47

303 10 1
                                    

"in a cruel world"
Part 47

ឡានទំនើបឈប់នៅក្រោមអគារខ្ពស់មួយដែលជាកន្លែងនាងមិនធ្លាប់ដែលបានមកសូម្បីតែម្ដង។ ហ្វារ៉ានងាកទៅសម្លឹងមើលមុខរបស់ថេយ៉ុងជាប់ តែគេបែរជាមិននិយាយស្ដី គិតតែពីបញ្ឈប់ម៉ាស៊ីនឡានហើយហៅនាងឲ្យចុះចេញទៅតាមខ្លួន។

"ទីនេះ.. ជាកន្លែងណា?" ហ្វារ៉ានចោទសួរទាំងងាកមើលឆ្វេងស្ដាំ ពេលដែលអ្នកកម្លោះខាងនោះនាំផ្លូវនាងឲ្យដើរតាមគេចូលទៅខាងក្នុងអគារ។ ជំហានគេមួយៗបោលទៅមុខញាប់ស្អេក ត្បិតគេអាងតែជើងខ្លួនឯងវែង ស្ទើរតែធ្វើឲ្យហ្វារ៉ានឯនេះតាមគេមិនទាន់។

"ផ្ទះ" អ្នកខាងនេះបែរជាតបពាក្យមួយម៉ាត់មកវិញយ៉ាងខ្លីកំបុត កាន់តែធ្វើឲ្យហ្វារ៉ានជ្រួញចិញ្ចើមខ្លាំងឡើង ព្រោះនាងនេះវាកាន់តែមិនយល់ពីសកម្មភាពរបស់គេថែមទៀតហើយ។ ខ្លួនជាអគ្គនាយកមួយទាំងមូល បែរជាបាត់ខ្លួនពីក្រុមហ៊ុនទៅអស់ពេលជាច្រើនថ្ងៃ ហើយក៏មកត្រូវឲ្យនាងជួបមុខគេនៅកណ្ដាលផ្លូវទៅផ្ទះនាងទៅវិញនៅចំពេលដែលប៉ានាងបានបាត់ខ្លួន។ រឿងវាហាក់បីដូចជាចៃដន្យពេកហើយទេដឹង?

វាប្លែក ប្លែកខ្លាំងណាស់ តែវាក៏ធ្វើឲ្យនាងគិតមិនចេញថាខ្លួនឯងកំពុងតែសង្ស័យទៅលើអ្វីឲ្យប្រាកដ។ ហើយដែលសំខាន់នោះ.. គេនាំនាងមកទីនេះធ្វើអ្វី?

ថេយ៉ុងដើរចូលមកដល់ក្នុងជណ្ដើរយន្តប្រអប់ភ្លាមក៏ចុចជាន់ដែលគេត្រូវឡើងទៅភ្លែត ឥតមានស្ទាក់ស្ទើរអីបន្តិចសោះ។ វាហាក់បីដូចគេស្គាល់ទីនេះច្បាស់មិនខុសពីផ្ទះរបស់ខ្លួនយ៉ាងអ៊ីចឹង ប៊ូតុងជាន់ទី៧នៅឯណា ក៏គេមិនបាច់រកមើលសិនដែរ ចូលមកដល់ក៏ចុចត្រង់នោះភ្លាមយ៉ាងស្ទាត់ជំនាញ។

ដល់ជាន់ដែលបានកំណត់ទុក ថេយ៉ុងដើរចេញទៅមុន ដោយមានហ្វារ៉ានដើរតាមពីក្រោយទាំងឱបដើមដៃរបស់ខ្លួនឯងជាប់ បង្រួមខ្លួនឲ្យតូចហាក់កំពុងការពារខ្លួនឯងពីស្អីមួយយ៉ាងអ៊ីចឹង។ ថេយ៉ុងមិនទាន់បានចាប់អារម្មណ៍នោះទេពីដំបូង លុះដើរដល់មុខទ្វារអាផាតមិនមួយហើយទើបគេបានងាកមកឃើញនាងច្បាស់។

"កុំខ្លាចអី ទីនេះគ្មានអ្នកផ្សេងទេ ពេលនេះខ្ញុំមិនទាន់អាចពន្យល់រឿងគ្រប់យ៉ាងបាន តែនៅពេលចូលទៅដល់នាងនឹងដឹង ថាមនុស្សដែលនាងកំពុងរក គឺកំពុងតែនៅក្នុងនោះ" និយាយចប់ត្រឹមនេះ ហ្វារ៉ានទម្លាក់ដៃដែលកំពុងឱបខ្លួនឯងចុះ ព្រមទាំងងាកទៅមើលមុខថេយ៉ុងយ៉ាងលឿន។ ឃើញទឹកមុខភ្ញាក់ផ្អើលរបស់នាងហើយ គេងក់ក្បាលបញ្ជាក់ទៀតថាអ្វីដែលគេបាននិយាយគឺវាពិត។

You've reached the end of published parts.

⏰ Last updated: Jul 23, 2021 ⏰

Add this story to your Library to get notified about new parts!

in a cruel world (KH) Where stories live. Discover now