ភាគទី៥៤

817 36 0
                                    

#ប្រធានាធិបតីម្ចាស់ចិត្ត ~ភាគទី៥៤~
កន្លងផុតទៅប៉ុន្មានថ្ងៃហើយដែលណាមជុនបានជូនស្កាលេតមកកាន់ប្រទេសបារាំងក្រោយទទួលបានដំណឹងដ៏សោកសង្រេងដែលបានកើតឡើងលើសមាជិកគ្រួសារ២នាក់របស់ត្រកូលដាវីសពោលគឺម៉ាក់របស់ស្កាលេតនឹងបងប្រុសបង្កើតរបស់នាង ពួកគេទាំង២ត្រូវបានរាយការណ៍ថាស្លាប់ក្នុងឧប្បត្តិវហេតុក្រឡាប់ឡានតែឡានទាំងស្រុងត្រូវផ្ទុះឆាបឆេះអស់ដូចជាផេះមិនអាចសូម្បីតែស្វែងរកកម្ទេចសាកសពរឺក៏ឆ្អឹងយកមកធ្វើបុណ្យ..វាគួរឲ្យសោកសៅពេកហើយត្រូវទេ?
"លោកប៉ា ហុឹកហុឹក"សម្លេងយំឡើងក្រង៉ួបន្លឺឡើងនៅខាងក្នុងផ្ទះតូចមួយដែលជាកន្លែងស្នាក់របស់គ្រួសារដាវីស បើសម្លឹងមើលឆ្លុះទៅក្នុងបន្ទប់សម្រាកក្បែរនោះយើងក៏បានឃើញយ៉ាងច្បាស់ពីសភាពកាយរបស់មនុស្ស២នាក់ដែលកំពុងអោបគ្នានោះ លោកវីលាមលាដៃទាំងសងខាងអោបកូនស្រី ត្រដុសចង្ការគាត់លើសក់កូនស្រីស្រាលៗទាំងចុកអួលណែនក្នុងទ្រូងបន្ទាប់ពីពិធីបុណ្យគ្រប់យ៉ាងបានយប់សព្វគ្រប់ទៅនោះ ស្កាលេតគិតតែពីយំមិនឈប់ទាល់តែសោះភ្នែកនាងឡើងហើមស្ពុលមើលមិនចង់ឃើញគ្រាប់នឹងប្រស្រីភ្នែកខាងក្នុងទៅហើយ តាំងពីចេញពីកូរ៉េមកនាងយំមិនឈប់ទាល់តែសោះ នាងសន្លប់ជាច្រើនដងហើយគ្រាន់តែមកដល់បានឃើញកម្ទេចផេះដែលលោកប៉ាយកមក ជាផេះសេសសល់ពីភ្នក់ភ្លើងឆាបឆេះនោះ នាងមិនអាចសូម្បីតែបាននិយាយថានឹកពួកគាត់ មិនទាន់ទាំងបានអោបនឹងប្រាប់ពីដំណើរវិវត្តពីកូនក្នុងផ្ទៃនាងឲ្យម្ដាយដែលតែងតែរអ៊ូថាចង់បានចៅពរ តែនេះនាងកំពុងតែធ្វើឲ្យបំណងប្រាថ្នាគាត់បានសម្រេចទៅហើយតែគាត់ក៏បែរជាចាកចេញទៅទាំងបែបនេះ នាងនៅមិនទាន់បានតបស្នងការស្រឡាញ់នឹងគុណរបស់គាត់នៅឡើយទេ...
