ភាគ១៣

49 7 0
                                    

” ទំនិញខុសច្បាប់ ”

  ផាំង! ឈូៗ
  ភ្លៀងផ្គររន្ទះសស្រាក់ឥតដាច់គ្រាប់ ដេលលី បែរជារត់កាត់ភ្លៀងទាំងជើងនៅមានរបួសមកផ្ទះកម្មករ។ ជាផ្ទះសម្រាប់កម្មករក្នុងចម្ការស្នាក់នៅ នៅក្បែរផ្ទះកម្មករក៏មានរោងចិញ្ចឹមសត្វនិងរោងសម្រាប់ទុកគ្រឿងយន្តដែលប្រើប្រាស់ក្នុងចម្ការផងដែរ។ ដេលលី ដឹងថាមានតែទីនេះទេ ទើបមានឡានអាចជូននាងទៅរក អេវីល បានទើបនាងរត់មកទីនេះដើម្បីសុំឲ្យកម្មករជូននាងទៅតាម អេវីលនិងលោកពូវីហ្គូ ប៉ុន្តែក៏ត្រូវបានបដិសេធ។
   « ហេតុអ្វីខ្ញុំទៅមិនបាន? » ដេលលី សួរកម្មករនៅផ្ទះកម្មករទាំងមួរម៉ៅ ព្រោះពួកគេហាក់មិនបារម្ភពីចៅហ្វាយនាយសោះ ទើបមិនព្រមនាំគ្នាចេញឡានទៅតាមចៅហ្វាយបែបនេះ។
   « គឺនៅទីនោះគ្មានផ្លូវសម្រាប់ឡានចូលទៅទេ បើចង់ទៅមានតែដើរទៅប៉ុណ្ណោះ ប៉ុន្តែជើងអ្នកនាងឈឺបែបនេះអាចដើរទៅបានទេ? »កម្មករសួរបកមកនាងវិញ ព្រោះភ្លៀងខ្លាំងបែបនេះហើយត្រូវដើររាប់គីឡូតើអ្នកណាអាចស៊ូដើរទៅបាននោះ? ជាពិសេស អេវីល បានប្រាប់ហើយថាមិនបាច់នាំគ្នាទៅតាមគេទេ។
   « ហើយ អេវីលនិងលោកពូវីហ្គូ ទៅដោយរបៀបណា ធ្វើដំណើរដោយថ្មើរជើងដែរមែនទេ? » ដេលលី សួរដោយបារម្ភខ្លាំងឡើង។
   « ចៅហ្វាយនិងលោកពូ វីហ្គូ ជិះសេះទៅ ដូច្នេះអ្នកនាងកុំបារម្ភអី តែបន្តិចទៀតពួកគាត់ត្រឡប់មកវិញហើយ »
  ទោះកម្មករប្រាប់នាងមិនឲ្យបារម្ភពីគេយ៉ាងណាក៏នាងនៅតែបារម្ភពីគេខ្លាំងដដែល ទើបនាងនៅរងចាំមើលផ្លូវគេនៅផ្ទះកម្មករមិនទៅណា។ រាងស្តើងអង្គុយនៅកៅអីក្រោមរោងនៅក្បែរផ្ទះកម្មករសម្លឹងទៅផ្លូវដែល អេវីល ត្រូវមកវិញមិនដាក់ភ្នែក នាងចាំគេតាំងពីភ្លៀងក្រាស់រហូតភ្លៀងប្រែមកជារលឹមវិញ តែគេនៅមិនទាន់ត្រឡប់មកវិញដដែល ទើបធ្វើឲ្យនាងនៅមិនសុខចេះតែដើរទៅ ដើរមកមិនឈប់។
   « រងាខ្លាំងណាស់ អ្នកនាងចូលទៅចាំនៅក្នុងផ្ទះសិនទៅ » កម្មករម្នាក់រត់កាត់ភ្លៀងមកហៅនាងឲ្យចូលទៅក្នុងផ្ទះដែលមានជញ្ជាំងអាចកាត់បន្ថយភាពត្រជាក់បាន ប៉ុន្តែនាងនៅតែបដិសេធចង់នៅចាំគេទីនេះ។
   « ខ្ញុំមិនត្រជាក់ទេ »
   នាងបដិសេធទាំងឱបដៃខ្លួនញ័រទទ្រើកដូចកូនសត្វទៅហើយ ទើបកម្មករចិត្តល្អទៅយកកន្សែងមួយមកឲ្យនាង។
   « បើអ្នកនាងចង់ចាំនៅទីនេះក៏តាមចិត្ត ប៉ុន្តែអ្នកយកកន្សែងនេះដណ្តប់ទៅ » គេហុចកន្សែងមកឲ្យនាងហើយចេញទៅវិញបាត់ ទុកឲ្យ ដេលលី នៅអង្គុយរងារងចាំ អេវីល តែម្នាក់ឯងបន្ត។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now