ភាគ០៤

148 4 0
                                    

“យកវិធីដែលពួកគេធ្វើដាក់យើង ទៅសងលើពួកគេវិញ ”

  ថ្ងៃថ្មីឈានចូលមកដល់

  ព្រឹកនេះជាព្រឹកដំបូងរបស់ ដេលលី នៅចម្ការ លីអូណា។ ស្រីក្រមុំក្រោកពីគេងមកជាមួយភាពស្រស់ស្រាយដោយសារតែខ្យល់អាកាសបរិសុទ្ធនិងទេសភាពធម្មជាតិនៅក្នុងជុំវិញផ្ទះចម្ការ។ ស្រីក្រមុំញញឹមស្រស់ដើរចេញពីបន្ទប់ដោយភាពស្រស់ស្រាយ ពេលចូលមកដល់ក្នុងផ្ទះបានឃើញអ្នកមីង យូមី ធ្វើកិច្ចការផ្សេងៗតែម្នាក់ឯង នាងក៏ចង់ចូលទៅជួយ ព្រោះអ្នកម៉ាក់ធ្លាប់ប្រដៅថាពេលនៅផ្ទះអ្នកដទៃត្រូវតែចេះជួយធ្វើការរបស់គេកុំនៅស្ងៀមឲ្យគេដៀលថាជាមនុស្សខ្ចិល ទើបពេលនេះនាងរហ័សដើរចូលទៅរកអ្នកមីង យូមី ទាំងស្វាហាប់ តែភ្លេចថាខ្លួនឯងមិនចេះធ្វើអ្វីសោះ។
   « អ្នកមីង មានអ្វីឲ្យខ្ញុំជួយទេ? » ដេលលី សួរទៅរាងចំណាស់ដែលមានអាយុប្រហាក់ប្រហែលនឹងអ្នកម៉ាក់របស់នាងដែរ ទើបនាងរាងបន្ទន់សំឡេងគួរសមបន្តិច ប៉ុន្តែអ្នកមីង យូមី បែរជាងាកមកសម្លឹងមុខនាងដោយទឹកមុខមិនពេញចិត្តទៅវិញ។
   « ហើយចេះធ្វើអីខ្លះ? » គ្រាន់តែនាងសម្លឹងឃើញរូបរាងស្រឡូនស្រស់ស្អាតគ្មានកន្លែងទាល់របស់ ដេលលី នាងក៏ដឹងថា ដេលលី មិនដែលធ្វើអ្វីក្រៅពីតុបតែងខ្លួន ទើបនាងសួរទៅវិញបែបនេះ។
   « ខ្ញុំ...» ដេលលី ងាករេចោលភ្នែកសម្លឹងមើលជុំវិញខ្លួនរកមើលការងារដែលនាងចេះធ្វើ។ នាងមិនចេះដាំស្លទេ ហើយក៏មិនចេះបោកគក់ឬជូតសម្អាតផ្ទះដែរ ការងារថែសួននៅខាងក្រៅរឹតតែមិនចេះទៀត តើនាងអាចជួយអ្វីអ្នកមីង យូមី បានទៅ? ដេលលី អេះអុញចោលភ្នែកមួយជុំទើបប្រទះឃើញកម្មករលើកផ្កាដែលទើបកាត់មកពីចម្ការចូលមកដាក់នៅលើតុហើយក៏ចេញទៅវិញ បើតាមមើលផ្កានេះច្បាស់ជាយកមករៀបចំជាបាច់មិនខាន ព្រោះនាងឃើញមានក្រដាសសម្រាប់វិចខ្ចប់បាច់ផ្កា ទើបនាងរហ័សងាកទៅតបជាមួយអ្នកមីង យូមី វិញដោយសប្បាយចិត្ត ព្រោះទីបំផុតនាងអាចជួយការងារអ្នកមីង យូមី បានហើយ។
   « គឺខ្ញុំចេះរៀបចំបាច់ផ្កា »
   « បាច់ផ្កាមែនទេ? ប៉ុន្តែបាច់ផ្កានោះត្រូវរៀបចំឲ្យអតិថិជនជាពិសេស បើរៀបមិនស្អាតមិនត្រូវចិត្តអតិថិជនមិនបានទេណា »
