ភាគ០៦

42 5 0
                                    

“ សងសឹកបង្ខូចកេរ្តិ៍ឈ្មោះចម្ការលីអូណា “

  ហាងកាហ្វេនិងមានមីនុយភេសជ្ជៈទឹកផ្លែឈើជាច្រើនមុនរបស់ចម្ការ លីអូណា កំពុងតែមានភ្ញៀវដែលចូលមកកម្សាន្តក្នុងចម្ការអង្គុយពេញគ្រប់តុ ព្រោះទីតាំងហាងស្ថិតនៅលើចង្កេះភ្នំខ្ពស់មានដើមឈើធំៗផ្តល់ភាពត្រជាក់និងខ្យល់បរិសុទ្ធដល់ភ្ញៀវ ម្យ៉ាងវិញទៀតទីតាំងមួយនេះគឺជាកន្លែងដែលអាចឲ្យភ្ញៀវចូលមកទស្សនាចម្ការលីអូណា អាចមើលឃើញទេសភាពចម្ការទាំងមូលពីខាងលើនេះទៅបានយ៉ាងត្រជាក់ភ្នែក មិនត្រឹមតែប៉ុណ្ណោះវាក៏ជាកន្លែងដែលអាចមើលថ្ងៃលិចនិងថ្ងៃរះបានស្អាតបំផុតផងដែរ ទើបមានភ្ញៀវទេសចរណ៍ជាច្រើនចូលមកលេងចម្ការលីអូណាហើយមិនដែលរំលងហាងកាហ្វេនិងភេសជ្ជៈមួយនេះទេ ជាពិសេសរសជាតិភេសជ្ជៈដែលកែច្នៃចេញពីផ្លែឈើលេខមួយនៅក្នុងចម្ការ បានញុំកាលណាក៏ស្រស់ស្រាយតែម្តង។
  ប្រាវ!
  សំឡេងបែករបស់នៅតុភ្ញៀវធ្វើឲ្យស្រីក្រមុំ រ៉េណា ដែលជាប្រធានគ្រប់គ្រងនៅក្នុងហាងរហ័សដើរចេញមកមើល ព្រោះនាងក្រឡេកមើលពីចម្ងាយមកឃើញបុគ្គលិកក្នុងហាងកំពុងតែត្រូវភ្ញៀវបុរសវ័យសាមក្រាស់រករឿងស្រែកឲ្យខ្លាំងៗ ទើបនាងត្រូវចេញមកសម្រួល។
  « នេះមែនទេដែលជាភេសជ្ជៈលេងមួយក្នុងហាងរបស់នាងនោះ? ផឹកមិនកើតទេ? រស់ជាតិយ៉ាប់បំផុត » បុរសវ័យចំណាស់ស្រែករករឿងថាភេសជ្ជៈផឹកមិនកើតទាំងដែលបុគ្គលិកបានប្តូរឲ្យស្ទើរតែគ្រប់មុខទៅហើយ តែគេនៅមិនពេញចិត្តទៀត គេមានចេតនាមកបង្ករឿងនៅក្នុងហាងច្បាស់ណាស់។
   « សុំទោសផង លោកមានបញ្ហាអ្វីដែរ? » រ៉េណា ចូលមកជំនួសបុគ្គលិកក្នុងហាងហើយសួរភ្ញៀវដោយសំឡេងផ្អែម ព្រោះចង់បញ្ចប់រឿងជាមួយភ្ញៀវឲ្យបានលឿន ដើម្បីមិនឲ្យប៉ះពាល់ដល់ភ្ញៀវដទៃទៀតនៅក្នុងហាង។
   « គឺភេសជ្ជៈហាងរបស់នាងមួយមុខណាក៏ផឹកមិនកើតដែរ ឃើញល្បីនៅលើអ៊ីធើណេតគិតថាឆ្ងាញ់ណាស់ តែនេះផឹកមិនកើតទេ ពួកនាងផ្សព្វផ្សាយភេសជ្ជៈរបស់ខ្លួនឯងបោកប្រាស់ពេកហើយ  »
   « សុំទោសផង លោក » រ៉េណា សុំទោសដើម្បីសុំអនុញ្ញាតពីបុរសជាភ្ញៀវឲ្យនាងបានភ្លក់ភេសជ្ជៈដែលសល់នៅលើតុ ព្រោះនាងចង់ដឹងថារសជាតិភេសជ្ជះរបស់នាងថ្ងៃនេះមិនឆ្ងាញ់ដូចពាក្យភ្ញៀវម្នាក់នេះថាឬអត់។
