ភាគ៣៦

113 6 0
                                    

“ ប្រច័ណ្ឌហួងហែង ”

  ដេលលី បើកឡានដោយខ្លួនឯងចេញមកច្រកចូលចម្ការលីអូណាដើម្បីជួបជាមួយមិត្តរបស់នាងដែលឈ្មោះថា ដាយ៉ែល។ យប់មិញក្រោយពីនិយាយគ្នាហើយ ដាយ៉ែល ប្រាប់ថាគេទំនេរហើយចង់មករកនាងដោយផ្ទាល់នៅចម្ការលីអូណានេះ ព្រោះគេក៏ចង់មកជួបនាងឲ្យបានយូម្តងដែរ ដោយសារគេនិងនាងបែកគ្នាច្រើនឆ្នាំមកហើយ ពេលបានជួបមុខគ្នាលើកមុនក៏បានត្រឹមនិយាយរាក់ទាក់គ្នាបន្តិច ទើបថ្ងៃនេះគេចង់មករកនាង។
  ង៉ក់!
  ឡានទំនើបសរីចុងក្រោយមួយគ្រឿងបើកមកឈប់អែបចិញ្ចើមផ្លូវពីមុខស្រីក្រមុំដែលឈរក្បែរឡានរបស់នាងរងចាំគេ។
   ក្រាក!
   រាងមាំខ្ពស់ស្រឡះស្រស់សង្ហាដូចតារាម៉ូដែលចេញពីក្នុងឡានរបស់គេមកព្រមជាមួយស្នាមញញឹមគួរឲ្យស្រលាញ់។
  « តើចាំយូដែរទេ? ដេលលី » ដាយ៉ែល ដើរចូលមករក ដេលលី យ៉ាងលឿនដោយស្នាមញញឹមស្រស់មិនប្រែ។
  « មិនយូទេ ខ្ញុំក៏ទើបតែមកដល់ដែរ » ដេលលី ញញឹមស្រាលៗតបទៅគេវិញ ហើយទើបនាំគេឡើងឡានជាមួយនាងដើម្បីចូលទៅចម្ការ លីអូណា ដោយសារតែនាងឃើញឡានរបស់គេទើបតែលាងហើយ ដូច្នេះបើបើកចូលទៅដីចម្ការច្បាស់ជាប្រឡាក់អស់ត្រូវលាងម្តងទៀតមិនខាន យល់ល្អនាងឲ្យគេផ្ញើរឡាននៅខាងក្រៅហើយឡើងឡានរបស់នាងដែលប្រឡាក់ស្រាប់តែម្តងទៅ ម្យ៉ាងទៀតជិះឡានជាមួយគ្នាបែបនេះក៏ងាយស្រួយនិយាយគ្នារឿងដែលនាងចង់ពឹងគេឲ្យជួយផង។
  « លោកបានមើលរូបដែលខ្ញុំផ្ញើរឲ្យហើយមែនទេ? » ដេលលី បើកឡានបណ្តើរហើយឆ្លៀតសួរទៅអ្នកដែលអង្គុយក្នុងឡានជាមួយបណ្តើរ។
  « បានមើលហើយ ខ្ញុំកំពុងតែឲ្យគេជួយរកមន្ទីរពេទ្យដែលមានស្លាកសញ្ញាដូចក្នុងរូបនោះ ដើម្បីស៊ើបមើលថាមនុស្សស្រីក្នុងរូបថតមួយសន្លឹកនោះមានមុខមាត់យ៉ាងណាបន្ទាប់ពីកែសម្ផស្សហើយ ប៉ុន្តែក្នុងរយៈពេលដែលពួកយើងកំពុងស៊ើបរកមន្ទីរពេទ្យ ខ្ញុំក៏ចង់មកមើលមុខមនុស្សដែលនាងសង្ស័យថាបានកែសម្ផស្សនោះដែរ ព្រោះខ្ញុំជាគ្រូពេទ្យកែសម្ផស្ស ខ្ញុំអាចវិភាគដឹងបានខ្លះណា ថាជាមនុស្សតែម្នាក់ឬអត់? »
  « អរគុណលោកខ្លាំងណាស់ដែរខំមកជួយដោយផ្ទាល់បែបនេះ » ដេលលី និយាយទាំងក្រែងចិត្តគេ។
  « កុំនិយាយដូចជាក្រែងចិត្តបែបនេះអី ក្រែងកាលពីតូចយើងជិតស្និទ្ធណាស់មែនទេ? ប៉ុន្តែនឹកឃើញកាលនោះក៏អស់សំណើចនឹងខ្លួនឯងដែរ ដឹងទេថាខ្ញុំយំអត់ព្រមញុំបាយប៉ុន្មានថ្ងៃ ក្រោយពីនាងមកលាខ្ញុំនៅសាលាហើយនោះ » ដាយ៉ែល អស់សំណើចបន្តិច ពេលនិយាយដល់អនុស្សាវរីយ៍រវាងនាងនិងគេកាលពីក្មេង។
   « ប៉ុន្តែពេលខ្ញុំទៅលាលោកនោះ លោកមិនយំទេ ហើយថែមទាំងនិយាយថា...»
   ” ខ្ញុំស្អប់នាង! ”
   ដេលលីនិងដាយ៉ែល និយាយឡើងតំណាលគ្នា ព្រោះទាំងនាងនិងគេសុទ្ធតែនៅចាំរឿងកាលនោះបាន។
   « ពិតមែនហើយ ខ្ញុំនិយាយដាក់នាងបែបនោះមែន ព្រោះភ្លាមៗខ្ញុំខឹងជាមួយនាងខ្លាំងណាស់ពេលដឹងថានាងទៅចោលខ្ញុំ ប៉ុន្តែបន្ទាប់មកខ្ញុំក៏យំនិងមិនព្រមញុំបាយដល់ទៅបីថ្ងៃ គិតតែពីយំចង់ឲ្យអ្នកម៉ាក់និងលោកប៉ាប្តូរទៅរស់នៅកូរ៉េតាមនាងដែរ »
   « ពិតមែនឬ? ហាសហា! ពិតជាគួរឲ្យអស់សំណើចណាស់ ប៉ុន្តែពេលនោះខ្ញុំក៏យំដែរណា ពេលទៅដល់កូរ៉េដំបូងគ្មានមិត្តខ្ញុំក៏យំនឹកលោកដែរ »
   « ប៉ុន្តែមិនយូរប៉ុន្មាននាងក៏ភ្លេចខ្ញុំ »
   « លោកក៏ភ្លេចខ្ញុំដូចគ្នា »
   ដេលលីនិងដាយ៉ែល ធ្វើមុខក្រញ៉ូវលេងសើចដាក់គ្នា ព្រោះនាងនិងគេសុទ្ធតែយល់ច្បាស់ពីមូលហេតុមួយនេះ ហើយក៏មិនគិតបន្ទោសគ្នាដែរ គ្រាន់តែពេលនេះបានវិលមកជួបគ្នាម្តងទៀតក៏សប្បាយចិត្តណាស់ទៅហើយ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now