ភាគ៣៧

86 4 0
                                    

“ ទុកពេល...”

  ដេលលី បើកឡានជូន ដាយ៉ែល ចេញពីចម្ការលីអូណា មកកាន់កន្លែងផ្ញើរឡានរបស់គេវិញ។
  « រឿងដែលកើតឡើងនៅថ្ងៃនេះ ខ្ញុំសុំទោសលោកជំនួស អេវីល ផង » ដេលលី និយាយឡើងដោយទឹកមុខក្រែងចិត្តគេខ្លាំង។
  « មិនអីទេ ប៉ុន្តែគេមើលទៅដូចជាប្រច័ណ្ឌខ្លាំងណាស់ »
  « តាមធម្មតា អេវីល មិនដែលបែបនេះ ប៉ុន្តែថ្ងៃនេះគេរៀងចម្លែកបន្តិចហើយ »
  « មកពីគេឃើញខ្ញុំសង្ហាជាងគេទេដឹង? » ដាយ៉ែល នៅនិយាយលេងសើចបានទៀត ទាំងដែលត្រូវ អេវីល ធ្វើបាបដល់ថ្នាក់នេះហើយ។
  « ប្រហែលហើយ » ដេលលី សើចតបជាមួយគេវិញយ៉ាងសប្បាយចិត្ត ព្រោះទង្វើរបស់ អេវីល នៅថ្ងៃនេះបញ្ជាក់ឲ្យនាងឃើញថាគេស្រលាញ់និងហួងហែងនាងច្បាស់ៗតែម្តង។
  « ប៉ុន្តែគួរឲ្យសោកស្តាយណាស់ដែលមិនបានជួបមុខអ្នកមីង យូមី ដែលនាងសង្ស័យផ្ទាល់ »
   « មិនអីទេ ចាំខ្ញុំលួចថតរូបគាត់ផ្ញើរឲ្យលោកក៏បាន »
   « ចឹងខ្ញុំចាំមើលតាមរូបថតក៏បាន ពេលនេះល្ងាចណាស់ហើយ ខ្ញុំគិតលាទៅវិញសិនហើយ »
   « ចាស ធ្វើដំណើរដោយសុវត្ថិភាពណា »
   « បាទ អ្នកនាងដូចគ្នា បើកឡានទៅវិញប្រយ័ត្នផង »
   ដាយ៉ែលនិងដេលលី លាគ្នាជាមួយស្នាមញញឹមទៅវិញទៅមកហើយទើបបំបែកផ្លូវគ្នាឡើងឡានបើកចេញទៅតាមទិសដៅរៀងៗខ្លួន។

