រឿង " ប្រធានាធិបតីម្ចាស់ចិត្ត "
ភាគទី៣៧
បន្ទប់ធំទូលាយមានផាសុកភាព បរិយាកាសល្អខ្យល់ចេញចូលមកក៏គ្មានជាតិពុល សាកសមសម្រាប់ឲ្យស្រីតូចជូហ្វីដែលកំពុងតែផ្សាំខ្លួននឹងជម្ងឺនោះហាក់បានធូរស្រាលក្នុងចិត្តជាខ្លាំង កែវភ្នែកស្រស់ថ្លាក៏ងាកសម្លឹងមើលទៅម្ខាង នោះគឺជាក្មេងស្រីតូចដែលមានទឹកមុខស្ងួតក្រៀមក្រោះ រង្វង់ភ្នែកមានដិតដាមទៅដោយស្នាមទឹកភ្នែកក៏ព្រោះតែនាងយំមិនចង់ចាកចេញពីទីនេះឡើយ ណាមជុនក៏យល់នឹងមានចិត្តមេត្តាដល់ក្មេងតូចទើបគេអនុញ្ញាតឲ្យនាងនៅទីនេះព្រោះគ្រាន់តែបានជួបនាងតូចម្នាក់នេះភ្លាម ចិត្តមេត្តារបស់គេក៏កើតមានឡើងច្រើនអនេក ដូចជាទឹកចិត្តមេត្តាដែលបុរសគ្រប់គ្នាមាននោះគឺជាទឹកចិត្តសន្ដោសរបស់ឪពុកដែលមានទៅលើកូនចឹងឯង រាល់ពាក្យសម្ដីនឹងកាយវិការរបស់ក្មេងស្រីម្នាក់នេះធ្វើឲ្យគេហាក់ទន់ចិត្តស្ដូកតែម្ដង សូម្បីតែជូហ្វីនៅពេលនេះក៏ចឹងដូចគ្នា..
"ក្មេងតូច..ឯងឈ្មោះអីដែរទៅ?"ជូហ្វីជាអ្នកចាប់ផ្ដើមការសន្ទនានឹងក្មេងតូចមុនព្រោះថាមើលទៅនាងដូចជាខ្លាចមិនហ៊ាននិយាយជាមួយនឹងនាងមុន ក្មេងស្រីតូចងាកសម្លឹងមើលមុខជូហ្វីជាមួយនឹងក្រសែភ្នែកមួយគូហាក់កំពុងតែថ្ងួចថ្ងូរពីភាពរងាឯកោរបស់ក្មេងស្រីតូចម្នាក់ បើសិនជានាងមានឪពុកម្ដាយមើលថែនាងក៏ប្រហែលជាអាចមើលទៅល្អប្រសើរជាងនេះហើយ...
"ខ្ញុំអត់មានឈ្មោះទេមីង..គេហៅខ្ញុំតែនាងល្អិតៗរហូត"នាងតូចព្យាយាមនិយាយរួចក៏ញញឹមស្ងួតលាក់បាំងភ្នែករលីងរលោងដែលនាងហៀបនឹងហូរស្រក់មក ជូហ្វីក៏ខិតខ្លួនទៅជិតនាងតូចមុននឹងលូកដៃអង្អែលក្បាលនាងល្អិតស្រាលៗជាមួយនឹងស្នាមញញឹមយ៉ាងស្រស់បំព្រង ស្នាមញញឹមនឹងការបបោសអង្អែលកក់ក្ដៅបំផុតដែលនាងមិនដែលទទួលបានតាំងពីបើកភ្នែកឃើញពិភពលោកនេះមកនោះ។
"កុំយំ មុខឯងអាចនឹងមិនស្អាតបើសិនជាឯងយំ"ជូហ្វីលើកដៃទាំងសងខាងមកកាន់ក្រសោបថ្ពាល់ជូតវាសទឹកភ្នែករបស់ស្រីតូចចេញ រួចក៏ញញឹមផ្ដល់ភាពកក់ក្ដៅដាក់នាង
"ខ្ញុំអាចសុំអោបមីងបន្តិចបានទេ? ខ្ញុំអត់ដែលមានម៉ែអោបផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំទេ មីងអាចអោបផ្ដល់ភាពកក់ក្ដៅជាម្ដាយមកខ្ញុំបានទេ"
