ភាគទី៤៥

875 39 0
                                    

រឿង "ប្រធានាធិបតីម្ចាស់ចិត្ត"

ភាគទី៤៥
"អូនលេត?"ណាមជុនក៏មានការភ្ញាក់ផ្អើលគួរសម កាលបើបានឃើញវត្តមានរបស់ស្រីតូចដែលមានឈ្មោះជាអតីតគូដណ្ដឹងរបស់គេ នាងតូចលបលួចស្ដាប់ដឹងពីហូស៊ុកមកថាកូនស្រីរបស់ណាមជុនមានបញ្ហាទើបនាងមកទីនេះ ណាមជុនក៏ក្រោកឈរឡើងសម្លឹងមើលនាងមុននឹងទាញនាងឲ្យអង្គុយចុះលើកៅអីក្បែរគេ...
"នេះមិចបានអូនលេតដឹងថាបងនៅទីនេះ?"
"ហូស៊ុកជាអ្នកប្រាប់ខ្ញុំ និយាយចឹងហ្វីលីណាកើតអីទៅ? ហេតុអីក៏សុខៗទៅជាបែបនេះទៅវិញបងជុន?"គ្រាន់តែនាងនិយាយណាមជុនក៏ទម្លាក់ទឹកមុខចុះបន្តិច ព្រោះបញ្ហាវាកើតឡើងមកបន្តបន្ទាប់ហ្វីនៅមិនទាន់បានធូរស្រាលនៅឡើយទេ ហើយកូនស្រីក៏មានបញ្ហាម្នាក់ទៀត ស្កាលេតហាក់យល់ចិត្តក៏លូកដៃកាន់ស្មាណាមជុនជាប់ ព្យាយាមផ្ដល់ភាពក្លាហាននឹងរឹងមាំតាមរយៈស្នាមញញឹមនាង
"បងកុំគិតច្រើនពេកអី បងមានការងារច្រើនហើយខ្ញុំគិតថាមិនយូរលោកពូព្រីមម៉ាន់ច្បាស់ជាអាចចាប់បានឃាតករដែលធ្វើនោះជាមិនខានឡើយ ហ្វីជាមនុស្សល្អ ខ្ញុំគិតថាព្រះប្រាកដជានៅខាងនាងនឹងមើលថែរក្សានាង"បានស្ដាប់ពាក្យលួងលោមរបស់ស្កាលេតមកណាមជុនក៏មានស្នាមញញឹមស្ងួតបន្តិច ទទួលស្គាល់ថាគេមិនបានប្រសើរក្នុងចិត្តពិតមែនតែគេក៏មិនចង់ឲ្យស្កាលេតមើលមកថានាយជាមនុស្សទន់ខ្សោយឡើយ...
"តែមួយរយៈនេះអូនលេតយ៉ាងមិចទៅហើយ?ចុះលោកប៉ាអ្នកម៉ាក់, បងប្រុសរបស់អូនលេតនោះ?"ណាមជុនក៏សួរនាំស្កាលេតពីសមាជិកគ្រួសាររបស់នាង ដោយសារតែគេបានលឺដំណឹងថាហូស៊ុកបានចំណាយលុយរាប់លានដើម្បីជួយស្រោចស្រង់ក្រុមហ៊ុននឹងជំនួញដាំក្បាលរបស់ត្រកូលដាវីសនោះ បែបនេះទើបគេគិតថាស្កាលេតប្រាកដជារស់នៅបានក្ដីសុខជាមួយនឹងក្ដីស្រឡាញ់របស់សម្លាញ់គេម្នាក់នេះ តែគ្រប់យ៉ាងវាផ្ទុយពីការគិតរបស់គេទាំងអស់គេមិនបានដឹងថាហូស៊ុកបានធ្វើអ្វីមកលើស្កាលេតឡើយ អ្វីដែលនាងអាចបង្ហាញបាននាពេលនេះគឺមានតែស្នាមញញឹមបង្ខំចិត្តមួយតែប៉ុណ្ណោះ ។
