ភាគ២២

59 8 0
                                    

” ប្រកាសផ្ដាច់ទំនាក់ទំនងនឹងគ្នា ”

   រ៉េណា អង្គុយលើទោងក្រោមដើមឈើសម្លឹងមើលព្រះចន្ទពេញវង់ដែលរះឡើងយ៉ាងស្រស់ស្អាតអមដោយផ្កាយរាប់លានដួងនៅរះកំដរចន្ទ។
   « ពេលយប់នៅខាងក្រៅត្រជាក់ខ្លាំងណាស់ ហេតុអ្វីអ្នកនាងនៅអង្គុយទីនេះទៀត? » ថេរ៉ុន ដើរចូលមករក រ៉េណា បន្ទាប់ពីគេចេញមកខាងក្រៅផ្ទះហើយក្រឡេកឃើញនាងនៅអង្គុយតែម្នាក់ឯង។
   « ខ្ញុំគេងមិនលក់ ទើបចេញមកអង្គុយនៅទីនេះបន្តិច ប៉ុន្តែមិននឹកស្មានថាត្រូវពន្លឺព្រះចន្ទលួងលោមចិត្តឲ្យធូរស្បើយយ៉ាងនេះសោះ លោកចង់អង្គុយជាមួយគ្នាទេ? ព្រះចន្ទរាត្រីនេះស្អាតណាស់ » រ៉េណា ហៅគេឲ្យអង្គុយលើទោងមើលព្រះចន្ទជាមួយនាង ដោយរំកិលផ្តល់កន្លែងឲ្យគេជាស្រេច បើគេបដិសេធក៏ហួសហេតុពេកហើយ ទើបគេព្រមអង្គុយចុះលើទោងជិតដៃនាង។
   « ខ្ញុំមកទីនេះមួយរយៈហើយ តែមិនដែលចាប់អារម្មណ៍ទេថានៅទីនេះអាចមើលឃើញផ្កាយច្រើនជាងនៅទីក្រុង » ថេរ៉ុន ងើយសម្លឹងទៅផ្ទៃមេឃដែលមានព្រះចន្ទពេញវង់ដ៏ស្រស់ស្អាតមួយដួងនិងផ្កាយរាប់លានដួងទៀត។ ពន្លឺស្រទន់របស់ព្រះចន្ទបូករួមនឹងខ្យល់រាត្រីបក់ផាត់នាំក្លិនក្រអូបប្រហើររបស់ផ្កានៅជុំវិញផ្ទះនាពេលនេះជាឱសថព្យាបាលផ្លូវចិត្តដ៏មានប្រសិទ្ធភាពបំផុត ធ្វើឲ្យកំលោះក្រមុំទាំងពីរនាក់មានអារម្មណ៍ធូរស្រាលមួយរំព្រិច ភាពស្មុគស្មាញនិងទុកកង្វល់ក្នុងចិត្តទាំងប៉ុន្មានត្រូវបានរសាយអស់នៅក្នុងខណៈនេះ។
   « ដោយសារតែពន្លឺអំពូលនៅទីនេះមានតិច ទើបយើងអាចមើលឃើញដួងផ្កាយច្រើនជាងធម្មតា ខ្ញុំចូលចិត្តជីវិតស្ងប់ស្ងាត់និងហ៊ុមព័ទ្ធដោយធម្មជាតិនៅទីនេះខ្លាំងណាស់ ចុះលោកវិញ? តើចូលចិត្តជីវិតនៅទីក្រុងឬជីវិតនៅជនបទមានតែធម្មជាតិបែបនេះ? » រ៉េណា ងាកមកសួរគេជាមួយស្នាមញញឹម។
  « ខ្ញុំគ្មានសិទ្ធិជ្រើសរើសទេ ជីវិតរបស់ខ្ញុំត្រូវសម្រេចលើលោកម្ចាស់ ឡូវែល » ថេរ៉ុន ឆ្លើយតបទាំងភ្នែកនៅសម្លឹងព្រះចន្ទដដែល ប៉ុន្តែ រ៉េណា អាចមើលដឹងពីអារម្មណ៍សោកសៅដែលនៅក្នុងចិត្តរបស់គេ។
  « លោកម្ចាស់ ឡូវែល ជាលោកប៉ារបស់ ដេលលី មែនទេ? » នាងសួរបន្ត។
  « ពិតមែនហើយ គាត់ជាលោកប៉ារបស់ ដេលលី គាត់ជាចៅហ្វាយនាយរបស់លោកពូខ្ញុំ ក្រោយពីលោកប៉ានិងអ្នកម៉ាក់របស់ខ្ញុំស្លាប់បាត់ទៅ លោកពូក៏នាំខ្ញុំមកឲ្យរស់នៅជាមួយលោកម្ចាស់ ហើយលោកម្ចាស់ជាអ្នកចិញ្ចឹមមើលថែនិងបង្រៀនខ្ញុំដល់ធំ »
