Part 39“red rose”
“ថ្ងៃនេះ ខ្ញុំបានរៀបចំពិធីជប់លៀងមួយនេះឡើង នៅក្នុងបំណងអបអរ នូវការទទួលបានជោគជ័យនៃក្រុមហ៊ុនគ្រឿងសម្អាងរបស់ពួកយើង។ អ្វីដែលធ្វើឲ្យខ្ញុំនឹកស្មានមិនដល់នោះគឺពួកយើងអាចមានឱកាសឈានទៅដល់លំដាប់មុខបាន! ព្រោះដឹងស្រាប់ថាបច្ចុប្បន្ន មានក្រុមហ៊ុនមិនតិចទេដែលចូលប្រឡូកនៅក្នុងវិស័យមួយនេះ។ បើគ្មានការខិតខំរបស់គ្រប់គ្នាទេ ពួកយើងបែបមិនអាចសម្រេចបាននូវសមិទ្ធផលដ៏ធំដល់ថ្នាក់នេះឡើយ ដូច្នេះមួយកែវនេះ គឺគួរតែជូនទៅអ្នកទាំងអស់គ្នាដែលអង្គុយនៅទីនេះ!”
អ្នកកម្លោះអគ្គនាយកនិយាយ, បញ្ចប់នូវប្រយោគដ៏សែនវែងអន្លាយ ប្រៀបដូចជាការថ្លែងសុន្ទរកថាមួយ ខណៈនៅក្នុងដៃកំពុងលើកកាន់កែវកញ្ចក់ថ្លា ដែលឃើញថាមួយភាគបីនៃវា មានបំពេញទៅដោយវត្តមាននៃស្រាក្រហមតម្លៃកប់ពពក ក៏ព្រោះតែជាស្រាល្អ មកពីឆ្នាំប៉ែតសិបមួយ។
នៅក្នុងបន្ទប់ ដែលមានពេញទៅដោយសម្ភារៈមានតម្លៃមហាសាល ច្បាស់ថាទីនេះជាភោជនីយដ្ឋានផ្កាយប្រាំ ឬអាចថាហួសនេះទៀតក៏បាន។ មិនថាស្រា ឬសូម្បីតែទឹកធម្មតា ក៏វាថ្លៃទៅតាមនោះ។ តែប៉ុណ្ណេះក៏ដឹងដែរថាគ្រប់គ្នា ដែលអង្គុយនៅក្នុងតុបួនជ្រុងហាក់បីដូចជាតុប្រជុំនេះ មិនមែនជាមនុស្សដែលតែងតែចូលមកហាងនេះជាញឹកញាប់។
ប្រើពេលមកគិតរឿងមួយនេះបន្តិចទៅ ពួកគេដែលមិនមែនមកពីត្រកូលអ្នកមានម៉េចនឹងអាចដាច់ចិត្តចូលមកក្នុងនេះ ហើយចំណាយប្រាក់ខែដែលខំរកយ៉ាងលំបាករបស់ខ្លួនបានទៅ? អ្នកខ្លះមានគ្រួសារត្រូវចិញ្ចឹម អ្នកខ្លះក៏មានផ្ទះឬឡានត្រូវបង់រំលោះ។ ជីវិតមនុស្សសម័យនេះ វាមិនមែនងាយស្រួលដូចដែលយើងគិតនោះទេ។ ដូច្នេះហើយថ្ងៃនេះគួរតែអរគុណដល់អគ្គនាយកថ្មីក្នុងក្រុមហ៊ុនត្រកូល Kim របស់ពួកគេ ដែលមានចិត្តល្អនាំពួកគេចេញមកស្គាល់ពិភពលោកខាងក្រៅនឹងគេនឹងឯងដូច្នេះ។
គួរតែអរគុណខ្លាំងៗ ព្រោះមើលទៅគ្រាន់តែបាយមួយចាន ក៏អាចមានតម្លៃស្មើនឹងប្រាក់ខែរបស់ពួកគេម្នាក់ៗរាប់ខែដែរ។ អារឿងចង់សាកល្បងនោះ គឺប្រាកដជាចង់ហើយ តែគ្មាននរណាហ៊ានទៅប្រថុយឡើយ។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]