ភាគ៤៤

133 6 0
                                    

“ មិត្តក្បត់ ”

   ណឺងៗ
   « សំឡេងកណ្ដឹង! ស៊ូជីន! » ដេលលី លាន់មាត់ឡើងទាំងត្រេកអរពេលនាងលឺសូរសំឡេងកណ្ដឹងដែលដូចនឹងសំឡេងកណ្ដឹងនៅជាប់ខ្សែដៃរបស់ ស៊ូជីន ទើបនាងរហ័សចេញពីកន្លែងលាក់ខ្លួនដើម្បីទៅមើលថាអ្នកដែលដើរមកជាស៊ូជីនពិតដែរទេ?។
  « ស៊ូជីន! » ដេលលី ត្រេកអរខ្លាំងពេលបានឃើញថាអ្នកដែលដើរមកនោះគឺជា ស៊ូជីន ពិតមែន។
  « ដេលលី! » ស៊ូជីន រហ័សរត់ចូលមករកមិត្តឱបណែនដៃដោយទឹកមុខត្រេកអរមិនចាញ់ ដេលលី ឡើយ ព្រោះទីបំផុតនាងមិនចាំបាច់ពិបាកដើររក ដេលលី ទៀតទេ។
  ជ្រឺក!
  ម្រាមស្រឡូនដែលឱបមិត្តក្នុងដៃដោយភាពត្រេកអរមុននេះ ស្រាប់តែប្តូរមកជាចាប់ស្មាមិត្តណែនដៃហើយងាកមកសម្លឹងមុខមិត្តសម្លាញ់របស់នាងជាមួយកែវភ្នែកឈឺចាប់បំផុត។
  « ស៊ូជីន! »
  ប្រូស!
  ស៊ូជីន មិនទុកឲ្យ ដេលលី សម្លឹងមើលមុខរបស់នាងដោយកែវភ្នែកខកបំណងបែបនេះយូ ក៏ដកកាំបិតដែលចាក់ពោះរាបស្មើចេញមកវិញ រួចច្រានរាងស្តើងដែលទន់គ្មានកម្លាំងឲ្យដួលទៅលើដីមួយទំហឹងដោយទឹកមុខត្រជាក់ស្រឹបគ្មានអារម្មណ៍អ្វីបន្តិចសោះ ទោះជាអ្នកដែលនាងព្យាយាមសម្លាប់នៅពេលនេះគឺជាមិត្តរបស់នាងក៏ដោយ។
  ដេលលី នៅមានស្មារតីបន្តិចបន្តួចប្រឹងទប់មុខរបួសដែលហូរឈាមនិងឈឺចាប់ទាំងដៃញ័រទទ្រើក កែវភ្នែកក្រហមដក់ជាប់ដោយទឹកភ្នែកសម្លឹងមុខរបស់មិត្តសម្លាញ់តែម្នាក់របស់នាងមិនដាក់ភ្នែក។ ពេលនេះនាងពិតជាចង់សួរទៅកាន់ ស៊ូជីន ថាហេតុអ្វី? ប៉ុន្តែនាងគ្មានកម្លាំងសូម្បីតែហាមាត់និយាយទៅកាន់ ស៊ូជីន ទើបនាងបានត្រឹមគេងនៅលើដីក្នុងថ្លុកឈាមសម្លឹងមើលអ្នកដែលឈរនៅចំពោះមុខទាំងឈឺចាប់ពេញបេះដូង។
  « ចង់សួរថាហេតុអ្វីខ្ញុំធ្វើបែបនេះមែនទេ? » ស៊ូជីន ទម្លាក់ខ្លួនអង្គុយនៅចំពោះមុខរបស់នាងដោយកែវភ្នែកពិសពុលបំផុត ទើប ដេលលី ប្រឹងលើកដៃដែលប្រឡាក់ដោយឈាមស្រវ៉ាចាប់កដៃរបស់ ស៊ូជីន សុំចម្លើយ។
  «...» ស៊ូជីន ប្រឡេះដៃ ដេលលី ចេញដោយទាំងខ្សៃដៃមិត្តភាពរបស់នាងធ្វើឲ្យដាច់ធ្លាក់ទៅលើដីក្បែជើង។ ស៊ូជីន លើទូរស័ព្ទមកហើយបើកលទ្ធផលពិន្ទុល្អប្រចាំសកលវិទ្យាល័យរបស់នាងឲ្យ ដេលលី មើល។