"បាន..ប្រាកដជាបានណា៎"ជូហ្វីងក់ក្បាលឆ្លើយតបទាំងភ្នែករលីងរលោងចង់យំ ដៃទាំងសងខាងលាត្រដាងរង់ចាំទទួលការអោបក្រសោបពីក្មេងស្រីកម្សត់រួចក៏ញីថើបលួងលោមនាងប្រៀបដូចជាកូនម្នាក់ដែរ ក្មេងតូចក៏ញញឹមទាំងទឹកភ្នែកស្រក់ព្រោះសប្បាយចិត្តជាខ្លាំង នាងអោបជូហ្វីយ៉ាងណែនចាប់យកឱកាសកម្រនឹងភាពកក់ក្ដៅពីអ្នកមីងម្នាក់នេះ ពួកគេទាំង២នាក់អោបគ្នាយ៉ាងមានក្ដីសុខ ចំណែកឯមនុស្សម្នាក់ដែលកំពុងតែឈរសម្លឹងមើលពីមាត់ទ្វារមកនោះក៏អត់មិនញញឹមមិនបាន។
"លោកប្រធានាធិបតី.."ណាមជុនរវល់តែងាកភ្នែកសម្លឹងមើលទៅមនុស្សស្រីជាទីស្រឡាញ់កំពុងតែជជែកគ្នានឹងញញឹមទៅកាន់គ្នានៅខាងក្នុង ទើបមិនបានចាប់អារម្មណ៍ជាមួយនឹងលោកដុកទ័រដែលកំពុងតែនិយាយមកកាន់គេ ទើបគេរហ័សងាកមកផ្ដោតអារម្មណ៍ជាមួយនឹងលោកដុកទ័រវិញ។
"បាទ៎ លោកដុកទ័រនិយាយបន្តទៀតមកចុះ"
"ខ្ញុំចង់និយាយពីអាការៈរបស់អ្នកនាងហ្វី ដោយសារតែនាងទទួលការវាយដំខ្លាំងត្រង់ចំណុចពោះ បូកផ្សំជាមួយនឹងគ្រាប់កាំភ្លើងដល់ទៅ២គ្រាប់បាញ់ទម្លុះត្រង់ចំណុចខ្នងរបស់នាង ចឹងហើយនាងក៏មិនអាចទាន់ក្រោកឈរឡើងនៅឡើយទេ ចឹងហើយខ្ញុំសុំអោយអ្នកនាងជូហ្វីប្រើប្រាស់រទេះរុញមួយរយៈធំសិន.."ណាមជុនក៏ហាក់ដូចជាយល់ស្របជាមួយនឹងអ្វីដែលលោកដុកទ័របាននិយាយនោះដែរ ព្រោះទោះជាដុកទ័រមិនបាននិយាយក៏គេមិនទាន់ឲ្យជូហ្វីដើរហើរដោយគ្មានរបស់ជំនួយដែរ...
"ហើយខ្ញុំក៏មានដំណឹងមួយទៀតចង់ប្រាប់លោកដែរ.."ណាមជុនក៏ងក់ក្បាលរង់ចាំស្ដាប់ពាក្យដែលលោកដុកទ័រចង់និយាយ សង្ឃឹមថាវាមិនមែនជាដំណឹងអាក្រក់សម្រាប់មនុស្សស្រីជាទីស្រឡាញ់របស់គេទៅចុះ។
....
ដៃមាំទាំទាញទ្វារបន្ទប់បិទស្រាលៗព្រោះខ្លាចភ្ញាក់រំខានដល់មនុស្ស២នាក់ដែលកំពុងតែគេងលង់លក់នៅលើគ្រែអ្នកជម្ងឺ មិនដឹងថាពួកគេទាំង២នាក់និយាយជាមួយគ្នាសុីជម្រៅបែបណាទេ ដឹងត្រឹមថាពេលនេះពួកគេទាំង២នាក់ក៏កំពុងតែគេងក្បែរគ្នាអោបគ្នាដូចជាមានក្ដីសុខណាស់ចឹង ណាមជុនញញឹមជាប់មាត់រួចក៏ទម្លាក់ខ្លួនអង្គុយនៅលើពូកក្បែរជូហ្វីនឹងក្មេងស្រីម្នាក់នោះ...
