ភាគទី១៨

1.2K 90 2
                                    


ក្រោយពីនាងបដិសេធគេ , គ្រប់យ៉ាងក៏ផ្លាស់ប្ដូរពីភាពស្រស់ស្រាយទៅជា...ស្ងប់ស្ងាត់
====================
     បរិវេណវីឡាធំស្កឹមស្កៃជាកម្មសិទ្ធិរបស់គ្រួសារព្រីមម៉ាន់ មានអ្នកបម្រើឆ្វេងស្ដាំជាច្រើនកំពុងតែញាប់ដៃជើងរៀបចំសម្អាតវីឡាប្រៀបដូចជាហៀបនឹងមានកម្មវិធីអ្វីពិសេសកើតឡើងចឹង។ស្រីស្រស់ក្នុងឈុតរ៉ូបផ្កាពណ៌ឈូក សក់ទន់រលោងខ្មៅក្រឹបត្រឹមកញ្ចឹងករសុីគ្នាជាមួយនឹងរង្វង់មុខតូចស្រស់ស្អាតសាកសមជាមួយនឹងងារជាកូនស្រីត្រកូលព្រីមម៉ាន់ពិតមែន ។
"លោកប៉ា"
ស្រីតូចច្រឡឹងចុះមកខាងក្រោមទាំងព្រឹកព្រលឹមខុសពីធម្មតារួចក៏សម្ដៅទៅរកបុរសចំណាស់ជាឪពុកដែលកំពុងតែអង្គុយពិភាក្សាជាមួយនឹងមនុស្សប៉ុន្មាននាក់នៅឯសួនច្បារខាងក្រៅ។គ្រាន់តែឃើញនាងតូចមកភ្លាមអ្នកដែលមានតួនាទីទាបជាជាងលោកព្រីមម៉ាន់ទាំងអស់ក៏នាំគ្នាអោនគំនាបទៅកាន់នាង ស្រីស្រស់ក៏ញញឹមយ៉ាងស្រស់ស្អាតទៅកាន់ពួកគេវិញតែនាងក៏មិនបានចូលទៅខាងក្នុងរោងប្រជុំនោះឡើយ នាងក៏បែរជាដើរទៅអង្គុយនៅឯបង់ម្ខាងដែលនៅក្បែរនោះរង់ចាំរហូតទាល់តែការប្រជុំរបស់លោកព្រីមម៉ាន់បញ្ចប់សិនសឹមនាងទៅ។
"ជូលា" ស្រីស្រស់កំពុងតែអង្គុយមើលផ្កាធូលីបដែលដាំនៅក្នុងសួនច្បារ ទឹកមុខស្រស់ថ្លារបស់ជូលាបានផ្លាស់ប្ដូរទៅជាមាំទាំស្រីតូចក៏ក្រោកឡើងមួយកម្ពស់រួចក៏ដើរទៅម្ខាងលូកទាញកាន់យកកន្ត្រៃកាត់ស្មៅមកកាត់ផ្ដាច់ផ្កាធូលីបចម្រុះពណ៌នោះចោលមិនប្រណីដៃប្រៀបដូចជាមានគំនុំអ្វីជាមួយនឹងផ្កាដ៏ស្រស់ស្អាតទាំងអស់នោះចឹង ឃើញបែបនេះលោកព្រីមម៉ាន់ក៏ប្រញាប់បោះជំហានញាប់ស្អេកទៅរកកូនស្រីគាត់ ចាប់ទាញកន្ត្រៃពីដៃជូលាភ្លាម។
"ជូលា កូនកើតអីនឹង?"លោកព្រីមម៉ាន់បោះកន្ត្រៃកាត់ស្មៅទៅម្ខាងស្របជាមួយនឹងសំណួរចោទសួរកូនស្រីទាក់ទងនឹងសកម្មភាពចម្លែកដែលកូនស្រីខ្លួនបានធ្វើ ជូលាងាកសម្លឹងមើលទៅឪពុករបស់នាងដៃតូចស្រឡូនញ័រទទ្រើត កាយវិការភិតភ័យរបស់កូនស្រីធ្វើឲ្យភាពងឿងឆ្ងល់របស់ឪពុករលាយបាត់បន្តិចម្ដងៗប្ដូរមកជាការទាញកូនស្រីមកអោបក្រសោបជាប់នៅក្នុងដៃ អង្អែលស្មាកូនស្រីស្រាលៗបន្សាបអារម្មណ៍ភ័យខ្លាចដែលកូនស្រីកំពុងតែមាន
"មិនអីទេជូលាកូន គ្រប់យ៉ាងមិនអីនោះទេ"បុរសចំណាស់អោបកូនស្រីនិយាយលួងលោមនាងមិនឲ្យគិតច្រើន ចំណែកឯកូនស្រីក៏ដូចជាមានការភ័យខ្លាចកាន់តែខ្លាំងទៀត។មិនបង្អង់យូរគាត់ក៏គ្រានាំកូនស្រីទៅកាន់វីឡាវិញដោយមានអ្នកបម្រើប៉ុន្មាននាក់មកជួយផងដែរក្នុងនោះក៏មានស្ត្រីម្នាក់ដែលមានឈ្មោះជាអ្នកបម្រើដែលមានវ័យចំណាស់ជាងគេពោលគឺគាត់មានអាយុតិចជាងលោកម្ចាស់ព្រីមម៉ាន់តែ៤ឆ្នាំប៉ុណ្ណោះ។
"អែន..អែនមកជួយកូនជូលាផង"