  « ពេលនេះខ្ញុំជាគ្រាប់ពេជ្ររបស់សកលវិទ្យាល័យ ខ្ញុំនឹងត្រូវក្រុមហ៊ុនល្បីៗទាក់ទងឲ្យទៅធ្វើការងារនិងផ្តល់ប្រាក់ខែថ្លៃបំផុតឲ្យខ្ញុំ ដេលលី ឯងកើតមកមានគ្រប់យ៉ាងអស់ហើយហេតុអ្វីឯងចង់ដណ្តើមរបស់បន្តិចបន្តួចនេះពីខ្ញុំទៀត? តាំងពីបឋមសិក្សារហូតដល់សកលវិទ្យាល័យឯងតែងលេចធ្លោយជាងខ្ញុំ ឯងតែងតែដណ្តើមគ្រប់យ៉ាងពីខ្ញុំ ឯងតែងតែធ្វើឲ្យខ្ញុំក្លាយជាតួរងក្នុងភ្នែកមនុស្សគ្រប់គ្នា ប៉ុន្តែក៏អរគុណឯងណាស់ដែរ ព្រោះកន្លងមកដោយសារតែឯងទើបខ្ញុំបានទៅរៀននៅសាលាល្អៗជាមួយពួកកូនអ្នកមានអស់នោះ ហាសហា » ស៊ូជីន សើចឡើងដូចមនុស្សរោគចិត្ត ព្រោះទីបំផុតរឿងដែលនាងបានលាក់ទុកក្នុងចិត្តនិងទ្រាំមកអស់ជាច្រើនឆ្នាំ នាងអាចនិយាយចេញមកក្រៅបានហើយ នាងមិនចាំបាច់ត្រូវសម្តែងធ្វើមិត្តល្អទៀតទេ។
  « ស៊ូជីន...ហ៊ឹក! » ដេលលី ប្រឹងហើបមាត់ទាំងញ័រទទ្រើក មានពាក្យជាច្រើនដែលនាងចង់និយាយជាមួយ ស៊ូជីន នៅពេលនេះ ប៉ុន្តែនាងនិយាយអ្វីមិនបានឡើយក្រៅពីគេងមួយកន្លែងជាមួយការឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន។ មិត្តតែម្នាក់ដែលតែងតែលួងលោមនាងគ្រប់ពេលនាងយំ មិត្តតែម្នាក់ដែលចាំនៅក្បែរនិងផ្តល់កម្លាំងចិត្តឲ្យនាងគ្រប់ពេល ជាមិត្តដែលនាងចាត់ទុកដូចជាសមាជិកគ្រួសារម្នាក់របស់នាង ស៊ូជីន ជាមនុស្សតែម្នាក់ដែលនាងទុកចិត្តបំផុត ហើយនាងមិនដែលគិតសោះឡើងថាមានថ្ងៃដែលមិត្តម្នាក់នេះអាចក្បត់នាង ប៉ុន្តែពេលនេះ ស៊ូជីន បែរជាក្បត់នឹងនាង ពិតជាធ្វើឲ្យចិត្តរបស់នាងឈឺចាប់ស្ទើរស្លាប់ ឈឺលើសរបួសលើពោះដែលត្រូវ ស៊ូជីន ចាក់ទៅទៀត ពិតជាឈឺខ្លាំងណាស់។
  « ចង់ដឹងទេថាកន្លងមកនេះ ខ្ញុំបានធ្វើអ្វីខ្លះនៅខាងក្រោយខ្នងរបស់ឯង បើរៀបរាប់តាំងពីដើមច្រើនពេកហើយដូច្នេះខ្ញុំរៀបរាប់តែមួយរយះពេលចុងក្រោយនេះទៅចុះ ខ្ញុំជាអ្នកផ្ញើរឯកសារក្លែងក្លាយទាក់ទងនឹងការលួចបន្លំពិន្ទុរបស់ឯងទៅឲ្យ យូនអា ខ្ញុំបានខ្ចីដៃ យូនអា ឲ្យចាត់ការឯងហើយចុងក្រោយក៏ចាក់សាប៊ូជូនឥដ្ឋនៅកាំជណ្តើរធ្វើឲ្យ យូនអា ធ្លាក់ជណ្តើរ ធ្វើឲ្យឯងក្លាយជាស្រីបិសាចក្នុងភ្នែកមនុស្សគ្រប់គ្នា  នៅមានទៀតពេលខ្ញុំតាមឯងមកចម្ការលីអូណា ខ្ញុំបានបង្អើលឃ្មុំឲ្យមកអុកឡុកក្នុងចម្ការលីអូណា ដើម្បីចោទប្រកាន់ឯងធ្វើឲ្យ អេវីល ខឹងស្អប់ឯង ហើយខ្ញុំក៏បានសហការណ៍ជាមួយ ស៊ីរ៉ូ ជួយបញ្ឆោតឯងឲ្យមកចម្ការលីអូណាតាម អេវីល ទៅព្រៃខាងក្រោយផងដែរ កាលនោះឯងគួរតែស្លាប់ ប៉ុន្តែគួរឲ្យស្តាយដែល ស៊ីរ៉ូ ធ្វើឲ្យឯងរួចខ្លួន បន្ទាប់មកទៀតខ្ញុំបានលួចដាក់ថ្នាំពុលក្នុងសម្លរកម្មករ ចុងក្រោយបំផុតគឺផ្ញើរសារសំឡេងដែលបានថតនៅមន្ទីរពេទ្យទៅឲ្យ អេវីល » ស៊ូជីន និយាយរៀបរាប់រឿងដែលខ្លួនបានធ្វើកន្លងមកប្រាប់ ដេលលី ដើម្បីបញ្ឈឺរឲ្យចិត្តរបស់ ដេលលី ឈឺចាប់លើសដើមព្រោះតែត្រូវមិត្តជិតស្និទ្ធបំផុតលួចធ្វើរឿងជាច្រើនដើម្បីបំផ្លាញ់នាង។