   « ឲ្យខ្ញុំសាករៀបចំមួយបាច់ឲ្យអ្នកមីងមើលសិនក៏បាន ហើយចាំអ្នកមីងសម្រេចជាក្រោយថាគួរឲ្យខ្ញុំរៀបបន្តឬអត់ក៏បាន »
   « ចឹងក៏បាន សាកទៅរៀបទៅ ខ្ញុំចាំមើល »
   ដេលលី ទទួលបានការយល់ព្រមពីអ្នកមីង យូមី ហើយ ទើបរហ័សរត់ទៅអង្គុយកៅអីនៅតុក្បែរមាត់បង្អួចដែលមានខ្យល់បក់មកត្រជាក់ស្រស់ស្រាយ ហើយម្រាមស្រឡូនក៏ចាប់ផ្តើមលើកទងផ្កាកុលាបមកកាត់ស្លឹក។ មិនប៉ុន្មាននាទីផង ដេលលី ក៏រៀបចំបាច់ផ្កាយ៉ាងស្រស់ស្អាតមកប្រគល់ឲ្យអ្នកមីង យូមី មើល។
   « គ្រាន់បើ » អ្នកមីង យូមី មើលបាច់ផ្កាកុលាបពណ៌ក្រហមដែលត្រូវរៀបចំដោយមានលំអរដោយផ្កាល្អិតៗព័ន្ធជារង្វង់ជុំវិញបណ្តុំផ្កាកុលាបដប់ទងជាង ហើយនៅមានស្លឹកពណ៌បៃតងដាក់លំអរឲ្យមើលទៅឃើញធម្មជាតិបន្តិចផង ទើបបាច់ផ្កានេះមើលទៅស្រស់ស្អាតខ្លាំង តាមពិតនាងក៏ចង់សរសើរថាស្រស់ស្អាតខ្លាំងណាស់ដែរ តែនាងមិនសូវចូលចិត្ត ដេលលី ទេ ទើបបានត្រឹមតែថាទទួលយកបានប៉ុណ្ណឹង។
   “ បើចង់សរសើរថាស្អាតខ្លាំងណាស់ក៏និយាយតាមត្រង់មក ព្រោះជំនាញរៀបបាច់ផ្កានេះខ្ញុំរៀនមកពីអ្នកម៉ាក់តាំងពីតូច អ្នកម៉ាក់របស់ខ្ញុំជាម្ចាស់ហាងផ្កាល្បីៗជាច្រើនកន្លែងនៅប្រទេសបារាំងនេះ បើនិយាយថាបាច់ផ្កានេះមិនស្អាតក៏កុហកពេកហើយណា ” ដេលលី លួចគិតក្នុងចិត្តម្នាក់ឯង ព្រោះបើនាងហ៊ាននិយាយបែបនេះចេញមកអ្នកមីង យូមី ច្បាស់ជាខឹងជាមួយនាងស្លាប់មិនខាន។
    « ទទួលយកបាន អញ្ចឹងបាច់ផ្កានៅសល់ឲ្យនាងរៀបចំទាំងអស់ទៅចុះ តែត្រូវធ្វើឲ្យរួចមុនពេលថ្ងៃត្រង់ដឹងទេ? »
    « ចាស » ដេលលី ឆ្លើយដោយស្នាមញញឹមត្រេកអរហើយក៏រហ័សរត់ទៅអង្គុយរៀបចំបាច់ផ្កាបន្ត ព្រោះនាងត្រូវរៀបឲ្យហើយមុនថ្ងៃត្រង់តាមពាក្យអ្នកមីង យូមី ។ បើ អេវីល ដឹងថានាងបានជួយកិច្ចការក្នុងចម្ការរបស់គេ គេច្បាស់ជាសប្បាយចិត្តមិនខាន នាងសប្បាយចិត្តនិងមានក្តីសុខខ្លាំងណាស់ដោយគ្រាន់តែស្រម៉ៃថាគេនឹងញញឹមដាក់នាងដោយក្តីពេញចិត្ត។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now