Part 44"answer"
"មកមើលៗ! មើលរឿងល្អដែលនាងបានធ្វើ! មកមើលរឿងដែលនាងនាំមកឲ្យក្រុមហ៊ុនរបស់ពួកយើង! ហា? ពេលនេះបានសប្បាយចិត្តហើយឬ ពេលដែលបានដេញភ្ញៀវចេញដូច្នេះ? ពិតជាមិនយល់ពិតមែន ថានាងចូលមកក្រុមហ៊ុននេះបានយ៉ាងម៉េច!" សម្ដីកំណាច ពាក្យស្ដីបន្ទោស បន្លឺចេញពីមាត់បុរសវ័យកណ្ដាលម្នាក់ ស្ថិតនៅក្នុងអាវស ទុនុយយ៉ាងមានរបៀបរៀបរយ ហាក់មានរូបរាងជាអ្នកគ្រប់គ្រងម្នាក់នៅទីនេះ។ ទឹកមុខពោរពេញទៅដោយកំហឹង កនិងត្រចៀករបស់គាត់នៅពេលនេះឡើងប្រែទៅជាពណ៌ក្រហមស្ដើងអស់ទៅហើយ បញ្ជាក់ថាគាត់ពិតជាខឹងខ្លាំងពិតមែន។
នារីដែលត្រូវបានគាត់ថាស្ដីឲ្យ បានត្រឹមតែឱនមុខចុះ នាងមិនហ៊ានតបតឡើយ ដឹងច្បាស់ថាខ្លួនឯងពិតជាបានធ្វើខុសដូចអ្នកខាងនោះបាននិយាយមែន ទើបនាងមិនអាចយកអ្វីមកដោះសាបាន ក្រៅពីឈរនៅស្ងៀម មិនចង់ធ្វើឲ្យគាត់ខឹងខ្លាំងជាងនេះ។
នាងគឺអារឹម ធ្លាប់ស្គាល់ថាជាក្មេងស្រីដែលគិតថាខ្លួនឯងមិនឆ្លាត កាលនៅរៀនទោះខំប្រឹងប្រែងបែបណាក៏ចុងក្រោយនៅតែស្ថិតនៅបាតតារាង។ ទាំងដែលពេលនេះនាងរៀនចប់ ដល់ពេលចេញមកធ្វើការហើយ នាងក៏នៅតែដូច្នោះ ធ្វើឲ្យខូចការរបស់គេ ជាជាងនាំរឿងល្អចូលមក។ វាមិនដឹងជាលើកទីប៉ុន្មានហើយទេ ដែលនាងត្រូវបានគេជេរមិនយល់មុខបែបនេះ តែកន្លងមកនាងក៏មិនធ្លាប់គុំកួនអ្វីដែរ ព្រោះរាល់លើកលទ្ធផលគ្រប់យ៉ាងពិតជាបង្ហាញចេញមកថាវាគឺជាកំហុសរបស់នាងមែន។
"យើងមិនគួរទុកចិត្តនាងនោះទេ ឆេ អារឹម!" បុរសដដែលនៅមុននោះឧទានទាំងគ្រវីក្បាលអស់សង្ឃឹម អារឹមនិយាយពាក្យសុំទោសដាក់គាត់ឡើងរាប់ភ្លេចទៅហើយ ទើបនៅខណៈពេលនេះទោះបីជានាងចង់បន្លឺពាក្យដដែលនេះទៀតក៏ដោយ ក៏នាងបានត្រឹមតែស្ងាត់មាត់ មិនហ៊ានរញ៉េរញ៉ៃឲ្យគាត់មានអារម្មណ៍កាន់តែអាក្រក់ជាងនេះដែរ។
"បើគ្មានការសហការពីពួកគេទេ ក្រុមហ៊ុនយើងនឹងរងការខូចខាតធំមិនខាន នេះឯងទៅនិយាយបញ្ចុះបញ្ចូលគេយ៉ាងម៉េច បានជានិយាយដល់គេទាត់កៅអីដើរចេញទាំងផ្សែងហុយហ៊ូៗចេញតាមស្លឹកត្រចៀកបែបនេះ?" ហោចណាស់មួយឃ្លានេះវាស្ដាប់ទៅរាងមានភាពទន់ភ្លន់ជាងមុន ព្រោះតែបាននិយាយចេញពីមាត់មនុស្សផ្សេង។ នៅក្នុងបន្ទប់នេះមិនមែនមានតែមនុស្សពីរនាក់ដំបូង ដែលម្នាក់ត្រូវជាប្រធានផ្នែកមួយ និងម្នាក់ជាបុគ្គលិកដែលបានធ្វើខុសនោះទេ។ ពេលនេះសូម្បីតែប្រធានផ្នែកផ្សេងម្នាក់ទៀតក៏ដើរចូលមកសួរនាំ បញ្ជាក់ថារឿងហេតុលើកនេះវាពិតជាមិនតូច។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]