Part 31“what a small world”
អ្វីៗហាក់បីដូចជានៅនឹងថ្កល់ ប្រៀបដូចពេលវេលាបានផ្អាកនូវដំណើរ ទោះបីជាថ្ងៃដែលបេះដូងនាងបានធ្លាក់ដុនដាបនោះ បានកន្លងផុតទៅអស់មួយសប្ដាហ៍ជាងទៅហើយ។ យ៉ាងហោចណាស់អារម្មណ៍របស់នាងវាប្រាប់មកថាបែបនោះ។
ជានិច្ចជាកាល Yunghee នៅតែទៅលបមើលគេនៅឯបន្ទប់ភ្លេងនោះដដែល ទោះដឹងថានៅក្នុងបេះដូងគេមានចារឈ្មោះអ្នកផ្សេងហើយក៏ដោយ។ ទាំងមិនដឹងថាទាំងអស់នេះ ត្រឹមតែជាអ្វីដែលនាងគិតនិងយល់ឃើញតែម្នាក់ឯងប៉ុណ្ណោះ។
ពេលខ្លះនាងក៏ឆ្ងល់។ នាងឆ្ងល់ថាហេតុអ្វី Yoongi នៅតែមកទីនេះដូចធម្មតាទៀត បើគេបានរកឃើញអ្នកដែលយកប្រអប់បាយឲ្យគេហើយ?
តែឆ្ងល់ចុះឆ្ងល់ឡើង សំណួរមួយនេះក៏ប្រែក្លាយទៅជាសំណើចចម្អកឲ្យខ្លួនឯងសម្រាប់នាងទៅវិញនៅក្រោយពេលដែលនាងភ្ញាក់ខ្លួន។ ហាក់បីដូចជាការពិតត្រូវបានគេយកមកទះចំកណ្ដាលក្បាលនាងយ៉ាងដូច្នោះ។ នាងម៉េចនឹងសំខាន់ដល់អាចឲ្យគេចង់ដឹងចង់ឮបានទៅ? នាងជាអ្នកណាក៏បាន ចង់មកឬអត់ ទាក់ទងនឹងគេតាំងពីពេលណាមក? ទីនេះជាបន្ទប់ហាត់ភ្លេង ជាផ្ទះទីពីររបស់គេស្រាប់ទៅហើយ ឈប់ឆ្ងល់ទៅ។
Yunghee សម្រូតខ្លួនចុះ អង្គុយឱបជង្គង់យំនៅនឹងកន្លែង ទាំងមិនដឹងថាលើកនេះជាលើកទីប៉ុន្មានហើយទេ។ ការពិតដែល Yoongi បន្តនៅក្នុងបន្ទប់នោះ តែម្នាក់ឯង មិនគ្រប់គ្រាន់នឹងធ្វើឲ្យនាងសប្បាយចិត្តឡើងវិញបានឡើយ។
ព្រោះចេញពីនេះទៅ គេនៅតែទាក់ទងជាមួយនឹងនារីម្នាក់នោះដដែល។ នាងដឹង ព្រោះនាងឃើញអ្នកទាំងពីរនៅជាមួយគ្នាជាច្រើនថ្ងៃមកហើយ។ Joo Yunghee នៅពេលនេះ មិនខុសគ្នាពីមនុស្សវិកលចរិកដែលចាំតែតាមឃ្លាំមើលគេនោះទេ។
ហើយសភាពបែបនេះ កាន់តែធ្វើឲ្យនាងស្អប់ខ្លួនឯងកាន់តែខ្លាំង។ នាងមិនដឹងជាធ្វើយ៉ាងណា ទើបអាចប្រែក្លាយមកជាខ្លួននាងកាលពីមុនវិញទេ។ នាងពិតជាស្អប់អារម្មណ៍មួយនេះខ្លាំងណាស់។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]