ភាគ៤២

129 8 0
                                    

គ្រប់យ៉ាងបានមកដល់ចំណុចបញ្ចប់ ”

  រ៉េណានិងថេរ៉ុន នៅអង្គុយលើទោងក្រោមដើមឈើមុខផ្ទះដោយម្នាក់ៗស្ងាត់រៀងខ្លួន ព្រោះពេលនេះទាំងនាងនិងគេសុទ្ធតែគិតអ្វីមិនចេញនោះទេ។
  « សុំទោស » ថេរ៉ុន ដែលអង្គុយស្ងាត់ជាយូដាច់ចិត្តនិយាយទៅកាន់នាងដោយអារម្មណ៍ខុស ព្រោះបើយប់មិញគេនៅជាមួយនាងក៏មិនអាចមានរឿងបែបនេះកើតឡើងដែរ។
   « ហេតុអ្វីត្រូវសុំទោស? គ្រប់យ៉ាងមិនមែនជាកំហុសរបស់លោកទេ »
   « បើយប់មិញខ្ញុំនៅមើលនាង គេច្បាស់ជាមិនអាចចូលទៅធ្វើបាបនាងបាននោះទេ »
   « ហ៊ឹក...ឈប់បន្ទោសខ្លួនឯងទៀតទៅ » រ៉េណា យំចេញមកខ្លាំងៗជាមួយអារម្មណ៍ឈឺចាប់បំផុត នាងមិនចង់ឃើញគេបន្ទោសខ្លួនឯងទៀតទេ ឃើញគេបន្ទោសខ្លួនឯងបែបនេះនាងកាន់តែមានអារម្មណ៍ឈឺចាប់។
   «...» ថេរ៉ុន រហ័សទាញនាងមកឱបយ៉ាងណែនទាំងក្នុងទ្រូងអួលណែនឈឺចាប់ដូចត្រូវគេចាក់នឹងកាំបិត។
   « ហ៊ឹក...រវាងពួកយើងពិតជាត្រូវបញ្ចប់ត្រឹមនេះពិតមែនឬ? ខ្ញុំខំប្រឹងមកយូណាស់ហើយ ទីបំផុតជិតបានរស់នៅជាមួយលោកជារៀងរហូតហើយ ប៉ុន្តែហេតុអ្វីពេលនេះគ្រប់យ៉ាងក៏ប្រែទៅជាបែបនេះវិញ? ហ៊ឺ! » រ៉េណា ស្រវ៉ាឱបរាងក្រាស់ណែនដៃដោយក្តីឈឺចាប់សោកស្តាយចំពោះរឿងគ្រប់យ៉ាង។
   «...» ថេរ៉ុន មិនអាចនិយាយអ្វីបានក្រៅពីឱបនាងណែនដៃដោយក្តីឈឺចាប់ហួសប្រមាណ បើអាចគេចង់ទទួលយកការឈឺចាប់ទាំងអស់ជំនួសនាង ព្រោះគេមិនចង់ឃើញនាងឈឺចាប់បែបនេះទេ។

  ក្រោយពីបំបែកផ្លូវគ្នាពី ថេរ៉ុន ហើយ រ៉េណា ក៏ចូលមកក្នុងផ្ទះដើម្បីជួបជាមួយ អេវីល វិញ។
  « រ៉េណា...» អេវីល ងាកមករកអ្នកដែលឈរនៅខាងក្រោយខ្នងព្រមជាមួយអារម្មណ៍ខុសចំពោះនាង។
  « មុនពេលរៀបការ តើខ្ញុំអាចសុំឲ្យ អេវីល ពិសោធន៍អ្វីមួយបានទេ? » រ៉េណា សម្លឹងមុខស្រស់សង្ហាជាប់មិនដាក់ភ្នែក ហើយគេក៏ងក់ក្បាលយល់ព្រមជាមួយនាង។

   មន្ទីរពេទ្យ

   គ្រូពេទ្យជំនាញកាន់ឯកសារចូលមកក្នុងបន្ទប់ដែល អេវីលនិងរ៉េណា កំពុងអង្គុយលើកៅអីរងចាំ។
   « សូមបំពេញឈ្មោះរបស់អ្នកទាំងពីរលើក្រដាស ហើយក៏ចូលទៅបន្ទប់ពិនិត្យតាមផ្នែកបាន ផ្នែកស្រ្តីនៅខាងស្តាំដៃ ចំណែកខាងប្រុសនៅខាងឆ្វេងដៃ »
   « តើគិតធ្វើបែបនេះពិតមែនទេ? » អេវីល អង្គុយសម្លឹងក្រដាសពិនិត្យសួរទៅកាន់ រ៉េណា ដោយក្តីបារម្ភ គេខ្លាចលទ្ធផលចេញមកធ្វើឲ្យគេរឹតតែមានអារម្មណ៍ឈឺចាប់លើសដើម។
   « ខ្ញុំមិនជឿទេថាយើងទាំងពីរនាក់បានធ្វើរឿងបែបនោះជាមួយគ្នា ដូច្នេះទើបខ្ញុំចង់ពិនិត្យឲ្យច្បាស់លាស់ » រ៉េណា បំពេញឯកសាររួចហុចឲ្យគ្រូពេទ្យដែលឈររងចាំ រួចនាងក៏ក្រោកឈរឡើងដើរចូលទៅបន្ទប់ពិនិត្យមុនគេ។
   អេវីល សម្លឹងមើលនាងពីខាងក្រោយដោយអារម្មណ៍តានតឹង តែគេក៏គិតដូចនាងដែរ គេមិនជឿទេថាគេបានធ្វើអ្វីនាងនោះ ព្រោះបើគេបានអ្វីបែបនេះមែន ផ្នែកខាងក្រោយរបស់គេក៏យល់ថាប្លែកខ្លះ ប៉ុន្តែនេះគេគ្មានអារម្មណ៍ប្លែកអ្វីទេ ទើបគេរហ័សបំពេញឯកសារហើយក្រោកឈរហុចឲ្យគ្រូពេទ្យដែរ មុនចូលទៅបន្ទប់ពិនិត្យគេក៏មិនភ្លេចងាកមកសួរគ្រូពេទ្យពីរយះពេលដែលទទួលបានលទ្ធផលពិនិត្យ។
    « តើលទ្ធផលនឹងបាននៅថ្ងៃណាដែរ? »
    « បើយូបំផុតមួយសប្តាហ៍ បើឆាប់បំផុតបីថ្ងៃ »
    « បាទ អរគុណ » អេវីល ស្តាប់សម្តីលោកគ្រូពេទ្យចប់ទើបលាចូលទៅបន្ទប់ពិនិត្យដែលនៅក្បែរនោះ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now