ភាគ៤៣

124 4 0
                                    

“ ចាប់ជំរិត ”

  ថ្ងៃមង្គលការរៀបចំយ៉ាងសាមញ្ញនៅក្នុងចម្ការ លីអូណា។ ផ្កាកុលាបស្រស់កាត់មកពីចម្ការជាច្រើន ត្រូវរៀបតុបតែងដាក់តាំងជាជួរលើវាលស្មៅពណ៌បៃតងអមសងខាងផ្លូវដែលកូនក្រមុំកូនកំលោះត្រូវដើរទៅកាន់កន្លែងលោកអាចារ្យធ្វើពិធី។កៅអីឈើសម្រាប់អ្នកចូលរួមរៀបជាជួរយ៉ាងស្រស់ស្អាត ក្រណាត់ស្បៃពណ៌សចងជាបូរខ្វាត់ខ្វែងពេញកន្លែងពិធីកំពុងត្រូវខ្យល់បក់រវិចៗ ធ្វើឲ្យអ្នកដែលដើរឆ្លងកាត់ត្រូវឈប់ជើងមួយភ្លែតសម្លឹងមើលកន្លែងកម្មវិធីដែលមានការរៀបចំបានយ៉ាងស្រស់ស្អាត។ បានឃើញកន្លែងកម្មវិធីមង្គលការរបស់បុរសដែលខ្លួនស្រលាញ់ហើយទឹកភ្នែកក៏ស្រក់ចុះមកទាំងមិនដឹងខ្លួន បេះដូងឈឺចាប់ខ្ទោកៗពិបាកទ្រាំ ប៉ុន្តែទោះជាត្រូវឈឺចាប់ខ្លាំងប៉ុណ្ណាក៏នាងត្រូវតែប្រឹងធ្វើចិត្តហើយដើរចេញ។
  « សូមជូនពរឲ្យបងនិងនាងមានសុភមង្គលជារៀងរហូត អេវីល » ដេលលី ពោលពាក្យជូនពរពីចម្ងាយហើយក៏ដើរចាកចេញទៅទាំងទឹកភ្នែក ។
  អេវីល ដែលឈររងចាំជូនដំណើរនាងជាយូ បានត្រឹមឈរមើលនាងចាកចេញទៅពីចម្ងាយទាំងមិនហ៊ានបង្ហាញខ្លួនក្នុងឈុនកូនកំលោះនេះឲ្យនាងបានឃើញឡើយ ព្រោះគេគ្មានមុខអ្វីត្រូវជួបនាងទៀតទេ រវាងនាងនិងគេបានបញ្ចប់គ្រប់យ៉ាងហើយ ថ្ងៃក្រោយជួបគ្នាត្រឹមជាអ្នកដទៃប៉ុណ្ណោះ ទោះបេះដូងរបស់គេឈឺចាប់ស្ទើរស្លាប់ហើយប្រឹងស្រែកដង្ហោយហៅរកនាងខ្លាំងប៉ុណ្ណា ក៏គេមិនអាចធ្វើតាមបេះដូងរបស់ខ្លួនឯងបាន ព្រោះគេអស់សិទ្ធិជ្រើសរើសអ្វីទៀតទេ កំហុសអចេតនារបស់គេបានបង្ខំឲ្យគេត្រូវតែដើរលើផ្លូវមួយនេះ។

  ដេលលី ដើរមកដល់ឡានដែលចតចាំជាស្រេច ដោយមានស៊ូជីន នៅឈរក្បែរឡានហើយ ថេរ៉ុន នៅឈរសម្លឹងទៅបង្អួចបន្ទប់របស់ រ៉េណា មិនដាក់ភ្នែកដោយទឹកមុខពេញដោយក្តីសោកសៅអាឡោះអាល័យមិនដាច់ចិត្ត។
  « ទុកឲ្យខ្ញុំជាអ្នកបើកឡានទៅចុះ » ស៊ូជីន មើលទៅ ថេរ៉ុន ដូចជាគ្មានអារម្មណ៍ជាប់នឹងខ្លួនទេ ទើបនាងស្ម័គ្រចិត្តធ្វើជាតៃកុងឡាន។
   « ប៉ុន្តែខ្ញុំមិនទាន់បានប្រាប់រឿងដែលពួកយើងត្រូវត្រឡប់ទៅវិញទៅលោកម្ចាស់នោះទេ » ថេរ៉ុន ងាកមករក ដេលលី វិញ។
   « ពេលនេះគ្រប់គ្នាកំពុងតែពិបាកចិត្តរឿងក្រុមហ៊ុនផង ដូច្នេះមិនបាច់ប្រាប់រឿងនេះឲ្យពួកគាត់បារម្ភថែមទៀតទេ » ដេលលី តបជាមួយ ថេរ៉ុន ហើយទើបរហ័សឡើងឡានយ៉ាងលឿន។
   ថេរ៉ុន ដកភ្នែកពី ដេលលី ហើយមកសម្លឹងបង្អួចបន្ទប់របស់ រ៉េណា ម្តងទៀតជាលើកចុងក្រោយ។
   « លាហើយ រ៉េណា » គេពោលពាក្យលាពីចម្ងាយហើយក៏ឡើងឡានចាកចេញទៅ។
   សំឡេងឡានបើកចេញពីចម្ការទៅ ធ្វើឲ្យរាងស្តើងក្នុងឈុនកូនក្រមុំស្ទុះពីកៅអីមុខកញ្ចក់មកឈរនៅមាត់បង្អួចសម្លឹងមើលឡានទំនើបបើកចេញទៅទាំងទឹកភ្នែកស្រក់ចុះមកជោកថ្ពាល់។ ចាប់ពីពេលនេះទៅនាងមិនអាចបានជួបគេម្តងទៀតទេ ព្រហ្មលិខិតលេងជាមួយនាងពេកហើយ បើមិនអាចឲ្យនាងនិងគេបានរស់នៅជាមួយនាងអស់មួយជីវិតដដែល អញ្ចឹងនាំគេមកឲ្យបានជួបនាងធ្វើអ្វី។ គេនិងនាងរស់នៅឆ្ងាយពីគ្នារាប់លានគីឡូម៉ែត្រ ប៉ុន្តែព្រហ្មលិខិតបែរជានាំគេឲ្យមកជួបនាងប្រៀបដូចនិស្ស័យពីបុព្វេ ធ្វើឲ្យនាងស្រលាញ់គេហើយធ្វើឲ្យគេស្រលាញ់នាងវិញ បន្ទាប់មកក៏បំបែកនាងនិងគេចេញពីគ្នាដោយរបៀបនេះមែនទេ? ដឹងទេថានាងនិងគេឈឺចាប់ខ្លាំងប៉ុណ្ណា?។
   « ហ៊ឹក...ហ៊ឺ! » រាងស្តើងក្នុងឈុនកូនក្រមុំឈរយំសោកសៅមាត់បង្អួចទាំងក្តីឈឺចាប់ពិបាកពណ៌នា។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now