ភាគទី៤៣

900 43 1
                                    

រឿង " ប្រធានាធិបតីម្ចាស់ចិត្ត "

ភាគទី៤៣
ថ្ងៃប្រែមកជាខែ រាប់ចាប់តាំងពីថ្ងៃដែលមានរឿងហេតុកើតឡើងមកគឺវាមានរយៈពេលជិត២ខែបាត់ទៅហើយ បានន័យថាជូហ្វីសន្លប់ដេកស្ដឹងមួយកន្លែងអស់រយៈពេលជិត២ខែ នាងមិនទាំងបានដឹងថារយៈពេលជិត២ខែមកនេះមានរឿងអ្វីកើតឡើងហើយអ្នកណាដែលនៅរង់ចាំនាងខ្លះឡើយ...
"បងនឹកអូនណាស់ហ្វី"សម្លេងគ្រលរបន្លឺឡើងពីមាត់នាយសង្ហាមានងារជាស្វាមី គេអង្គុយក្បែរនាងកាន់ក្រសោបដៃនាងជាប់ទាំងទឹកមុខបង្កប់ភាពក្រៀមក្រោះ ភាពព្រួយបារម្ភនឹងក្ដីនឹករលឹកកើនឡើងជារៀងរាល់ថ្ងៃព្រោះតែបាត់ស្ងាត់សម្លេងមនុស្សស្រីដែលគេតែងតែអោបជាប់ដើមទ្រូងទៅ ណាមជុនងាកសម្លឹងមើលទឹកមុខស្លេកស្លាំងរបស់ហ្វីទាំងក្នុងចិត្តខ្ទេចស្រាំអស់គ្មានសេសសល់ វារយៈពេលជិត២ខែទៅហើយគ្រូពេទ្យនៅតែមិនអាចរកវិធីណាជួយឲ្យហ្វីអាចដឹងខ្លួនមកវិញ គាត់តែងតែនិយាយថាទុកឲ្យនាងស្ថិតនៅក្រោមការព្យាបាលៗសិន ព្រោះតែអាការៈនាងប្រែប្រួលរាល់ថ្ងៃតែម្ដង...
"អូនហត់នឿយខ្លាំងណាស់មែនទេទើបបានជាអូនសម្រាកយូរបែបនេះ? ហ្វី.. សុំអង្វរ"ណាមជុនតែងតែទន្ទេញពាក្យនេះដដែលៗជារៀងរាល់ថ្ងៃទៅកាន់ភរិយា បើទោះជានាងមិនបានក្រោកមកនិយាយឆ្លើយតបជាមួយក៏ដោយក៏នាយចង់ឲ្យនាងបានដឹងថាមិនថានាងទៅជាយ៉ាងណាក៏គេនៅទីនេះក្បែរនាងមើលថែនាងមិនបែកទៅណាឡើយ។
"ប៉ាប៉ាពេលណាម៉ាក់ដឹងខ្លួនទៅ? កូននឹកម៉ាក់ណាស់"ក្មេងតូចដែលឈរនៅក្បែរនោះ សម្លឹងមើលមកម្ដាយក៏មានទឹកមុខស្រពាប់ស្រពោនដូចនឹងឪពុកដែរ ឲ្យតែណាមជុនមកទីនេះនាងតែងតែចចេសសុំឪពុកមកជាមួយគ្រប់ពេល នាងមិនអាចជួយអ្វីបានក៏នាងសុំមកនិយាយសួរសុខទុក្ខម្ដាយហើយក៏និយាយដាស់ម្ដាយជារឿយៗថានាងនឹក នាងស្រឡាញ់ម្ដាយ...
