#ប្រធានាធិបតីម្ចាស់ចិត្ត ~ភាគទី៦២~
"ហ៊ឹ..ហ៊ឹម"សម្លេងដំណកដង្ហើមធ្ងន់នៅដើមករបានបន្លឺឡើងពីបបូរមាត់តូចស្ដើងជាម្ចាស់រាងកាយស្រឡូនស្រឡៅកំពុងតែដេកធ្មឹងនៅលើគ្រែអ្នកជម្ងឺ វាជាថ្ងៃទី៣ទៅហើយបន្ទាប់ពីថ្ងៃដែលនាងបានសម្រាលកូនរួចមក ភ្នែកនាងបើកឡើងមកទាំងស្រវេនស្រវាំងជាខ្លាំងដៃជើងក៏ស្ពឹកស្រពន់មិនស្ទើរតែនាងក៏អាចនៅដឹងដល់បាតដៃក្តៅឧណ្ឌៗដែលកំពុងតែកាន់ក្រសោបដៃនាងជាប់នោះ រាងកាយមាំនៅក្នុងឈុតអាវសឺមីសរនៅឡើយ ជាឈុតសម្លៀកបំពាក់ដែលគេស្លៀកទៅធ្វើការរៀងរាល់ថ្ងៃ នេះប្រហែលជាគេទើបតែមកពីធ្វើការហើយមកទីនេះតែម្ដង មិនសូម្បីតែផ្លាស់សម្លៀកបំពាក់ជាមុនផង។
ជូហ្វីងាកភ្នែកសម្លឹងមើលទៅស្វាមីមុននឹងលើកដៃស្រាលៗអង្អែលសក់មនុស្សប្រុសជាទីស្រឡាញ់ស្របជាមួយស្នាមញញឹមស្រស់ស្អាតសប្បាយចិត្តជាពន់ពេកដែលនាងក្រោកមកបានឃើញវត្តមានរបស់គេមុនអ្នកណាៗទាំងអស់ តែនាងក៏មានកូនចិត្តមួយហាក់ទាក់ទើរដោយសារតែមើលទៅភាពហត់នឿយរបស់ស្វាមីនាពេលនេះ គេត្រូវទៅធ្វើការនៅសេតវិមានរាល់ថ្ងៃផងហើយក៏ត្រូវមកមើលថែនាងទៀត បើទោះជាគេជាមនុស្សឧស្សាហ៍យ៉ាងណាក៏គេនៅតែនឿយហត់ដែរ ទឹកថ្លាមួយតំណក់ក៏ហូរស្រក់កាត់ផែនថ្ពាល់របស់ហ្វីភ្លាមពេលដែលនាងបានឃើញភ្នែកដក់ខ្មៅរបស់ណាមជុន..
"ហ៊ឺ ហ៊ឹក"សម្លេងយំរបស់នាងក៏បន្លឺឡើងមកស្រាលៗរងំនៅក្នុងបន្ទប់ស្របជាមួយនឹងដៃនាងលូកកាន់ក្រសោបថ្ពាល់ណាមជុនជាប់ផង ណាមជុនក៏ជ្រួញចិញ្ចើមខ្លួនឯងទាំងបិទភ្នែកបាតដៃក្រាស់ឃ្មឹកក៏លើកឡើងមកកាន់ជាប់ដៃត្រជាក់ស្រេបរបស់ហ្វីទើបធ្វើឲ្យគេមានការភ្ញាក់ផ្អើល ជាពិសេសពេលបើកភ្នែកមកបានឃើញហ្វីសម្លឹងមើលមកគេទាំងទឹកភ្នែក...
"ហ្វី..ហ្វីនេះអូន..."
"ហុឹកហ៊ឹកណាមជុន"ជូហ្វីរហ័សស្ទុះក្រោកឡើងអោបកញ្ចឹងករគេជាប់យំខ្សឹបខ្សួលមិនធ្លាប់កើតឡើងពីមុន ណាមជុនមិនដែលបានឃើញនាងយំខ្លាំងបែបនេះឡើយទើបគេរហ័សលូកទាញនាងចេញពីរង្វង់ដៃមករួចក៏កាន់ក្រសោបដៃនាងទាំងសងខាងជាប់ហើយសម្លឹងភ្នែកនាងទាំងគូ...
"ហេតុអីបានជាអូនយំបែបនេះហ្វី? អូនកំពុងតែមិនស្រួលខ្លួនណា៎"
"អូន..អូនសុំទោសណាមជុន ហ៊ឹកហ៊ឹកបងលំបាកហើយ បងលំបាកដោយសារតែអូនច្រើនពេកហើយ បងមើលមកខ្លួនឯងទៅថាបងស្គមប៉ុណ្ណាទេហ៊ឹកហ៊ឹក? ហេតុអីក៏បងមិនគិតពីសុខភាពខ្លួនឯងបែបនេះហាស៎ណាមជុន?"ជូហ្វីវាសដៃគេចេញរួចក៏លើកដៃខ្សត់ខ្សោយកម្លាំងរបស់នាងមកគក់ទ្រូងរបស់គេឌឹបៗណាមជុនក៏ប្ដូរមកចាប់អោបនាងយ៉ាងណែនវិញ ព្យាយាមក្រវីក្បាលញាប់ស្អេកហាក់បដិសេធជាមួយអ្វីដែលភរិយាបាននិយាយមុននេះ
"បងមិនបានហត់នឿយទេ បងសប្បាយចិត្ត បងមានកម្លាំងចិត្តពីអូននឹងកូនៗយើងជានិច្ច តែបើសិនជាអូនយំបែបនេះបងក៏មិនសប្បាយចិត្តដូចគ្នា ទឹកភ្នែករបស់អូនមួយតំណក់ៗវាមានតម្លៃខ្លាំងណាស់សម្រាប់បងអ្នកណាអនុញ្ញាតឲ្យអូនសម្រក់ទឹកភ្នែកបែបនេះ"ណាមជុនប្ដូរមកកាន់ក្រសោបថ្ពាល់របស់ហ្វីវិញ នាងតូចក៏ងើយសម្លឹងមើលទៅគេមុននឹងបិទភ្នែកទទួលយកការថើបយ៉ាងផ្អែមល្ហែមពីស្វាមីជាទីស្រឡាញ់របស់នាង ណាមជុនថើបផ្ដល់ភាពផ្អែមល្ហែមនឹងភាពកក់ក្ដៅមកឲ្យនាងព្រមមកជាមួយនឹងពាក្យអរគុណរាប់ពាន់លានប្រយោគដែលដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់គេ មនុស្សស្រីដំបូងនឹងចុងក្រោយបំផុតដែលបានយកឈ្នះបេះដូងគេតាំងពីតូចក្រូចឆ្មារហូតមកដល់ពេលនេះ...