   ម្រាមស្រឡូនលើកែវភេសជ្ជៈដែលសល់នៅលើតុមកប្រុងផឹកបន្តិចដើម្បីឲ្យដឹងរសជាតិ ប៉ុន្តែភ្លាមៗស្រាប់តែមានដៃមាំលូកមកកញ្ឆក់យកកែវភេសជ្ជះពីក្នុងដៃរបស់នាងទៅ ធ្វើឲ្យនាងត្រូវងាកទៅរកគេយ៉ាងលឿន ព្រោះចង់ដឹងថាគេជាអ្នកណា?។
   « អ្នកនាងកុំផឹកអី ព្រោះខ្ញុំបានឃើញគេដាក់អ្វីក៏មិនដឹងចូលក្នុងកែវភេសជ្ជះនេះ » ថេរ៉ុន ងាកមកប្រាប់ រ៉េណា ដោយទឹកមុខមាំហើយកែវភ្នែកកំណាចក៏ចោលទៅសម្លឹងមុខបុរសជាភ្ញៀវដែលមានបំណងមិនល្អនោះមិនដាក់ភ្នែក ធ្វើឲ្យបុរសជាភ្ញៀវចាប់ផ្តើមឈរលែងនឹង ព្រោះខ្លាចគេចាប់បានថាគេមកទីនេះដើម្បីបង្ករឿងនិងបង្ខូចឈ្មោះហាងនៅក្នុងចម្ការលីអូណានេះ។
   « ខ្ញុំមិនបានដាក់អ្វីទេ? » គេប្រកែកទាំងស្លេកមាត់។
   « នៅប្រកែកទៀតមែនទេ? សំណាងល្អមុននេះខ្ញុំបានថតវីដេអូទុកដែរ ចាំខ្ញុំបើកឲ្យមើល » ថេរ៉ុន និយាយហើយក៏ដកទូរស័ព្ទបើកវីដេអូដែលគេថតជាប់ដោយចៃដន្យមុននេះឲ្យ រ៉េណានិងបុរសជាភ្ញៀវដែលប្រកែកមិនទទួលស្គាល់ទង្វើរបស់ខ្លួនឯងបានមើល។តាមពិតមុននេះគេឈរថតទេសភាពនិងចង់ថតរូបហាងស្អាតៗបែបនេះទុកមើលប៉ុណ្ណោះ ប៉ុន្តែក៏ងាកកាំមេរ៉ាមកចំតុបុរសម្នាក់នេះ ទើបចាប់បានសកម្មភាពដែលគេចាក់ម្សៅពណ៌សអ្វីម្យ៉ាងចូលក្នុងកែវភេសជ្ជៈ។
   « នោះគឺស្ករទេ ខ្ញុំយល់ថាស្ទើរស្ករទើបចាក់បន្ថែម » គេនៅតែរកលេសប្រកែកយករួចខ្លួនមិនបាត់មួយម៉ាត់ ទើប ថេរ៉ុន ហុចកែវភេសជ្ជៈទៅឲ្យគេ។
   « បើជាស្ករអញ្ចឹងលោកផឹកវាទៅ »
   « លោក...» រ៉េណា ហៅ ថេរ៉ុន ហើយងើយសម្លឹងមុខគេដោយកែវភ្នែកព្រួយបារម្ភ ព្រោះបើជាថ្នាំពុលមែនគេផឹកហើយស្លាប់នៅទីនេះធ្វើយ៉ាងម៉េច។
   « អត់ទេ យើងមិនផឹកទេ »
   ប្រាវ!
   គេរុញកែវភេសជ្ជៈឲ្យធ្លាក់បែកហើយក៏រហ័សរត់គេចខ្លួន ប៉ុន្តែនៅតែមិនអាចគេចផុតពីកំពូលថ្វីដៃដូចជា ថេរ៉ុន បានដដែល។
   ឌឹប! ប្រូស!
   ថេរ៉ុន ចាប់បុរសមុននេះបោកដូចកង្កែបហើយទាញកន្សែងនៅលើតុមកចងដៃគេទាំងពីរជាប់ មុននឹងងាកមករកស្រីក្រមុំដែលឈរចំហរមាត់ភិតភ័យព្រោះសកម្មភាពចាប់ជនរល្មើសមិនប្រណីដៃមុននេះរបស់គេ។
   « អ្នកនាងឆាប់ខលហៅប៉ូលីសមក »
   « ចា...ចាស » រ៉េណា រត់ទៅយកទូរស័ព្ទខលហៅប៉ូលីសតាមពាក្យគេប្រាប់ដោយមិនគិតច្រើន ព្រោះនាងភ័យនឹងរឿងមុននេះពេកឡើងស្លន់អស់ទៅហើយ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now