ភាគ០៣

58 4 0
                                    

“ សមាជិកថ្មីនៃចម្ការលីអូណា ”

  « ឆាប់ឲ្យលុយមក » ម៉ាវីន សម្លុតទារលុយទាំងឡានដែលចេញទៅផ្សារនិងឡានទេសចរណ៍ដែលត្រឡប់មកពីផ្សារវិញ។
  ផឹប!
  អេវីល ចាប់កដៃមាំរបស់ ម៉ាវីន ជាប់ រួចក៏ទាញលុយពីក្នុងដៃរបស់គេហុចឲ្យម្ចាស់ឡានដែល ម៉ាវីន សម្លុតទារលុយវិញ។
  « អេវីល ឯងចង់មានរឿងជាមួយយើងមែនទេ? » ម៉ាវីន តំឡើងសរសៃកដាក់ អេវីន និងស្ទុះទាំងកំរោលជាមួយកំហឹងចូលមមសម្លឹងមុខ អេវីល ជិតៗដូចចង់ដាល់គ្នាជាមួយ អេវីល ភ្លាម។
« ខ្ញុំក៏មិនចង់មានរឿងជាមួយឯងដែរ បើឯងមិនកេងប្រវ័ញ្ចលុយអ្នកស្រុកបែបនោះ »
  « យើងកេងប្រវ័ញ្ចយ៉ាងម៉េចហា៎? ផ្លូវនេះលោកប៉ារបស់យើងជាអ្នកធ្វើ អ្នកដែលចង់បើកឡានឆ្លងកាត់ក៏ត្រូវបង់លុយបែបនេះហើយ បើឯងមិនសុខចិត្តក៏ទៅជិះនៅផ្លូវខាងនោះទៅ »
  « ផ្លូវខាងនោះមានដើមឈើដួលកាត់ផ្លូវជាស្នាដៃរបស់ពួកលោកមែនទេ? » រ៉េណា ស្រែកសួរដោយការសង្ស័យហើយក៏ប្រាកដចិត្តថាម៉ាវីននិងកូនចៅជាអ្នកធ្វើឲ្យដើមឈើដួលរលំកាត់ផ្លូវដែរ ព្រោះពួកគេដឹងថាថ្ងៃនេះជាថ្ងៃចុងសប្តាហ៍មានឡានទេសចរណ៍និងឡានអ្នកស្រុកចេញចូលច្រើន ទើបគេប្រើវិធីនេះដើម្បីរកលុយ។
   « បិទមាត់នាងទៅ! »
   ប្រូស!
   កូនចៅរបស់ម៉ាវីនស្ទុះទៅច្រាន រ៉េណា ឲ្យដួល មិនឲ្យនាងមាត់ច្រើនតទៅទៀត។
   « រ៉េណា...ពួកឯង! »
   ឌឹប!
   អេវីល ក្រឡេកឃើញ រ៉េណា ត្រូវពួកគេច្រានឲ្យដួល ទើបគេស្ទុះចូលទៅដាល់អាអ្នកដែលច្រាននាងមុននេះមិនសំច្នៃដៃ ទើបបង្កឲ្យមានការវាយតប់គ្នាជាខ្លាំង ដោយ អេវីល ម្នាក់ឯងត្រូវតតាំងជាមួយពួកគេបីនាក់។
   « ឈប់...ឈប់ទៅ! » រ៉េណា ព្យាយាមស្រែកឃាត់តែគ្មានអ្នកណាម្នាក់ស្តាប់នាងសោះ ទើបនាងរត់ទៅកណ្តាលផ្លូវដើម្បីហៅឡានដែលឆ្លងកាត់ឲ្យជួយឃាត់ពួកគេ។ ជាសំណាងល្អនាងក៏បានឃើញឡានទំនើបមួយគ្រឿងទំនងជាឡានអ្នកទេសចរណ៍មកពីទីក្រុងព្រោះនៅតំបន់ជនបទនេះគ្មាននរណាជិះទំនើបបែបនេះទេ។
   « ជួយផង! ជួយផង! » រ៉េណា ស្រែកផងលើកដៃក្រវីផង តែឡានមួយគ្រឿងនោះដូចជាមិនព្រមបន្ថយល្បឿនសោះ មានតែបន្ថែមល្បឿនលឿនឡើយ ទើប រ៉េណា ចាប់ភ័យស្លេកមាត់វិញ ព្រោះខ្លាចឡាននោះបើកបុកប្រុសៗដែលកំពុងវាយតប់គ្នាលើផ្លូវ។ រ៉េណា រហ័សរត់ថយមកចិញ្ចើមផ្លូវហើយស្រែកប្រាប់អ្នកដែលកំពុងវាយតប់គ្នាវិញ។