"គ្រប់គ្នាមិនអីនោះទេ ប៉ាម៉ាក់នឹងបងប្រុសជិតបានមកកូរ៉េឆាប់ៗនេះហើយ លោកប៉ាក៏ផ្ដាំសួរសុខទុក្ខលោកប៉ាបងជុនដែរ"បានដឹងលឺបែបនេះណាមជុនក៏សប្បាយចិត្ត គេគោរពស្រឡាញ់គ្រួសារដាវីសណាស់ ស្កាលេតក៏គេស្រឡាញ់ដូចជាប្អូនប្រុសបង្កើត សម្រាប់បងប្រុសស្កាលេតវិញ រ៉ាហ្វែលនោះក៏ជាអ្នកដែលណាមជុនពេញចិត្តដូចគ្នា ជាពិសេសគឺភាពស្មោះត្រង់នឹងការតស៊ូអត់ធ្មត់របស់គេនោះ បើសិនជាគេមិនខំប្រឹងម៉្លេះក្រុមហ៊ុនដាវីសក៏ធ្លាក់ដល់បាតតាំងពីមានរឿងមកម៉្លេះ។
"បងបានធូរចិត្តហើយលឺថាពួកគាត់មិនអីនោះ ហើយអូនក៏ចឹងដែរណាលេត៎ មើលថែខ្លួនឯងឲ្យបានល្អណា៎ បើសិនជាអាហូស៊ុកវាធ្វើអ្វីឲ្យអូនលេតមិនសប្បាយចិត្ត ប្រញាប់ប្រាប់បងប្រុសម្នាក់នេះមកណា៎ បងនឹងការពារអូនលេតប្អូនស្រីរបស់បងឲ្យបានល្អបំផុត"គេលើកដៃអង្អែលក្បាលស្កាលេតជាមួយនឹងស្នាមញញឹម ស្រីតូចកាលបើបានទទួលភាពកក់ក្ដៅនាងក៏ញញឹមទាំងទ្រូងចុកណែន មាត់ចង់ហាប្រាប់គេ ចង់និយាយគ្រប់យ៉ាងដែលកំពុងតែកើតឡើងលើនាងប្រាប់ទៅបងប្រុសក្រៅសាច់ឈាមម្នាក់នេះ...
< ហូស៊ុកគេផ្លាស់ប្ដូរហើយ គេមិនដូចពីមុន គេមិនកក់ក្ដៅដូចកាលពីមុនឡើយ គ្រប់យ៉ាងដែលមាននៅក្នុងខួរក្បាលរបស់គេពេលនេះគឺភាពគុំគួន ការយល់ច្រឡំដែលគ្មានថ្ងៃស្វែងរកការពិតឃើញ...ខ្ញុំ...ខ្ញុំឈឺចាប់ណាស់បងជុន > ពាក្យទាំងប៉ុន្មានលាក់កំបាំងនៅក្រោមស្នាមញញឹមស្រស់ស្អាតរបស់ស្កាលេតនាពេលនេះ នាងក៏លាណាមជុនចាកចេញទៅទាំងក្នុងទ្រូងអួលណែនចង់ចែករំលែកក្ដីឈឺចាប់នេះណាស់ រងាណាស់ ចង់បានភាពកក់ក្ដៅណាស់តែនាងមិនអាចហាមាត់និយាយមិនបាន ព្រោះនាងមិនចង់ក្លាយខ្លួនជាមេបញ្ហាបំបែកបំបាក់« មិត្តភាព » រឹងមាំរបស់ពួកគេទាំង២។
"ឲ្យលេតសុំទោសណា៎ បងជុន"
....
វីឡាអាល់ម៉ាឌីឯណេះវិញ , គ្រាន់តែចុះពីតាក់សុីមកស្កាលេតក៏បានឃើញវត្តមានរបស់ស្រីម្នាក់ដែលជាស្រីកំណាន់របស់ហូស៊ុកចេញមកគឺទាំងថ្ងៃត្រង់តែម្ដង.. នាងជេន ស្រីលេខាដែលហូស៊ុកប៉ះពាល់រាងកាយដោយអចេតនាកាលពីនៅOfficeនោះ នៅពេលនេះក៏បានក្លាយជាស្រីកំណាន់ពេញសិទ្ធិនឹងចេញចូលផ្ទះនេះតាមអំពើចិត្តតែម្ដង ។
"អូ! អ្នកនាងស្កាលេត"គ្រាន់តែក្រឡេកឃើញស្កាលេតភ្លាមជេនក៏ដើរមកបំណងចង់រាក់ទាក់មិនដឹងរឺក៏ចង់ឌឺដងដែលនាងមកទាន់ពេលដែលខ្លួនទើបចេញពីវីឡានោះ ស្កាលេតនាងក៏មិនបានខ្វល់មុននឹងបោះជំហានចូលទៅទាំងមិនខ្វល់...
