ភាគទី២៩

930 47 0
                                    

រឿង     " ប្រធានាធិបតីម្ចាស់ចិត្ត "

            ភាគទី២៩                #ENJOY

   ខ្ញុំគ្មានអំណាចអ្វីដើម្បីជួយបង្ហាញភាពស្អាតស្អំរបស់លោកឡើយ
====================
    ក្រុមមនុស្សមួយក្រុមតូចកំពុងតែនាំគ្នាឈរកាន់បដាមួយនៅខាងមុខសេតវិមានដោយក្នុងរូបនោះមានរូបរបស់នាយសង្ហាដែលកំពុងតែមានបញ្ហាផ្ទុះសារាយជាខ្លាំងដោយសារតែបញ្ហាការជួញដូរគ្រឿងញៀននឹងក្មេងស្រីៗ ពួកគេទាំងនេះសុទ្ធតែជាអ្នកដែលមានវ័យជ្រេដែរហើយនឹងសុទ្ធតែជាអ្នកដែលមានភាពជឿជាក់ទៅលើកម្លោះត្រកូលហ្វាល់លីដា ក្នុងចំណោមពួកអ្នកគាំទ្រនោះក៏មាននាងតូចជូហ្វីដែរ។
"នេះទឹកសម្រាប់លោកយាយ"ស្រីតូចរត់សម្ដៅមកដោយកាន់ធុងទឹកមួយមកជាមួយផង នាងក៏បានទុកវាឲ្យទៅអ្នកគាំទ្រផ្សេងៗមុននឹងលើកយកទឹកសុទ្ធ២ដបមកជាមួយនឹងពោលគឺយកមកជូនលោកយាយម្នាក់ដែលមានវ័យចំណាស់ជាងគេ។
"អរគុណហើយចៅ"លោកយាយទទួលយកទឹកនោះមករួចក៏អកហូបទាំងនឿយហត់ខ្សត់កម្លាំង ព្រោះតែពួកគាត់នាំគ្នាឈរក្រោមពន្លឺថ្ងៃពេញមួយព្រឹកទៅហើយ ពួកគាត់សុទ្ធតែជាមនុស្សដែលមានវ័យចំណាស់ទៅហើយមានកម្លាំងឯណាទៅតស៊ូក្រោមកម្ដៅថ្ងៃដូចគេក្មេងៗនោះ ជូហ្វីបានឃើញអាការៈទន់ខ្សោយរបស់លោកយាយ មុននឹងងាកភ្នែកសម្លឹងមើលទៅអ្នកឯទៀតពួកគាត់ក៏មានអាការៈមិនខុសពីលោកយាយដែរ។
"លោកយាយចុកចង្កេះចុកខ្នងមែនទេ? ចាំខ្ញុំម៉ាស្សាជូន"
"មិនអីទេនាងតូច..មិន..អ..អូយ៎ ស្រួលខ្លួនណាស់"ដំបូងឡើយលោកយាយគាត់ប្រកែកជាមួយនឹងការកាន់ច្របាច់ស្មារបស់ជូហ្វីតែនៅពេលដែលនាងចាប់ផ្ដើមម៉ាស្សាជូនគាត់ លោកយាយក៏បានតែនៅស្ងៀមសម្ងំឲ្យនាងធ្វើសរសៃជូនគាត់ ជូហ្វីច្របាច់ជូនគាត់បណ្ដើរញញឹមបណ្ដើរព្រោះយ៉ាងហោចណាស់ក៏នាងអាចជួយឲ្យគាត់មានអារម្មណ៍ធូរស្បើយខ្លះពីាការនឿយហត់ដែរ។
"លោកយាយបើសិនជាហត់លោកយាយទៅសម្រាកនៅផ្ទះទៅព្រោះលោកយាយឈរនៅទីនេះពេញមួយព្រឹកហើយ ខ្ញុំខ្លាចថាលោកយាយអាចនឹងមានបញ្ហាដល់សុខភាពណា៎"ជូហ្វីគក់ច្របាច់