"មើលទៅអូនដូចជាសប្បាយចិត្តខ្លាំងណាស់ហ្វី"ណាមជុននិយាយស្រាលៗទៅកាន់ស្រីស្រស់កំពុងតែគេងលង់លក់នោះ ជូហ្វីទោះជាគេងក៏នាងនៅតែមានទឹកមុខស្រស់បំព្រងដែរហើយដៃនាងក៏កាន់ក្រសោបដៃតូចៗរបស់ក្មេងស្រីនោះជាប់ដូចជាម្ដាយខ្លាចបាត់កូនទៅ ណាមជុនបានឃើញបែបនេះគេក៏មានអារម្មណ៍ចុកអួលណែនភ្លាម បើសិនជាមិនមានរឿងអាក្រក់ទាំងអស់កើតឡើងទេគេនឹងហ្វីក៏នឹងអាចមានកូនជាសាច់ឈាមមានតម្លៃជាមួយនឹងគ្នាបាត់ទៅហើយ ការបាត់បង់មួយនេះវាធំធេងខ្លាំងណាស់សម្រាប់គេនឹងជូហ្វី ហើយវាកាន់តែសោកស្ដាយខ្លាំងទៅទៀតព្រោះតែដំណឹងដែលលោកដុកទ័របានប្រាប់អម្បាញ់មិញនោះ...
< ដោយសារតែការប៉ះទង្គិចផ្ទៃពោះខាងមុខខ្លាំងពេក ទើបធ្វើឲ្យមានការប៉ះពាល់ដល់ស្បូន ខ្ញុំខ្លាចថាអ្នកនាងហ្វីអាចនឹងមិនមានកូនទៀតណាស់លោកប្រធានាធិបតី...>
គ្រប់ពាក្យគ្រប់ម៉ាត់ដែលលោកដុកទ័របាននិយាយវានៅលោតឡើងពាសពេញខួរក្បាលគេនៅឡើយ ហើយបានមកឃើញជូហ្វីបង្ហាញក្ដីស្រឡាញ់ទៅកាន់ក្មេងម្នាក់នេះទៀត កាន់តែធ្វើឲ្យណាមជុនឈឺផ្សាក្នុងទ្រូងទៀត ដៃមាំទាំក៏លូកមកកាន់ក្រសោបដៃជូហ្វីជាប់អង្អែលស្រាលផ្ដល់ភាពកក់ក្ដៅនឹងក្ដីស្រឡាញ់ជូននាងអស់ពីបេះដូងតែម្ដង...
"ដើម្បីក្ដីសុខរបស់អូន បងអាចធ្វើបានគ្រប់យ៉ាង"ពាក្យលួងលោមបន្លឺឡើងមុនពេលនាយសង្ហាអោនថើបថ្ងាសនាងស្រាលៗរួចក៏ផ្ដេកខ្លួនគេងបានជាគ្នានឹងជូហ្វីព្រមទាំងក្មេងស្រីតូចម្នាក់នោះ គេសម្លឹងមើលក្មេងស្រីម្នាក់នោះជាមួយនឹងស្នាមញញឹម កាលបើបានឃើញនាងអោបជូហ្វីនឹងញញឹមមានក្ដីសុខជាខ្លាំង...
....
រទេះរុញបន្លឺសម្លេងឡើងចូលសម្ដៅទៅក្នុងវីឡាធំស្កឹមស្កៃ តែវាមិនមែនជាវីឡាហ្វាល់លីដាឡើយ តែជាវីឡាត្រកូលព្រីមម៉ាន់ ផ្ទះធំស្កឹមស្កៃដែលជូហ្វីនាងបានរស់នៅតែប៉ុន្មានឆ្នាំប៉ុណ្ណោះ សល់ប៉ុន្មានឆ្នាំទៀតនាងក៏រស់នៅក្នុងសភាពលំបាកនឹងតស៊ូដើម្បីស្វែងរកក្ដីសុខឲ្យខ្លួនឯងនឹងគ្រួសារនាងទាំងដែលពួកគាត់មិនមែនជាម្ដាយឪពុកបង្កើតនាង តែនាងក៏មិនមានការស្ដាយក្រោយដែរព្រោះបើទោះបីជានាងព្យាយាមពុះពារតស៊ូដើម្បីរកលុយមកចិញ្ចឹមជីវិតក៏ដោយ តែនាងក៏អាចធ្វើឲ្យអ្នកជុំវិញខ្លួននាងមានក្ដីសុខដែរ ប៉ុណ្ណឹងក៏វាវិសេសវិសាលសម្រាប់នាងដែរ។
"កូនស្រីប៉ា"
"លោកប៉ា"ឪពុកកូនទាំង២នាក់ឧទានហៅឈ្មោះគ្នាជាមួយនឹងភ្នែករលីងរលោង លោកព្រីមម៉ាន់ក៏រហ័សចុះទៅរកកូនស្រីស្របនឹងដៃតូចស្ដើងក៏លាដៃចាំអោបគាត់ជាស្រេចទាំងពេបយំ នាងក៏បានអោបនឹងទទួលយកភាពកក់ក្ដៅពីឪពុកបង្កើតរបស់នាង កាលពីនាងរស់នៅខាងនោះនាងតែងតែគិតជានិច្ចថាការអោបពីឪពុកម្ដាយនឹងកក់ក្ដៅយ៉ាងណាទៅ? ពេលនេះនាងបានទទួលវាហើយ វាកក់ក្ដៅណាស់ មានអារម្មណ៍ល្អណាស់...