"ចាស៎លោកម្ចាស់"ស្ត្រីចំណាស់ដែលកំពុងតែមមាញឹកជាមួយនឹងការមើលការខុសត្រូវអ្នកបម្រើនៅផ្ទះម្ខាងនោះក៏ប្រញាប់ទម្លាក់ចោលការងារទាំងអស់ហើយសម្ដៅទៅរកចៅហ្វាយទាំង២នាក់ដែលកំពុងមានបញ្ហានៅខាងក្រៅ។ទាំង២នាក់ក៏នាំគ្នាជួយគ្រាជូលាឡើងទៅជាន់ខាងលើសម្ដៅទៅកាន់បន្ទប់របស់នាងដែលនៅមិនឆ្ងាយពីបន្ទប់របស់លោកព្រីមម៉ាន់ប៉ុន្មានដែរ មីងអែនក៏ទម្លាក់ជូលាស្រាលៗទៅលើគ្រែរួចក៏ប្រញាប់ចេញទៅតែក៏ត្រូវដៃតូចស្រឡូនសខ្ចីរបស់ស្រីក្រមុំកាន់ក្រសោបគាត់ជាប់ឃាត់មិនឲ្យចាកចេញទៅ..
     "មីងអែន..ហ្អឹម"នាងតូចប្រើប្រាស់ក្រសែភ្នែកទន់ខ្សោយរបស់នាងសង្កត់ចិត្តមីងអែនមិនឲ្យបោះជំហានចាកចេញទៅបាន គាត់ក៏អង្គុយចុះនៅលើគ្រែរួចអោបនាងជាប់ណែន។
"ចឹងអែននៅមើលជូលាចុះ ចាំយើងទៅយកប្រអប់ថ្នាំរបស់កូនជូលាមក"លោកព្រីមម៉ាន់ឃើញថាកូនស្រីដូចជាមានភាពស្ងប់ចិត្តនៅពេលបានមីងអែនមកនៅក្បែរបែបនេះហើយទើបគាត់សម្រេចចិត្តថាទុកឲ្យគាត់នៅមើលកូនស្រី ខ្លួនក៏ចេញទៅកាន់បន្ទប់ដើម្បីយកថ្នាំមកឲ្យកូន។ ជូលាមានអាការៈបែបនេះតាំងពីក្មេងមកម៉្លេះ ចាប់តាំងពីពេលដែលនាងបាត់ខ្លួនពីផ្ទះទៅអស់រយៈពេល៣ឆ្នាំមក ត្រឡប់មកវិញនាងក៏មានអាការៈប្លែកៗគឺការចងចាំរបស់នាងហាក់ទទេស្អាត នាងមិនអាចចងចាំមនុស្សបានច្រើនទេ នាងអាចចងចាំបានតែលោកព្រីមម៉ាន់ មីងអែននឹងណាមជុនដែលជាបងប្រុសដែលខ្លួនតែងតែលេងជាមួយកាលនៅពីក្មេងតែប៉ុណ្ណោះ ស្រីតូចហាក់ផ្លាស់ប្ដូរ១៨០ដឺក្រេតែម្ដងពីក្មេងស្រីដែលអង់អាចនឹងក្រមិចក្រមើមមកជាក្មេងស្រីស្ងៀមស្ងាត់ស្លូតបូតរមទម្យខុសដាច់ពីខ្លួននាងពីមុន។ការផ្លាស់ប្ដូររបស់នាងហាក់ធ្វើឲ្យលោកព្រីមម៉ាន់មានមន្ទិលសង្ស័យរហូតដល់គាត់នាំកូនស្រីដែលជាសាច់ឈាមខ្លួនឯងទៅធ្វើតេស្តDNAតែលទ្ធផលនៅតែបង្ហាញភាពវិជ្ជមានថានាងជាកូនស្រីរបស់គាត់ ហេតុនេះទើបធ្វើឲ្យបុរសពោះម៉ាយម្នាក់នេះប្រាកដចិត្តនឹងរំសាយចោលការសង្ស័យទាំងអស់ហើយមើលថែកូនស្រីយ៉ាងល្អរហូតទាល់តែនាងធំរូបរាងដល់ពេលនេះ ។
លោកព្រីមម៉ាន់បើកទ្វារបន្ទប់ធំទូលាយរបស់គាត់ឡើង រូបថតធំតាំងជាប់នៅលើជញ្ជាំងផ្លូវចូល ជារូបភាពគ្រួសាររបស់គាត់មានគាត់ កូនស្រីរបស់គាត់នឹងភរិយាដែលបានស្លាប់បាត់បង់ជីវិតទៅនោះ។បុរសចំណាស់ទាញទ្វារបិទស្រាលៗភ្នែកងើយសម្លឹងមើលទៅរូបថតស្រស់ស្អាតនោះជាមួយនឹងទឹកមុខស្រពាប់ស្រពោនទៅកាន់រូបថតប្រពន្ធជាទីស្រឡាញ់របស់គាត់ដូចជាអង្វរករនឹងសុំជំនួយ
"សុំអូនជួយថែរក្សាឃុំគ្រងនឹងនាំកូនស្រីយើងពីមុនត្រឡប់មកវិញផងសែនជូ"លោកព្រីមម៉ាន់ចង់ឲ្យបានន័យថាគាត់ចង់ឲ្យជូលាកូនស្រីរបស់គាត់កាលពីមុនត្រឡប់មកវិញ កូនស្រីដែលមានភាពអង់អាចនឹងរឹងមាំនោះ។
គ្រឹប'នៅសុខៗក៏ស្រាប់តែទ្វារបន្ទប់គាត់បិទគ្រឹបវិញដោយគ្មានមូលហេតុ លោកព្រីមម៉ាន់មានការងឿងឆ្ងល់ព្រោះនៅពេលដែលគាត់ចូលមកគាត់បានបិទទ្វារហើយតែមិចក៏ពេលនេះទ្វារក៏បិទជាថ្មីទៀតចឹង?រឺក៏មានមនុស្សមក??
