ភាគទី១៥

1.4K 72 3
                                    


* នៅមន្ទីរពេទ្យ *
" អ្នកនាងជូលា ! អ្នកនាងកុំធ្វើវាអី..ទុកឲ្យខ្ញុំវិញ " ជូហ្វីរហ័សចុះពីលើគ្រែដែលនាងកំពុងតែសម្រាកនោះមក កាលបើបានឃើញស្រីស្រស់ជូលាហៀបនឹងចិតផ្លែប៉ោមដែលខ្លួនបានទិញមកផ្ញើនោះ ទើបនាងប្រញាប់ទៅឃាត់ ។
" អ្នកនាងជូលាអង្គុយលេងចុះ ការងារទាំងនេះមិនសាកសមជាមួយនឹងអ្នកនាងនោះទេ " ជូហ្វីបន្លឺសម្លេងស្រាលទៅកាន់អ្នកម្ខាងទៀត កាយវិការសុភាពរៀបសារបស់នាង បូករួមជាមួយនឹងភាពស្វាហាប់ ធ្វើឲ្យស្រីស្រស់ជាភ្ញៀវសម្លឹងមើលនាងមិនដាក់ភ្នែក
" មិនគួរឲ្យឆ្ងល់ទេថាហេតុអីបានជាបងជុនគាត់អនុញ្ញាតឲ្យនាងនៅក្បែរខ្លួនគាត់នោះ " ពាក្យជូលានិយាយហាក់ដូចជាបង្កើតចម្ងល់មកកាន់ស្រីក្រមុំយើង ជូហ្វីទម្លាក់ខ្លួនអង្គុយចុះនៅលើកៅអីក្បែរជូលា ដៃលូកទាញយកកូនកាំបិតពីដៃរបស់ជូលាមក មុននឹងចាប់ផ្ដើមចិតផ្លែឈើបន្តទៀត ។ ជូលាងាកចោលភ្នែកមើលទៅខាងក្រោម កែវភ្នែកស្រស់ថ្លា ផ្ទៃមុខស្រស់ស្អាតភ្លឺរលោងរបស់នាងដែលសូម្បីតែមនុស្សស្រីដូចគ្នាក៏មិនអាចបដិសេធនឹងការសម្លឹងមើលដែរ ដោយសារតែភាពស្រស់ស្អាតសាកសមល្អឥតខ្ចោះជាកូនស្រីរបស់លោកព្រីមម៉ាន់ , ប្រធានាធិបតីបច្ចុប្បន្ន ជាមនុស្សស្រីដែលកើតមកជាគូជាមួយនឹងមនុស្សប្រុសដែលមានអំណាចដូចជា.. ជុន ហ្វាល់លីដា ។
ពាក្យទាំងនេះជាពាក្យដែលលោតឡើងនៅក្នុងខួរក្បាលរបស់មនុស្សស្រីដែលស្ថិតក្នុងឈុតអ្នកជម្ងឺ កាលបើនាងចំណាយពេលសម្លឹងមើលទៅកូនស្រីប្រធានាធិបតីយូរទៅ ជាមនុស្សស្រីដូចគ្នាតែនាងមានវាសនាខុសគ្នា ជូលានាងមានភាពស្រស់ស្អាតទាំងរូបសម្បត្តិ ចរិយា ថែមទាំងកើតមកក្នុងរង្វង់គ្រួសារតែគេឲ្យតម្លៃគ្រប់ស្រទាប់វណ្ណៈ ខុសឆ្ងាយពីនាងដែលកើតមកនៅក្នុងឋានៈជាអ្នកបម្រើ ជាទាសកររបស់លុយ នាងត្រូវខំប្រឹងរស់ដើម្បីយកលុយចិញ្ចឹមក្រពះខ្លួនឯង ព្រោះតែនាងគ្មានទីពំនាក់សម្រាប់ជួយឡើយ ក្រៅពីខ្លួនឯង ។
" ជូហ្វី ? នាងមិនអីទេមែនទេ ? " ជូលាកាន់ស្មាអ្នកអង្គុយជិតបង្កើយបន្តិច ព្រោះនាងបែរជាអង្គុយធ្មឹងសម្លឹងមើលមកខ្លួន ទឹកមុខនាងដូចជាកំពុងតែស្លុងនឹងអ្វីម៉្យាង ។
" អូយ៎..." ជូហ្វីរវល់តែស្លុងអារម្មណ៍ មិនបានចាប់អារម្មណ៍គិតដល់ដៃខ្លួនមានកាន់កាំបិតនៅឡើយ ទើបនាងសង្កត់លើផ្លែប៉ោមមួយទំហឹងសង្កត់លើម្រាមដៃម្ខាងទៀតធ្វើអោយមានការឈឺចាប់កើតឡើងភ្លាម , ជូហ្វីទម្លាក់ចំណិតប៉ោមនឹងកាំបិតនៅលើតុមុននឹងលើកម្រាមដៃមកទាំងឈាមរហាច ។