"កក់ក្ដៅណាស់ប៉ាហ្អឹក កក់ក្ដៅណាស់"
"ឲ្យប៉ាសុំទោស សុំទោសដែលមិនបានដឹងរឿងទាន់ពេលបណ្ដោយឲ្យកូនរងទុក្ខលំបាកតែម្នាក់ឯង..ជូលា"លោកព្រីមម៉ាន់អោបកូននិយាយសុំទោសកូនមិនឈប់ ជូហ្វីក៏អោបគាត់ទាំងទឹកភ្នែកស្រក់ហូរមក ណាមជុនដែលឈរនៅក្បែរក៏លើកដៃកាន់ស្មាជូហ្វីជាប់ នាងតូចក៏ងាកសម្លឹងមើលទៅគេទាំងញញឹម ដៃមាំក៏លូកជូតទឹកភ្នែកជូននាង ជូហ្វីក៏ងើបចេញពីការអោបជាមួយឪពុកមុននឹងលូកកាន់ក្រសោបដៃឪពុក...
"កូនអាចសុំប៉ារឿងមួយបានទេ?"
"បានឲ្យតែធ្វើឲ្យកូនប៉ាសប្បាយចិត្តប៉ាធ្វើបានគ្រប់យ៉ាង"
"កូនចង់ឲ្យប៉ាហៅកូនក្នុងនាមជាជូហ្វីមិនមែនជាជូលាទៀតឡើយ ព្រោះកូនបានចំណាយពេលជាង១០ឆ្នាំទៅហើយរស់នៅជាមួយនឹងឈ្មោះនេះ កូនមានក្ដីសុខក្នុងនាមជាជូហ្វី ជាក្មេងរត់តុ ក្មេងស្រីដែលព្យាយាមធ្វើការរកលុយចិញ្ចឹមក្រពះដោយខ្លួនឯង កូនបានស្គាល់ខ្លួនឯងច្បាស់នឹងពេញចិត្តនឹងជីវិតមួយនេះ.."លោកព្រីមម៉ាន់ក៏ញញឹមតបទៅកាន់កូនស្រី គាត់យល់ច្បាស់ពីអ្វីដែលកូនចង់បានហើយគាត់ក៏នឹងធ្វើតាមការចង់បានរបស់កូនគ្រប់យ៉ាងឲ្យតែកូនស្រីបានសប្បាយចិត្ត។
"ហ្វី..បងមានអ្វីមួយចង់បង្ហាញអូន"ណាមជុនក៏និយាយកាត់ឪពុកកូន២នាក់នោះ ជូហ្វីក៏ងាកសម្លឹងមើលទៅនាយសង្ហាទាំងឆ្ងល់តែក៏ភ្ញាក់ផ្អើលកាលបើបានលឺសម្រឹបជើងមនុស្សម្នាក់បោះជំហានចុះពីខាងលើមកជាមួយនឹងស្នាមញញឹម។
"ក្មេងតូច.."
"ហ្វីលីណា..នាងឈ្មោះថាហ្វីលីណា ! ពីពេលនេះទៅហ្វីលីណានឹងរស់នៅទីនេះជាមួយពួកយើងក្នុងនាមជាកូន..កូនស្រីគួរឲ្យស្រឡាញ់របស់ពួកយើង"
"ជុន"
"ម៉ាក់..ហ្អិ"ហ្វីលីណាក៏រត់ស្ររចូលមកអោបហ្វីជាមួយនឹងស្នាមញញឹមឯហ្វីវិញក៏លូកដៃអោបកូនស្រីជាប់ជាមួយដៃទាំងសងខាង ទឹកភ្នែកក៏ហូរស្រក់មកព្រោះតែរំភើប នាងព្យាយាមថើបសក់ហ្វីលីណាជាច្រើនដង ឃើញបែបនេះណាមជុននឹងលោកព្រីមម៉ាន់ក៏សម្លឹងមើលមុខគ្នាទាំងញញឹមសប្បាយចិត្តព្រោះគំនិតពួកគេបានគិតគឺត្រូវ ៕
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី