពេលប្រឹងអៀវនាង។
    « ឆាប់ឡើងមក ខ្ញុំមិនចង់ស្លាប់នៅក្នុងព្រៃនេះជាមួយនាងទេណា » អេវីល បង្ខំនាងម្តងទៀត ទើប ដេលលី ទ្រាំឡើងទៅលើខ្នងរបស់គេ។
     ម្រាមស្រឡូនស្រវ៉ាឱបកគេណែន ពេលគេក្រោកឈរឡើងអៀវនាងនៅលើខ្នងដើរចេញទៅដូចជាមិនឈឺរបួសអ្វីសោះ ប៉ុន្តែនាងក៏នៅតែបារម្ភពីគេដដែល ទើបនាងឱនទៅមុខបន្តិចដើម្បីនិយាយប្រាប់គេ។
     « បើឈឺរបួសខ្លាំង បងអាចដាក់ខ្ញុំចុះបានគ្រប់ពេល »
     « ស្ងាត់មាត់បន្តិចទៅ » គេតបមកនាងវិញធ្វើដូចជាសម្តីរបស់នាងគួរឲ្យរំខានត្រចៀករបស់គេខ្លាំងណាស់ ប៉ុន្តែបែរជាលួចញញឹមពេលនាងមិនចាប់អារម្មណ៍ទៅវិញ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now