ភាគ១៧

39 6 0
                                    

“ ពិសោធន៍ស្នេហ៍ ”

  ផាំង! ផាំង!
  គ្រាប់កាំភ្លើងធ្លាក់នឹងដីបញ្ឆិតជើងទាំងគូរបស់ ម៉ាវីននិងកូនចៅ ទើបគេរហ័សដកកាំភ្លើងដែលតម្រង់ទៅ អេវីលនិងដេលលី មកបាញ់តបតជាមួយក្រុមកម្មករពីចម្ការលីអូណា ដែលបាញ់គេវិញ។
  « ឆាប់រត់ទៅ » ម៉ាវីន ស្រែកប្រាប់កូនចៅហើយក៏រត់ចូលព្រៃបាត់ទៅ។

  « អេវីល ហ៊ឹក! » ដេលលី ស្រវ៉ាឱបគេណែនដៃទាំងទឹកភ្នែកហូររហាម រាងកាយតូចភ័យញ័រទទ្រើកដោយសារសំឡេងកាំភ្លើងមុននេះ ព្រោះនាងគិតថាក្រុមឃាតករមុននេះបានបាញ់ អេវីល ហើយ តែតាមការពិតពួកគេនៅមិនទាន់បានបាញ់នៅឡើយ។
  « មិនអីទេ ខ្ញុំមិនអីទេណា » អេវីល ចាប់ស្មាតូចទាំងសងខាង រុញនាងឲ្យចេញពីខ្លួនគេបន្តិច ដើម្បីមើលថានាងយំភិតភ័យខ្លាំងប៉ុណ្ណា តែពេលឃើញនាងយំឡើងទាំងភ្នែករហាមពេញថ្ពាល់ គេក៏ចាប់ផ្តើមនិយាយលួងលោមនាងទាំងរដាក់រដុក ព្រោះគេមិនដឹងថាគួរធ្វើយ៉ាងឲ្យនាងបាត់យំទេ។
  « ហ៊ឹក...ហ៊ឺ! » នាងបើកភ្នែកឃើញមុខរបស់គេ ក៏កាន់តែយំខ្លាំងឡើង នាងមិនអាចបញ្ឈប់ខ្លួនឯងឲ្យបាត់យំបានទេ ដឹងទេថាមុននេះនាងពិតជាភ័យខ្លាចបាត់បង់គេប៉ុណ្ណា នាងពិតជាខ្លាចថ្ងៃស្អែកដែលគ្មានវត្តមានរបស់គេខ្លាំងណាស់។ ដេលលី ស្ទុះឱបកគេណែនម្តងទៀតទាំងនៅយំខ្សឹបខ្សៀវមិនឈប់។
  « អ្នកនាង » ថេរ៉ុន រត់មកឃើញបែបនេះក៏បានត្រឹមឈរស្ងៀមទាំងឈឺក្នុងដើមទ្រូងបន្តិច ប៉ុន្តែគេក៏ធូរចិត្តពេលដែលឃើញនាងមិនកើតអ្វីធ្ងន់ធ្ងរ។
  « ចៅហ្វាយ » លោកពូ វីហ្គូ មកឈរទន្ទឹមនឹង ថេរ៉ុន ទុកពេលឲ្យចៅហ្វាយនាយនិងដេលលី ឱបគ្នាឲ្យអស់ចិត្ត។