"ហ៊ើយនាងតូចអើយ! យាយចំណាស់នេះទៅហើយទោះបីជានៅមួយកន្លែងមិនធ្វើអ្វីក៏នៅតែឈឺចាប់ក្នុងខ្លួនដែរ ចឹងយាយគិតថាយាយគួរតែធ្វើឲ្យម៉្យាងឲ្យវាមានប្រយោជន៍សម្រាប់ទីតំបន់ដែលយាយរស់នៅតាំងពីតូចមក.."ស្ដាប់លោកយាយនិយាយរៀបរាប់មកជូហ្វីក៏ហាក់ដូចជាមានភាពកក់ក្ដៅក្នុងចិត្តជំនួសឲ្យណាមជុនទៅទៀត បើទោះបីជាពេលនេះមានគេកំពុងតែប្រឆាំងជាមួយនឹងគេក៏យ៉ាងណាក៏ដោយ តែក៏នៅតែមានអ្នកដែលស្មោះស្មគ្រ័នឹងជឿជាក់លើគេដែរ ។
"អ្នកប្រុសហ្វាល់លីដាបានជួយជ្រោមជ្រែងដល់អ្នកភូមិស្រុកយើងខ្លាំងណាស់ ដើមឡើយនៅទីនេះមិនបានទឹកភ្លើងប្រើគ្រប់គ្រាន់ឡើយ តែលោកហ្វាល់លីដាគាត់តែងតែជួយឧបត្ថម្ភមកជារឿយៗដល់ពួកយើងទាំងអស់គ្នាហើយក៏នៅមានអ្វីជាច្រើនទៀត ទើបពួកយើងទាំងអស់គ្នាមិនអាចជឿបានថាអ្នកប្រុសហ្វាល់លីដាជាអ្នកធ្វើរឿងទាំងអស់នោះឡើយ"
"ពិតមែនហើយលោកយាយ គេគ្មានថ្ងៃធ្វើរឿងបែបនេះឡើយ"
"យាយថាឯងប្រហែលជាហត់នឿយហើយនាងតូចព្រោះយាយឃើញឯងនៅឈរកាន់បដានេះមក៣-៤ថ្ងៃទៅហើយ"ជូហ្វីក្រវីក្បាលបដិសេធជាមួយនឹងលោកយាយ នាងមិនបានហត់នឿយនោះឡើយជាមួយនឹងការងារនេះ ព្រោះថានាងគ្រាន់តែជាមនុស្សសាមញ្ញនឹងជាប្រជាជនម្នាក់ដែលមិនមានសមត្ថភាពតតាំងតែឯងដើម្បីជួយដល់មនុស្សប្រុសជាទីស្រឡាញ់ឡើយ ចឹងបើសិនជានាងអាចធ្វើអ្វីបានជាចំណែកជួយដល់គេនាងនឹងប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាព។
វីឡាហ្វាល់លីដា
នាយសង្ហាចុះពីជាន់ខាងលើមកទាំងតានតឹងជាខ្លាំង ក្រពុលមុខនឹងបញ្ហាធំដែលគេកំពុងតែជួបប្រទះនោះ ដោយសារតែជនល្មើសដែលចាប់បាននៅនឹងកន្លែងនោះដាក់កំហិតឈ្មោះមកចំៗលើគេចឹងហើយវាកាន់តែពិបាកសម្រាប់គេទៅទៀតក្នុងការដោះស្រាយ។
"ណាមជុន"ស្របជាមួយនឹងដំណើរបោះជំហានចុះពីជាន់ខាងលើមកនោះក៏មានសម្លេងស្រួយស្រៈមួយបន្លឺឡើងមក សម្លេងស្បែកជើងកែងចោតបន្លឺឡើងតុបៗពីក្រោយខ្នងរបស់គេ រួចក៏មានដៃតូចស្រឡូនមកកាន់ស្រាក់ដៃរបស់គេ គ្រាន់តែបានឃើញមុខនាងភ្លាមគេក៏ហាក់ធុញទ្រាន់ខ្លាំងទៅហើយ។
"បងជុនគិតចង់ទៅណានឹង អាចឲ្យជេសស្គីទៅជាមួយផងបានដែរទេ?"ស្រីស្រស់និយាយញែកៗដាក់ណាមជុនរឹតតែធ្វើឲ្យគេកាន់តែធុញទ្រាន់ថែមទៀត ណាមជុនក៏រហ័សលូកដៃបេះដៃនាងចេញទាំងទឹកមុខស្មើធេង។
"ជារឿងការងារ នាងនៅផ្ទះនេះហើយ"ណាមជុននិយាយខ្លីៗម៉ាត់ៗហាក់មិនចង់ហាមាត់តបតរជាមួយនឹងនាងទាល់តែសោះ តែនាងតូចជេសស្គីក៏មិនបានចុះញ៉មដែរនាងព្យាយាមតោងដៃគេជាប់ព្យាយាមចង់ទៅតាមគេជានិច្ច។