"ហុឹកហុឹក កូននឹកម៉ាក់ កូននឹកម៉ាក់ណាស់ប៉ា"ស្កាលេតយំខ្សឹបខ្សួលអួលដើមករស្រែកហៅរកម្ដាយដូចជាកូនក្មេងវង្វេងម្ដាយចឹងឯង បានឃើញសភាពកូនស្រីទៅជាយ៉ាងនេះលោកវីលាមក៏ទប់ទឹកភ្នែកសឹងមិនបានគាត់ងើយក្បាលខ្លួនឯងឡើងខ្ពស់ ធ្មិចបើកៗភ្នែកមិនឈប់ដើម្បីទប់ទឹកភ្នែកមិនឲ្យគាត់មើលទៅទន់ជ្រាយឡើយ ក៏ព្រោះថាពេលនេះគាត់តែម្នាក់ប៉ុណ្ណោះជាអ្នកដែលជាជំហរគ្រួសារ មានតែគាត់ម្នាក់ប៉ុណ្ណោះដែលជាសមាជិកគ្រួសារសេសសល់របស់កូនស្រី ទោះបីជាគាត់ដឹងថាស្កាលេតមានស្វាមីហើយយ៉ាងក៏ដោយ ចិត្តជាឪពុកតែងតែគិតរំពៃជានិច្ច ទោះជាកូនវិវត្តផ្លាស់ប្ដូរទៅជាយ៉ាងណាក៏នៅតែជាកូនក្មេងរពឹសនឹងត្រូវការការមើលថែពីគាត់ជាឪពុកម្ដាយជានិច្ច ដូចជាលោកវីលាមមើលមកសភាពយំសស្រាក់មិនឈប់របស់កូននាពេលនេះចឹង។
"ឈប់យំហើយកាត់ចិត្តទៅកូនប៉ា ម៉ាក់នឹងបងប្រុសបានទៅដល់ទីស្រណុកសុខស្រួលហើយ ក្រែងកូនតែងតែនិយាយមែនទេថាបងហ្វែលខិតខំធ្វើការណាស់ កូនចង់ឲ្យបងបានសម្រាកមែនទេ? ហើយអ្នកម៉ាក់ កូនក៏តែងតែបន់ស្រន់ឲ្យអ្នកម៉ាក់បានសម្រាកកាយពីការងារខ្លះមែនទេ? ពេលនេះម៉ាក់កូននឹងបងប្រុសកូនបានសម្រាកពេញលេញហើយ គាត់នឹងចាំមើលមកកូនទាំងញញឹមពីខាងលើនោះមក បើសិនជាគាត់មើលមកឃើញកូនយំបែបនេះម៉ាក់កូនក៏ប្រហែលជាមិនសប្បាយចិត្តឡើយ"លោកវីលាមលូកកាន់ដៃកូនស្រីទាំងសងខាងជាប់រួចក៏ព្យាយាមបង្ហាញស្នាមញញឹមដែលឲ្យនាងបានឃើញថាគាត់រឹងមាំ ទាំងដែលការពិតវាគ្រាន់តែជាការបំភន្ត័ភ្នែកចង់ឲ្យកូនបានធូរស្រាលចិត្តប៉ុណ្ណោះ។
"សន្យានឹងប៉ាមកថាកូននឹងរឹងមាំឡើងណា៎កូនស្រីប៉ា ដើម្បីខ្លួនឯងនឹងដើម្បីកូនក្នុងផ្ទៃរបស់កូនណា៎ កូនត្រូវតែក្លាយជាម៉ាក់ដ៏ល្អនឹងជាភរិយាដ៏ប្រពៃសម្រាប់ស្វាមីកូន"គ្រាន់តែលោកវីលាមនិយាយរំលឹកដល់ពាក្យថាស្វាមីភ្លាម ស្កាលេតនាងក៏មិនបាននិយាយអីបន្តទៀតនោះដែរ អ្វីដែលនាងអាចធ្វើបាននោះគឺបានតែត្រសុលរុលអោបរាងកាយឪពុកជាប់នឹងព្យាយាមរំងាប់អារម្មណ៍ចុកអួលពីការបាត់បង់មួយនេះ បូករួមនឹងការឈឺចាប់ដែលនាងតែងតែលាក់បាំងកន្លងមកនោះទៀត គិតមើលទៅថាក្នុងចិត្តនាងមានទម្ងន់ទុក្ខធ្ងន់យ៉ាងណាទៅ?
~វីឡាហ្វាល់លីដា~
"អ្នកនាងហ្វី អ្នកនាង"
"មានអីមែនទេ?"ជូហ្វីនាងក៏ក្រោកឡើងពីកៅអីសាឡុងមកកាលបើលឺសម្លេងអ្នកបម្រើបន្លឺឡើងមក អ្នកបម្រើក៏ហុចទូរសព្ទ័ជូនឲ្យនាងហ្វីបានឃើញលេខទូរសព្ទ័ដែលជាលេខក្រៅតំបន់ទាក់ទងមកនោះ ស្នាមញញឹមនាងក៏ញ៉ោចឡើងភ្លាមមុននឹងចុចទទួលទាំងចិត្តនឹករលឹកស្វាមី...
< ក្រលើកបែបនេះដឹងទេថាចិត្តបងនៀក៎វាអន្ទះសារ > កាលបើគ្រាន់តែលើកឡើងភ្លាម ណាមជុនក៏ប្រើពាក្យវេទមន្តរបស់គេដែលជាសម្ដីផ្អែមស្រទន់ពង្វក់ចិត្តរបស់គេមកកាន់នាង ជូហ្វីក៏ញញឹមបិទមាត់មិនជិតមុននឹងបែរមកជាអស់សំណើចបន្តិច...