"ហ្វី...អូនបានលឺបងនិយាយត្រូវទេ? ឆាប់ជាណា ឆាប់ត្រឡប់មកវិញមកក្មេងល្អរបស់បង"ពាក្យនេះតែងតែរំលឹកដល់នាយពីអតីតកាលដែលគេនឹងជូហ្វីធ្លាប់បានលេងជាមួយនឹងគ្នា គេតែងតែផ្គាប់ចិត្តនាងនឹងតាមមើលថែនាងជានិច្ចរហូតទាល់តែដល់ថ្ងៃដែលមានរឿងកើតឡើងមកគេក៏មិនបានជួបជាមួយនឹងទៀតរហូតទាល់តែ៣ឆ្នាំក្រោយទើបបានដំណឹងពីលោកព្រីមម៉ាន់ថាគាត់បានរកឃើញនាងតែនាងមានរបួសត្រូវបញ្ជូនទៅព្យាបាលនៅឯបរទេសទើបគេគិតថាគេលែងបានជួបនាងទៀតហើយ តែអ្នកណាទៅដឹងថាស្រីម្នាក់នោះមិនមែនជាក្មេងស្រីល្អរបស់គេទេតែជាមនុស្សក្លែងបន្លំ មនុស្សដែលរុញច្រានកូនស្រីអ្នកមានទ្រព្យស្ដុកស្ដម្ភឲ្យធ្លាក់ខ្លួនរងទុក្ខលំបាកវេទនា គិតដល់រឿងនេះពេលណាក្ដៅផ្សាចិត្តពេលនោះ ដើមឡើយហ្វីគួរតែជាអ្នកដែលមានសំណាងដែលបានកើតក្នុងគ្រួសារស្ដុកស្ដម្ភមានឪពុកម្ដាយប្រកបដោយគន្លងធម៌ តែបែរជាមានជនអាក្រក់មកបំបែកនាងឲ្យឃ្លាតឆ្ងាយពីក្ដីសុខមួយនេះ មានតែពាក្យថាទុក្ខលំបាកនឹងការតស៊ូ...ស៊ូដើម្បីរស់!!!
"ចៅហ្វាយ"កំពុងតែសញ្ជឹងគិតសម្លេងគ្រលររបស់យូតូ នាយជំនិតគេក៏បន្លឺឡើង ណាមជុនងាកភ្នែកសម្លឹងមើលទៅម្ខាងក៏បានឃើញវត្តមានរបស់ស្ត្រីចំណាស់ដែលតែងតែមកមើលថែរក្សាភរិយាគេ យកបបរមកបញ្ចុកតាមសឺរាំងឲ្យនាងជាប្រចាំនោះ នាយក៏រហ័សក្រោកឡើងសម្លឹងមើលទៅគាត់ទាំងញញឹម...
"អ្នកប្រុសអង្គុយចុះនាងខ្ញុំគ្រាន់តែបញ្ច្រកបបរជូនអ្នកនាងតូចតែប៉ុណ្ណោះចាស៎"មីងអែននិយាយឡើងជាមួយភាពទន់ភ្លន់សមរម្យទៅកាន់ណាមជុន នាយកម្លោះក៏ក្រវីក្បាលបន្តិចព្រោះមិនចង់នៅរំខានដល់គាត់ ម៉្យាងគេក៏ដល់ពេលទៅសេតវិមានដែរមានការងារជាច្រើនដែលគេត្រូវពិនិត្យមើល...
"អុំធ្វើការងារចុះខ្ញុំនឹងកូនហ្វីលីណាគិតទៅសិនហើយ ចាំខ្ញុំឲ្យគេយកអីវ៉ាន់នឹងភេសជ្ជៈផ្សេងទៀតមកជូនអុំស្រីណា៎"ណាមជុនគេក៏អោនគំនាបទៅគាត់បន្តិចក្នុងន័យគោរពមនុស្សចាស់ ចំណែកឯនាងតូចហ្វីលីណានោះក៏សើចស្ញេញតែភ្នែកក៏ងាកសម្លឹងឃើញមានកញ្ចប់ស្ករ៣-៤កញ្ចប់នៅលើតុ គាប់ជួនជាពេលដែលមីងអែនមិនបានចាប់អារម្មណ៍រវល់តែអោនរៀបចំដួសបបរ នាងតូចក៏កញ្ឆក់វឹបមួយកញ្ចប់ដាក់ក្នុងហោប៉ៅអាវរួចក៏ធ្វើចារិកឆ្មើងឆ្មៃតាមទម្លាប់នាង...