"ណា៎ជុនណា៎"
"នាងចង់ទៅណា?"ជេសស្គីកំពុងតែព្យាយាមនិយាយចាក់ឲ្យនាយកម្លោះព្រមយកនាងទៅតាម តែមិនទាន់បានសម្រេចជោគជ័យផងក៏មានវត្តមានលោកស្រីម្ចាស់វីឡាមកដល់ភ្លាម ស្រីស្រស់ក៏ងាកសម្លឹងមើលទៅលោកស្រីសាន់ត្រាជាមួយនឹងមុខមាត់មិនខ្លាចរអាជាមួយនឹងស្ត្រីចំណាស់អ្វីបន្តិចសោះ។
"នាងមិនមែនជាអ្នកនាងនៅទីនេះឡើយកុំគិតថាចង់ដើរហើរទៅណាបានតាមតែចិត្តនោះទេ យើងមានការងារឲ្យនាងធ្វើច្រើនណាស់ជេសស្គី"លោកស្រីសាន់ត្រាដើរមកកាន់ស្មារបស់ជេសស្គី ស្ត្រីចំណាស់ងាកសម្លឹងមើលទៅនាងតូចជេសស្គីទាំងមានកំនួច គាត់ដឹងថាគាត់មិនអាចកាច់បំបាក់នាងដោយចិត្តក្ដៅនោះឡើយមានតែភាពត្រជាក់ដូចជាទឹកកកបែបនេះ។
"ចៅហ្វាយ ឡានរៀបចំរួចហើយទាន"យូតូក៏ដើរចូលមកខាងក្នុងប្រាប់ជម្រាបចៅហ្វាយឲ្យបានដឹង ណាមជុនក៏ងក់ក្បាលឆ្លើយតបទៅកូនចៅមុននឹងដើរចាកចេញទៅជាមួយភ្លាមតែម្ដង ចំណែកឯនាងតូចជេសស្គីក៏បានតែងាកតាមសម្លឹងមើលណាមជុនទាំងមិនអស់ចិត្ត រឹតតែខឹងជាមួយនឹងលោកស្រីសាន់ត្រាថែមទៀតដែលមករាំងឃាត់នាង។
នៅបរិវេណខាងក្រៅមានសភាពស្ងាត់ជ្រងំមិនមានអ្នកបម្រើណាឆ្លងកាត់នោះឡើយ អាចជាពេលវេលាល្អឲ្យនាងតូចក្នុងការលបលួចនិយាយទាក់ទងយ៉ាងលាក់លៀមនឹងអ្នកនៅក្នុងផ្ទះនោះ។
< យ៉ាងមិចទៅហើយអូនសម្លាញ់? > សម្លេងគ្រលរធំបន្លឺឡើងយ៉ាងស្រទន់ពីអ្នកម្ខាងទៀតប្រៀបដូចជាកំពុងតែខាបព្រលឹងចិត្តរបស់នាងតូចដែលកំពុងតែស្ដាប់នោះ ។
"គេកំពុងតែព្យាយាមចេញស្វែងរករឹសគល់រឿងកើតឡើងទាំងអស់នោះ អូននិយាយថាបងគួរតែមានការប្រុងប្រយត្ន័នឹងឆាប់បញ្ចប់ការងារឲ្យបានល្អទៅ ព្រោះអូនបារម្ភខ្លាំងណាស់"នាងតូចហាក់ដូចជាមានការព្រួយបារម្ភជាខ្លាំងពីអ្នកម្ខាងទៀតជាគូស្នេហ៍ទើបនាងព្យាយាមស្វះស្វែងយកព័ត៌មានពីខាងនេះទៅឲ្យគេ។
< អូនកុំបារម្ភអី បងបានរៀបចំបានយ៉ាងល្អហើយឲ្យតែអូនអាចជួយបងប្រាប់ពីសកម្មភាពរបស់វាឲ្យបានទៀងទាត់មកបងនឹងធ្វើទៅតាមផែនការដែលបងបានប្រាប់ មិនយូរទេពួកនឹងជោគជ័យជាមិនខានណា៎ > ពាក្យសម្ដីសង្កត់ចិត្តនាងតូចឲ្យមានភាពស្ងប់ស្ងាត់ប្ដូរជំនួសមកវិញដោយស្នាមញញឹមយ៉ាងស្រស់ស្អាតប្រៀបដូចជាបានឃើញឋានសួគ៌នៅនឹងមុខចឹង។