" ជូហ្វី - ជូហ្វីដៃនាងហូរឈាមហើយ "
" មានរឿងអី ? ហ្វី ? " កាយសង្ហាចូលមកខាងក្នុងពិនិត្យមើលក្រោយពីបានលឺសម្លេងស្រែកឡើងរវាងក្រមុំៗទាំង២នាក់ តែចូលមកដល់គេក៏បែរជាឃើញនាងតូចជូហ្វីកំពុងតែឈោងយកក្រដាសជូតមាត់មកផ្ទប់ឈាមទៅវិញ ។ ណាមជុនរហ័សបោះជំហានចូលមករកនាង ទាញកញ្ឆក់ដៃនាងមកមើល ។
" បងជុន "
" លោក- "
" ដៃនាងរបួសមើលទៅជ្រៅណាស់ មកតាមយើងទៅបន្ទប់ព្យាបាលរបួស អោយឆាប់ឡើង " ណាមជុនក្រោកឈរមួយជំហរ ដៃមាំកាន់ដៃនាងតូចចាកចេញទៅ នេះគេមិនបានចាប់អារម្មណ៍នឹងមនុស្សស្រីស្រស់ស្អាតដែលកំពុងតែមានវត្តមាននៅទីនោះឡើយ។
" អូ នេះមានរឿងអ្វីនឹងជុន ? " ជួនជាពេលនោះបុរសចំណាស់ដែលមកសួរសុខទុក្ខនាយក៏ចូលមកចំពេលដែលណាមជុនអូសដៃជូហ្វីចាកចេញទៅ ណាមជុនក៏អោនគំនាបគាត់ ស្រីតូចដែលទៅជាមួយនឹងគេក៏ដូចគ្នា ។
" ខ្ញុំបាទ៎ប្រហែលជាមិនបានជូនដំណើរលោកពូទេ ព្រោះមានការត្រូវជូនអ្នកជម្ងឺទៅបន្ទប់ព្យាបាលរបួសជាមុនសិន មិនចឹងទេ នាងច្បាស់ជាត្រូវចំណាយពេល២-៣ថ្ងៃទៀតស្នាក់នៅមន្ទីរពេទ្យនេះជាមិនខាននោះឡើយ "
" អត់ទេ ខ្ញុំ- "
" ចឹងកុំចចេស ហើយមកតាមយើង "
" ខ្ញុំសុំលាសិនហើយលោកពូ ជូលាបងទៅសិនហើយ "
" តាមសម្រួលចុះបងជុន " ជូលាតបទាំងញញឹម កម្លោះក្រមុំទាំង២នាក់ក៏អោនគំនាបលោកព្រីមម៉ាន់ព្រមគ្នា មុននឹងដើរចាកចេញពីបន្ទប់ទៅ លោកព្រីមម៉ាន់ក៏តាមសម្លឹងមើលទៅពួកគេទាំង២នាក់ចាកចេញទៅ..
" ប៉ាគិតថាបងជុនចាប់អារម្មណ៍នឹងនាងដែរទេ ? " ជូលាសួរពីគំនិតរបស់ឪពុក ព្រោះវាជាអ្វីដែលនាងកំពុងតែគិតនាពេលនេះចឹង បើសិនជាមើលតាមកាយវិការ ទឹកមុខព្រួយបារម្ភរបស់ណាមជុនដែលមានទៅលើជូហ្វី វាធ្វើឲ្យនាងអត់មិនគិតមិនបាន..
" ប៉ាគិតថាកូនប្រាកដជាដឹងច្បាស់ជាអ្នកណាទាំងអស់ ព្រោះកាលពីក្មេង មានតែកូនប៉ុណ្ណោះដែលចំណាយពេលនៅជាមួយនឹងណាមជុនរហូត មិនចឹងហ្អេស៎ ? " លោកព្រីមម៉ាន់និយាយទៅកាន់កូនស្រី រួចគាត់ក៏ទទួលបានស្នាមញញឹមយ៉ាងស្រស់ស្អាតតបពីកូនស្រីមកវិញ លោកព្រីមម៉ាន់លើកដៃអង្អែលក្បាលកូនស្រីបន្តិច មុននឹងចាកចេញទៅជាមួយនឹងគ្នា ព្រោះពេលនេះថ្ងៃវារាងជ្រេបន្តិចទៅហើយ ។

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now