"ចឹងខ្ញុំលាសិនហើយ ហ្វីលីណា"
"ជម្រាបលាលោកយាយ ហ្អិហ្អិ"នាងតូចក៏និយាយលាទៅកាន់គាត់មុននឹងឪពុកដឹងដៃចាកចេញទៅ គាត់ងាកសម្លឹងមើលទៅដំណើរចាកចេញរបស់ពួកគេទៅបាត់រួចក៏ដកដង្ហើមចេញស្រាល ភ្នែកងាកសម្លឹងមើលទៅកាយតូចស្ដើងដែលដេកស្ដឹងលើគ្រែ មុននឹងលូកដៃម្ខាងទៅកាន់ប៉ះថ្ពាល់ហ្វី...
"អ្នកនាងជូលារបស់ខ្ញុំ..អូមិនមែនទេ អ្នកនាងជូហ្វី ! ខ្ញុំតែងតែគិតថាអ្នកនាងនឹងរស់នៅបានយ៉ាងមានក្ដីសុខជាមួយនឹងគ្រួសារថ្មីហើយ បន្ទាប់ពីមានរឿងចាប់ជម្រិតថ្ងៃនោះ" ទឹកមុខស្លូតបូតរបស់គាត់ក៏បែរក្លាយជាទឹកមុខមានកំនួចនឹងភាពខឹងសម្បារលើរាងកាយគ្មានកាយវិការម្នាក់នេះ គាត់លូកដៃទាញកន្ត្រាក់សក់ហ្វីសឹងតែរលើងពីក្បាលទៅហើយ ណាមជុនព្យាយាមឲ្យគេការពារជូហ្វីពីអ្នកខាងក្រៅមកយាយី តែគេក៏មិនបានដឹងដែរថាអ្នកខាងក្នុងនេះទេដែលជាអ្នកព្យាយាមយាយីជូហ្វីជាញឹកញ៉យ រយៈពេលជិត២ខែមកនេះ...
"អ្នកនាងកន្លងមកលំបាកច្រើនតែក៏នៅមានជីវិតរស់នៅមិនត្រូវមកដេកងាប់ដូចជាសាកសពចឹងឡើយ អ្នកនាងត្រឡប់មកវិញលើកនេះមិនមែនជាសំណាងឡើយ តែវាជាកម្ម..ហើយយើងនេះឯងជាម្ចាស់កម្មរបស់នាង..នាងល្ងង់"សម្ដីម៉ាត់ៗនិយាយឡើងស្របនឹងកញ្ចប់ស្ករគ្រាប់នៅក្បែរនោះហែកទម្លាក់ចាក់ចូលក្នុងបបរដែលត្រូវបញ្ច្រកឲ្យហ្វីនោះ គាត់ញញឹមចុងមាត់មុននឹងចាក់បបរចូលទៅតាមឧបករណ៍ដែលដុកទ័របានបង្ហាញនោះ...
"ម្ដងនេះយើងមិនសម្លាប់នាងដូចជាកាលពីមុនឡើយ យើងនឹងទុកឲ្យនាងឯងងាប់បន្តិចម្ដងៗ ឲ្យនាងឯងវេទនាជាជាងគេចាក់សម្លាប់ទៅទៀត ជូហ្វី ព្រីមម៉ាន់"គាត់ហាក់គ្មានចិត្តមេត្តាអ្វីសូម្បីតែបន្តិចឡើង គ្រាន់តែចាក់បបរចូលភ្លាមរាងកាយហ្វីក៏ស្រាប់តែញ័រទទ្រើតដូចជាកាយវិការប្រកាច់ព្រោះតែត្រូវខ្សែភ្លើងឆក់តែវាមិនមែនជាខ្សែភ្លើងឡើងវាជាថ្នាំម៉្យាង...
