ភាគ២៨

51 9 0
                                    

“ ល្បិចកលប្រមូលភស្តុតាង ”

  មនុស្សរបស់ថៅកែ ម៉ាឡុន កំពុងនាំគ្នាដើរតាមផ្លូវនៅជាយព្រៃដែលពួកគេកាប់ស្ការកាលពីព្រឹកមិញ ដោយមាននាយ ម៉ារីន និងកូនចៅរបស់គេពីរនាក់ទៀតជាអ្នកដើរនាំមុន។
  « លើកកេសអីវ៉ាន់ដើរឲ្យលឿនៗមកប្រយ័ត្នទៅមិនទាន់ពេលណាត់ » ម៉ាវីន ស្រែកតឿនកូនចៅដែលលើកកេសឈើដាក់អីវ៉ាន់ប្រាំកេសដើរតាមក្រោយគេ។

  គ្រប់សកម្មភាពដឹកជញ្ចូលទំនិញរបស់នាយម៉ាវីននិងគ្នីគ្នា កំពុងតែស្ថិតនៅក្រោមក្រសែភ្នែករបស់ អេវីលនិងក្រុមកម្មករដែលមកជាមួយគេ កំពុងលាក់ខ្លួននៅក្នុងពុម្ពស្មៅលួចថតសកម្មភាពរបស់ក្រុមនាយម៉ាវីននិងកំពុងរកឱកាសចូលទៅទាក់ពួកគេទុកដើម្បីអាចប្រមូលភស្តុតាងទាំងអស់នៅនឹងកន្លែងតែម្តង។ អេវីល លើកដៃឡើងឲ្យសញ្ញាដល់កម្មករដែលមកជាមួយគេ ភ្លាមៗកម្មករក៏នាំគ្នាទាញខ្សែដែលពួកគេដាក់លាក់នៅក្រោមស្មៅនិងស្លឹកឈើងាប់ដែលនាយម៉ាវីននិងគ្នីគ្នាកំពុងដើរពីលើ។ ខ្សែភ្លាត់ឡើងធ្វើឲ្យក្រុមនាយម៉ាវីនទាក់ជើងដួលត្រឡប់ត្រឡិនទាំងមេទាំងកូនចៅ ឆ្លៀតឱកាសដែលក្រុមនាយម៉ាវីនដួលត្រឡប់ត្រឡិនអស់បែបនេះ អេវីលនិងកម្មករដែលមកជាមួយគេ ក្នុងដៃមានត្រឹមដំបងនិងកាំបិត មានតែ អេវីលនិងលោកពូ វីហ្គូ ប៉ុណ្ណោះដែលមានកាំភ្លើងក្នុងដៃ រហ័សរត់មកព័ន្ធនាយម៉ាវីននិងគ្នីគ្នាជិត។
  « អេវីល ឯង! » នាយម៉ាវីន ដួលងើបមិនទាន់រួចផង ពេលក្រឡេកឃើញ អេវីល ឈរភ្ជង់កាំភ្លើងដាក់គេ គេក៏រហ័សទាញកាំភ្លើងចេញមកចង់បាញ់ អេវីល ប៉ុន្តែ...
  ឌឹប!