< មានអីគួរឲ្យអស់សំណើចទៅអូនសម្លាញ់?នេះបងនឹករលឹកអូនខ្លាំងណាស់ បែកអូននឹងកូនស្រីយើងទើបតែបានប៉ុន្មានថ្ងៃសោះបងក៏បែរជានៅមិនសុខទៅហើយ បងប្រហែលជាបន្តប្រហែលជាសប្ដាហ៍ក្រោយមួយទៀតទើបបងត្រឡប់ទៅវិញព្រោះបងចង់ឲ្យប្រាកដថាអូនលេតបានធូរស្រាលចិត្តនឹងរង់ចាំដល់ហូស៊ុកមកពីកោះបាលីវិញសិនទើបបងត្រឡប់ទៅកូរ៉េវិញ >
"បើសិនជាអាចអូនចង់ឲ្យបងជួយមើលលេតសិនចុះ អូនដឹងថាការបាត់បង់មនុស្សសំខាន់ដល់ទៅ២នាក់ក្នុងពេលតែមួយបែបនេះវាពិតជាពិបាកទទួលយកខ្លាំងណាស់ អូនធ្លាប់បាត់បង់ម៉ាក់ទើបអូនយល់ច្បាស់ អារម្មណ៍នឹករលឹក ឯកោវាក៏មិនងាយរសាត់ឆ្ងាយពីក្នុងចិត្តរបស់នាងឡើយ បើសិនជាមានបង មានលោកពូវីលាមនៅជួយមើលថែនាងប្រហែលជានាងអាចនឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះជាមិនខានឡើយ"នាងនិយាយឡើងមក ស្របជាមួយនឹងសម្រឹបជើងតូចញាប់ស្មេររត់មកបានបន្លឺឡើង ហ្វីលីណារត់មករកម្ដាយទាំងសក់ទីងទុយរលាស់ទាំងសងខាងគួរឲ្យស្រឡាញ់ នាងរត់មកដល់អោបម្ដាយជើងម្ដាយជាប់ ហ្វីក៏អោនសម្លឹងមើលមកកូនស្រីដែលកំពុងតែសើចស្ញេញដូចជាចង់បានអីនោះ..
"ប៉ាប៉ាមែនទេម៉ាក់?"
"ជុនហ្អា៎ អូនគិតថាមានមនុស្សម្នាក់ចង់និយាយជាមួយនឹងបង"ថារួចហើយនាងក៏បន្ទន់ជើងចុះបន្តិច មុននឹងដាក់ទូរសព្ទ័អឹបនឹងត្រចៀកកូនស្រាលៗតែក៏មានដៃម្ខាងទប់ព្រោះខ្លាចកម្ដៅពីអេក្រង់ទូរសព្ទ័មកប៉ះត្រចៀកកូនស្រី ហ្វីលីណាក៏សើចបន្តិចក្រោយពីបានលឺសម្លេងសើចរបស់ឪពុកនៅខ្សែទាក់ទងម្ខាងទៀត។
"ប៉ាប៉ាហ្អា៎ ហ្វីលីណានឹកប៉ាណាស់ ប៉ាអត់នៅអត់មានអ្នកណាបង្រៀនកូនឲ្យសរសេរអក្សរនឹងគូររូបទៀតទេ"ហ្វីលីណាត្អូញត្អែរទៅប្រាប់ឪពុកនាង ជូហ្វីដែលកំពុងតែអោបកាន់ចង្កេះកូនក៏បែរជាសើចឡើងទាំងហួសចិត្តទៅវិញ នាងក៏លូកដៃមកកាន់អង្អែលក្បាលកូនស្រីស្រាលៗរួចក៏ឲ្យប៉ាកូនមួយគូនេះនិយាយសាសងគ្នា ហ្វីលីណាក៏សើចកាច់ករកាច់ស្រង់សប្បាយចិត្តដែលបាននិយាយជាមួយឪពុកខាងនោះ អ្នកជាម្ដាយក៏ដូចគ្នានាងក៏លូកដៃម្ខាងកាន់អង្អែលពោះខ្លួនឯងស្រាលៗរួចក៏ងាកសម្លឹងមើលទៅរូបថតធំដែលជារូបថតគ្រួសារតាំងនៅលើជញ្ជាំងនោះ ជារូបគ្រួសារហ្វាល់លីដាទាំងអស់ លោកម្ចាស់ហ្វាល់លីដា លោកស្រីសាន់ត្រានឹងណាមជុននេះឯង...
"សង្ឃឹមថាថ្ងៃណាមួយរូបថតមួយនេះនឹងមានវត្តមានកូនតូចៗរបស់ខ្ញុំផងទៅចុះ ហ្វីលីណានឹង.."នាងអោនសម្លឹងពោះខ្លួនឯងរួចក៏ងាកមើលទៅទូរសព្ទ័ដែលនៅនឹងដៃកូនស្រី មួយសន្ទុះនាងក៏ក្រវីក្បាលតិចៗឡើង។
"ទុកឲ្យណាមជុនដោះស្រាយរឿងនីមួយៗឲ្យបានចប់សិនចុះ ខ្ញុំមិនចង់ដាក់សម្ពាធឲ្យគេឡើយ ព្រោះគេជាមនុស្សដែលមានចិត្តក្ដៅ គេអាចនឹងហោះមកមួយម៉ោងក្រោយក៏ថាបានបើគេដឹងពីវត្តមានកូនក្នុងផ្ទៃនេះ"

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now