"អាឡូអ្នកនាងជូលា...បានខ្ញុំនឹងទៅពេលនេះ ! កុំបារម្ភអីចាស៎"គាត់ក៏ទាញកាបូបមករបស់គាត់មក មុននឹងដើរចាកចេញទៅទាំងមិនបានខ្វល់ពីអាការៈញ័ររបស់ជូហ្វីឡើយ...
....
នៅឯសួនកំសាន្តមួយកន្លែងដែលមានភ្លើងពណ៌ស្រស់ស្អាតនាពេលយប់ងងឹតនោះ រាងកាយតូចស្ដើងអង្គុយរង់ចាំបុរសជាទីស្រឡាញ់ដែលមានឈ្មោះជាស្វាមីមក ព្រោះគេបានសន្យាថានឹងមកដើរលេងជាមួយនាងនៅថ្ងៃនេះ ព្រោះវាជាថ្ងៃពិសេសរបស់នាង ជាថ្ងៃកំណើតរបស់នាង។ ស្កាលេតស្លៀកពាក់យ៉ាងស្រស់ស្អាត អង្គុយទាំងញញឹមរង់ចាំវត្តមានហូស៊ុកមកដល់...
"ហេតុអីក៏យូរម៉្លេះ?"ស្កាេលតងាកក្រឡេកមើលនាឡិកាដែលមានតាំងនៅក្បែរនោះ ទើបដឹងថាវាយប់រាងជ្រៅទៅហើយម៉ោងជិត១០ទៅហើយតែគេនៅមិនទាន់មកទៀត
< សូមអភ័យទោសលេខដែលលោកអ្នកហៅមិនអាចទាក់ទងបានទេ > ស្កាលេតព្យាយាមចុចខលទៅហូស៊ុកសារជាថ្មីតែគេក៏នៅមិនលើកទៀត នាងតូចក៏កើតមានចិត្តបារម្ភខ្លាចក្រែងថានាយមានរឿងអ្វីលើគេ នាងអង្គុយសម្លឹងមើលរេរាមិនឈប់តែនាងក៏មិនបានចាប់អារម្មណ៍នឹងឡានមួយដែលឈប់ចតនៅក្បែរនោះឡើយ កែវភ្នែកមុតស្រួចងាកសម្លឹងមើលទៅនាងតូចស្កាលេតដែលនាងអង្គុយចាំតាំងពីក្បាលល្ងាចមក កំពុងតែសម្លឹងមើលក៏មានដៃតូចស្រឡូនមួយគូមកលូកកាន់ក្រសោបកញ្ចឹងករគេ...
"មិចក៏បងមិនទៅរកនាងទៅ? នាងអាចរងាណា៎បើចាំបែបនេះ"ពាក្យដែលស្រីស្រស់ស៊ិចស៊ីនិយាយបានធ្វើឲ្យអ្នកម្ខាងទៀតអស់សំណើច មុននឹងលូកដៃកាន់វែកសក់នាង...
"ចង់ឲ្យខ្ញុំទៅរកគេចោលនាងរឺ?"
"អត់ទេ..គឺ..."
"មិនបាច់ខ្វល់ពីនាងទេ ឲ្យនាងស្គាល់ពាក្យថារង់ចាំម្ដងទៅថាវាយ៉ាងមិចនោះ..."ក្រសែភ្នែកបង្កប់ភាពគុំកួនបង្ហាញឡើងយ៉ាងច្បាស់ មុននឹងឡានខ្មៅរលើបបើកចាកចេញទៅបាត់ស្រមោល៕

#យូមីន

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now