  អេវីល លើកជើងទាត់កាំភ្លើងឲ្យរបូតធ្លាក់ពីដៃរបស់គេមុន។
  « ឆាប់ដាក់កាំភ្លើងចុះ បើមិនអញ្ចឹងយើងនឹងបាញ់ចៅហ្វាយរបស់ពួកឯងហើយ » អេវីល ភ្ជង់កាំភ្លើងដល់ថ្ងាសទូលាយរបស់ ម៉ាវីន ហើយស្រែកឲ្យកូនចៅរបស់ ម៉ាវីន ដែលដកកាំភ្លើងចេញមកទម្លាក់កាំភ្លើងចុះ។
  « ចៅហ្វាយ! » នាយ ម៉ាក ស្រែកហៅចៅហ្វាយដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាចៅហ្វាយរបស់គេព្រមឲ្យពួកគេដាក់កាំភ្លើងចុះឬអត់។
  « ឆាប់ដាក់កាំភ្លើងចុះទៅ ឲ្យលឿន! » ម៉ាវីន រហ័សស្រែកប្រាប់កូនចៅទាំងញ័របបូរមាត់ដោយការភិតភ័យព្រោះមើលទៅ អេវីល មិនបាននិយាយលេងទេ គេបានដាក់ដៃត្រៀមកេសកៃរួចទៅហើយ ទើប ម៉ាវីន ភ័យខ្លាចថាគេនឹងបាញ់ពិតមែន។
  នាយម៉ាក នាយខេនិងកូនចៅផ្សេងទៀតប្រញាប់ដាក់កាំភ្លើងចុះគ្រប់គ្នាហើយទាត់កាំភ្លើងចេញទៅក្នុងស្មៅតាមសញ្ញាដៃរបស់់លោកពូ វីហ្គូ ដែលឲ្យពួកគេទាត់កាំភ្លើងចោល។
  ឌឹប! ឌឹប!
  ក្រុមកម្មកររបស់ អេវីល នាំគ្នាស្ទុះមកចាប់នាយម៉ាវីននិងកូនចៅរបស់គេជាប់អស់ ទើប អេវីល ដកកាំភ្លើងទុកហើយដើរសំដៅទៅកេសអីវ៉ាន់នៅលើដី។
  « អេវីល ឯងមានសិទ្ធិអ្វីមកធ្វើបែបនេះដាក់យើង? ឆាប់លែងពួកយើងភ្លាម! » នាយ ម៉ាវីន ព្យាយាមរើកាន់តែខ្លាំងពេលឃើញអេវីល កាន់កាំមេរ៉ាដើរសំដៅទៅកេសអីវ៉ាន់របស់គេ។
  « មនុស្សអាក្រក់ដូចជាពួកឯងនេះ យើងគួរតែចាត់ការបែបនេះយូហើយ » អេវីល អង្គុយជិតកេសអីវ៉ាន់ហើយត្រៀមបើកមើលរបស់ខាងក្នុង ធ្វើឲ្យនាយម៉ាវីន កាន់តែកញ្ជ្រោលលើកដើម។
  « មិនអាចបើកបានទេ ក្នុងនោះជាទំពាំងបាយជូរលេខមួយដែលភ្ញៀវមកពីអ៊ីតាលីបញ្ជាទិញជាពិសេស បើឯងធ្វើឲ្យខូចតែបន្តិច យើងនឹងប្តឹងឯងហើយ » ម៉ាវីន ស្រែកគំរាមប្តឹង អេវីល ខ្លាំងៗ ប៉ុន្តែ អេវីល មិនខ្លាចគេទេ ហើយក៏មិនជឿដែលថាក្នុងកេសទាំងអស់នេះជាទំពាំងបាយជូរ។
  « ខ្ញុំក៏ចង់ដឹងថាទំពាំងបាយជូររបស់ឯងនេះល្អដល់ថ្នាក់ណា ទើបមានការដឹកជញ្ជូនលាក់លៀមដល់ថ្នាក់នេះ » អេវីល ងាកទៅសម្លឹងមុខរបស់នាយ ម៉ាវីន ហើយក៏ទាញបើកកេសអីវ៉ាន់នៅលើដីមួយរំព្រិច។
  « ទំពាំងបាយជូរ! » លោកពូ វីហ្គូ បើកភ្នែកធំលាន់មាត់ទាំងភ្ញាក់ផ្អើលព្រោះក្នុងកេសគឺជាទំពាំបាយជូដូចពាក្យរបស់នាយម៉ាវីនពិតមែន។