< អូនធ្វើបានល្អហើយណា៎ បងនឹងធ្វើឲ្យអូនមានសំណាងជាងគេបំផុតណា៎អូនសម្លាញ់.. បងស្រឡាញ់អូន..ជេសស្គី >
"អូនក៏ស្រឡាញ់បងដូចគ្នា..ហ្វីលីព"នាងតូចនិយាយឡើងទាំងស្នាមញញឹមមុននឹងការទាក់ទងបានកាត់ផ្ដាច់ទៅ ស្រីស្រស់ក៏កាន់ទូរសព្ទ័មកអោបជាប់នឹងទ្រូង។
"មិនយូរទេ ខ្ញុំនឹងអាចចេញពីផ្ទះខ្មៅកង្វក់នេះ ជាពិសេសគឺចេញឲ្យឆ្ងាយពីយាយកញ្ចាស់បិសាចនោះ"ជេសស្គីញញឹមចុងមាត់ ពេលវេលាដែលនាងកំពុងតែរង់ចាំក៏កៀកជិតមកដល់ហើយ បើសិនជាហ្វីលីពបានជាប់ឆ្នោតនោះនាងក៏អាចនឹងមានជីវិតល្អប្រសើរបានរស់នៅក្រោមការមើលថែរបស់ប្រុសស្នេហ៍ម្នាក់នេះ។
វីឡាព្រីមម៉ាន់!!!
"បងជុនញ៊ាំបង្អែមសិនទៅណា៎"នាងតូចជាអ្នកនាងម្ចាស់វីឡាក៏ចេញមកពីផ្ទះបាយមកជាមួយនឹងអ្នកបម្រើមកដោយមានកាន់បង្អែមមកជាមួយជាស្នាដៃដែលនាងបានរៀបចំដោយខ្លួនឯងផ្ទាល់ កាលបើបានលឺថាណាមជុនឈៀងចូលមកលេងនោះ។
"អរគុណណាស់ជូលា"នាយកម្លោះទទួលយកចានបង្អែមនោះទាំងញញឹម នាងតូចក៏ញញឹមទៅកាន់គេមុននឹងទម្លាក់ខ្លួនអង្គុយលើកៅអីសាឡុងក្បែរនាយកម្លោះ ណាមជុនក៏លើកចានបង្អែមនោះឡើងមកភ្លក់រួចក៏ញញឹមបញ្ចេញថ្ពាល់ខួចដាក់នាងជាថ្មី។
"បងមិនដឹងសោះថាអូនជូលាពូកែធ្វើម្ហូបបែបនេះ នេះអូនបានរៀនពីអ្នកណាទៅ?"ណាមជុនក៏ងាកសម្លឹងមើលទៅនាងតូចជូលា ស្រីស្រស់រីកមុខរីកមាត់ដូចគ្រាប់ជី កាលបើបានទទួលពាក្យសរសើរពីណមជុនបែបនេះ ។
"ការពិតទៅគឺអ្នកម៉ាក់បានបង្រៀនជូលាតាំងពីជូលានៅតូចមក ជូលាចូលចិត្តម្ហូបម៉ាក់ខ្លាំងណាស់ តែ..តែតាំងពីអ្នកម៉ាក់មានជម្ងឺមកជូលាក៏លែងបានធ្វើវាទៀត ហ្អឹក"ជូលាក៏ស្រាប់តែយំឡើងណាមជុនក៏ហុចកន្សែងដៃឲ្យនាងជូតទឹកភ្នែក ស្របជាមួយនឹងក្រសែភ្នែកមានមន្ទិលជាមួយនឹងនាងតូច។
"ជូលានិយាយថាអ្នកម៉ាក់ឈឺមែនទេ?"
"ចាស៎ហើយអ្នកម៉ាក់ក៏បានទទួលមរណភាពទៅចោលជូលាក៏ដោយសារតែជម្ងឺដែរ ហ្អឹកហ្អឹក"គ្រាន់តែពាក្យមួយឃ្លានេះមកធ្វើឲ្យណាមជុនភាំងបើកភ្នែកធំៗ ដៃមាំដែលលូកកាន់ស្មានាងក៏ទម្លាក់ចុះស្របជាមួយនឹងពាក្យប៉ុន្មានប្រយោគមកជាមួយ..
"នាងជាអ្នកណា? នាងមិនមែនជាជូលាទេ..ជូលារបស់ខ្ញុំនៅឯណាទៅ ?"

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now