គិតដល់ត្រឹមនេះបុរសចំណាស់ក៏រហ័សច្រានចោលអារម្មណ៍ទុក្ខសោកហើយរហ័សចាកចេញទៅជាមួយនឹងប្រអប់ថ្នាំពេទ្យទៅជាមួយ សម្ដៅទៅកាន់បន្ទប់កូនស្រីក្បែរនោះ។មកដល់ក៏បានឃើញមីងអែនកំពុងតែអង្គុយអង្អែលក្បាលកូនស្រីរបស់ខ្លួនដែលកំពុងតែគេងលង់លក់បាត់សម្លេងទៅ លោកព្រីមម៉ាន់ក៏ចូលមកជាមួយនឹងប្រអប់ថ្នាំ ដើម្បីយកថ្នាំសតិអារម្មណ៍មកឲ្យកូនលេបតែនាងក៏គេងលក់ស្កប់ស្កល់មុនលេបថ្នាំទៅទៀត។
"អ្នកនាងគេងលក់ស្កប់ហើយលោកម្ចាស់"
ស្ត្រីចំណាស់តបមកលោកព្រីមម៉ាន់ជាមួយស្នាមញញឹម ថ្វីបើជូលានាងមានបញ្ហាសតិអារម្មណ៍តែនាងក៏មានអារម្មណ៍ស្ងប់ដូចជាទឹក ងាយស្រួលក្នុងការលួងលោមនឹងចូលទៅក្បែរនាង។
"អរគុណអែនហើយ មានតែអែនទេដែលអាចមើលថែនឹងដឹងទុក្ខធុរៈកូនជូលាដូចជាកាលពីម្ដាយនាងនៅរស់ចឹង"លោកព្រីមម៉ាន់តបសរសើរមីងអែន ស្ត្រីចំណាស់រហ័សអោនគំនាបចៅហ្វាយទាំងរំភើបចិត្ត។
"បានហើយអស់កិច្ចការអែនអាចទៅធ្វើការបន្តទៀតបាន"
"ចាស៎លោកម្ចាស់"
មីងអែនក៏ញញឹមរួចក៏ចាកចេញទៅទុកឲ្យលោកព្រីមម៉ាន់នឹងកូនស្រីនៅក្នុងបន្ទប់ជាមួយគ្នាតែ២នាក់។បុរសជាឪពុកក៏សម្លឹងមើលមកកូនមុននឹងដាក់ខ្លួនអង្គុយក្បែរកូន ដៃក្រាស់លូកអង្អែលក្បាលកូនជារឿយៗនឹកអាណិតចំពោះរឿងរ៉ាវដែលបានកើតឡើងអម្បាញ់មិញ។
"កូនស្រីប៉ាប្រហែលជាលំបាកហើយរបស់របរដែលកូនតែងតែស្រឡាញ់កូនក៏បែរជាមិនអាចប៉ះពាល់រឺក៏ទៅជិតបាន"មែនហើយផ្កាធូលីបដែលនាងតូចកាត់ចោលអម្បាញ់មិញនេះដើមឡើយវាជាផ្កាដែលនាងស្រឡាញ់បំផុតហើយសួននេះក៏ជាសួនដែលនាងនឹងម៉ាក់របស់ខ្លួនបានដាំជាមួយគ្នា ទាំងក្ដីស្រឡាញ់នឹងបេះដូងរបស់ម្ដាយកូនទាំង២នាក់គឺបណ្ដុះទៅជាមួយនឹងផ្កាធូលីបដ៏ស្រស់ស្អាតនេះ តែពេលនេះនាងក៏បែរជាខ្លាចមិនអាចប៉ះនឹងខឹងសម្បារជាមួយនឹងផ្កានេះទៅវិញ។

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now