  អេវីល អង្គុយសម្លឹងទំពាំងបាយជូទាំងភ្ញាក់ផ្អើលមិនចង់ជឿថាក្នុងកេសគឺជាទំពាំងបាយជូរពិតមែន ក្នុងកេសទាំងអស់នេះគួរតែគ្រឿងញៀនទើបត្រូវ។
  « គឺទំពាំងបាយជូរនឹងហើយ ចុះពួកឯងគិតថាជាស្អីហា៎? »
  « មិនអាចទេ » អេវីល មិនជឿទេថាក្នុងកេសមានត្រឹមតែទំពាំងបាយជូរ ទើបគេរហ័សរើទំពាំងបាយជូរចេញពិនិត្យមើលឲ្យបានល្អិតល្អន់ ដើម្បីឲ្យបានប្រាកដចិត្តថាក្នុងនេះពិតជាមិនបានលាក់គ្រឿងញៀននៅបាតខាងក្រោមមែន។
  « អេ...ឯងមិនអាចរើសបានទេ! » នាយម៉ាវីន ហាមឃាត់ អេវីល ទាំងទឹកមុខអស់សំណើចព្រោះចុងក្រោយ អេវីល ក៏នៅតែចាញ់ល្បិចកលរបស់គេ។
  « ហេតុអ្វីមិនមានអ្វីសោះ? » អេវីល ចាក់ទំពាំងបាយជូរចេញពីកេសអស់ហើយនៅរកអ្វីមិនឃើញទៀត ទើបគេក្រោកឈរឡើងទាំងអស់សង្ឃឹម។
  ហើយកម្មកររបស់គេក៏ប្រលែងនាយម៉ាវីននិងគ្នីគ្នាឲ្យរួចខ្លួនវិញដែរ។
  « ទំពាំងបាយជូររបស់យើងខូចអស់ហើយ ឯងចង់សងយ៉ាងម៉េចហា៎? » ម៉ាវីន ស្ទុះមកក្របួចកអាវ អេវីល ណែនដៃ។
  « ទំពាំងបាយជូរដែលខ្ញុំធ្វើឲ្យខូច ខ្ញុំនឹងសងឯងវិញ » អេវីល ចាប់ទាញដៃរបស់ ម៉ាវីន ចេញពីករអាវរបស់គេមួយទំហឹងហើយក៏ដើរបុកស្មាទូលាយចេញទៅទាំងមុខស្មើ ប៉ុន្តែ ម៉ាវីន បែរជាមិនតាមរករឿងគេតទៅទៀតដូចរាល់ដង ដែលធ្វើឲ្យ អេវីល ប្រាកដចិត្តថា ម៉ាវីន ច្បាស់ជាត្រូវធ្វើកិច្ចការដែលសំខាន់អ្វីមួយផ្សេងទៀត មិនមែនគ្រាន់តែជញ្ជូនទំពាំងបាយជូរទាំងនេះទេ។
  « ផ្ញើរទុកសិនចុះ! » ម៉ាវីន ស្រែកពីខាងក្រោយខ្នងរបស់ អេវីល ហើយក៏ញោចមាត់ញញឹមយ៉ាងសមចិត្តចេញមក។ គេពិតជាសប្បាយខ្លាំងណាស់ពេលបានប្រើល្បិចកលបញ្ឆោត អេវីល លេងបែបនេះ គ្មានអ្វីធ្វើឲ្យគេសប្បាយចិត្តលើកនេះទៀតទេ។
  « ឆាប់ប្រមូលអីវ៉ាន់ទុកឲ្យលឿន ហាសហា » នាយម៉ាកនិងនាយខេស្រែកបញ្ជាកូនចៅឲ្យប្រមូលរបស់របបទុកទាំងសើចសប្បាយព្រោះបានឃើញអ្នកខ្លះចាញ់បោកចៅហ្វាយរបស់គេ។
  « ពួកឯងទាំងពីរនាក់មកតាមយើង » ម៉ាវីន ហៅនាយម៉ាកនិងនាយខេដើរចេញទៅ។
  ពួកគេទាំងបីនាក់ដើរអស់មួយសន្ទុះធំទើបមកដល់កន្លែងលាក់ឡានដឹកគ្រឿងញៀនរបស់ពួកគេ។ ម៉ាវីននិងកូនចៅប្រញាប់ទាញមែកឈើដែលគ្រប់ឡានលាក់ទុកក្នុងព្រៃចេញហើយក៏ឡើងឡានបើកចេញទៅជាយព្រៃខាងក្រោយដែលជាកន្លែងណាត់ជួបរវាងគេនិងស៊ីរ៉ូ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now