   « អេវីល...អេវីល ឆាប់គេច! »
   អេវីល ក្រឡេកមើលតាមក្រសែភ្នែកតក់ស្លុតរបស់ រ៉េណា ទើបបានឃើញឡានមួយគ្រឿងកំពុងបើកយ៉ាងលឿនតម្រង់មកចំគេនិងគ្នីគ្នារបស់ម៉ាវីន ទើប អេវីល រហ័សដកខ្លួនហើយរត់គេចយ៉ាងលឿន។
   « ឯងចង់គេចទៅណា! » ម៉ាវីន មិនដឹងថាមានឡានបើកមកទើបស្រែកឲ្យ អេវីល ។
   « ចៅហ្វាយ...ចៅហ្វាយ...ឡាន! »
   « អា៎! »
   ម៉ាវីននិងកូនចៅស្រែកភ្លាត់សំឡេងភ័យចង់លេចនោមដាក់ខោពេលងាកទៅឃើញឡានមួយគ្រឿងនោះបោះពួយដោយល្បឿនលឿនដូចហោះតម្រង់មកចំពួកគេពេញៗ ។
   ង៉ក់!
   « អា៎...! ហ៊ឹក! ហ៊ឺ! » រាងមាំទាំងបីញ័រខ្លួនទទ្រើកភ្នែកបិទមិនហ៊ានបើក ញើសហូរជោកជើងសក់ ព្រោះគិតថាខ្លួនឯងច្បាស់ជាមិនរស់ទេ ។
   ក្រាក!
   រាងស្តើងស្រស់ឆើតឆាយចុះពីលើឡានមកជាមួយស្នាមញញឹមជាប់ផ្ទៃមុខ ពេលក្រឡេកឃើញម្ចាស់បេះដូងរបស់នាងកំពុងតែឈរសម្លឹងមកនាងដោយក្រសែភ្នែកភ្ញាក់ផ្អើលមិននឹកស្មានថានាងនឹងមករកគេដល់ទីនេះ នាងក៏រត់ទៅរកគេ។
   « បងប្រុស អេវីល » ដេលលី រត់យ៉ាងលឿនចូលទៅរក អេវីល ហើយក៏ឱបគេណែនដៃដោយភាពស្និតស្នាលរហូតធ្វើឲ្យ រ៉េណា ត្រូវឈានថយចេញពីអ្នកទាំងពីរបន្តិច ព្រោះមិនចង់ឲ្យខ្លួនឯងធ្វើឲ្យ អេវីលនិងដេលលី ទើសទាល់។
    អេវីល រហ័សប្រឡេះដៃស្រឡូនដែលឱបរាងកាយគេណែនចេញ ក្រោយឃើញថា រ៉េណា កំពុងតែយល់ច្រឡំចំពោះទំនាក់ទំនងរបស់គេនិងដេលលី ហើយ។
    « លែង...ឆាប់លែងទៅ » គេព្យាយាមទាញដៃនាងចេញ ប៉ុន្តែនាងនៅតែព្យាយាមតោងគេស្អិតដូចតឹកកែបេះមិនចេញ។
    « ខ្ញុំនឹកបងស្ទើរស្លាប់ទៅហើយ សុំឱបបន្តិចទៀតមកណាៗ » ដេលលី នៅឱបចង្កេះបាវខ្សាច់ណែនដៃដោយងើយមុខស្រស់ស្អាតសម្លឹងមុខមាំរបស់គេ រួចក្រវីក្បាលធ្វើមុខគួរឲ្យស្រលាញ់អង្វរករគេដូចកូនក្មេងអាយុបីឆ្នាំ។
    « ខ្ញុំទៅចាំក្នុងឡានមុន អ្នកទាំងពីរតាមសប្បាយចុះណា » រ៉េណា មិនចង់នៅធ្វើឆ្អឹងទទឹងកររបស់ ដេលលីនិងអេវីល បន្ត ទើបរហ័សដើរទៅឡានមុន។ ចំណែក ម៉ាវីននិងគ្នីគ្នា ក៏រត់ឡើងឡានអស់ ព្រោះម្នាក់ៗភ័យឡើងលេចនោមដាក់ខោហើយមិនអាចនៅរករឿង អេវីល បន្តទៀតបានទេ។
    « ផ្ញើរទុកសិនចុះ!» ម៉ាវីន ចង្អុលមុខ អេវីល ហើយក៏រត់ឡើងឡានបើកចេញទៅបាត់។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now