"អូនស្រឡាញ់បង"
"បងស្រឡាញ់អូនជាង.."ណាមជុនលើកច្រមុះខ្ទង់ស្រួចរបស់គេមកជល់នឹងច្រមុះរបស់ហ្វី ទាំង២នាក់ប្ដីប្រពន្ធក៏ញ៉ោចស្នាមញញឹមទៅកាន់គ្នាមិនឈប់ ពន្លឺព្រះអាទិត្យក៏ចាំងចូលមកកាន់ខាងក្នុងបន្ទប់ស្របជាមួយនឹងពន្លឺនៃសុភមង្គលរបស់ពួកគេកំពុងតែជះសាយភាយពន្លឺដូចគ្នា។
រយៈពេល២ខែក្រោយមក...
តុកតុកៗ ហ្វីលីណា..ហ្វីលីណាកូន!
សម្លេងគោះទ្វារបន្លឺឡើងមកទាំងរសៀលថ្ងៃជ្រេមកអមជាមួយនឹងសម្លេងស្រាលស្រទន់របស់អ្នកជាម្ដាយ ជូហ្វីគោះទ្វារបន្ទប់ជាច្រើនលើកច្រើនសារមកហើយតែក៏គ្មានអ្នកណាមកបើកទ្វារឲ្យនាងទើបនាងសម្រេចចិត្តបើកទ្វារចូលមកដោយខ្លួនឯង មុននឹងងាកទៅប្រទះភ្នែកនឹងសភាពលង់លក់របស់ពួកគេទាំង៣នាក់។ ណាមជុននឹងហ្វីលីណាគេលង់លក់ទាំង២នាក់ដោយមានទារកតូចគឺជុននីអូនោះឯងដែលជាស្នូលកណ្ដាលនៅលើគ្រែដោយមានលោកប៉ានឹងបងស្រីជារនាំងបាំងទាំងសងខាង ជូហ្វីក៏ក្រវីក្បាលបន្តិចមុននឹងបោះជំហានដើរទៅជិតពួកគេ ណាមជុនគេគេងមើលទៅមិនទំនងសោះព្រោះគេគេងផ្អែកខ្លួនដោយដៃខាងឆ្វេងច្រត់ក្បាលខ្លួនឯងទប់លំនឹង ចំណែកឯដៃខាងស្ដាំក៏លូកអោបកាន់កូនប្រុសជាប់ខ្លាចគេធ្លាក់រឺក៏រំកិលខុសពីកន្សែងទ្រប ចំណែកឯហ្វីលីណាឯណោះវិញដៃម្ខាងលូកកាន់កូនដៃប្អូនជាប់មិនលែងធ្វើឲ្យជូហ្វីរំជួលចិត្តជាខ្លាំង ស្របពេលដែលហ្វីកំពុងតែឈរក្បែរណាមជុនមើលមកកូនក៏ស្រាប់តែមានដៃមាំម្ខាងលូកមកទាញចង្កេះនាង ឲ្យនាងដួលមកលើពូករួចក៏ទាញនាងមកអោបស្រាក់ចង្កេះជាប់ គ្មានអ្នកណានោះទេក្រៅពីណាមជុន..
"ក្រែងអូនថាអូនត្រូវទ្រាំទឹកក្ដៅហេស៎? បងស្មានថាអូននៅគេងនៅបន្ទប់ធំទេតើនៀក៎ ហ៊ឹម"ណាមជុនថើបថ្នាក់ថ្នមស្មារបស់នាងស្រាលៗ ឯហ្វីវិញកាលបើគេក្រលាស់ខ្លួននាងមកនាងក៏បានគេងជាប់ក្បែរជុននីអូកូនប្រុសនាងតែម្ដង ដៃម្ខាងក៏លូកកាន់កូនទាំងញញឹមចំណែកឯណាមជុនក៏សប្បាយចិត្តលើសហ្វីទៅទៀតព្រោះស្នាមញញឹមថ្ពាល់ខួចគេមិនចេះសាបសូន្យសោះ..
"ពេលនេះជាពេលដែលបងមានក្ដីសុខបំផុតហើយ"
"អូនក៏ដូចគ្នា..."#YxMin
YOU ARE READING
ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]
Romanceស្នេហារវាងអនាគតប្រធានាធិបតីរូបសង្ហា ជុន ហ្វាល់លីដា ជាមួយនឹងនារីកំសត់ ជូហ្វី ។ - ជុន ហ្វាល់លីដា x ជូហ្វី