  ប៉ុន្មានម៉ោងក្រោយ
  ផ្ទះចម្ការលីអូណា
  អ្នកស្រី រ៉ាវ៉ាន់ អង្គុយមិនសុខនៅលើសាឡុនក្នុងបន្ទប់ទទួលភ្ញៀវ ព្រោះអស់រយៈពេលមួយយប់ហើយដែលនាងមិនបានជួប អេវីល ពេលដែលសួរ រ៉េណា នាងក៏ប្រាប់ថា អេវីល មានការងាររវល់នៅចម្ការ ប៉ុន្តែមិនដឹងយ៉ាងម៉េចទេមនុស្សចាស់ដូចជានាងនេះចេះតែមានអារម្មណ៍ព្រួយបារម្ភមិនឈប់សោះ។
  « ទឹកក្រូចស្រស់ៗណាអ្នកស្រី » អ្នកមីង យូមី លើកទឹកក្រូចមួយកែវមកដាក់នៅលើតុពីមុខអ្នកស្រី រ៉ាវ៉ាន់។
  « យូមី តើនាងបានជួបនឹង អេវីល ខ្លះទេ? »
  « តាំងពីពេលថ្ងៃត្រង់ម្សិលមិញមក ខ្ញុំមិនបានជួបអ្នកប្រុសទេ ពិតមែនហើយអ្នកនាង ដេលលី យប់មិញក៏មិនបានមកផ្ទះដែរ » អ្នកមីង យូមី និយាយដោយទឹកមុខសង្ស័យអ្វីម្យ៉ាង ធ្វើឲ្យអ្នកស្រី រ៉ាវ៉ាន់ ចាប់ផ្តើមសង្ស័យដែរ។
   « នេះនាងចង់ប្រាប់ខ្ញុំថាពួកគេបាត់ខ្លួនទៅជាមួយគ្នាចឹងមែនទេ? »
   « ខ្ញុំគ្រាន់តែសង្ស័យប៉ុណ្ណោះ »
   « តែតាំងពីដើមមក អេវីល មិនមែនជាមនុស្សផ្តេសផ្តាសបែបនេះទេ » អ្នកស្រី រ៉ាវ៉ាន់ រអ៊ូរទាំដោយទឹកមុខព្រួយបារម្ភខ្លាចក្មួយប្រុសធ្វើរឿងខុសឆ្គង។
   « មនុស្សផ្ដេសផ្តាសអ្វីទៅអ្នកមីង? »
   អ្នកស្រី រ៉ាវ៉ាន់ និយាយមិនទាន់ផុតមាត់ផង ម្ចាស់ខ្លួនរូបស្រស់សង្ហាក៏មកដល់រល្មម ប៉ុន្តែគេមើលទៅស្រស់បស់ល្អណាស់មិនដូចការបារម្ភរបស់នាងទេ។
   « អេវីល ទើបមកពីណាហា៎? ដឹងទេថាមីងបារម្ភប៉ុណ្ណា »
   « ចៃដន្យមានរឿងត្រូវដោះស្រាយបន្តិចបន្តួច ប៉ុន្តែខ្ញុំមានរឿងមួយចង់មកសួរអ្នកមីង » អេវីល មុននឹងត្រឡប់មកផ្ទះវិញគេបានទៅមន្ទីរពេទ្យមើលរបួសហើយថែមទាំងប្តូរសម្លៀកបំពាក់យ៉ាងរៀបរយទៀតផង ព្រោះគេមិនចង់ធ្វើឲ្យអ្នកមីងព្រួយបារម្ភ បើអ្នកមីងដឹងថាគេទើបតែឆ្លងកាត់គ្រោះថ្នាក់ស្ទើរស្លាប់មកនោះ អ្នកមីងច្បាស់ជាបារម្ភរហូតហាមគេមិនឲ្យចេញពីផ្ទះទៀតឥឡូវហើយ។
    « មានរឿងអ្វី? »
    « គឺអ្នកមីងធ្លាប់ធ្វើកិច្ចសន្យាជាមួយថៅកែ ម៉ាឡុន ឲ្យគេសាងសង់ទំនប់ទឹកនារដូវប្រាំងមែនទេ? »
    « អរ! តាមពិតរឿងនេះទេ មីងនិងគេបានធ្វើកិច្ចសន្យាមួយនេះកាលពីឆ្នាំមុន អំឡុងឯងទៅសិក្សាបន្ថែមពីរបៀបមើលថែដំណាំ កាលនោះចម្ការយើងខ្វះខាតទឹកប្រើប្រាស់ ទើបអ្នកមីងធ្វើកិច្ចសន្យាជាមួយ គេ ព្រោះយើងក៏បានទឹកប្រើបើគេទប់ទំនប់ទឹកនោះ ប៉ុន្តែគេក៏សន្យាថានឹងទម្លាយទំនប់វិញនៅពេលដែលដំណាំរបស់យើងមានការជន់លិចដែរ ឯងសួរមីងរឿងនេះមានន័យថាចម្ការយើងលិចទឹកហើយមែនទេ? »
    « គឺលិចបន្តិចដែរ ប៉ុន្តែខ្ញុំបានប្រាប់ឲ្យថៅកែ ម៉ាឡុន ទម្លាយទំនប់ហើយ »
    « អើយ! ធូរទ្រូងបន្តិច ខំតែគិតថាដំណាំខូចអស់ហើយតើ » អ្នកស្រី រ៉ាវ៉ាន់ ដកដង្ហើមធំធូរទ្រូងចេញមក។
    « បើអញ្ចឹងខ្ញុំសុំទៅសម្រាកសិនហើយណា » អេវីល និយាយលាអ្នកមីងហើយក៏ដើរឡើងទៅបន្ទប់របស់គេដើម្បីសម្រាកយកកម្លាំង ព្រោះគេទាំងហត់ទាំងងងុយនិងឈឺមុខរបួសថែមទៀត។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now