"អ្នកនាងលេតចាំបន្តិចទៅ ពេលណាដែលអ្នកនាងអស់តម្លៃក្នុងភ្នែករបស់ចៅហ្វាយ តំណែងនោះនឹងក្លាយជារបស់ខ្ញុំ សំណាងល្អណា៎អ្នកដាវីសស្កាលេត"ជេននិយាយហាក់ដូចជាមានមោទនភាពជាមួយនឹងតំណែងស្រីកំណាន់នេះចិត្តនឹកស្រម៉ៃហួសដល់ចង់ក្លាយជាអ្នកនាងផ្ទះនេះ ស្កាលេតក៏សើចបន្តិចមុននឹងបែរមកប្រឈមជាមួយនឹងជេន...
"ហ្អាយ៎ អ្នកនាងធ្វើអី? ហ្អាយ៎នេះជាទឹកលាងដៃ?"
"យើងជួយជះលាងសម្អាតគំនិតឃ្លានប្រុសរបស់នាង បើសិនជានាងសម្រេចចិត្តធ្វើជាស្រីកំណាន់ប្ដីគេហើយមេត្តាមើលសន្តានតួនាទីផង ដែលឃើញវីឡាធំទូលាយណា៎យកស្រីខូចដូចជានាងមកធ្វើជាអ្នកនាងម្ចាស់ផ្ទះទេ?"ស្កាលេតបាញ់រះចំៗកណ្ដាលថ្ងាសជេនតែម្ដង នាងខឹងឡើងញ័រសព្វសាច់ ស្កាលេតក៏ញញឹមចំអកទៅនាងបន្តិច មុននឹងបែរខ្នងចេញ...
"នាងចាំតែមើលចុះស្កាលេត"
"ល្អ! យើងនឹងចាំមើល.."ស្កាលេតតបតរតែប៉ុណ្ណឹងរួចនាងក៏បោះជំហានចូលទៅក្នុងវីឡាក្រោមក្រសែភ្នែកខ្មៅក្រឹបសម្លឹងមើលទៅនាងតូចជាភរិយា បបូរមាត់ញញឹមស្របជាមួយនឹងផ្សែងបារីសាយភាយចេញមកបន្ធូរអារម្មណ៍តានតឹងនាំមកវិញជាមួយនឹងភាពត្រេកត្រអាលនឹងពេញចិត្តចំពោះសកម្មភាពរបស់ស្កាលេតបានធ្វើអម្បាញ់មិញ...
"ធ្វើទៅ ហួងហែងទៅ បងពេញចិត្តណាស់ពេលដែលអូនហួងហែងមកលើបងបែបនេះ ដាវីស ស្កាលេត"ហូស៊ុកហាក់មានភាពជឿជាក់ជាខ្លាំងថាល្បែងលើកនេះគេគឺជាអ្នកឈ្នះ នាងជាអ្នកដែលត្រូវការគេ....
....
ក្នុងបន្ទប់សម្រាកព្យាបាល សម្រឹបជើងស្រាលរបស់ស្ត្រីចំណាស់ម្នាក់បានបន្លឺឡើងស្របជាមួយនឹងសម្លេងរុករើរបស់របរផង ស្ត្រីចំណាស់មានទឹកមុខញញឹមបែបពេញចិត្ត កាលបើបានឃើញសភាពទ្រុឌទ្រោមរបស់ជូហ្វីមក គាត់លើកយកកញ្ចប់ថ្នាំមួយកញ្ចប់មក វាមានសភាពខ្មៅងងឹតខុសពីថ្នាំដែលគាត់ប្រើកាលពីមុន..
"អ្នកនាងតូចប្រហែលជាលំបាកនឹងប្រឆាំងថ្នាំយូរមកហើយត្រូវទេ? ខ្ញុំគិតថាអ្នកនាងគួរតែមានការសម្រាកសមស្របមួយហើយត្រូវទេ បើអត់ពីនាងទៅមិនយូរមិនឆាប់ក៏នឹងមានអ្នកមកជំនួសតំណេងនាងដែរ ហាសហា៎"គាត់និយាយផងសើចផងសប្បាយចិត្តដែលថ្ងៃដែលគាត់រង់ចាំបានមកដល់ ជាពេលដែលគេអាចផ្ដាច់ជីវិតនាងបានសម្រេច បន្ទាប់ពីផែនកាលពីជាង១០ឆ្នាំមុនបរាជ័យ...