  « ដូច្នេះទើបលោកចង់លះបង់ពេលមួយជីវិតនេះដើម្បីសងគុណលោកម្ចាស់ ឡូវែលនិងដេលលី វិញមែនទេ? » រ៉េណា ហាក់អស់សង្ឃឹមបន្តិចក្រោយស្តាប់រឿងរបស់ ថេរ៉ុន ហើយ ព្រោះបើគេគ្មានសិទ្ធិសម្រេចលើជីវិតរបស់ខ្លួនឯង អញ្ជឹងនាងគ្មានសង្ឃឹមទេ។
  « ត្រូវហើយ » ថេរ៉ុន ឆ្លើយតបជាមួយ រ៉េណា ហើយក៏ក្រោកឈរឡើងចង់ចូលទៅក្នុងផ្ទះវិញ។
  « ដូច្នេះលោកមិនគិតរៀបការជាមួយនារីណាម្នាក់នៅថ្ងៃអនាគតទេឬ? » នាងរហ័សស្ទុះក្រោកឈរឡើងតាមគេហើយសួរគេយ៉ាងអន្ទះសារព្រោះនាងចង់ដឹងថាគេអាចរៀបការបានឬអត់?។
  « ខ្ញុំមិនទាន់គិតរឿងមួយនោះនៅឡើយទេ អូ!ពិតមែនហើយ ខ្ញុំប្រហែលជាត្រឡប់ទៅវិញនៅខានស្អែកនេះ ព្រោះអ្នកនាងលែងចង់តាម អេវីល តទៅទៀតហើយ »
  « លោកទៅវិញហើយ? » រ៉េណា ទម្លាក់ទឹកមុខសោកសៅមួយរំព្រិច ពេលដឹងថានាងជិតលែងបានជួបគេទៀតហើយ កាលចាកចេញរបស់គេនៅពេលនេះមិនដឹងថាពេលណានាងអាចបានជួបគេម្តងទៀតទេ នាងមិនចង់ឲ្យគេទៅទេ តើគេអាចនៅទីនេះជាមួយនាងរហូតបានទេ? នាងចង់ឃាត់គេទុកឲ្យនៅទីនេះជាមួយនាង ប៉ុន្តែនាងគ្មានសិទ្ធិធ្វើបែបនេះឡើយ ព្រោះនាងនិងគេមិនត្រូវជាអ្វីនឹងគ្នាឡើយ ហើយគេក៏គ្មានហេតុផលអ្វីដែលត្រូវនៅទីនេះបន្តទៀតដែរ បើអ្នកនាងរបស់គេលែងនៅទៅហើយនោះ ទើបនាងបានត្រឹមញញឹមជូនដំណើរគេទាំងកែវភ្នែករលីងរលោង។
  « សូមធ្វើដំណើរដោយសុវត្ថិភាពនិងរស់នៅយ៉ាងសុខសប្បាយពេលត្រឡប់ទៅផ្ទះវិញ » រ៉េណា ញញឹមទាំងកែវភ្នែករលីងរលោងនិយាយជូនពរគេទាំងអួលដើមករចង់យំ ព្រោះមិនចង់បែកពីគេ។
  « អរគុណខ្លាំងណាស់ តែអ្នកនាងក៏ដូចគ្នា កុំខំប្រឹងធ្វើការពេកត្រូវសម្រាកឲ្យបានច្រើន » ថេរ៉ុន ញញឹមជូនពរមកនាងវិញហើយក៏ដើរចេញទៅ ។
  « ហ៊ឹក...ហ៊ឺ! » រ៉េណា ទប់ទឹកភ្នែកមិនជាប់ទៀតទេ  ទើបពេលគេដើរចេញទៅផុត នាងក៏យំចេញមកខ្លាំងៗដោយអារម្មណ៍សោកសៅបំផុតមិនធ្លាប់មាន។ បែកគ្នាលើកនេះមិនដឹងថាពេលណាបានជួបគ្នាម្តងទៀតទេឬក៏មិនអាចបានជួបគ្នាម្តងទៀតអស់មួយជីវិតក៏មិនដឹង នាងមិនចង់ឃ្លាតឆ្ងាយពីគេទេ នាងចង់នៅក្បែរគេ ចង់ជួបមុខរបស់គេរាល់ថ្ងៃ ចង់និយាយនិងញញឹមដាក់គ្នាបែបនេះរាល់ថ្ងៃ ប៉ុន្តែមិនអាចឡើយព្រោះគេកំពុងតែជិតចាកចេញទៅវិញហើយ នាងមិនអាចបានឃើញមុខរបស់គេទៀតទេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now