   ចម្ការលីអូណា

   ដេលលី រត់កាត់វាលស្មៅពណ៌បៃតងសំដៅមករករាងក្រាស់ដែលនៅអង្គុយមាត់ស្ទឹងក្រោមពន្លឺពណ៌មាសនៃព្រះសុរិយារៀបអស្តង្គត។
   « អេវីល! » នាងឈរហៅគេពីចម្ងាយ ពេលគេក្រោកឈរឡើងងាកមកសម្លឹងមើលនាង ទើបនាងរហ័សរត់ចូលទៅរកគេ ប៉ុន្តែនាងរត់ទៅជិតដល់គេទៅហើយ គេស្រាប់តែដើរគេចពីនាងដូចជាខឹងនឹងនាងទៅវិញ តាមពិតទៅនាងទេដែលត្រូវតែខឹងជាមួយគេនោះ ព្រោះថ្ងៃនេះគេធ្វើបាបមិត្តរបស់នាងខ្លាំងណាស់ដឹងទេ។
  « អេវីល បងចង់ទៅណា? » ដេលលី ស្រែកសួរអ្នកដែលដើរគេចចេញពីនាងបានបីជំហាន ធ្វើឲ្យគេឈប់ជើងវិញមួយរំព្រិច។
  « ហេតុអ្វីមិនទៅតាមអាម្នាក់នោះទៀតទៅ? មករកបងនៅទីនេះធ្វើអ្វី? » គេងាកមកសួរបញ្ឈឺនាងទាំងមុខក្រញូវបញ្ជាក់ថាខឹងខ្លាំង។
  « បងប្រច័ណ្ឌខ្ញុំនិងដាយ៉ែលមែនទេ? » ដេលលី លោមុខចូលមកជិតគេបន្តិចជាមួយស្នាមញញឹមចេញធ្មេញតូចៗគួរឲ្យស្រលាញ់។
  « ដាយ៉ែល? ហៅគ្នាបានពិរោះណាស់ណ៎ នៅមានថាគេគួរឲ្យស្រលាញ់ទៀតផង » អេវីល ងាកមុខចេញពីនាងហើយរអ៊ូរទាំទាំងមុខក្រញូវ។
  « គឺគេញញឹមគួរឲ្យស្រលាញ់ពិតមែនហើយ មិនដូចអ្នកខ្លះដែលចូលចិត្តពាក់មុខខ្លាគួរឲ្យខ្លាចដាក់ខ្ញុំគ្រប់ពេល »
  « ហាស...ហាស » អេវីល ធ្វើជាសើចហើយប្រឹងញញឹមចេញធ្មេញស្ងួតដាក់ ដេលលី ដើម្បីឌឺដងឲ្យនាងវិញ ប៉ុន្តែបែរជាធ្វើឲ្យ ដេលលី ងាកមកឃើញមុខរបស់គេហើយក៏អស់សំណើចឡើង។
  « ហាសហា »
  « នៅសើចបានទៀតមែនទេ? » អេវីល ខឹងជាមួយនាងកាន់តែខ្លាំងឡើង។
  «...» ដេលលី អស់ពីសើចក៏មកឈរញញឹមយ៉ាងមានក្តីសុខសម្លឹងមុខរបស់គេដោយក្រសែភ្នែកស្រទន់វិញ ដឹងទេថាថ្ងៃនេះនាងមានអារម្មណ៍ថាសប្បាយចិត្តប៉ុណ្ណា ពេលដឹងថាគេកំពុងតែប្រច័ណ្ឌហួងហែងនាងនោះ នាងរំភើបចិត្តខ្លាំងស្ទើរតែស្រក់ទឹកភ្នែកក្រោយដឹងថាបុរសដែលនាងតាមស្រលាញ់គេតែម្នាក់ឯងជិតម្ភៃឆ្នាំមកនេះ ទីបំផុតគេព្រមស្រលាញ់នាងវិញហើយ អារម្មណ៍មួយនេះប្រៀបដូចជាសុបិន្តមួយអញ្ចឹង ព្រោះនាងមិនដែលគិតទេថាអាចមានថ្ងៃដែលនាងយកបានបេះដូងរបស់គេនោះ។
  « ហេតុអ្វីក៏មើលមកបងបែបនេះ? » អេវីល លើកចិញ្ចើមឡើងសួរនាងដោយងឿងឆ្ងល់។
  « បងប្រច័ណ្ឌខ្ញុំហើយ ដូច្នេះក៏មានន័យថាបងស្រលាញ់ខ្ញុំដូចគ្នា » ដេលលី និយាយឡើងទាំងនៅរក្សាក្រសែភ្នែកស្រទន់ដាក់គេដដែល។
  « បង...» អេវីល រដាក់រដុកមិនដឹងបដិសេធបែបណា ព្រោះអាការៈរបស់គេនៅថ្ងៃនេះបង្ហាញច្បាស់ៗយ៉ាងនេះ គេបដិសេធក៏នាងមិនជឿដែរ ម្យ៉ាងទៀតគេខ្លួនឯងពេលនេះក៏ដឹងច្បាស់ថាខ្លួនឯងមានអារម្មណ៍បែបណាចំពោះនាង។
  « ពិតមែនហើយ បងប្រាប់ ដាយ៉ែល ថាបងជាសង្សារបស់ខ្ញុំ ប៉ុន្តែបងមិនទាន់បានសុំខ្ញុំធ្វើសង្សានៅឡើយទេ » ដេលលី ទាមទារឲ្យគេសុំនាងធ្វើសង្សាពេលនេះ ប៉ុន្តែគេបែរជារដាក់រដុកលើសដើមទៅវិញ។
  « ទុក...ទុកពេលឲ្យបងគិតមើលបន្តិចសិនទៅ បែបនេះល្អទេ ថ្ងៃស្អែកម៉ោងនេះពួកយើងជួបគ្នានៅទីនេះម្តងទៀតល្អទេ » អេវីល មិនសុំនាងធ្វើសង្សានៅពេលនេះ ព្រោះគេដឹងថានាងជាមនុស្សស្រីដែលចូលចិត្តភាពរ៉ូមេទិចការពញ្ញាក់អារម្មណ៍អ្វីបែបនេះ ទើបគេណាត់នាងម្តងទៀតនៅថ្ងៃស្អែកត្រង់ទីតាំងនេះដដែល ព្រោះគេចង់រៀបចំអ្វីដែលពិសេសខ្លះដើម្បីនាង។ នាងខំតាមស្រលាញ់គេមកច្រើនឆ្នាំយ៉ាងនេះ គេគួរតែមានអ្វីពិសេសខ្លះដើម្បីតបស្នងទៅនាងវិញ។
   « ខ្ញុំសង្ឃឹមថាចម្លើយនៅថ្ងៃស្អែកគឺជាចម្លើយដែលខ្ញុំចង់ស្តាប់ចេញពីមាត់របស់បងទៅចុះ » ដេលលី ញញឹមស្រាលស្រទន់ដាក់គេម្តងទៀត ព្រោះទោះគេសុំពេលគិតក៏នាងមានសង្ឃឹមកៅសិបភាគរយទៅហើយ ទើបនាងមិនភ័យព្រួយនោះទេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now