"នាងប្រហែលជាចង់ដឹងហើយមែនទេពីរឿងរ៉ាវចាប់ជម្រិតនាងកាលពីជាង១០ឆ្នាំមុន ទាំងអ្នកដែលដេញចាប់នាងទាំងអស់វាជាស្នាដៃរបស់យើង.. យើងជាអ្នកធ្វើ"គាត់ញញឹមឡើង ខួរក្បាលក៏ចាប់នឹកគិតដល់រឿងទាំងអស់នោះ....
ជាង១០ឆ្នាំមុន!!!
< អុំអែន.. អុំអែនកុំប្រាប់ប៉ាណា៎ថាជូលាទៅដើរលេងនៅសួន>
< មិនបានទេអ្នកនាង អ្នកនាងមិនអាចទៅតែម្នាក់ឯងបាននោះទេ>
< មិនអីទេអុំអែន ពេលទៅដល់បងជុនច្បាស់ជាមករកជូលាជាមិនខានឡើយ អុំអែនកុំប្រាប់ប៉ាប៉ាណា៎ ហ្អិហ្អិជូលាទៅសិនហើយណា៎ Bye Bye > នាងតូចល្អិតស្ពាយកូនកាបូបនាងរត់ឡើងឡានតាក់សុីចាកចេញទៅបាត់ដោយមិនបានប្រាប់ដល់អ្នកណាសោះក្នុងផ្ទះក្រៅពីអុំអែនម្នាក់នេះ ស្ត្រីម្នាក់នេះក៏មានស្នាមញញឹមញ៉ោចឡើង មុននឹងលើកទូរសព្ទ័ឡើងមកខលទៅអ្នកណាម្នាក់...
< នាងចេញទៅហើយ... ចាត់ការវាទៅធ្វើយ៉ាងណាឲ្យវាមិនអាចត្រឡប់មកវិញបាន ឲ្យវារលាយបាត់ពីមុខមាត់យើង > គាត់ពេញចិត្តជាខ្លាំង កាលបើគម្រោងការគាត់កំពុងតែដើរទៅដោយរលូន....
< នាងនឹងត្រូវវិនាស ជូលា ព្រីមម៉ាន់ >
ត្រឡប់មកបច្ចុប្បន្នវិញ!!!
"តែនាងវាអាយុវែង ដល់ថ្នាក់ធ្លាក់ចូលទន្លេហើយនៅមិនងាប់ទៀត គិតទៅនាងឯងនេះគឺត្រូវតែងាប់ក្រោមដៃយើងដោយផ្ទាល់បែបនេះ ជូហ្វី...ហាសហា៎" គាត់និយាយឡើង ដៃក៏លូកបើកគម្របថ្នាំពុលថ្មីនោះ ហៀបនឹងចាក់ចូលបំពង់អាហារជូហ្វី...
"នៅឲ្យស្ងៀម..."កាំភ្លើងមួយក៏ភ្ជុងនឹងសៀតផ្ការបស់អុំអែន មកជាមួយនឹងសម្លេងគ្រលររបស់បុរសចំណាស់ម្នាក់ដែលសម្ងំលាក់បំពួនខ្លួនដើម្បីឃ្លាំមើលថាមានអ្នកណាមានបំណងអ្វីជាមួយកូនស្រីគាត់ ហើយទីបំផុតក៏ចាប់បានមែន...ជាមនុស្សក្បែរខ្លួនទៀត
"ការពិតជានាង... នាងអែន"
"ហ្អឹសៗ..."
"នាងសើចស្អី ?" លោកព្រីមម៉ាន់ក៏ស្រែកឡើងមួយទំហឹងកាលបើកាំភ្លើងភ្ជុងក្បាលទៅហើយនាងនៅតែសើចបានទៀត...
"លោកចប់ហើយ...លោកព្រីមម៉ាន់"សម្លេងតូចស្រាលមួយបន្លឺឡើងពីក្រោយគាត់ដោយមានកាំភ្លើងភ្ជុងក្បាលគាត់ជាប់ សម្លេងនោះក៏ធ្វើឲ្យលោកព្រីមម៉ាន់ចុកទ្រូង ព្រោះបានលឺអស់ជាង១០ឆ្នាំមកហើយ
"ជូ...ជូលា"

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Onde histórias criam vida. Descubra agora