  «...» ដេលលី ស្តាប់លឺសម្តីរាប់រៀបរបស់ ស៊ូជីន ហើយរឹតតែឈឺចាប់លើសដើម មិននឹកស្មានថា ស៊ូជីន ធ្វើរឿងច្រើនបែបនេះនៅពីក្រោយខ្នងរបស់នាង។ ស៊ូជីន អាចនឹងគ្មានអារម្មណ៍អ្វី ប៉ុន្តែសម្រាប់នាងពិបាកទទួលយកខ្លាំងណាស់។ មនុស្សធ្លាប់តែនៅក្បែរគ្នា ចាំលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក គ្រប់ពេលមានបញ្ហាមានតែពាក្យថាបារម្ភនិងជួយការពារគ្នា ពេលឯកាក៏ជួយផ្តល់ភាពកក់ក្តៅឲ្យគ្នា សើចសប្បាយជាមួយគ្នា ហើយក៏យំជាមួយគ្នា ប៉ុន្តែនៅសុខៗមិត្តភាពដ៏ល្អមួយនេះក៏ប្រែទៅជាមិត្តភាពក្លែងក្លាយព្រោះគ្រប់យ៉ាងកន្លងមកគ្រាន់តែជាការសម្តែងបោកប្រាស់របស់ ស៊ូជីន ប៉ុណ្ណោះ។
  « អា៎! តាមពិតនៅទីនេះទេ តើនាងបានធ្វើអ្វីស្រីម្នាក់នោះ? » ម៉ាវីន ដើរចូលមករក ស៊ូជីន ទាំងមួរម៉ៅពេលក្រឡេកឃើញ ស៊ូជីន ធ្វើឲ្យ ដេលលី របួសឈាមជោកខ្លួន។
  « ខ្ញុំធ្វើតាមវិធីរបស់ខ្ញុំប៉ុណ្ណោះ » ស៊ូជីន ក្រោកឈរឡើងងាកទៅតបជាមួយ ម៉ាវីន។
   « ចៅហ្វាយបញ្ជាហាមមិនឲ្យនាងនេះស្លាប់ទេ ហេតុអ្វីនាងធ្វើបែបនេះ? » ម៉ាវីន គំហកដាក់ ស៊ូជីន ទាំងមួរម៉ៅ ព្រោះដៃគូសហការណ៍ថ្មីម្នាក់នេះដូចជាមិនស្តាប់ពាក្យចៅហ្វាយនាយនិងគេសោះ។
   « ខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំមិនមែនជាកូនចៅរបស់ចៅហ្វាយរបស់លោកទេ ម្យ៉ាងទៀតបើពួកលោកភ្លាត់ធ្វើឲ្យនាងមានជីវិតមកម្តងទៀត ខ្ញុំនឹងវីវរហើយ ដូច្នេះទើបខ្ញុំចង់សម្លាប់នាងឲ្យហើយ » ស៊ូជីន និយាយហើយក៏ឱនរើកាំបិទដែលប្រឡាក់ដោយឈាមឡើងមកម្តងទៀត ដើម្បីសម្លាប់ ដេលលី នៅត្រង់នេះតែម្តង ។
   « ឈប់សិន! ចៅហ្វាយច្បាស់ជាសម្លាប់នាងម្នាក់នេះហើយ ប៉ុន្តែត្រូវរងចាំឲ្យយើងប្រើនាងជាប្រយោជន៍សិន »
   « ចៅហ្វាយរបស់ឯងចង់ធ្វើអី? »
  « បញ្ចូលនាងនេះទៅឲ្យចៅហ្វាយសិនទៅដឹងហើយ »
  ស៊ូជីន ព្រមបោះកាំបិតចោលទៅលើដីជិតរាងស្តើងដែលគេងសន្លប់បាត់ស្មារតីដោយទឹកមុខត្រជាក់ស្រឹប។ កែវភ្នែកមុតស្រួចគ្មានក្តីមេត្តាសម្លឹងមើលខ្សែដៃមិត្តភាពប្រឡាក់ឈាមដែលធ្លាក់នៅលើដីដោយគ្មានអារម្មណ៍អ្វីសោះហើយក៏ដើរជាន់ខ្សែដៃដ៏មានតម្លៃមួយខ្សែនេះចាកចេញទៅទាំងចិត្តដាច់បំផុត។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now